ភ្នំពេញៈ ទោះបី​ជំងឺ​កូវីដ​ ១៩ បាន​បន្ត​ការឆ្លង​រាលដាល​រយៈពេល​ជាង​ ១ ​ឆ្នាំ​ហើយ​ក៏ដោយ ក៏​សកម្មភាព​នៃ​ការចាក់ដី និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​គម្រោង​អភិវឌ្ឍន៍​កោះនរា មិន​បាន​ជាប់គាំង​ឡើយ ដោយ​មកដល់​ពេល​នេះ​សម្រេច​បាន​ប្រមាណ ៤៥ ​ភាគរយ​។ នេះ​បើ​យោងតាម​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​អភិវឌ្ឍន៍ OCIC​។

កោះនរា មាន​ទីតាំង​នៅក្នុង​តំបន់​ច្បារអំពៅ​នៃ​ខណ្ឌ​ច្បារអំពៅ​ទល់មុខ​ក្រុង​រណប​កោះពេជ្រ​ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន OCIC កំពុង​សង់ស្ពាន​ចំនួន ២ ​ខ្សែ​ភ្ជាប់​ទៅ​ទីនោះ​ (១ ​ចេញពី​កោះពេជ្រ និង​ ១ ​ទៀត​ចេញពី​ផ្លូវជាតិ​លេខ​ ១) ដោយ​ស្ពាន​ទាំង​ ២ នឹងត្រូវ​ចំណាយ​ថវិកា ប្រមាណ​ ៣៩,៦ ​លាន​ដុល្លារ​។


គម្រោង​នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន OCIC លើ​ផ្ទៃដី​ទំហំ ១២៥ ​ហិកតា ក្រោម​ទុន​វិនិយោគ ២,៥ ​ពាន់​លាន​ដុល្លារ​។ OCIC ចាប់ផ្តើម​ចាក់ដី​បំពេញ បុកគ្រឹះ​បេតុង​ច្រាំងទន្លេ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​គម្រោង​នេះ​តាំងពី​ខែមករា ឆ្នាំ​ ២០២០ ដោយ​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល ៣៦ ​ខែ​។


លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា​ (OCIC) បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១០ ខែមីនា ថា ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គម្រោង​អភិវឌ្ឍន៍​កោះនរា​កំពុង​ដំណើរ​ទៅមុខ​ដោយ​រលូន ខណៈ​ការចាក់ដី​បំពេញ និង​ការសាងសង់​ច្រាំងទន្លេ​នាពេលនេះ​សម្រេច​បាន​ជិត ៤៥ ​ភាគរយ​។ លោក​បន្តថា ពេលនេះ​ក្រុមហ៊ុន​មិនទាន់​បើក​លក់​គម្រោង​ណាមួយ​ទេ ដោយ​ក្រុមហ៊ុន​ផ្តោត​សំខាន់​ទៅលើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តែប៉ុណ្ណោះ​។


លោក​អះអាងថា​៖ «​សកម្មភាព​សាងសង់​គម្រោង​អភិវឌ្ឍន៍​នៅ​កោះនរា កំពុង​ដំណើរការ​ទៅមុខ​តាម​ផែនការ​កំណត់​។ ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ មិនបាន​ធ្វើឱ្យ​អាក់ខាន​ដល់​ដំណើរ​ការសាងសង់​ទេ​»​។

លោក​បន្ថែមថា សម្រាប់​ការកំណត់ថា​នឹងមាន​សំណង់​ធំៗ​ចំនួន​ប៉ុន្មាន​ក្នុង​គម្រោង​នេះ គឺ​ក្រុមហ៊ុន OCIC មិនទាន់​អាច​កំណត់​បានទេ ដោយ​អ្វីៗ​វា​នឹង​អាស្រ័យទៅលើ​កំណើន​សេដ្ឋកិច្ច និង​ការចូល​មក​បណ្តាក់ទុន​របស់​វិនិយោគិន​ជាក់ស្តែង​គឺ​វា​អាច​ប្រហាក់ប្រហែល​នឹង​គម្រោង​ក្រុង​រណប​កោះពេជ្រ​ដែល​រហូតមក​ដល់ពេលនេះ​មាន​ការសាងសង់​សំណង់​ធំៗ និង​ខ្ពស់ៗ​ជា​បន្តបន្ទាប់​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា នៅពេល​សាងសង់​រួច កោះនរា​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម និង​កន្លែង​រស់នៅ​ប្រណីត​មួយ​នៅ​ភ្នំពេញ​ដែល​រួមមាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សួនច្បារ​សាធារណៈ រោង​មហោស្រព​លំនៅឋាន​ប្រណីតៗ និង​ធនាគារ​ជាដើម​។

លោក ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអេស្ទេត បាន​និយាយថា គ្រប់ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ នឹង​ធ្វើឱ្យ​សកម្មភាព​ទិញ-លក់ និង​តម្លៃ​អចលនទ្រព្យ​នៅក្នុង​តំបន់​កើនឡើង ប៉ុន្តែ​ដោយសារ​ពេលនេះ​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​មិនទាន់​មាន​ភាពល្អប្រសើរ ហេតុនេះ​ចរន្ត​ទិញ លក់ និង​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​ក្បែរ​នោះ​មិនមាន​ការប្រែប្រួល​អ្វី​គួរឱ្យ​កត់សម្គាល់​ទេ​។

លោក​បាន​ថ្លែងថា​៖ «​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីនោះ​នឹងមាន​កំណើន​ឡើងវិញ​បន្ទាប់ពី​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ច្រើន​ព្រមជាមួយ​ស្ថានភាព​កូវីដ​ ១៩ ល្អប្រសើរ​»​។

អគ្គនាយក​ក្រុមហ៊ុន OCIC លោក ពុង ឃាវសែ ក្នុងពេល​បើក​ការដ្ឋាន​សាងសង់​ស្ពាន ២ ​ខ្សែ​ភ្ជាប់​ទៅ​កោះនរា​កាលពី​ខែតុលា ឆ្នាំ​ ២០២០ បាន​និយាយថា សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​អភិវឌ្ឍ​កោះនរា​នេះ​ក្រុមហ៊ុន គ្រោង​នឹង​ចំណាយ​ប្រាក់​ប្រមាណ ៥៥០ ​លាន​ដុល្លារ​។ គម្រោង​នេះ​នឹង​ប្រើ​កម្លាំង​ពលកម្ម ៧ ០០០ ​នាក់ ​នៅពេល​សាងសង់​ពេញលេញ​៕ LA