ក្រុងវ៉ាស៊ីនតោនៈ ការលក់លំនៅឋានថ្មីនៅអាមេរិកបានកើនឡើងកាលពីឆ្នាំមុន ដោយសារតែអត្រាការប្រាក់ល្អបានទាក់ទាញអ្នកមានបំណងទិញផ្ទះ ខណៈដែលការលក់លំនៅឋានដែលមានស្រាប់ក្នុងរយៈពេលពេញ ១ ឆ្នាំ ២០១៩ នេះមិនមានការផ្លាស់ប្តូរធៀបនឹងឆ្នាំ ២០១៨។
តម្រូវការនោះកំពុងធ្វើឲ្យពិបាកសម្រាប់ក្រុមហ៊ុនសាងសង់ក្នុងការបន្តទៅមុខ ហើយទិន្នន័យបង្ហាញថា ការផ្គត់ផ្គង់នៅទីផ្សារកំពុងធ្លាក់ចុះ។
លំនៅឋានគ្រួសារទោលដែលបានលក់ទូទាំងប្រទេសបានកើនឡើងជាង ១០ ភាគរយ កាលពីឆ្នាំ ២០១៩ ធៀបនឹងឆ្នាំ ២០១៨ ដល់ ៦៨១ ០០០ យូនីត ដោយមិនកែតម្រូវតាមរដូវកាល។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិរបស់អាមេរិក។
ប៉ុន្តែទិន្ននាការនេះមានភាពខុសគ្នាតាមតំបន់ដោយនៅតំបន់ West កើន ១៥ ភាគរយ និងតំបន់ South កើន ១៤ ភាគរយ ខណៈដែលការលក់នៅតំបន់ Northeast និងតំបន់ Midwest បានធ្លាក់ចុះ។
គ្រាន់តែការលក់ក្នុងខែធ្នូបានថមថយល្បឿនដោយមិនរំពឹងទុកធៀបនឹងខែវិច្ឆិកា ហើយលទ្ធផល ៣ ខែមុនត្រូវបានកែតម្រូវទម្លាក់ចុះ ប៉ុន្តែសេដ្ឋវិទូព្រមានថា ទិន្នន័យប្រចាំខែប្រែប្រួលខ្លាំង។
លោក Ian Shepherdson បម្រើការនៅក្រុមហ៊ុន Pantheon Macroeconomics បានឲ្យដឹងក្នុងការវិភាគមួយថា ការធ្លាក់ចុះកាលពីខែមុន «មិនផ្លាស់ប្តូរស្ថានការណ៍នោះទេ។ និន្នាការក្នុងការលក់លំនៅឋានថ្មីកំពុងកើនឡើងតាមកំណើននិន្នាការក្នុងការដាក់ពាក្យសុំកម្ចីទិញផ្ទះ»។
ប៉ុន្តែការលក់កាលពីខែធ្នូ បានកើនឡើង ២៣ ភាគរយ ខ្ពស់ជាងខែចុងក្រោយឆ្នាំ ២០១៨ ដល់អត្រាប្រចាំឆ្នាំដែលកែតម្រូវតាមរដូវកាលចំនួន ៦៩៤ ០០០ យូនីត។
កម្រិតលក់នេះបានបន្ទាបស្ដុកលំនៅឋានថ្មីដែលអាចរកបានសម្រាប់ការលក់ ដែលធ្លាក់ចុះមកត្រឹម ៥,៧ ខែ ធៀបនឹង ៧,៤ ខែនៅឆ្នាំ ២០១៨។
ទន្ទឹមនឹងនេះរូបភាពតម្លៃបានបង្ហាញថា តម្លៃការលក់កណ្តាល (median sales) កាលពីខែធ្នូថ្លៃ ៣៣១ ៤០០ ដុល្លារ ខ្ពស់ជាងបន្តិចពីឆ្នាំ ២០១៨ បើទោះបីជាតម្លៃកណ្តាលក្នុងអំឡុងពេញ ១ ឆ្នាំ ២០១៩ ទាបជាងឆ្នាំ ២០១៨ ក៏ដោយ។
