ភ្នំពេញ: គម្រោងសាងសង់ផ្សារទំនើប The One Mall ដែលមានកម្ពស់ ៣ ជាន់ និងជាការវិនិយោគរបស់ក្រុមហ៊ុនចិននៅទីក្រុងភ្នំពេញនឹងបញ្ចប់ការសាងសង់នៅត្រីមាសទី ២ ឆ្នាំនេះ បន្ទាប់ពីខកខានមិនបានបើកដំណើរការតាមការប្រកាសកន្លងមករបស់ខ្លួន។
កាលពីខែសីហាឆ្នាំមុន ក្រុមហ៊ុន The One Mall Management (Cambodia) Co., Ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន Ming Sheung International Investment Co., Ltd និងជាក្រុមហ៊ុនអភិវឌ្ឍន៍របស់គម្រោងផ្សារទំនើបនេះ បានប្រកាសថានឹងដាក់ដំណើរការជាផ្លូវការនៅខែធ្នូ ឆ្នាំ ២០១៩។
ប្រភពដែលដឹងឮពីគម្រោងនេះបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីថ្ងៃពុធថា គម្រោងផ្សារទំនើប The One Mall គ្រោងនឹងបញ្ចប់នៅត្រីមាសទី ២ ឆ្នាំនេះ។
ប្រភពនេះបានបន្តថា៖ «វានឹងបញ្ចប់ការសាងសង់ក្នុងរង្វង់ខែមេសា ឆ្នាំនេះ។ វាមានដំណើរសាងសង់ល្អជាធម្មតា ការសាងសង់ធ្វើឡើងទាំងយប់ទាំងថៃ្ង និងសាងសង់បានប្រហែល ៧០ ភាគរយហើយ»។
ទោះជាយ៉ាងណាប្រភពនេះបានបដិសេធផ្តល់ព័ត៌មានលម្អិតអំពីមូលហេតុដែលបណ្តាលឲ្យមានការពន្យារពេលបញ្ចប់ការសាងសង់ និងបើកដំណើរការរបស់គម្រោងនេះ។
គម្រោង The One Mall ត្រូវបានសាងសង់លើផ្ទៃដី ១២ ០០០ ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននៅលើអតីតផ្សារកុងតឺន័រស្ថិតនៅចំហៀងស្ថានទូតរុស្ស៊ី។ ទុនវិនិយោគលើគម្រោងនេះមិនត្រូវបានបង្ហាញឲ្យដឹងនោះទេ។
ក្រុមហ៊ុនអភិវឌ្ឍន៍របស់គម្រោងនេះបានឲ្យដឹងនាពេលកន្លងមកថា គម្រោងផ្សារទំនើបនេះនឹងក្លាយជាទីតាំងរបស់ហាងទំនិញ កន្លែងលេងកម្សាន្តកន្លែងហាត់ប្រាណ ភោជនីយដ្ឋានហាងសម្លៀកបំពាក់ជាដើម។ គម្រោងនេះបានចាប់ផ្តើមសាងសង់កាលពីខែមិថុនាឆ្នាំមុន។
លោក ច្រឹក សុនីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Mekong បានឲ្យដឹងថា ផ្សារលក់រាយកំពុងពេញនិយមនៅកម្ពុជាសម្រាប់អ្នកមានចំណូលមធ្យម។ លោកបន្តថា ការផ្គត់ផ្គង់មិនទាន់បំពេញតម្រូវការនៅឡើយទេនៅកម្ពុជា។
លោកថ្លែងថា៖ «ផ្សារលក់រាយកំពុងវាយលុកទីផ្សារនៅកម្ពុជា សម្រាប់ប្រជាជនដែលមានជីវភាពធូរធារដែលត្រូវការទំនិញល្អៗ និងអនាម័យពីផ្សារទំនើប។ សព្វថ្ងៃការសង់ផ្សារលក់មិនទាន់បំពេញតម្រូវការទីផ្សារនៅឡើយទេ ហើយវានឹងមានការសាងសង់បន្ថែមទៀត»។
លោក Chris Wong អគ្គនាយកក្រុមហ៊ុន The One Mall Management បានឲ្យដឹងកាលពីអំឡុងខែសីហាឆ្នាំមុនថា កំណើនសេដ្ឋកិច្ច និងភាពស៊ីវិល័យនៃការរស់នៅរបស់ប្រជាជនកម្ពុជាបានជំរុញឲ្យក្រុមហ៊ុនរបស់លោកសម្រេចវិនិយោគលើគម្រោងផ្សារទំនើបលក់រាយដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេញ។ លោកបន្តថាផ្សារទំនើបនេះនឹងមានផលិតផលម៉ាកល្បីៗទាំងក្នុងស្រុក និងអន្តរជាតិ។
លោកថ្លែងថា៖ «The One Mall នឹងទទួលបាននូវការទាក់ទាញ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនចំពោះផលិតផលដែលមានម៉ាកល្បីៗ ដែលមានវត្តមានជាយូរមកហើយនៅកម្ពុជា។ The One Mall ជាផ្សារទំនើបដែលស័ក្តិសមបំផុតសម្រាប់សាធារណជនទាំងអស់ដោយផ្តោតសំខាន់លើការផ្តល់នូវជម្រើស និងបទពិសោធថ្មីៗ ប្លែកៗ សម្រាប់ការកម្សាន្ត លម្ហែ និងផលិតផលដែលមានម៉ាកល្បីៗប្រកបដោយគុណភាពខ្ពស់»៕