​សៀមរាបៈ រថយន្ត​សេរី​ចាស់​សេសសល់​ពី​សម័យ​ស​ង្គ្រា​ម​ដែល​មិនសូវមាន​អ្នក​បាន​ជិះ គឺ​រថយន្ត Jeep បុរាណ​សល់​តាំងពី​ប្រមាណ​ ៧០​ ទៅ​ ៨០​ ឆ្នាំមុន ត្រូវបានប្រតិបត្តិ​ករ​ទេសចរណ៍​មួយចំនួន​ប្រមូល​បំណែក ទ្រង់​ទ្រា​យមក​ផ្គុំ​រៀបចំ​ជួសជុល​ឱ្យ​ដំណើរការ​ឡើងវិញ សម្រាប់​បម្រើសេវា​កម្ម​ដឹក​ភ្ញៀវទេសចរ​ដើរលេង​កម្សាន្ត​នៅ​តំបន់​អង្គរ​។​


​ការកម្សាន្ត​អារម្មណ៍​តាមរយៈ​ការ​ជិះ​រថយន្ត Jeep បុរាណ នៅ​តំបន់​អង្គរ​នេះ មិន​ត្រឹមតែ​ផ្តល់​ភាព​រីករាយ​ស្រស់ស្រាយ​បែប​ផ្សងព្រេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏បាន​ចូលរួម​ដល់​ដំណើរការ​សេដ្ឋកិច្ច​សហគមន៍​ផងដែរ ព្រោះ​វា​បាន​ជួយ​ឱ្យ​ប្រជា​សហគមន៍​មានការ​ងារ​ធ្វើ និង​អាច​ប្រកបរបរ​ចិញ្ចឹមជីវិត​បាន​។​


​ក្នុង​សម្លៀកបំពាក់​រ៉ូ​ប​ពណ៌​ស​លម្អ​ដោយ​រូប​ផ្កា​ផ្សេងៗ អ្នកស្រី លឹម កញ្ញា អ្នកគ្រប់គ្រង​ផ្នែក​លក់​នៃ Cambodiajeep.com ដែល​បាន​បើករថយន្ត​ដឹក​អ្នក​សារព័ត៌មាន​ទៅ​ទស្សនា​ភូមិ​ព្រះ​ដាក់​កាលពី​ថ្ងៃទី​ ​១៧ ខែមីនា បាន​និយាយថា Cambodiajeep.com បាន​ដំណើរ​ការដឹក​ភ្ញៀវទេសចរ​ដំបូង​នៅ ឆ្នាំ ​២០១១ ផ្តើមចេញពី​រថយន្ត Jeep មួយគ្រឿង​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​មាន​ភាព​ទាក់ទាញ​និង​មានការ​​គាំទ្រ​ពី​ភ្ញៀវ​ក្នុង​រយៈពេល​ជិត ​១០ ​ឆ្នាំ ក្រុមហ៊ុន​បាន​បង្កើន​រថ​យន្ត​រហូតដល់ ​១៤ ​គ្រឿង​។​


​រថយន្ត​ទាំងនោះ​បានមកពី​ការ​សន្សំ​ប្រមូល​ទ្រង់ទ្រាយ​ពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ​រួមទាំង​ពី​ប្រទេសជិតខាង​ផង​។ អ្នកស្រី​ប្រាប់ថា​៖ «​ទាក់ទង​នឹង​ឡាន​ហ្នឹង​ដែរ​គឺ​យើង​ប្រមូល​តាំងពី​ខេត្តកំពត ខេត្តតាកែវ និយាយ​ទៅយក​ពី​កន្លែង​ណា​ដែល​គេ​សល់​ពី​សង្គ្រាម​គេ​មាន​ហើយ គេ​ដាក់​ចោល អ្នកខ្លះ​ដាក់​បង្គន់​ពីលើ​ដាំ​ផ្កា ដាំ​ជី ដាំ​ខ្ទឹម​យើង​ប្រមូល​ទាំងអស់​»​។​


