​បាត់ដំបងៈ ជាមួយនឹង​ផ្ទៃក្រឡា​ជាង​ ២ ​ម៉ឺន​ហិកតា តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ដែល​ស្ថិតនៅ​បឹង​ទន្លេសាប​នៃ​ខេត្តបាត់ដំបង​គឺជា​តំបន់ដីសើម​ធំជាងគេ ជា​តំបន់​ដែលមាន​សត្វ​ស្លាប​ពង​កូន​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ព្រមទាំង​ជា​តំបន់​ដែលមាន​ជម្រក​ត្រី​ទឹកសាប​សំខាន់ៗ ​ប្រចាំ​ប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​មន្ត្រី​ក្រសួងបរិស្ថាន​។ តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ​២០១៥ មាន​ទីតាំង​ស្ថិតនៅ​ភូមិសាស្ត្រ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ​និង​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ​។​


​លោក ​ហុង ចំណាន ​ប្រធាន​នាយកដ្ឋាន​អភិរក្ស​តំបន់ដីសើម​ទឹកសាប​នៃ​ក្រសួងបរិស្ថាន​ថ្លែងថា នៅ​ថ្ងៃ​ខាងមុខ​តំបន់​នេះ​ក៏​នឹងត្រូវ​បង្កើតជា​តំបន់​បេតិកភណ្ឌ​អាស៊ាន​ផងដែរ ដោយ​សារធន​ធាន​ធម្មជាតិ ក៏ដូចជា​ជីវៈចម្រុះ​នៅក្នុង​តំបន់​នេះ​មាន​ច្រើន​ជាពិសេស ​«​ប្រសិនបើ​យើង​និយាយ​អំពី​តំបន់​ព្រែក​ទាល់ គឺ​យើង​ផ្ដោត​សំខាន់​ទៅលើ​ប្រភេទ​សត្វ​ស្លាប​សំខាន់ៗ​ហើយ​ប្រភេទ​សត្វ​ស្លាប​សំខាន់ៗ​គឺ​យើង​មាន​រហូត​ទៅដល់​ជាង​ ២០០ ​ប្រភេទ​ហើយ​ក្នុងចំណោម ​២០០ ​ប្រភេទ​នេះ​គឺ​យើង​មាន​ ១៥ ​ប្រភេទ​ដែលជា​ប្រភេទ​សត្វ​ដែល​កំពុងតែ​រង​ការ​គំរាម​កំហែង​នៅក្នុង​ពិភពលោក​»​។​

​លោក​ចំណាន​ថ្លែង​ដូច្នេះ​ក្នុងឱកាស​ធ្វើ​បទ​បង្ហាញ​កាលពី​ចុងខែ​មករា​ឆ្នាំ ​២០២៤ ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប (EU) ប្រចាំ​កម្ពុជា លោក Igor Driesmans ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​លោក Stefan Messerer និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក​អ៊ាង សុផល្លែត​ទៅកាន់​តំបន់​បឹង​ទន្លេសាប​នៅ​ខេត្តសៀមរាប និង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​។ 

​លោក​ ហុង ចំណាន​ បន្តថា​៖ «​មិនតែប៉ុណ្ណោះ​ដោយ​សារ​ស្ថាន​ភាពល្អ​ច្រើនយ៉ាង​នៅក្នុង​តំបន់​នេះ​បាន​ទេសចរ​បើ​គេ​មក​ទស្សនា នៅក្នុង​ប្រទេស​កម្ពុជា គេ​តែងតែ​ជ្រើសរើស​តំបន់​ព្រែក​ទាល់ គឺជា​អាទិភាព​ទី​ ១ ព្រោះថា យើង​អាច​ឡើងទៅ​មើល​នៅក្នុង​រាន ដែល​បានធ្វើការ​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​ដែលមាន​ការសហការ​ជាមួយ​អង្គ​ការពាក់​ព័ន្ធ យើង​បានឃើញ​សត្វ​ជាច្រើន​ប្រភេទ​។ អ៊ីចឹង​ហើយ​បានធ្វើឱ្យ​ទាក់ទាញ​ខ្លាំង ចំពោះ​វិស័យ​ទេសចរណ៍ធម្មជាតិ​»​។​


