​បាត់ដំបង: ក្នុង​ដំណើរ​ទៅកាន់​ភូមិ​បណ្តែត​ទឹក ដែលមាន​ជីវៈចម្រុះ​ដ៏​សម្បូរបែប​នៃ​ដែន​ជម្រក​សត្វ​ស្លាប​ព្រែក​ទាល់ ភ្ញៀវទេសចរ​ទទួលបាន​បទ​​ពិសោធន៍​ជាមួយ​ការរស់នៅ​ប្រកបដោយ​សុខដុមរមនា​របស់​អ្នកភូមិ និង​អច្ឆរិយៈ​ធម្មជាតិ​នៅលើ​បឹង​ទន្លេសាប​ដ៏​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។​


​ពេល​ភ្ញៀវ​ធ្វើដំណើរ​ឆ្លងកាត់​ព្រៃ​លិច​ទឹក​ដ៏​ខៀវស្រងាត់ និង​ចូលទៅក្នុង​តំបន់​ការពារ ពួកគេ​ទៅដល់​ភូមិ​អណ្តែត​ទឹក​ដ៏​អស្ចារ្យ​នៃ​ព្រែក​ទាល់ ភាគ​ពាយព្យ​នៃ​បឹង​ទន្លេសាប​។ ផ្ទះសម្បែង សាលារៀន និង​ហាង​ទំនិញ​ទាំងអស់​នៅតែមាន​ភាព​អ៊ូអរ បន្ទរ​ដោយ​សំឡេង​ម៉ាស៊ីន​កា​ណូ​ត បង្កើតបានជា​សហគម​ន៍​ដ៏​រស់​រវើក​។​

​ជា​ភ្ញៀវទេសចរ​ម្នាក់ កញ្ញា Greff Jeanne មកពី​ប្រទេស​បារាំង បាន​និយាយថា កញ្ញា​ចូលចិត្ត​ទៅលេង​ភូមិ​បណ្ដែត​ទឹក និង​ជម្រក​សត្វ​ស្លាប​។ កញ្ញា​ជឿជាក់ថា ទាំងនេះ​ជា​កន្លែង​គួរ​ទៅ​ទស្សនា​សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍​ចង់​ស្វែងយល់​បន្ថែម​អំពី​ប្រទេស​កម្ពុជា​។​


​ជាមួយនឹង​ស្នាមញញឹម​ដ៏​ស្រស់បំព្រង​ពេល​កំពុង​អង្គុយ​លើ​ទូក​ទេសចរណ៍ កញ្ញា Jeanne បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ដំណើរ​កម្សាន្ដ​នេះ​បានផ្តល់​ឱ្យ​ខ្ញុំ​នូវ​ការយល់ដឹង​កាន់តែច្បាស់​អំពី​របៀបរ​ស់​នៅ​របស់​ប្រជា​​ពលរដ្ឋ​លើ​ភូមិ​បណ្ដែត​ទឹក​ទាំងនេះ ក៏ដូចជា​អនុញ្ញាតឱ្យ​ខ្ញុំ​ចំណាយពេល​មួយថ្ងៃ​ដើម្បី​សង្កេតមើល​ជីវៈចម្រុះ​ដ៏​មិន​គួរឱ្យ​ជឿ​នៃ​ខេត្ត​នេះ​»​។


សត្វស្លាប​រស់នៅ​តំបន់ព្រៃលិចទឹក​ព្រែកទាល់។ហេង ជីវ័ន


កញ្ញា Jeanne វ័យ ២៥ ឆ្នាំ​បាន​បន្ដថា​៖ «​ខ្ញុំ​សូម​ណែនាំ​អ្នក​ដែល​ចង់​ទៅលេង​កម្ពុជា កុំ​ភ្លេច​បញ្ចូល​ដំណើរ​កម្សាន្ដ​ភូមិ​បណ្ដែត​ទឹក​ទៅក្នុង​បញ្ជី​អ្វីដែល​ត្រូវ​មើល​នៅទីនេះ​។ ខ្ញុំ​បាន​ស្វែង​យល់​ជាច្រើន ហើយ​ពិត​ជាមាន​អារម្មណ៍​ដូចជា​បាន​ផ្សាំ​ខ្លួន​ទៅក្នុង​ជីវិត​របស់​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ក្នុងភូមិ​នេះ​»​។​

