ក្រុងវ៉ាស៊ីនតោនៈ របាយការណ៍ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃអង្គារបានបង្ហាញថា ការលក់ផ្ទះថ្មីនៅក្នុងសហរដ្ឋអាមេរិកមុនពេលមានការរីករាលដាលវីរុសកូរ៉ូណាគឺមានសម្ទុះល្អប្រសើរ បើទោះជាមិនមានកំណើនខ្ពស់ដូចខែមករាក៏ដោយ។
ទោះបីយ៉ាងណាក្រុមអ្នកសេដ្ឋកិច្ចបានព្រមានថា ការខូចខាតទីផ្សារដែលបណ្តាលមកពីការផ្ទុះឡើងនៃវីរុសកូរ៉ូណានឹងបង្ហាញលទ្ធផលជាក់លាក់ក្នុងទិន្នន័យការលក់ប្រចាំខែមីនា និងខែមេសា ខណៈដែលអត្រាអតិថិជនខ្ចីប្រាក់បានថយចុះ។
យោងតាមរបាយការណ៍ ការលក់ផ្ទះថ្មីបានរអិលធ្លាក់ចុះ ៤,៤ ភាគរយដល់ ៧៦៥ ០០០ ខ្នងផ្ទះនៃអត្រាប្រចាំឆ្នាំ ដែលត្រូវបានកែតម្រូវតាមរដូវកាល។ ទោះយ៉ាងណាវាមានកម្រិតខ្ពស់ជាខែកុម្ភៈ ឆ្នាំ ២០១៩ ចំនួន ១៤ ភាគរយ។
លោក Ian Shepherdson នៃក្រុមហ៊ុនស្រាវជ្រាវ Pantheon Macroeconomics បានព្រមានថា ទិន្នន័យដែលនឹងមកដល់នឹង «គួរឲ្យញញើត»។
លោកបាននិយាយនៅក្នុងបទវិភាគថា រលកដ៏ធំនៃការបាត់បង់ការងារ និងការជាប់គាំងនៅក្នុងទីក្រុង និងរដ្ឋជាច្រើនមានន័យថា សកម្មភាពគួរជាទីភ្ញាក់ផ្អើលខែមីនានេះនឹងមានបន្ថែមទៀតក្នុងខែមេសា។
លោកបានថ្លែងថា៖ «យើងរំពឹងឃើញចំនួននេះនឹងប្រសើរឡើងវិញក្នុងខែមិថុនានៅពេលគេអាចទប់ស្កាត់ការរាលដាលវីរុសថ្មីនេះបានសម្រេច ប៉ុន្តែការបាត់បង់នៃអ្នកទិញផ្ទះដ៏មានសក្តានុពលជាច្រើនដោយសារភាពគ្មានការងារធ្វើកើនឡើងមានន័យថា ទីផ្សារអចលនទ្រព្យបានបាត់បង់ផងដែរនាពេលនេះ ហើយនឹងមិនអាចរើបឡើងវិញក្នុងពេលឆាប់ៗទេ។
យោងតាមទិន្នន័យនោះការលក់ផ្ទះបានកើននៅភាគខាងត្បូង និងភាគនិរតី ខណៈភូមិភាគកណ្តាល និងខាងលិចវិញធ្លាក់ចុះបន្តិច៕ RR