​ក្នុងការ​គ្រប់គ្រង និង​ការពារ​ប្រភេទ​សត្វ​សំខាន់ៗ​ទាំងអស់នេះ គឺ​មានការ​ចែកចេញជា​រាន​ដែល​ធ្វើ​ដោយ​ឈើ​គឺ​ចង​ឈើ​ទៅលើ​ដើមឈើ​ខ្ពស់ៗ​ដើម្បី​ភ្ញៀវ​ទេស​ចរ​និង​អ្នក​អភិរក្ស​ធនធាន​ធម្ម​ជាតិ​មើល​ពីលើ​ដើមឈើ​។ ទីតាំង​ដើមឈើ​ទាំងអស់​មាន​ ១១​ ទីតាំង ហើយ​ទីតាំង​ក្នុង​ដើមឈើ​នីមួយៗ​អាច​មើលឃើញ​សត្វ​ចន្លោះ​ពី ​៤០០​ ដើម​ទៅដល់​ ៥០០​ ដើម នៅ​ជុំវិញ​ដើមឈើ​ទាំងនេះ​។​


​លោក ​ចំណាន ​បន្តថា មានការ​ផ្គត់ផ្គង់​ដល់​សហគមន៍​មូលដ្ឋាន សហគមន៍​នេសាទ​ក៏ដូចជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ផងដែរ​ដើម្បី​ធ្វើការ​ពិនិត្យ​ទៅលើ​ប្រភេទ​សត្វ​ទាំងអស់នេះ តាមរយៈ​រាន​ទាំង​ ១១​ នេះ​។ ក្រុមការងារ​ទាំងនេះ​មិន​ត្រឹមតែ​ពិនិត្យមើល​ជីវៈចម្រុះ នៅ​ជុំ​វិញ​តំបន់​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានធ្វើការ​បង្ក្រាប​បទល្មើស​ដូច​ជាការ​ចូលមក​បាញ់​សត្វ​និង​នេសាទ​ខុសច្បាប់​ជាដើម​។​

​លោក​បន្តថា ចំពោះ​ការអង្កេត​ទៅលើ​ប្រភេទ​សត្វ​ស្លាប​ជាង​ ២០០ ​ប្រភេទ​នេះ គឺធ្វើឡើង​ផ្តោតទៅលើ​ប្រភេទ​សត្វ​សំខាន់ៗ​ដែល​ក្នុងនោះ​មាន​៣​ប្រភេទ ដោយ​រាប់​ជា​រៀងរាល់ខែ តាំងពី​ឆ្នាំ​ ២០០៤ ​ដល់​ឆ្នាំ ២០២២​។ ប្រភេទ​សត្វ​ទី​១​គឺ​ប្រភេទ​សត្វ​រនាល ស គឺមាន​តិចតួច​ដែល​ពិភពលោក​សឹងតែ​គ្មាន​សត្វ​ស្លាប​ប្រភេទ​នេះ ប៉ុន្តែ​កម្ពុជា​មាននៅ​ក្នុង​តំបន់​រ៉ា​ម​សា​ព្រែក​ទាល់​មាន​ប្រមាណ​ ៣​ គូ​ស្មើ​ ៦​ ក្បាល​។ ប្រភេទ​សត្វ​ស្លាប​ទី ​២ ​គឺ​ត្រដក់​ធំ​និង​ទី ​៣​ គឺ​ត្រដក់​តូច​។​

​លោក​ប្រធាន​នាយកដ្ឋាន​ថ្លែងថា​៖ «​អ៊ីចឹង បើ​យើង​ពិនិត្យ​ក្រា​ហ្វិ​ក​គឺថា ពី​ឆ្នាំ​ ២០០៤ ​រហូតដល់​ឆ្នាំ​ ២០២២ ​គឺ​ក្រាហ្វិក​យើង​កើន​រហូត​ទាំង​ ៣ ​ប្រភេទ​។ អ៊ីចឹង​បង្ហាញថា ការអភិរក្ស​ធនធាន​ធម្មជាតិ ក៏ដូចជា​ការអភិរក្ស​សត្វ​ស្លាប​នៅក្នុង​តំបន់​ព្រែក​ទាល់​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​»​។​

​លោក ហុង ចំណាន​ បន្ថែមថា ចំពោះ​សត្វ​ស្លាប​សំខាន់​ជាល​ក្ខ​ណៈ​អន្តរជាតិ ដែល​កំពុង​ទទួលរង​ការគំរាមកំហែង​ជាស​កល​មាន​សត្វ​រនៀល​ពណ៌ ទង់​ប្រផេះ​ស្មោញ​ចង្កៀលខ្យង​។ ប្រភេទ​សត្វ​ទាំង​អស់​បើ​គិត​ចាប់ពី​ឆ្នាំ​ ២០០៤​ ដល់​ឆ្នាំ​ ២០២២ គឺមាន​រហូតដល់​ជាង​ ១២ ០០០​ គូ ជាពិសេស​គឺ​សត្វ​ចង្កៀលខ្យង​ដែលមាន​ចំនួន​កើន​ឡើងជា​គំហុក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បន្ទាប់ពី​ក្រុមការងារ​ធ្វើការ​អភិរក្ស​។​