​លោក ចេ​ន សុផល ដែល​ផ្តល់​សេវា​មគ្គុទ្ទេសក៍​ទេសចរណ៍​មើល​សត្វ​ស្លាប​ដល់​ព្រែក​ទាល់ និង​ទូទាំងប្រទេស បានឱ្យដឹងថា ភ្ញៀវទេសចរ​នឹង​ចេញដំណើរ​ពី​កំពង់ទូក​ប្រមាណ​មួយ​ម៉ោង​លើ​ប្រឡាយទឹក​ទៅកាន់​ផ្ទៃ​បឹង​ជាទី​ដែល​ភូមិ​បណ្ដែត​ទឹក ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្ដ​បាត់ដំបង​។

លោក​និយាយថា​៖ «​ភ្ញៀវទេសចរ​អាច​ចំណាយពេល​ទស្សនា​ការរស់នៅ​របស់​អ្នកភូមិ​បណ្ដែត​ទឹក សួន​បណ្ដែត​ទឹក ទ្រុង​ចិញ្ចឹម​ក្រពើ សិប្បកម្ម​កំប្លោក​និង​សាលារៀន​សហ​គ​មន៍ មុនពេល​ចេញដំណើរ​ទៅកាន់​តំបន់​ទស្សនា​សត្វ​ស្លាប​»​។​

​លោក ​សុផល​ បន្ដថា ដំណើរ​កម្សាន្ត​មួយថ្ងៃ​ពី​ខេត្តសៀមរាប​ទៅកាន់​ដែន​ជម្រក​សត្វ​ស្លាប​នេះ រួមមាន ការ​ទៅយក​ភ្ញៀវ​នៅ​សណ្ឋាគារ​ពេលព្រឹក ការ​ជិះទូក​ទៅកាន់​ភូមិ ការមើល​សត្វ​ស្លាប​តាម​តំបន់​រ៉ា​ម​សារ ក៏ដូចជា​ការទស្សនា​សហគមន៍ និង​កន្លែង​សិប្បកម្ម​ក្នុងស្រុក​។​

​ដំណើរ​កម្សាន្ដ​មើល​សត្វ​ស្លាប​ទូក​កាណូត​តូច​ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន ៥-៦​ ​នាក់ គឺជា​យានជំនិះ​ដ៏​សំខាន់​សម្រាប់​អ្នកភូមិ​បណ្ដែត​ទឹក​។ អ្នកភូមិ​មិន​ថា ចាស់ ឬ​ក្មេង ប្រុស ឬ​ស្រី សុទ្ធ​តែមាន​ជំនាញ​ក្នុង​ការបញ្ជា​ដៃចង្កូត​ម៉ាស៊ីន​កាណូត​យ៉ាង​ស្ទាត់ជំនាញ ជាពិសេស ការនាំ​ភ្ញៀវ​ទៅកាន់​តំបន់​សត្វ​ស្លាប​។

សត្វស្លាប​រស់នៅ​តំបន់ព្រៃលិចទឹក​ព្រែកទាល់។ហេង ជីវ័ន

​រនាល​ពណ៌ ចង្កៀលខ្យង ត្រដក់​ធំ ទុង​ប្រផេះ និង​ស្មោញ ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​និង​ជិត​ផុត​ពូជ មាន​សម្បុក​ពង​កូន​ក្នុង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ភូមិសាស្ត្រ​ខេត្តបាត់ដំបង ជា​តួ​​ឯក​សំខាន់​ដែល​បាន​អន្ទង​ចិ​ត្ដ​ភ្ញៀវ​មកពី​គ្រប់ទិសទី​។ ជម្រក​សត្វ​ស្លាប​ព្រែក​ទាល់​មិន​ត្រឹមតែ​ជា​កន្លែង​បង្កាត់​ពូជ​ដ៏​សំខាន់​សម្រាប់​សត្វ​ស្លាប​ទាំងនេះ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ក៏​ជា​សក្ខីភាព​នៃ​តុល្យ​​ភាព​រវាង​អត្ថិភាព​របស់​មនុស្ស និង​ការអភិរក្ស​សត្វព្រៃ​ផងដែរ​។​