​ប្រភព​ដដែល​បានឱ្យដឹងថា តាមរយៈ​ដំណើរ​កម្សាន្ត ដោយ​ជិះ​រថយន្ត​ Jeep​ នេះ ជា​ចំណែក​មួយ​ក្នុង​ការជួយ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាចធ្វើ​ការងារ ឬ​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ ក៏ដូចជា​ម្ហូបអាហារ​ដ៏​សម្បូរបែប​ឆ្លើយតប​តម្រូវការ​ទេសច​រ​។ រីឯ​ភ្ញៀវទេសចរ​វិញ​អាច​ទៅ​ទស្សនា​ភូមិ​ព្រះ​ដាក់​ដែលជា​ភូមិ​មួយ​រក្សាបាន​ភាពស្រស់​ស្អាត អនាម័យ​និង​បរិស្ថាន​ល្អ ព្រមទាំង​ជា​ភូមិ​រក្សាបាន​នូវ​វប្បធម៌ អរិយធម៌​និង​ការរស់នៅ​តាមបែប​បុរាណ​។​ក្រៅពីនេះ​ភ្ញៀវទេសចរ​ក៏​អាច​ទស្សនា​តាមផ្លូវ​វង់​តូច​និង​វង់​ធំ​នៃ​តំបន់​អង្គរ និង​ផ្លូវ off road ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​។ ជាពិសេស​សេវា​ដឹកជញ្ជូន​ដោយ​រថយន្ត Jeep នេះ ក៏​អាច​ធ្វើដំណើរ​ទូទាំងប្រទេស និង​អាស៊ាន​ទៀតផង​។​


​អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​ចង់ឱ្យ​ភ្ញៀវ​ទៅ​មើល​ពើង​គំនូរ ខ្ញុំ​អត់​ដឹងថា អ្នកខ្លះ​គាត់​បាន​មើល​ប៉ុន្មាន​ទេ​អា​រូប​ពើង​គំនូរ​ហ្នឹង​សុទ្ធតែ​រូប​ដែល​ប្លែក ខ្ញុំ​ទៅ​ឃើញ​ស្អាត ទៅ​ម្តង​ហើយ​ចង់​ទៅទៀត ព្រោះ​វា​ប្លែក វា​នៅ​ផ្លូវ​ទៅ​ភ្នំ​គូលែន ប៉ុន្តែ​មិនមែន rout ភ្នំ​គូលែន​ទេ លក្ខណៈ​ថា យើង​ជិះ​ចូល​តាម​ក្នុងព្រៃ​ឫស្សី​ផង​អី​ផង កាច់​ចុះ​កាច់​ឡើង​វា​មាន​កន្លែង​ប្លែក​ច្រើន​»​។​

​បុរស​វ័យ​ប្រមាណ​ ៥០ ​ឆ្នាំ ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់ជាតិ ខេត្តសៀមរាប លោក យល់ សា បានឱ្យដឹងថា ប្រជា​សហគមន៍​ដែល​ស្ថិតក្នុង​ភូមិ​ព្រះ​ដាក់ អាច​រកចំណូលបាន​ពី​ការលក់ដូរ​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ដែល​ធ្វើឡើង​ដោយ​ដៃ​ព្រមទាំង​ម្ហូប​​អាហារ​ជាច្រើន​មុខ​នៅតាម​ផ្លូវ​ក្នុងភូមិ​។ មិនតែប៉ុណ្ណោះ ការមកដល់​នៃ​ភ្ញៀវទេសចរ​ដែល​ជិះ​តាម​រថយន្ត​ Jeep បាន​ជួយ​ឱ្យ​ប្រជា​សហគមន៍​រកប្រាក់​ចំណូល​បាន ពី​ការងារ​ប្រចាំថ្ងៃ​របស់ខ្លួន កាន់តែ​ងាយស្រួល​ថែមទៀត​តាមរយៈ​ការលក់​ជា​កញ្ចប់​ជាមួយ​ដំណើរ​កម្សាន្ត​រថយន្ត Jeep​។​