​ចំពោះ​រចនាសម្ព័ន្ធ​នៅក្នុង​តំបន់​រ៉ា​ម​សា​ព្រែក​ទាល់​ មាន​ស្ថានីយ​គ្រប់គ្រង​បរិស្ថាន មជ្ឈមណ្ឌល​អប់រំ​ផ្សព្វផ្សាយ​បរិស្ថាន មជ្ឈមណ្ឌល​សម្រាប់​ការពារ​ភ្លើង​ឆេះ​ព្រៃ និង​ថ្នាល​បណ្តុះ​កូនឈើ​សម្រាប់​ដាំ​នៅ​កន្លែង​ដែល​ភ្លើង​ឆេះ​ព្រៃ​បាន​ឆេះ​និង​មាន​ស្ថានីយ​ផ្សេងៗ​នៅលើ​ស្ទឹង​ទាំងឡាយ​ដែលមាន​នៅក្នុង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​ដើម្បី​ការពារ​ស្ទឹង​ទាំង​អស់នោះ ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍​មូលដ្ឋាន​។​

EU កំពុង​គាំទ្រ​ដល់​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ដោយ​បង្កើត​ភាពជា​ដៃគូ​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួមមាន​រដ្ឋ​សមាជិក​សហ​ភាព​អឺរ៉ុប រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​អង្គការក្រៅ រដ្ឋាភិបាល ដើម្បី​គាំទ្រ​សហគមន៍ និង​អាជ្ញាធរ​ក្នុងការ​ពង្រឹង​ការគ្រប់គ្រង​ធន​ធាន​ទឹក​រួម ការអភិវឌ្ឍ​កសិកម្ម​ប្រកបដោយ​ចីរភាព​និង​ជលផល​ទឹកសាប ក៏ដូចជា​ការស្តារ និង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវៈ​ចម្រុះ​តាមរយៈ​ការពង្រីក​តំបន់​ការពារ​ដី​សើម និង​សត្វព្រៃ​ដែល​ស្ថិតនៅ​ជុំវិញ និង​ដៃ​បឹង​ទន្លេ​សាប​។ 

​ដើម្បី​ធ្វើការ​អភិរក្ស​ធន​ធាន​ធម្មជាតិ​ឱ្យ​កាន់តែ​ល្អ​នៅក្នុង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ លោក ហុង ចំណាន ថ្លែងថា គម្រោង​គាំទ្រ​គួរតែ​បន្ត​ដើម្បី​ធ្វើការ​អភិរក្ស​ប្រភេទ​សត្វ ក៏ដូចជា​ធ្វើការ​បង្កើន​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​។ «​បើសិនជា​ការអភិរក្ស​មិនបាន​គិតពី​ការអភិវឌ្ឍ​គឺ​យើង​មិនអាច​ទទួលបាន​ជោគជ័យ​។ បើសិនជា EU ក៏ដូចជា​អង្គការ​ផ្សេងៗ​អាច ជួយ​បន្ត​គឺជា​រឿង​ដែល​ល្អ​ហើយ​នៅពេលដែល​យើង​រក្សា​ធនធានធម្មជាតិ​បានល្អ អ៊ីចឹង​ទេសចរ​ក៏​គាត់​មក​មើល​សត្វ​។ អ៊ីចឹង​គាត់​ក៏បាន​ចំណូល​ពី​ការ​ងារ​អភិរក្ស​របស់គាត់​តាមរយៈ​ការអភិរក្ស​ហ្នឹង​ដែរ​»​។​