​លោក នេត្រ ជំនិត ប្រធាន​គ្រប់គ្រង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់​ដំបង​ឱ្យដឹងថា បច្ចុប្បន្ននេះ​មាន​ភ្ញៀវទេសចរ​ត្រឡប់មកវិញ​ខ្លះៗ ទោះបីជា​មិនទាន់​ដូច​កាលពីមុន​កូ​វីដ ​១៩ យ៉ាងណាក៏ដោយ​។​

​លោក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ឥឡូវនេះ ក្នុង​មួយខែ ចំពោះ​ភ្ញៀវទេសចរ​បរទេស មាន​ចំនួន​ចន្លោះ​ពី ១០០ ទៅ ២០០ នាក់ ហើយ​ភ្ញៀវទេសចរ​ក្នុងស្រុក​មាន​ចំនួន​ប្រហាក់ប្រហែលគ្នា​ដែរ​»​។​

​លោក​ សុផល ទទួលស្គាល់ថា ចំនួន​ភ្ញៀវទេសចរ​នាពេល​ប​ច្ចុ​ប្បន្ន​នេះ នៅមានកម្រិត​តិចតួច​ជាង​មុន​ជំងឺ​រាតត្បាត​សកល​ច្រើន ដោយ​លោក​អះអាងថា អត្រា​ចំនួន​ភ្ញៀវ​មាន​ត្រឹម​តែមួយ​ភាគ​ ៣ ​ប៉ុណ្ណោះ​។

លោក​ឱ្យដឹងថា​៖ «​មួយអាទិត្យ យើង​អាច​នាំ​ភ្ញៀវ​ទេសចរ​ទៅ​មើល​ភូមិឋាន​បណ្ដែត​ទឹក និង​ទស្សនា​សត្វ​ស្លាប​នៅ​តំបន់​ព្រែក​ទាល់​ពី​៤ ទៅ ៥ ក្រុម​ប៉ុណ្ណោះ ទោះបីជា​ខែ​នេះ​ជា​រដូវ​ភ្ញៀវ​កើនឡើង​ច្រើនយ៉ាង​ណាក៏ដោយ​»​។​

​ជា​ផ្នែក​មួយ​នៃ​តំបន់​សត្វ​ស្លាប​ជាង ​១៥០ ​ប្រភេទ​នៅ​ព្រែក​ទាល់ លោក សុផល បាន​ពន្យល់ថា នៅ​ប្រទេស​កម្ពុ​ជាមាន​តំបន់​សត្វ​ស្លាប​រស់នៅ​ច្រើន​និង​បែងចែក​ទៅតាម​ប្រភេទ​ខុសៗ​គ្នា​ភ្ញៀវទេសចរ​បរទេស​មាន​យល់​ដឹង​ច្រើន​និង​ទៅ​ទស្សនា​សត្វ​ស្លាប​ទៅតាម​ប្រភេទ​ដែល​ពួកគេ​ចូល​ចិ​ត្ដ​។ រយៈពេល​ដ៏​ល្អ​សម្រាប់​ការ​ទស្សនា​សត្វ​ស្លាប​ព្រែក​ទាល់​គឺ​ចាប់ពី​ខែវិច្ឆិកា ដល់​ខែឧសភា ជាមួយនឹង​ប្រភេទ​សត្វ​ស្លាប​ផ្សេងៗ​គ្នា​មកដល់​។​

​ការចូល​ទៅកាន់​បន្ទាយ​បក្សី​អាស្រ័យទៅលើ​កម្រិត​កម្ពស់​ទឹក ដោយ​កម្រិត​ទាប​ចាប់ពី​ចុងខែ​កុម្ភៈ​ ដល់​ខែមិថុនា ដែល​ភ្ញៀវទេសចរ​មិនអាច​ធ្វើដំណើរ​ទៅដល់​បន្ទាយ​ផ្ទាល់​។ ទោះជា​យ៉ាងណាក៏ដោយ នេះ​មិន​រារាំង​បទពិសោធន៍​មើល​បក្សី​ខ្លាំង​នោះទេ ព្រោះ​សត្វ​ស្លាប​ជាច្រើន​នៅតែ​អាច​ត្រូវបាន​គេ​សង្កេតឃើញ​នៅតាម​ដងព្រែក​។ ចំនួន​សត្វ​ស្លាប​ការថយចុះ​នៃ​ចំនួន​សត្វ​ស្លាប​ពី​ខែកក្កដា​ដល់​ខែកញ្ញា ដោយ​ប្រភេទ​សត្វ​ខ្លះ​វិលត្រឡប់​មកវិញ​ក្នុង​ខែតុលា​សម្រាប់​រដូវ​បង្កាត់​ពូជ​។​

