ភ្នំពេញៈ ការទិញ​លក់​អចលនទ្រព្យ​នៅតែ​បន្ត​ក្នុង​ភាពរឹងមាំ ហើយ​ហាក់​មិន​បារម្ភ​ពី​ស្ថានភាព​ទាំង​មុន និង​ក្រោយ​ការបោះឆ្នោត​ដែល​ចម្រូងចម្រាស និង​រង​ការរិះគន់​ពី​អន្តរជាតិ​នោះ​ទេ​ស្រប​ពេល​ការ​គំរាម​ពី​លទ្ធភាព​ទណ្ឌកម្ម​ក៏​នៅ​តែ​បន្ត​ធ្លាក់​មក ខណៈ​ការបោះឆ្នោត​កាន់​តែ​ខិតជិត​ចូល​មក​ដល់​។ «​ពួកគេ​មិន​យក​បញ្ហា​នយោបាយ​មក​ធ្វើ​ជា​រឿង​ចម្បង​ដូច​ពេល​មុន​ទៀត​ទេ ដូច្នេះ​នឹង​មិន​កើត​មាន​ភាពអសកម្ម​ក្នុង​សង្គម​ដែល​នាំឲ្យ​សកម្មភាព​សេដ្ឋកិច្ច​ត្រូវ​ជាប់គាំង​ទៀត​ឡើយ​»​។ នេះ​បើ​តាម​លោក ម៉ោង ម៉ាតាំង ដែល​កំពុង​វិនិយោគ​លើ​គម្រោង​ពុះ​ដីឡូត៍​លក់​ ១ កន្លែង​ស្ថិត​ក្នុង​ឃុំ​ជើង​រាស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។

លោក ម៉ាតាំង បាន​និយាយ​ថា បើ​ទោះបី​ជា​នៅ​សល់​រយៈពេល​មិន​ដល់​ ២ ​ខែ​ទៀត​ការបោះឆ្នោត​ថ្នាក់​ជាតិ​នឹង​ចូល​មក​ដល់​ក៏ដោយ ក៏​សកម្មភាព​នៃ​ការលក់​ដីឡូត៍​របស់​លោក​មិន​បាន​ធ្លាក់​ចុះ​នោះ​ទេ​។


លោក​ថ្លែង​ថា​៖ «​ខ្ញុំ​យល់​ថា​បច្ចុប្បន្ន​នេះ​ប្រជាជន​ខ្មែរ​មាន​ការ​យល់ដឹង​ច្រើន​ពី​ការបោះឆ្នោត​ដោយ​ពួកគាត់​មិន​សូវ​មាន​ការព្រួយបារម្ភ​ពី​រឿង​នេះ​ទេ​។ ខ្ញុំ​គិត​ថា​ប្រជាជន​ខ្មែរ​មិន​បាន​យកចិត្ត​របស់​ពួកគេ​ទៅ​ដាក់​ក្នុង​នយោបាយ​ខ្លាំង​ទៀត​ទេ តែ​ពួកគាត់​បាន​យក​នយោបាយ​ទៅ​ដាក់​ក្នុង​ចិត្ត​វិញ ដូច្នេះ​ខ្ញុំ​គិត​ថា​នឹង​មិន​មាន​បញ្ហា​អ្វី​រាំងស្ទះ​ដល់​ការទិញ​លក់​ដីធ្លី ឬ​អចលនទ្រព្យ​នោះ​ឡើយ​»​។


មិនមែន​តែ​គម្រោង​ទិញ-លក់​ដី​ទេ សូម្បី​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន និង​ការទិញ-លក់​ក៏​មិន​បាន​បង្ហាញ​ពី​សញ្ញា​បារម្ភ​ណា​មួយ​ដោយសារ​តែ​ការបោះឆ្នោត​ដែរ​។


លោក ឡាយ ណារឿន ជំនួយការ​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន The River Center City ដែល​ជា​គម្រោង​សម្រាប់​ផ្ទះ​អាជីវកម្ម​ឲ្យ​ដឹង​ថា គម្រោង​​របស់​ខ្លួន​កំពុង​ដំណើរការ​ទៅ​មុខ​ជាធម្មតា​។


លោក ឡាយ ណារឿន ថ្លែង​ថា​៖ «​បើ​ធ្វើការ​ប្រៀបធៀប​ការលក់​នាពេល​នេះ​ជាមួយ​នឹង​មុន​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣ ខ្ញុំ​យល់​ថា​ការលក់​នាពេល​នេះ​មាន​ភាព​ល្អប្រសើរ​ជាង ព្រោះ​នៅ​អំឡុង​មុន និង​ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣ ការ​លក់​មាន​ការ​ធ្លាក់​ចុះ​ច្រើន​ដោយ​នៅពេល​នោះ​ប្រជាជន​មិន​ចង់​បញ្ចេញ​ប្រាក់​យក​ទៅ​ទិញ​អ្វី​នោះ​ទេ​»​។


បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​លក់​លំនៅឋាន​របស់​ខ្លួន​បាន​ជាង​ ៨០ ​ភាគរយ​។ លោក​បន្ត​ថា​៖ «​ចំពោះ​អតិថិជន​ដែល​មក​ទិញ​លំនៅឋាន​ក្នុង​គម្រោង​នេះ ពួកគាត់​មិន​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​អ្វី​នោះ​ទេ​ទាក់ទង​នឹង​ការបោះឆ្នោត​ជាតិ​នាពេល​ខាង​មុខ​»​។