​លោក Driesmans បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ថា លោក​មានការ​ចាប់អារម្មណ៍​ចំពោះ​ជីវៈ​ចម្រុះ​ដែល​លោក​បានឃើញ ទាំង​នៅពេល​ធ្វើដំណើរ​តាម​ទូក​តាម​បឹង​ទន្លេសាប​និង​ទាំង​នៅ​ទីតាំង​ដែល​លោក​បាន​ទៅ​ទស្សនា​ប្រភេទ​សត្វ​ស្លាប​ដ៏​កម្រ «​ដែល​មិន​គួរឱ្យ​ជឿ​» នៅ​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​នេះ​។ សហភាព​អឺរ៉ុប​បាននិង កំពុង​គាំទ្រ​យ៉ាងសកម្ម​ចំពោះ​តំបន់​នេះ អភិរក្ស​ជីវៈចម្រុះ​នៃ​បឹង​ទន្លេសាប លើកកម្ពស់​ការអភិរក្ស​ព្រៃឈើ​ប្រកបដោយ​និរន្តរ​ភាព និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​សហគមន៍​។

​លោក​ថ្លែងថា​៖«​យើង​មកកាន់​ទីនេះ​ជា​ផ្នែក​មួយ នៃ​យុទ្ធនាការ​ភពផែនដី​របស់​យើង (For Our Planet)​ ក្នុង​គោលបំណង​ផ្តោត​ការយកចិត្តទុកដាក់​លើ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ភពផែនដី​របស់​យើង​កំពុង​ជួបប្រទះ ការ​រេច​​រឹល​បរិស្ថាន ការរេចរឹល​នៃ​ជីវចម្រុះ ការប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ប្រឈម​ផ្សេងទៀត​។ ប៉ុន្តែ​ក៏មាន​ដំណោះស្រាយ​មួយចំនួន​ដែល​យើង​អាច​ផ្តល់ឱ្យ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ​ផងដែរ​។ វា​មិនមែនជា​រឿង​ចៃដន្យ​ទេ​ដែល​យើង​មកកាន់​បឹង​ទឹកសាប​ដ៏​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ដែលជា​កន្លែង​ជីវៈចម្រុះ និង​ជា​ប្រភព​ចំណូល​សម្រាប់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ផងដែរ​»​។​

​លោក ​សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង ថ្លែង​ក្នុង​ពិធី​បើក​ដំណើរ​ទស្សនកិច្ច​នេះ​ថា តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ​គឺជា​បេះ​ដូង​នៃ​បឹង​ទន្លេសាប​និង​ជា​ធន​ធាន​ដ៏​មានតម្លៃ​ផ្នែក​ជីវៈចម្រុះ សង្គម​សេដ្ឋកិច្ច​និង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​បឹង​ទន្លេសាប ដែលមាន​មុខងារ​កំណ​ត់​និង​ទ្រទ្រង់​លក្ខ​ណៈ​ជីវសាស្ត្រ​ចម្រុះ​សំខាន់ៗ​និង​សម្បូរបែប​ជា​ប្រព័ន្ធ​ជល​សាស្ត្រ​មួយ​ដែលមាន​ផលិតភាព និង​ចម្រុះ​នៅលើ​ពិភពលោក​។ តំបន់​នេះ​គ្របដណ្តប់​ដោយ​ព្រៃ​លិច​ទឹក​ដែល​ធំជាងគេ​បំផុត​ក្នុង​បឹង​ទន្លេ​សាប​ជា​ប្រភេទ​ព្រៃ​លិច​ទឹក​នៅតាម​រដូវ​ព្រមទាំង​ទ្រទ្រង់​ដល់​ការបន្ត​ពូជ​ពង​កូន​សម្រាប់​មច្ឆា​ជាតិ​សម្រាប់​សត្វ​ស្លាប​ទឹក ល្មូ​ន ថ​និក​សត្វ និង​សត្វព្រៃ​ដទៃទៀត​។

​លោក​ថ្លែងថា​៖ «​តំបន់​ទន្លេ​សាប​នេះ គឺជា​ទីតាំង​ភូមិសាស្ត្រ​មួយ​នៅក្នុង​អាស៊ីអាគ្នេយ៍​ហើយក៏​ជា​ជម្រក​ចុងក្រោយ​សម្រាប់​ប្រភេទ​សត្វ​ស្លាប​សំខាន់ៗ​មួយ​ចំនួន​ផងដែរ​។ បច្ចុប្បន្ន​រដ្ឋបាលខេត្ត​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ក្រសួងបរិស្ថាន​ក្នុងការ​រៀបចំ​ដាក់​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​ជា​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​»​។ 