ក្រុមហ៊ុន Oxford Economics ឲ្យដឹងក្នុងការវិភាគមួយថា៖ «ទោះបីជាខ្សោយជាងរបាយការណ៍ដែលរំពឹងទុកក្តី ក៏យើងរំពឹងថា កម្រិតនៃការលក់លំនៅឋានថ្មីនឹងកើនឡើងនៅដើមឆ្នាំ ២០២០ ដែលត្រូវបានគាំទ្រដោយការកើនឡើងស្ដុក និងតម្រូវការដ៏រឹងមាំ»។
ការលក់លំនៅឋាននៅអាមេរិកបានកើនឡើងដល់កម្រិតកំពូលកាលពីខែកក្កដា ឆ្នាំ ២០០៥ ក្នុងពេលមានកំណើនផ្ទះខ្លាំងដល់ច្រើនជាងការលក់ ១,៣ លានយូនីត។
ការលក់បានធ្លាក់ចុះដល់ចំណុចទាបនៅខែកុម្ភៈឆ្នាំ ២០១១ ដែលមានចំនួន ២៧០ ០០០ យូនីត ដោយសារតែវិបត្តិហិរញ្ញវត្ថុពិភពលោក។
ជាមួយគ្នានេះដែរការលក់លំនៅឋានដែលមានស្រាប់នៅអាមេរិកមានកម្រិតខ្លាំងជាងការរំពឹងទុកកាលពីខែធ្នូ ប៉ុន្តែចំនួនសរុបក្នុងរយៈពេលពេញ ១ ឆ្នាំមិនផ្លាស់ប្តូរឡើយធៀបនឹងឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍ឧស្សាហកម្មកាលពីសប្តាហ៍មុន។
ទីផ្សារលំនៅឋានបានក្លាយជាចំណុចទាក់ទាញដ៏សំខាន់មួយក្នុងសេដ្ឋកិច្ចអាមេរិក ប៉ុន្តែតួលេខចុងក្រោយកាលពីឆ្នាំ ២០១៩ មិនបានឆ្លុះបញ្ចាំងពីការកើនឡើងខ្លាំងឡើយ ទោះបីជាតម្លៃបានកើនឡើងក្តី។ នេះបើយោងតាមសមាគមជាតិអ្នកវាយតម្លៃ (NAR)។
ទោះបីយ៉ាងណាការលក់កាន់តែរឹងមាំ និងតម្លៃកាន់តែខ្ពស់នេះមានន័យថា កម្រៃជើងសាកាន់តែច្រើនសម្រាប់ក្រុមឈ្មួញកណ្ដាលអចលនទ្រព្យ និងអាចបង្កើនការគណនាផលិតផលក្នុងស្រុកសរុប (GDP) នៅខែចុងក្រោយកាលពីឆ្នាំមុននេះ។
NAR បានឲ្យដឹងថា ការលក់សរុបលំនៅឋានគ្រួសារទោល ផ្ទះល្វែង ខុនដូ និងផ្ទះសហគមន៍ (coops) មានចំនួនសរុប ៥,៣៤ លានយូនីតកាលពីឆ្នាំមុន ដែលមានកម្រិតដូចគ្នាកាលពីឆ្នាំ ២០១៨។
លោក Lawrence Yun ប្រធានសេដ្ឋវិទូនៅ NAR បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ខ្ញុំមើលឃើញឆ្នាំ ២០១៩ ថា ជាឆ្នាំដែលមិនគួរឲ្យកត់សម្គាល់សម្រាប់លំនៅឋានទាក់ទងនឹងការលក់នោះទេ»។
លោកបន្តថា៖ «អ្នកលក់លំនៅឋានមានស្ថានភាពល្អប្រសើរ ប៉ុន្តែអ្នកទិញអនាគតមិនមានសំណាងនោះទេ។ ស្ដុកកម្រិតទាបនៅតែជាបញ្ហាជាមួយនឹងអ្នកទិញលើកដំបូងរងផលប៉ះពាល់ខ្លាំងបំផុត»៕ LA