​ភ្នំពេញៈ វត្តមាន​នៃ​រោងចក្រ​កែច្នៃ​ដំឡូង​មី TWPC Investment(Cambodia) Co., Ltd នឹង​ជួយ​ឱ្យ​ទិន្នផល និង​ទីផ្សារ​ដំឡូង​មី​កម្ពុជា​កាន់តែ​មាន​ភាព​​វិជ្ជមាន ខណៈ​រាជរដ្ឋាភិបាល​បានចាត់ទុក​ដំឡូង​មី ជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ឈានមុខ​គេ​មួយ​របស់​កម្ពុជា​។​

​បន្ទាប់ពី​បើក​ដំណើរការ​សាក​ល្បង​នា​អំឡុង​ខែធ្នូ ឆ្នាំ​ ២០២៣ រោងចក្រ​កែច្នៃ​ដំឡូង​មី​តម្លៃ​ជាង ១០ ​លាន​ដុល្លារ​របស់​ក្រុមហ៊ុន TWPC Investment (Cambodia) Co., Ltd ស្ថិតនៅ​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំ​ណើ​រការ​ជា​ផ្លូវការ​ហើយ​កាល​​ពីថ្ងៃ​ទី ​៧ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​


​ដំឡូង​មី ជា​ដំណាំ​ក​សិ​ឧស្សា​​ហ​កម្ម​ឈានមុខ​គេ​មួយ​របស់​កម្ពុជា​។ កាលពីដើមឆ្នាំ​ ២០២១ កម្ពុជា​បានប្រកាស​ដាក់ចេញ​ជា​ផ្លូវការ​នូវ​ «​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី ឆ្នាំ​២០២០-២០២៥» នៅក្នុង​គោលបំណង​ដើម្បី​បង្កើន​ផលិតកម្ម និង​ធ្វើឱ្យ​វា​កាន់​តែមាន​លក្ខណៈ​ពា​​ណិ​ជ្ជ​កម្ម​ទៅ​ទីផ្សារ​អន្តរជាតិ​។​


​រោងចក្រ​មាន​សមត្ថភាព​កែ​​ច្នៃ​ដំឡូង​មី​ស្រស់ ៦០០ ​តោន ​ក្នុង ១​ ថ្ងៃ​


លោក ភ្លាំង ពុធ អ្នក​សម្រប​សម្រួល​ផ្នែក​កសិកម្ម និង​ជា​បុគ្គលិក​ផ្នែក​គ្រប់គ្រង​កសិដ្ឋាន និង​វត្ថុធាតុដើម​នៅ​រោងចក្រ TWPC Investment (Cambodia) Co., Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១១ ខែ​កុម្ភៈ​ថា រោងចក្រ​កែច្នៃ​ដំឡូង​មី TWPC Investment (Cambodia)Co., Ltd បាន​បើក​ដំណើរការ​សាកល្បង​នា​អំឡុង​ខែធ្នូ ឆ្នាំ​ ២០២៣ និង​បាន​បើក​ដំណើរការ​ផ្លូវការ​កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។ លោក​បន្តថា នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ ដោយនៅ​ពេលអនាគត​ក្រុមហ៊ុន​នឹង​បន្ត​ពង្រីក​ចង្វាក់​ផលិត​បន្ថែមទៀត​។​


​លោក​បាន​បញ្ជាក់ថា​៖«​តាម​ផែនការ​ចង្វាក់​ផលិតកម្ម​របស់​យើង​នឹង​ដំណើរការ​ពេញលេញ​ចាប់ពី​ថ្ងៃទី ​២១ ខែកុម្ភៈ​តទៅ ដោយ​ក្នុង ១ ​ថ្ងៃ​រោងចក្រ​មាន​សមត្ថភាព​កែច្នៃ​ដំឡូង​មី​ស្រ​ស់បាន ៦០០​ តោន ឬ​ស្មើនឹង​ម្សៅ​ដំឡូង​មី​ប្រហែល ១៥០​ តោន​។ ដំណើរការ​របស់​រោង​ចក្រ​នឹង​ធ្វើឡើង​ពេញ ១ ​ឆ្នាំ​ដោយ​យើង​មិនមាន​ការបារម្ភ​ពី​គុណភាព និង​បរិមាណ​ដំឡូង​មី​ស្រស់​ត្រូវយក​ចូល​រោងចក្រ​ឡើយ​»​។​

