
សណ្ឋាគារ និងរមណីយដ្ឋាននៅលើកោះមួយនៅភូកេត ប្រទេសថៃ។ រូបថត AFP
ក្រុងបាងកកៈ តម្លៃសរុបនៃការវិនិយោគលើសណ្ឋាគារក្នុងប្រទេស ថៃ បានធ្លាក់ចុះមកនៅត្រឹម ៣,៧ ពាន់លានបាត (ជាង ១១៨ លានដុល្លារ) នៅឆ្នាំ ២០១៩ ធៀបនឹង ២០,៥ ពាន់លានបាតនៅឆ្នាំ ២០១៨។ ការណ៍នេះបានឆ្លុះបញ្ចាំងឲ្យឃើញពីភាពអាចរកបានកាន់តែតិចនៃទ្រព្យសកម្មសណ្ឋាគារថ្នាក់វិនិយោគ (investment-grade) ដែលដាក់លក់។ នេះបើយោងតាមក្រុមហ៊ុន JLL Hotels and Hospitality Group ។
ប្រទេសថៃបានមើលឃើញប្រតិបត្តិការវិនិយោគសណ្ឋាគារធំៗចំនួន ៤ ប៉ុណ្ណោះកាលពីឆ្នាំ ២០១៩ គឺសណ្ឋាគារ Four Points ដែលវិនិយោគដោយក្រុមហ៊ុន Sheraton Bangkok សណ្ឋាគារចាស់ Customs House (ការជួល ដែលជាអគារប្រវត្តិសាស្ដ្រមួយដោយក្រុមហ៊ុន Chao Phraya River ត្រូវបានបំប្លែងទៅជាសណ្ឋាគារដោយក្រុមហ៊ុន U City Plc ) សណ្ឋាគារ Anantara Baan Rajprasong (ជួល បច្ចុប្បន្នជាសណ្ឋាគារ Dusit Suites Hotel Ratchadamri Bangkok) និងសណ្ឋាគារ Beach Garden Hotel Chaam ។
សណ្ឋាគារ Four Points ដែលមាន ២៦៨ បន្ទប់ និងវិនិយោគដោយក្រុមហ៊ុន Sheraton Bangkok គឺជាការវិនិយោគធំបំផុតបើគិតពីតម្លៃដែលលក់ក្នុងតម្លៃ ២,២៥ ពាន់លានបាតឲ្យក្រុមហ៊ុន TA Global Berhad របស់ម៉ាឡេស៊ី។
លោក Chakkrit Chakrabandhu Na Ayudhya អនុប្រធានប្រតិបត្តិទទួលបន្ទុកលក់មកពីក្រុមហ៊ុន JLL Hotels and Hospitality Group Asia បានថ្លែងថា៖ «ទាំងក្រុមវិនិយោគិនអន្តរជាតិ និងក្នុងស្រុកបានបន្តបង្ហាញការចាប់អារម្មណ៍ខ្លាំងលើការទិញសណ្ឋាគារនៅក្នុងប្រទេសថៃ ជាពិសេសទីក្រុងបាងកក ទីក្រុងភូកេត កោះសាមុយ និងទីក្រុងឈៀងម៉ៃ»។
លោកបន្តថា៖ «ទោះយ៉ាងណាទ្រព្យសកម្មសណ្ឋាគារថ្នាក់វិនិយោគសម្រាប់ការលក់នៅមានកម្រិតកាលពីឆ្នាំ ២០១៩ បន្ទាប់ពីការកើនឡើងខ្លាំងបំផុតរយៈពេល ២ ឆ្នាំ»។
ក្រៅពីកង្វះស្ដុកសណ្ឋាគារសម្រាប់លក់ ការពន្យារពេលក្នុងប្រតិបត្តិការវិនិយោគលើសណ្ឋាគារមួយចំនួនក៏បានរួមចំណែកដល់ការធ្លាក់ចុះនេះផងដែរ។
