ក្រសួង​សេដ្ឋកិច្ច​ នឹង​ពិចារណា​សំណើ​នៃ​ការអនុវត្ត​ពន្ធ​ចំណេញ​មូលធន

Content image - Phnom Penh Post
រដ្ឋាភិបាល​នឹង​ពិចារណា​ចំពោះ​ការអនុវត្ត​ពន្ធ​​ចំណេញ​មូលធន​ បន្ទាប់ពី​មាន​ការស្នើសុំ​ពី​អ្នករកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​។

ភ្នំពេញ: រដ្ឋាភិបាល​នឹង​ពិចារណា​ចំពោះ​ការអនុវត្ត​ពន្ធ​​ចំណេញ​មូលធន​ បន្ទាប់ពី​មាន​ការស្នើសុំ​ពី​អ្នករកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​។

សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​បាន​ដាក់​លិខិត​ ១ ​ច្បាប់​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​សប្តាហ៍​មុន​ក្នុង​គោលបំណង​ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ពន្យារពេល​ការអនុវត្ត​ពន្ធ​លើ​ប្រាក់​ចំណេញ​មូលធន​រហូតដល់​ស្ថានភាព​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ មាន​ភាពធូរស្រាល​ឡើងវិញ ខណៈ​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​កំពុង​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​សុខភាព​នេះ​។

ចំពោះ​ប្រភេទ​ពន្ធ​នេះ​នឹង​ដាក់​អនុវត្ត​ពន្ធ​លើ​ប្រាក់ចំណេញ​មូលធន​ដែល​សម្រេចបាន​ដោយ​អ្នក​ជាប់ពន្ធ​ដែល​បាន​មកពី​ការលក់ ឬ​ផ្ទេរ ឬ​ក៏​បង្កើត​ឲ្យ​មាន​សិទ្ធិ​គ្រប់គ្រង​លើ​ទ្រព្យ ឬ​ចុះបញ្ជី​សម្រាប់​ការផ្ទេរ​កម្មសិទិ្ធ ឬ​សិទ្ធិ​កាន់កាប់​ទ្រព្យ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បន្តថា អគ្គនាយកដ្ឋាន​ពន្ធដារ​តាមរយៈ​ប្រកាស លេខ ៣៤៦ បាន​តម្រូវ​ឲ្យ​បង់ពន្ធ​លើ​ចំណូល​មូលធន​លើ​ការលក់​នៃ​អចលនទ្រព្យ​មួយចំនួន​ដូចជា ដី អគារ ភាគហ៊ុន សញ្ញាបណ្ណ​បំណុល អាជ្ញាប័ណ្ណ ប៉ាតង់ និង​រូបិយប័ណ្ណ​ក្នុង​អត្រា ២០ ភាគរយ លើ​ការចំណេញ​ដែល​ត្រូវ​បាន​គណនា​នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​​ ១ ខែ ​មករា ឆ្នាំ ២០២១​។

លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សាគ្នា​ស្តីពី​ច្បាប់​ពន្ធដារ​កាលពី​ថ្ងៃទី​ ២៥ ខែកញ្ញា​ កន្លង​ទៅ​សមាគម​របស់​លោក​បាន​សម្រេច​ដាក់​លិខិត​ ១ ច្បាប់​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តាមរយៈ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ស្នើសុំ​ឲ្យ​ពិចារណា​ពន្យារពេល​ការអនុវត្ត​លើ​ពន្ធ​នេះ​ជា​បណ្តោះអាសន្ន​សិន​រហូត​ស្ថានភាព​សេដ្ឋកិច្ច និង​ជំងឺ​កូវីដ​ ១៩ មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​ថា​៖ «​ក្រសួង​នឹង​ពិចារណា​លើ​សំណើ​របស់​សមាគម​នេះ ប៉ុន្តែ​ការសម្រេច​យ៉ាងណា​នោះ​វា​អាស្រ័យ​លើ​ប្រមុខ​រដ្ឋាភិបាល​សម្រេច​ប៉ុណ្ណោះ​»​។

លោក ហ៊ុយ វណ្ណា បាន​ថ្លែង​អះអាង​ថា ពន្ធ​នេះ​នឹងដាក់​បន្ទុក​បន្ថែម​ដល់​ឧស្សាហកម្ម​អចលនទ្រព្យ​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

លោក​បាន​ថ្លែងថា​៖ «​យើង​បាន​ស្នើសុំ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​ធ្វើការ​ពន្យារពេល​ការអនុវត្ត​លើ​ការបង់​ពន្ធលើ​ប្រាក់​ចំណេញ​មូលធន​រហូត​ដល់​ពេលវេលា​សមស្រប ឬក៏​នៅពេល​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ និង​ស្ថានភាព​សេដ្ឋកិច្ច​មាន​ភាពល្អប្រសើរ​ឡើងវិញ​។ សព្វថ្ងៃ​ស្ថានភាព​ទិញ-លក់​លើ​អចលនទ្រព្យ​កំពុង​មាន​សកម្មភាព​ធ្លាក់ចុះ​»៕

វីដេអូ៖

ព័ត៌មានថ្មីៗ