​សហគមន៍​ទទួលផល​ជាមួយនឹង​មួក​ការពារ​កម្ដៅថ្ងៃ និង​អាវដៃវែង ក្នុងនាម​ជា​អ្នក​បើកទូក​ទេសចរណ៍ លោក ជា ហុងដា ផ្តល់ជូន​ភ្ញៀវទេសចរ​ច្រើន​លើសពី​ការដឹកជញ្ជូន​។ លោក​បាន​រៀបរាប់​អំពី​ភូមិសាស្ដ្រ ប្រភេទ​សត្វ​ស្លាប ជាពិសេស រដូវ​សម្បូរ​សត្វ​ស្លាប​ចុះ​ច្រើន​បំផុត​។

​លោក ហុងដា ជា​អ្នក​ដឹក​ភ្ញៀវ​ទេសចរ​តាំងពី​ឆ្នាំ ​២០១១ បាន​និយាយថា ឆ្នាំនេះ មាន​ភ្ញៀវ​ច្រើន​គ្រាន់បើ​ជាង​ឆ្នាំមុន ដោយ​មួយ​សប្ដាហ៍​លោក​បាន​ដឹក​ភ្ញៀវ​ពី ៣ ទៅ ៤ ជើង​។​

​លោក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​សព្វថ្ងៃនេះ មិនទាន់មាន​ភ្ញៀវ​ដូច​មុន​កូ​វីដ​នោះទេ​។ ប៉ុន្ដែ​បច្ចុប្បន្ន ខ្ញុំ​មានឱកាស​បានចេញ​ដឹក​ភ្ញៀវ​បាន​ច្រើន​ជើង​ជាង​មុន ដោយសារ​មិនសូវមាន​អ្នក​ដឹក​ភ្ញៀវ​ច្រើន​ដូច​មុន​។ កាលនោះ មួយ​សប្ដាហ៍​បានតែ​មួយ​វេន​នោះទេ ដោយសារ​មាន​កាណូត​មាន​ចន្លោះ​ពី​ ៣០ ​ទៅ ៤០ ​គ្រឿង​»​។​

ហេង ជីវ័ន

​បុរស​វ័យ​ជាង ​៥០ ឆ្នាំ​រូបនេះ បានទទួល​ប្រាក់ចំណូល ៣០ ដុល្លារ​ក្នុងពេល​ដឹក​ភ្ញៀវ​មួយ​ជើង​ពី​ភូមិ​បណ្ដែត​ទឹក​ទៅកាន់​តំបន់​សត្វ​ស្លាប ដែល​ចំណាយពេល​ធ្វើដំណើរ​ប្រមាណ​ជាង​ ៣០ នាទី និង​អាច​រង់ចាំ​ភ្ញៀវ​ទស្សនា​សត្វ​ស្លាប​ចន្លោះ​ពី​ ៣ ​ម៉ោង​ទៅ ​៥ ​ម៉ោង​។​

​លោក សុផល សហ​ស្ថាបនិក​នៃ​សមាគម​មគ្គុទ្ទេសក៍​សត្វ​ស្លាប​កម្ពុជា (CBGA) សង្កត់ធ្ងន់​លើ​តួនាទី​នៃ​ការមើល​បក្សី​ក្នុងការ​លើកកម្ពស់​សុខុមាលភាព​សហ​គម​ន៍​។ (CBGA)​ ជា​អង្គការ​ក្នុងស្រុក​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ចុងឆ្នាំ ​២០១៦​ បានរៀបចំ​កញ្ចប់​ទេស​ចរណ៍​មើល​សត្វ​ស្លាប​នៅ​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​ថវិកា​ដំណើរការ​គម្រោង​អភិរក្ស​សត្វ​ស្លាប និង​ផ្សព្វផ្សាយ​។ ក្នុងនាម​ជា​អង្គការ​ក្នុងស្រុក​មួយ លោក​សុផល បានឱ្យដឹងថា ទេសចរណ៍​សត្វ​ស្លាប​ជា​ទេសចរណ៍​បែប​ធម្មជាតិ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សហគមន៍​តាមរយៈ​ការផ្ដល់​សេវាកម្ម​មគ្គុទេសក៍​មូលដ្ឋាន សេវាកម្ម​ចំណីអាហារ និង​លក់ដូរ​ផលិតផល​ផ្សេងៗ​។​