​លោក​បាន​និយាយថា​៖ «​យើង​លក់​ជា​កញ្ចប់ ឧទាហរណ៍​ថា ពលរដ្ឋ​គាត់​ចេះ​ធ្វើ​នំគ្រក់ ហើយ​ក្នុង​ម៉ៃ្ង​គាត់​លក់បាន​ច្រើន​បំផុត​ប៉ុន្មាន យើង​ម៉ៅ​ឱ្យ​គាត់​ប៉ុណ្ណឹង​តែម្តង គាត់​អត់​ពិបាក​ចំណាយពេល​លក់​ទេ ហើយ​ប្រសិនបើ​គាត់​ចាក់​នំ​អត់​អស់ អាច​យកទៅ​វិញ​ចាក់​លក់​បន្តបាន​ចំណេញ​ថែមទៀត​»​។​

ប្រជាពលរដ្ឋនៅឃុំព្រះដាក់ពេលធ្វើនំផ្លែអាយនិងក្រឡានសម្រាប់ភ្ញៀវទេសចរកន្លងមក។ រូបថត CCJ

​អ្នក​មគ្គុទ្ទេសក៍​ទេសចរណ៍​រូបនេះ​បានឱ្យដឹង​ទៀតថា តាមរយៈ​ដំណើរ​កម្សាន្ត​ជាមួយ​រថយន្ត Jeep មានការ​រៀបចំ​ទីតាំង​ដី​ភូមិ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​អូរ​ទទឹង ឃុំ​ព្រះ​ដាក់ ដើម្បី​ជា​កន្លែង​ប្រមូលផ្តុំ​នូវ​សមិទ្ធផល​ម្ហូបអាហារ​ខ្មែរ​សម្រាប់​ភ្ញៀវ​ភ្លក្ស​ទទួលទាន​ដោយផ្ទាល់​ក៏ដូចជា​បង្ហាញ​ពី​ការធ្វើ​វត្ថុ​អនុស្សាវរីយ៍​ដោយ​ដៃ​មួយចំនួន ផងដែរ​។​

​លោក​ថ្លែងថា​៖ «​យើង​មាន​ជា​លក្ខណៈ​នំ​បង្កប់​ស្ករ ឬ​គេ​ហៅថា​នំផ្លែអាយ ដូចជា មានការ​ចាក់ស្មុគ​ធ្វើ​រូប​ចាប​តាម​លក្ខណៈ​ប្រពៃណី​បរម​បុរាណ ដែល​យើង​ធ្វើ​ពី​ធាងត្នោត​ព្រហ្ម​ចារី ហើយ​ក្រៅពីនេះ​យើង​មានការ​បង្ហាញ​ពី​ការធ្វើ​នំក្រឡាន​ផងដែរ​»​។  

​បើតាម​លោក យល់ សា ក្រៅពី​មាន​កន្លែង​បង្ហាញ​ពីមុខ​របរការ​ងា​ររ​បស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ហើយ ភ្ញៀវទេសចរ​ក៏​អាចធ្វើ​ដំណើរ​ទៅតាម​ទីតាំង​ជាក់ស្តែង​ដើម្បី​មើល​ការផលិត​ផ្ទាល់​ភ្នែក​តែម្តង​។ រីឯ​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​សូម្បី​មានតែ​រទេះគោ រទេះក្របី ក៏​អា​ចរក​ចំណូល​ពី​ភ្ញៀវទេសចរ​បានដែរ គឺ​ប​រទេះដឹក​ភ្ញៀវទេសចរ​កម្សាន្ត​តាម​ភូមិ​។​