​រោងចក្រ TWPC Investment (Cambodia) Co., Ltd គឺ​ស្ថិតក្រោម​ក្រុមហ៊ុនមេ Thai Wah ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ និង​កំពុងមាន​ប្រតិ​ប​ត្តិ​ការ​រោងចក្រ​កែច្នៃ​ដំឡូង​មី ក្នុងប្រទេស​ថៃ វៀតណាម និង​កម្ពុជា ព្រមទាំង​កំពុង​ស្វែងរក​ទីតាំង​វិនិយោគ​នៅ​ប្រទេស​ឡាវ​ផងដែរ​។ នេះ​បើ​យោងតាម​លោក ភ្លាំង ពុធ​។​

​កសិករ​នៅក្នុង​តំបន់​នឹង​លែង​បារម្ភ​ពី​ទីផ្សារ និង​តម្លៃ​

ប្រធាន​សមាគម​កសិករ​ដំ​​ឡូង​មី​ខ្មែរ លោក អិ​ល ឈិ​ញ បាន​ប្រាប់ថា វត្តមាន​រោងចក្រ​កែច្នៃ​ដំឡូង​មី TWPC Investment (Cambodia) Co., Ltd នឹង​រួមចំណែក​ច្រើន​ក្នុង​ការជួយ​លើកកម្ពស់​ការដាំដុះ គុណភាព និង​តម្លៃ​ដំឡូង​មី របស់​កសិករ​នៅ​កម្ពុជា ជាពិសេស​នៅ​ខេត្ដ​ឧត្ដរមានជ័យ ខណៈ​ក្រុមហ៊ុន​នឹង​ប្រមូល​ទទួល​ទិញ​ដំឡូង​មី​ស្ទើរ​ទាំងស្រុង​ពី​កសិករ ខុសពី​រោងចក្រ​មួយចំនួន​ដែលមាន​ចម្ការ​ដាំដំឡូង​មី​ផ្ទាល់ខ្លួន​។​

​លោក​ថ្លែងថា​៖ «​ការបង្កើត​រោងចក្រ​ផ្ទាល់ គឺ​មិន​ត្រឹមតែ​ជួយ​ឱ្យ​ប្រជាកសិករ​លែង​សូវ​បារម្ភ​ពី​បញ្ហា​ទីផ្សារ និង​តម្លៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​បង្កើត​ការងារ​ដល់​ប្រជាជន​មូលដ្ឋាន និង​ប្រាក់ចំណូល​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​ផងដែរ​»​។​

​យោងតាម​លោក អិ​ល ឈិ​ញ នៅពេល​រោងចក្រ​ដំណើរការ​ពេញលេញ ក្រុមហ៊ុន​ក៏​គ្រោង​នឹង​ជួយ​ដល់​ប្រជាកសិករ តាម​​រយៈ​ការផ្តល់​បច្ចេកទេស​ដាំ​ដុះ ពូជ ជី និង​ធនធាន​មួយចំនួន ដើម្បី​ជួយ​លើកកម្ពស់​ទិន្នផល និង​គុណភាព​ដំឡូង​មី​កម្ពុជា​។​

​តារាង​តម្លៃ​ដំឡូង​មី​ស្រស់ នៃ​សមាគម​កសិករ​ដំឡូង​មី​ខ្មែរ ឱ្យដឹងថា ដំឡូង​មី​ស្រស់ ​(​ថ្ងៃទី​ ៥ ខែកុម្ភៈ​) នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មានតម្លៃ​ពី ២៩៥-៣៤០​ រៀល​ក្នុង  ១ ​គីឡូក្រាម​។​

​បច្ចុប្បន្ន​នៅ​កម្ពុជា មាន​រោង​​ចក្រ​កែច្នៃ​ដំឡូង​មី​យ៉ាងហោច ៦ ក្នុងនោះ ៣ នៅ​ខេត្តក្រចេះ​, ១ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​, ១ នៅ​ខេត្តកំពង់ស្ពឺ និង ១ នៅ​ខេត្តរតនគិរី​។ ដំឡូង​មី​ស្រស់​ពី ៦០-៧០ ​ភាគរយ​ត្រូវបាន​ឈ្មួញ​នាំទៅ​លក់​នៅក្រៅ​ប្រទេស​រៀង​រាល់​ឆ្នាំ​។ នេះ​បើតាម​ប្រធាន​សមាគម​កសិករ​ដំឡូង​មី​ខ្មែរ​។​