The River Center City ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន Tang Kung Group ក្រោម​ទុនវិនិយោគ​ជាង​ ១០០ លាន​ដុល្លារ​លើ​ផ្ទៃដី​ទំហំ​ជាង​ ១៥ ០០០ ម៉ែត្រការ៉េ​នា​មាត់ទន្លេ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ គម្រោង​នេះ​រួម​មាន​ផ្ទះ​ពាណិជ្ជកម្ម ផ្សារ​ទំនើប និង​ខុនដូ​កម្ពស់ ២៧ ជាន់​ចំនួន ២ អគារ​។

សម្រាប់​អ្នក​រកស៊ី​ផ្សេង​ទៀត​បាន​ចាត់ទុក​ឱកាស​នេះ​ជា​ពេលវេលា​សម្រាប់​ការ​ចំណេញ​នៅពេល​ខាង​មុខ​។

លោក ជាតិ សម្បត្តិ ដែល​ប្រកបរបរ​ទិញ-លក់​រថយន្ត និង​តែង​ឆ្លៀតពេល​ទំនេរ​ទិញ-លក់​ដីធ្លី​ផង​ដែរ​នោះ​បាន​និយាយ​ថា ពេលខ្លះ​ហានិភ័យ​គឺជា​ឱកាស​ទៅវិញ​។ លោក​ថ្លែង​ថា​៖ «​គេ​មិន​ហ៊ាន ខ្ញុំ​ហ៊ាន​។ នេះ​ជា​ឱកាស​ល្អ​សម្រាប់​ខ្ញុំ​ក្នុង​ការទិញ​បាន​កន្លែង​ល្អ និង​មាន​តម្លៃ​សមរម្យ​»​។ លោក សម្បត្តិ បាន​កត់សម្គាល់​ឃើញ​ថា​តម្លៃ​ដីធ្លី​នៅពេល​នេះ​មិន​បាន​ធ្លាក់ចុះ​នោះ​ទេ បើ​ធៀប​​នឹង​ដើម​ឆ្នាំ​។

ខណៈ​ការបោះឆ្នោត​កាន់​តែ​ខិតជិត​មក​ដល់​គេ​ក៏​សង្កេត​ឃើញ​មាន​គម្រោង​ធំៗ​ជាច្រើន​បាន​ប្រកាស​ពី​ការចាប់ផ្តើម​របស់​ខ្លួន​ផងដែរ​ដូចជា The Palm,Yuetai The Garden និង Royal One ជាដើម​។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០១៧ កន្លង​មក​ក្រសួង​ទទួល​បាន​ចំណូល​ពី​ពន្ធ​លើ​ការផ្ទេរ​អចលនទ្រព្យ​តាមរយៈ​អង្គភាព​ពន្ធដារ​ចំនួន​ប្រហែល ៧៨ លាន​ដុល្លារ​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​ម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​និយាយ​ថា ជា​រឿង​ដ៏ចម្លែក​សម្រាប់​រូបលោក​ដែល​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ​រយៈពេល​ជាង ២ ទសវត្សរ៍​កន្លង​មក​ព្រោះ​លោក​តែង​សង្កេត​ឃើញ​ថា សកម្មភាព​ក្នុង​វិស័យ​អចលនទ្រព្យ​តែងតែ​ស្ងប់ស្ងាត់ ឬ​លក់​មិន​ចេញ​តែ​ម្តង​ពេល​ការបោះឆ្នោត​ជាតិ​ជិត​ឈាន​ចូល​មក​ដល់ តែ​ពេល​នេះ​អ្វីៗ​បែរ​ជា​ប្រែប្រួល​ទាំង​ស្រុង​។

លោក​បាន​ថ្លែង​ថា​៖ «​ពី​មុន​មក​ឲ្យ​តែ​ជិត​ដល់​បោះឆ្នោត​ការទិញ-លក់​ដីធ្លី​ត្រូវ​ជាប់គាំង​ទាំងស្រុង ហើយ​តម្លៃ​ត្រូវ​ធ្លាក់​ចុះ​ទៀត​ផង​តែ​ពេល​នេះ​អ្វីៗ​មិន​ដូច​ពេល​មុន​ទៀត​ទេ​។ សព្វ​ថ្ងៃនេះ​មាន​តម្លៃ​ដី​បាន​កើនឡើង​ជា​បន្តបន្ទាប់ ហើយ​ខ្ញុំ​មិន​អាច​រក​ដី​សម្រាប់​លក់​ឲ្យ​អតិថិជន​ទៀត​ផង​។ វា​ពិត​ជា​ចម្លែក​! សូម្បី​តែ​ខ្ញុំ​ក៏​មិន​អាច​វិភាគ​ចេញ​ដែរ​»​។

លោក​អះអាង​ថា​៖ «​ខ្ញុំ​គិត​ថា វិស័យ​នេះ​នឹង​វិវឌ្ឍ​ទៅ​មុខ​ដោយ​រលូន តែ​ខ្ញុំ​មិន​អាច​វាយតម្លៃ​ថា​វា​នឹង​កើនឡើង​កម្រិត​ប៉ុន្មាន​ភាគរយ​បើ​ធៀប​នឹង​ពេល​នេះ​ណាស់​»៕LA