​អ្នកស្រី លី អា​គីម អាយុ ​៤៨ ​ឆ្នាំ ជា​ស្ថាបនិក​ក្រុមហ៊ុន adventurescambodia.com បាន​លើកឡើងថា ភ្ញៀវទេសចរ​ដែល​បាន​ប្រើប្រាស់​កញ្ចប់​សេវា​កម្ម​ដឹក​ភ្ញៀវទេសចរ​កម្សាន្ត​ដោយ​រថយន្ ត​Jeep បានបង្ហាញ​អារម្មណ៍​ពេញចិត្ត និង​សប្បាយរីករាយ ជាពិសេស​គឺ​ភ្ញៀវ​អន្តរ​​ជាតិ មានការ​កក់​កញ្ចប់​ទេស​ចរណ៍​បន្ថែម​រហូត​។ អ្នកស្រី​ថា ការពេញចិត្ត​ពី​សំណាក់​ភ្ញៀវ​ទេសចរ គឺ​ដោយសារ adventurescambodia មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ថែរក្សា​ភ្ញៀវ ហេតុនេះ​ភ្ញៀវ​មិនដែល​សាញ​នឹង​តម្លៃ​ឡើយ​។  

​អ្នកស្រី​និយាយថា​៖ «​សេវា​របស់​យើង​មាន​តៃកុង​មាន​កញ្ចប់ មាន​ម្ហូប រៀបចំ​ឱ្យ​គាត់​ហើយ​ស្រេច​ហើយ អ៊ីចឹងកន្លែង​ដែល​យើង​នាំ​គាត់​ទៅ​សុទ្ធតែ​កន្លែង ដែល​យើង​គិតថា វា​ល្អ អ៊ីចឹង​ពេលដែល​ដើរ​ហើយ​គាត់​ថា គឺ​កញ្ចប់ tour ហ្នឹង​ល្អ​ខ្លាំង អ៊ីចឹង​ពេលដែល​ដើរ ហើយ​គាត់​ប្រាប់​ទៅ​មិត្តភក្តិ​បងប្អូន​»​។​

​អ្នកស្រី​ប្រាប់ថា ភ្ញៀវទេសចរ​ដែល​ចូលចិត្ត​ប្រើប្រាស់​កញ្ចប់​សេវាកម្ម​ទេសចរណ៍​តាម​រថយន្ត Jeep នេះ ៩០ ​ភាគរយ​គឺជា​ជនបរទេស​ដែល​មកពី​អឺរ៉ុប គឺ​អូស្ត្រាលី អាមេរិក កាណាដា និង​បារាំង​ជាដើម​។ ក្រៅពីនោះ​នៅ​ប៉ែក​អាស៊ី​មាន​ប្រមាណ ​១០ ​ភាគរយ​បូក​រួមទាំង​កម្ពុជា​ផង​។

ស្ត្រី​វ័យ​ជិត ​៥០ ​ឆ្នាំ អ្នកស្រី ណឹ​ម ណារិន ជា​អ្នកលក់​ផ្កា​​សម្បុក​ដង្កូវនាង​នៅក្នុង​ភូមិ​ព្រះ​ដាក់ បាន​លើកឡើងថា​ ​ការនាំ​ភ្ញៀវទេសចរ​ចូលមក​មើល​កម្សាន្ត​នៅក្នុង​ភូមិ​ព្រះ​ដាក់ គឺជា​ការផ្តល់​កម្លាំងចិត្ត​មួយផ្នែក​សម្រាប់​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ប្រកប​របរ​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ ព្រោះ​នោះ​ជា​ឱកាស​បង្ហាញ​ភ្ញៀវទេសចរ​ឱ្យបាន​ឃើញ បានដឹងថា​មាន​អ្វីខ្លះ​ជា​ភាព​ទាក់ទាញ​។​

​អ្នកស្រី​បាន​និយាយថា​៖ «​ភ្ញៀវ​គាត់​ចូលមក គាត់​ឱ្យ​តម្លៃ និង​សរសើរ​ថា ភូមិ​នេះ​គឺជា​ភូមិ​វប្បធម៌​មួយ ដែល​រក្សា​របស់​ខ្មែរ​យើង​បាន ដូចជា ការធ្វើ​របស់​ប្រើប្រាស់​ពី​ឫស្សី ពី​ត្នោត និង​រពាក់ ហើយ​ជាពិសេស​មានតែ​កន្លែង​ខ្ញុំ​ទេ ដែល​ច្នៃ​សំពត់​ដង្កូវនាង ដែល​ខ្ញុំ​ចិញ្ចឹម​នៅទីនេះ​ផ្ទាល់ វា​ស៊ី​ស្លឹក​មន​តែ​ ១ ​មុខ​គត់ ដូច្នេះ​ខ្ញុំ​ច្នៃ​ជា​ផ្កា​ដែល​ទុក​លម្អ​ក្នុងផ្ទះ​ជា​របស់​កម្រ​ហើយ​ជា​របស់​នាំ​លាភ​សំណាង​»​។​