​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុង សារ៉ន ដែល​បាន​ចូលរួម​ផ្ទាល់​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​កែច្នៃ​ដំឡូង​មី បាន​និយាយថា រោងចក្រ​នេះ​នឹង​ក្លាយជា​ចំណែក​មួយ​ក្នុង​ការជំរុញ និង​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាកសិករ​ខ្មែរ​ខិតខំ​បង្កើន​ការដាំដុះ និង​គុណភាព​ដំឡូង​មី​ឱ្យ​កាន់តែ​ប្រសើរ​។​

​លោក​និយាយថា​៖ «​ការបើក​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយផ្ទាល់​បែបនេះ ផ្តល់​ផល​​វិជ្ជមាន​ច្រើន​សម្រាប់​ក្រុមហ៊ុន​កែច្នៃ ព្រោះ​អាច​ទទួលបាន​ដំឡូង​មី​ដែលមាន​គុណភាព​ល្អ និង​មានតម្លៃ​សមរម្យ​ជាង​មុន ចំណែក​អ្នកមូលដ្ឋាន​ក៏​ទទួល​បាន​ប្រាក់ចំណូល​ច្រើនជាង​មុន និង​ការបង្កើត​ការងារ​ថ្មី​»​។​

​ស្ថិរភាព​នយោបាយ និង​ច្បាប់​វិនិយោគ​ថ្មី ជួយ​ឱ្យ​កម្ពុជា​បានទទួល​គម្រោង​វិនិយោគ​ផ្ទាល់​កាន់តែច្រើន​

អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ លោក ឌី រ៉ា​ដូ បាន​និយាយថា ស្ថិរភាព​នយោបាយ ការ​​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ និង​ប្រព័ន្ធ​ច្បាប់​វិនិយោគ​ល្អ​បានធ្វើឱ្យ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទាក់ទាញ​បានការ​មក​បណ្តាក់​ទុន​ជា​បន្តបន្ទាប់​។ រោងចក្រ​កែ​ច្នៃ​ដំឡូង​មី​គឺ​ពិតជា​ផ្តល់​ផល​ចំណេញ​ច្រើន​ដល់​ប្រជាជន​ក្នុង​តំបន់ តាមរយៈ​ការបង្កើត​ការងារ និង​ធ្វើឱ្យ​កសិករ​ទទួល​បាន​ចំណូល​ខ្ពស់ជាង​មុន​។​

​លោក​បញ្ជាក់ថា​៖«​នៅពេល​មាន​រោងចក្រ​កែច្នៃ​ផ្ទាល់ គឺ​នឹង​ជួយ​កាត់បន្ថយ​ក្តីបារម្ភ​របស់​ប្រជាកសិករ និង​អ្នកវិនិយោគ​ពី​កង្វះ​ទីផ្សារ និង​ការទម្លាក់​ថ្លៃ​ពី​ក្រុម​ឈ្មួញ ព្រោះ​មិនមែន​មានតែ​ច្រក​នាំទៅ​ប្រទេស​ជិត​ខាង​ទៀតឡើយ​។ ក្នុងនាម​អា​​ជ្ញា​ធរ យើង​ពិតជា​ចង់ឱ្យមាន​ការវិនិយោគ​បែបនេះ​»​។​

​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេ​សាទ ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​ផលិតផល​ដំឡូង​មី សរុប​ជាង ៣​ លាន​តោន​។ ក្នុងនោះ​ដំឡូង​មី​ស្រស់ ១,៩៦​ លាន​តោន​, ចំណិត​ដំ​​ឡូង​មី​ក្រៀម ១,២ ​លាន​តោន​, ម្សៅដំឡូង​មី ៣៦ ២៥៦,៨ តោន និង​កាកសំណល់​ដំ​​ឡូង​មី ៧៤ ៧៩៦ ​តោន​៕