លោក Chakkrit បានថ្លែងថា៖ «មានកិច្ចព្រមព្រៀងសណ្ឋាគារគួរឲ្យកត់សម្គាល់មួយចំនួនដែលកិច្ចព្រមព្រៀងស្តីពីការទិញលក់ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុន ប៉ុន្តែភាពជាម្ចាស់កម្មសិទ្ធិគ្រោងនឹងផ្ទេរក្នុងឆ្នាំ ២០២០»។ លោកបន្តថា៖ «កិច្ចព្រមព្រៀងទាំងនេះមួយចំនួនមានសារៈសំខាន់ទាក់ទងនឹងតម្លៃ ហើយនឹងផ្ដល់ការជំរុញខ្លាំងចំពោះទំហំវិនិយោគសណ្ឋាគារក្នុងឆ្នាំ ២០២០»។
ទោះជាមានចំណាប់អារម្មណ៍ខ្លាំងក៏ដោយ ក៏ក្រុមវិនិយោគិនជាទូទៅកំពុងអនុវត្តវិធីសាស្ដ្រកាន់តែប្រុងប្រយ័ត្ន។
យោងតាមក្រុមហ៊ុន STR Global ប្រាក់ចំណូលជាមធ្យមក្នុង ១ បន្ទប់ដែលអាចរកបាន (RevPAR ) សម្រាប់សណ្ឋាគារក្នុងប្រទេសថៃនៅក្នុងរយៈពេល ១ ឆ្នាំគិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០១៩ បានធ្លាក់ចុះ ៥,៦ ភាគរយធៀបនឹងឆ្នាំ ២០១៨។
លោកបន្តថា៖ «ការធ្លាក់ចុះលទ្ធផលប្រតិបត្តិការសណ្ឋាគារកាលពីឆ្នាំមុននៅទិសដៅរមណីយដ្ឋានមួយចំនួនបានធ្វើឲ្យក្រុមវិនិយោគិនមួយចំនួនមានការប្រុងប្រយ័ត្នកាន់តែខ្លាំងក្នុងការវាយតម្លៃរបស់ពួកគេ»។ លោកបន្ថែមថា៖ «ទោះបីយ៉ាងណា ក្រុមវិនិយោគិនយុទ្ធសាស្ដ្ររយៈពេលវែងដែលយល់ដឹងពីវដ្ដឧស្សាហកម្មទេសចរណ៍បានរក្សាការផ្តោតការយកចិត្តទុកដាក់លើប្រទេសថៃដែលល្បីថា ជាទីផ្សារមួយក្នុងចំណោមទីផ្សាររឹងមាំបំផុតជាច្រើននៅអាស៊ី»។
លោក Mike Bachelor ប្រធានប្រតិបត្តិក្រុមហ៊ុន JLL Hotels and Hospitality Group Asia បានឲ្យដឹងថា ខណៈដែលក្រុមវិនិយោគិនបរទេសនៅតែកំពុងស្វែងរកយ៉ាងសកម្មនូវការវិនិយោគក្នុងប្រទេសថៃ ក្រុមហ៊ុនមួយចំនួនកំពុងត្រួតពិនិត្យចំណុចចូលរបស់ពួកគេយ៉ាងយកចិត្តទុកដាក់ ដោយសារតែការកើនតម្លៃប្រាក់បាត។
លោកថ្លែងថា៖ «យ៉ាងណាក៏ដោយថៃផ្ដល់ទិន្នផលខ្ពស់ជាងទីផ្សារផ្សេងទៀតក្នុងចំណោមទីផ្សារសំខាន់ៗជាច្រើននៅអាស៊ី ហើយបើមើលពីចក្ខុវិស័យតម្លៃក្នុង ១ បន្ទប់ វានៅតែមានតម្លៃកាន់តែទាប»។
ក្រុមហ៊ុន JLL រំពឹងថា សកម្មភាពវិនិយោគលើសណ្ឋាគារនៅក្នុងប្រទេស ថៃ នឹងស្ទុះងើបឡើងវិញនៅក្នុងឆ្នាំ ២០២០ ជាមួយនឹងតម្លៃកើនឡើងដល់ពី ចំនួន ១០ ពាន់លានទៅ ១២ ពាន់លានបាត៕ LA