​កាលពី​ឆ្នាំ ​២០១៥ រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​បង្កើត​តំបន់​ស្នូល​ព្រែក​ទាល់​នៃ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ជា​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​ដើម្បី​គ្រប់គ្រង អភិរក្ស និង​ការពារ​តំបន់ដីសើម​ដែលមាន​សារៈសំខាន់​សម្រាប់​ជាទី​ជម្រក​ធម្មជាតិ កន្លែង​រស់​​នៅ កន្លែង​បន្ត​ពូជ និង​ប្រភព​ចំណី​របស់​ពពួកសត្វ​ស្លាប​ទឹក សត្វព្រៃ និង​មច្ឆជាតិ​គ្រប់​ប្រភេទ រួមទាំង​ការបង្កើន​ផល​ស្តុក​ត្រី​នៅក្នុង​តំបន់ ក៏ដូចជា​នៅ​បឹង​ទន្លេ​សាប​ទាំងមូល​ដើម្បី​ទ្រទ្រង់​ជីវ​ភាព​រស់នៅ​របស់​សហ​គម​ន៍​មូល​ដ្ឋា​ន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។

​យោងតាម​គេហទំព័រ​ក្រសួងបរិស្ថាន​ កាលពី​ឆ្នាំ​ ២០២១​ បានឱ្យដឹងថា បឹង​ទន្លេសាប​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ​ជាង ១,៤​ លាន​ហិកតា​ត្រូវបាន​ទទួលស្គាល់​ជា​ឋបនីយ​ជីវ​មណ្ឌល​របស់​អង្គ​​ការ​យូណេស្កូ​ក្នុង​ឆ្នាំ ១៩៩៧​។ តំបន់​នេះ​ជា​តំបន់​មួយ​ដែលមាន​ជីវៈចម្រុះ​យ៉ាង​សម្បូរបែប​នៅក្នុង​តំបន់​ក៏ដូចជា​នៅក្នុង​ពិភព​លោក​ដែល​បានផ្តល់​ជាទី​ជម្រក​ដល់​រុក្ខជាតិ និង​សត្វ​ជាង ៨០០​ ប្រភេទ​។​

​យោងតាម​ព្រះរាជ​ក្រឹត្យ​ឆ្នាំ ​២០០១ ស្តីពី​ការ​បង្កើត​និង​គ្រប់គ្រង​ឋបនីយ​ជីវ​​មណ្ឌល​បឹង​ទន្លេសាប​ត្រូវបាន​បែង​​ចែកជា ​៣​ តំបន់ គឺ​តំបន់​ស្នូល តំបន់ទ្រនាប់ និង​អន្តរ​តំបន់​។ តំបន់​ស្នូល​មាន ​៣ គឺ​តំបន់​ស្នូល​ព្រែក​ទាល់​ស្ថិតក្នុង​ខេត្តបាត់ដំបង​មាន​ផ្ទៃក្រឡា​ជាង ​២ ​ម៉ឺន​ហិកតា តំបន់​ស្នូល​បឹង​ទន្លេ​ឆ្មារ​ស្ថិតក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​មាន​ផ្ទៃក្រឡា​ជាង ១៤ ០០០ ​ហិកតា និង​តំបន់​ស្នូល​ស្ទឹង​​សែន​ស្ថិតនៅ​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មាន​ផ្ទៃក្រឡា​ជាង​ ៦ ៣០០​ ហិ​ក​តា​។ 

​រាជរដ្ឋាភិបាល​បានអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្តីពី​តំបន់ដីសើម​មាន​សារៈសំខាន់​ជា​អន្តរ​​ជាតិ ជាពិសេស ទីជម្រក​សត្វ​ស្លាប​ទឹក ដោយ​ព្រះរាជក្រម​ឆ្នាំ​ ១៩៩៦ ហើយ​កម្ពុជា​បាន​ក្លាយជា​សមាជិក​ពេញសិទ្ធិ​ទី​ ១១៦ នៃ​អនុសញ្ញា​រ៉ា​ម​សារ​នៅ​ឆ្នាំ​ ១៩៩៩​។ រាជរដ្ឋាភិបាល​បាន​បង្កើត​តំបន់​រ៉ា​ម​សារ​នានា​ដែល​ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ និង​ប្រព័ន្ធ​អេកូឡូស៊ី​ផ្សេងៗ​គ្នា ដូចជា​តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ​និង​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​នៅ​បឹង​​ទន្លេសាប តំបន់​រ៉ា​ម​សារ​កោះ​កាពិ​នៅ​តំបន់ឆ្នេរ​ខេត្តកោះកុង និង​តំបន់​រ៉ា​ម​សារ​ទន្លេមេគង្គ​នៅ​ខេត្តស្ទឹងត្រែង ជាដើម​៕