​លោក​បាន​និយាយ​បន្តថា​៖ «​បេសកកម្ម​ធំ​របស់​យើង​គឺ​ព្យា​យាម​ជួយ​ទ្រទ្រង់​ជីវភាព​របស់​សហគម​ន៍ ដោយ​ក្នុង​មួយឆ្នាំៗ យើង​នាំ​ភ្ញៀវទេសចរ​ទៅតាម​តំបន់​សត្វ​ស្លាប​ផ្សេងៗ​នៅ​ទូទាំងប្រទេស​។ យើង​ផ្ដល់​ការងារ​ដល់​សហគមន៍​តាមរយៈ​ការជួល​ពួកគាត់​ធ្វើការ​ជាមួយ​យើង ដូចជា​អ្នក​នាំ​ផ្លូវ ឬ​មគ្គុទេសក៍​តំបន់ ចុងភៅ និង​អ្នករៀបចំ​ទីកន្លែង​ស្នាក់​ជាដើម​»​។​

​អង្គការ (CBGA) ក៏បានផ្ដល់​ជា​ជំនួយ​មូលនិធិ​សហគមន៍​ដែល​ជំនួយ​ទាំងនោះ​នឹង​ផ្ដល់​សម្រួល​ដល់​សហគម​ន៍​ទាំងមូល ទោះបីជា​ប្រជាពលរដ្ឋ​ខ្លះ​មិនបាន​ប្រយោជន៍​ដោយផ្ទាល់ ក៏បាន​ដោយ​ប្រយោល ដូចជា សកម្មភាព​ជីក​អណ្ដូង ជួសជុល​ផ្លូវថ្នល់​និង​សង់សាលា​ជាដើម​។​

​លោក​ ជំនិត បាន​លើកឡើងថា ដោយសារ​បញ្ហា​ថយចុះ​នៃ​ចំនួន​ភ្ញៀវ អ្នក​ប្រកប​របរ​ទូក​ទេសចរណ៍ បាន​ផ្លាស់ប្ដូរ​មុខរបរ​ជាច្រើន ខណៈ​កាលពីមុន​ជំងឺ​រាតត្បាត​សកល ប្រជា​សហគមន៍​អេកូ​ទេសចរណ៍​នៅ​ព្រែក​ទាល់​មាន​សមាជិក​ជាង ៣០ នាក់​។ ប៉ុន្ដែ​បច្ចុប្បន្ន​អ្នក​ដឹក​ភ្ញៀវទេសចរ​នៅសល់​ជាង​ ១០ ​នាក់​ប៉ុណ្ណោះ​។​ ​

លោក​បាន​និយាយថា​៖ «​បើ​នៅ​ខែវស្សា យើង​មើលឃើញ​ពួកវា​នៅលើ​ដើមឈើ​ជាច្រើន និង​អាច​ចូលទៅ​ទស្សនា​ដល់​បន្ទាយ​របស់​ពួកវា​ផ្ទាល់ ខណៈ​រដូវប្រាំង​នេះ ទូក​នេសាទ​មិនអាច​ចូលដល់​បន្ទាយ​របស់​ពួកវា និង​ពិបាក​មើល​ឃើញនឹងភ្នែក​»​។​

​លោក​បាន​បន្ថែមថា​៖ «​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត អំឡុង​ខែកុម្ភៈ និង​មីនា​ខាងមុខនេះ ទឹក​កាន់តែ​គោក នៅសល់តែ​ប្រភពទឹក​តាម​ព្រែក ប្រភេទ​សត្វ​ស្លាប​ធំៗ​នឹង​ចុះមក​ស៊ី​ចំណី​នៅតាម​ព្រែក​។ វា​ជា​ឱកាស​ដ៏​ល្អ​ សម្រាប់​ទស្សនា​សត្វ​ស្លាប​ផងដែរ​»​។​