​លោក​ លី ហុង អាយុ ​២៨ ​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត Jeep បាន​និយាយថា ការបើក​រថយន្ត​ Jeep ដឹក​ភ្ញៀវ​កម្សាន្ត​នៅ​តំបន់​អង្គរ​ជួយ​ឱ្យ​លោក​អាច​រក​ចំ​ណូ​ល​ប្រចាំថ្ងៃ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។ ​ក្នុង​មួយថ្ងៃ​លោក​អាច​រកប្រាក់​បាន​ ១៦​ ដុល្លារ​ ពី​ការបើកបរ​រថយន្ត​និង​ម៉ូតូ​វេស្ប៉ា ដឹក​ភ្ញៀវ​កម្សាន្ត​តំបន់​អង្គរ​។​

​លោក​ប្រាប់ថា​៖ «​ខ្ញុំ​ធ្វើជា​បុគ្គលិក​បើកឡាន Jeep ហ្នឹង​ផង ហើយ​និង​ខាង​ម៉ូតូ​វ៉េ​ស្បា​ផង ហើយ​មាន​កង់​ជួល​ផង​។​ចំណូល​ពី​ការងារ​ប្រចាំថ្ងៃ​របស់ខ្ញុំ ប្រសិនបើ​បើកឡាន​អាហ្នឹង​គេ​គិត​ជើង ​១ ​ជើង​ក្នុង​កម្រៃ​ ១០ ​ដុល្លារ ហើយ​បើ​ថា ម៉ូតូ​វិញ​គឺ​ ១ ​ជើង ​៦ ​ដុល្លារ អាហ្នឹង​យើង​អត់​ស៊ីប្រាក់ខែ​»​។​

​លោក ផន ឆន អាយុ ៦២ ​ឆ្នាំ ជា​អ្នក​ផលិត​ស្ករត្នោត នៅ​ភូមិ​ព្រះ​ដាក់​បាន​និយាយថា ភ្ញៀវទេសចរ​ដែល​ចូលមក​ភូមិ​ព្រះ​ដាក់ មិនសូវ​រំលង​ការចូល​មើល​ពី​របៀប​ផលិត​ស្ករត្នោត​នៅ​កន្លែង​លោក​ទេ ហេតុនេះ​ការលក់ដូរ​ស្ករត្នោតរ​ប​ស់លោក​ក៏មាន​ភាពងាយស្រួល​ដោយ​មិនបាច់​ពិបាក​ដើរ​លក់​ឡើយ​។​

​ក្នុង ​១ ​ថ្ងៃ​​ លោក​ផលិត​បាន​ស្ករ​ត្នោត​ ២០ ​គីឡូក្រាម ហើយ​លក់​ចេញ​ក្នុង​ ១ ​គីឡូ តម្លៃ ៦ ០០០​ រៀល​។ លោក​ផន ឆន បាន​ថ្លែងឱ្យដឹងថា​៖«​ខ្ញុំ​ឡើងត្នោត​អស់​​រយៈពេល​ ៥០ ​ឆ្នាំ​ហើយ តាម​រយៈ​ការផលិត​ស្ករត្នោត​នេះ ខ្ញុំ​អាច​ចិញ្ចឹម​កូនៗ​ដែលមាន​ទាំង​​អស់​ ៨​ នាក់ ក្នុង​ជីវភាព​សា​ម​ញ្ញ​មួយ​។ ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​ ២​ រសៀល ដល់​ម៉ោង ៧ ​យប់ ជា​ពេលវេលា​ដែល​ខ្ញុំ​ឡើង​យក​ទឹកត្នោត ពី​ដើមត្នោត​ចំនួន ​៥០ ​ដើម​»៕