​បញ្ហា​ប្រឈម​នៃ​ការអភិរក្ស​មិន​ខុសពី​តំបន់​ទេសចរណ៍ធម្មជាតិ​ដទៃទៀត គោលដៅ​ទេសចរណ៍​សត្វ​ស្លាប​នៅ​ប្រឈម​ហានិភ័យ​ច្រើន​ពី​ការ​បរបាញ់​សត្វ​ខុសច្បាប់​។ លោក​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​យើង​ត្រូវធ្វើ​កិច្ចការ​ច្រើន​ទៀត​ទាក់ទង​នឹង​ការអប់រំ និង​ផ្សព្វផ្សាយ​។ មនុស្ស​ដែល​សំខាន់​ក្នុង​ការចូល​​រួមទាំង​អស់នេះ គឺ​ប្រជាជន​ទូទៅ​។ បើសិនជា​ពួកគាត់​មិន​ចូលរួម​មិន​អាចមាន​អង្គការ​ណា និង​អ្នកការពារ​ណា​អាច​អភិរក្ស​បាន​នោះទេ​»​។​

ហេង ជីវ័ន

​ជាមួយ​បទពិសោធន៍​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ដែល​បាន​ឆក់យក​ជីវិត​សត្វ​ស្លាប​ជាច្រើន រួមទាំង ជីវៈចម្រុះ​ធម្មជាតិ​ដ៏​ច្រើនសន្ធឹក​ទៀត លោក ជំនិត បានឱ្យដឹងថា ក្រុមការងារ​អភិ​​រក្ស​របស់លោក​បាន​បែង​ចែកជា​ ២​ ក្រុម​ក្នុងការ​ល្បាត​តំបន់​ព្រែក​ទាល់ ដែលមាន​ផ្ទៃដី​នៃ​តំបន់​ការពារ​រហូតដល់ ចំនួន​ ២១ ៣៤២ ហិកតា ដើម្បី​តាម​ដាន​ភ្លើង​ឆេះ និង​ការ​បោះជំរំ​អនាធិបតេយ្យ​។​

​លោក​បាន​បន្ដថា ក្រុមមន្ដ្រី​អភិរក្ស​ក៏មាន​ភារកិច្ច​មើល​ការខុសត្រូវ​លើ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​នៃ​បឹង​ទន្លេ​​សាប ដែលមាន​ផ្ទៃដី​ជាង ១១​ ម៉ឺន​ហិកតា​។​ ​លោក​ ជំនិត​ បាន​ថ្លែង​ទទួល​ស្គាល់​ថា​៖ «​យើង​ខ្វះ​មន្ដ្រី​យាម​ល្បាត​ដែល​តំបន់​អភិរក្ស​មាន​បរិវេណ​ធំធេង​។ យើង​មានការ​ខ្វះចន្លោះ​ច្រើន តែ​សំខាន់​ជាងគេ យើង​ផ្ដោត​សំខាន់​លើ​តំបន់​ស្នូល គឺ​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ដែលជា​ជម្រក​សត្វ​ស្លាប​ដ៏​កម្រ​ជាច្រើន​»​។​

​ជម្រក​សត្វ​ស្លាប​ព្រែក​ទាល់ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​បន្ទាយ​សត្វ​ស្លាប​ទឹក​ដ៏​ធំ​ទូលាយ​បំផុត​របស់​អាស៊ីអាគ្នេយ៍ មាន​ទីតាំង​នៅលើ​បឹង​ទន្លេសាប​។ តំបន់ដីសើម​រ៉ា​ម​សារ​នេះ​បង្កើតបានជា​ផ្នែក​ដ៏​សំខាន់​នៃ​ជីវ​មណ្ឌល​របស់​អង្គការ​យូណេស្កូ និង​មាន​លក្ខណពិសេស​ជា​ចម្បង​នៃ​ព្រៃ​វាលភក់​ទឹកសាប ដែល​បម្រើ​ជា​ជម្រក​សម្រាប់​សត្វ​ស្លាប​ទឹក​ដ៏​កម្រ​ក្នុង​រដូវប្រាំង​។ ជម្រក​សត្វ​ស្លាប​នេះ​ផ្តល់នូវ​បទពិសោធន៍​មើល​សត្វ​ស្លាប​ដ៏​ពិសេស​មួយ​ក្នុង​ខេត្ដ​បាត់ដំបង ដោយ​ភ្ញៀវ​ជាច្រើន​ក៏​ធ្វើដំណើរ​ពី​ខេត្តសៀមរាប​មក​ទស្សនា​ផងដែរ​៕