ភ្នំពេញៈ ផ្សារទំនើប Aeon Mall 2 ដែល​វិនិយោគ​ ១២០ លាន​ដុល្លារ និង​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ​រំពឹង​ថា​នឹង​ទទួល​បាន​អ្នក​ចូល​ទស្សនា​ ១៤ ​លាន​នាក់​ក្នុង​ ១ ​ឆ្នាំ​។ នេះ​បើ​យោង​តាម​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Aeonmall Co., Ltd​។

លោក Seiichi Chiba នាយក​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Aeonmall Co., Ltd បាន​និយាយ​ថា Aeon Mall 2 គឺជា​ផ្សារ​ដែល​ទំនើប​ជាង​គេ​របស់​ក្រុមហ៊ុន Aeonmall នៅ​ទូទាំង​ពិភពលោក​នាពេល​នេះ​។


លោក Seiichi Chiba បាន​ថ្លែង​នៅក្នុង​ពិធី​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​៖ «​យើង​អាច​និយាយ​ថា​ Aeon Mall2 គឺជា​គំរូ​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំង​ការ​រៀបចំ បរិស្ថាន និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​»​។


លោក Seiichi Chiba បាន​ប្រាប់​ទៀត​ថា​ដោយសារ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ក្រុមហ៊ុន​របស់​លោក​នឹង​ពង្រីក​សាខា​បន្ថែម​ទៀត​នាពេល​ខាង​មុខ តែ​ក្នុង​ដំណាក់កាល​នេះ​ក្រុមហ៊ុន​នឹង​ផ្តោត​ជា​សំខាន់​ទៅលើ​ការពង្រឹង​ដំណើរការ​របស់​ផ្សារ​ទំនើប​ទាំង​ ២ ​នេះ​ជា​មុន​សិន​។


លោក Tetsuyuki Nakagawa នាយក​គ្រប់គ្រង​ម្នាក់​ទៀត​របស់ Aeonmall Cambodia Co., Ltd បាន​និយាយ​ថា​បន្ទាប់ពី​បើក​ដំណើរការ​សាកល្បង​កាលពី​ថ្ងៃទី​ ៣០ ខែ​ឧសភា​កន្លង​មក​នៅ​ថ្ងៃ​ធម្មតា​ផ្សារ​ទំនើប Aeon Mall 2 ទទួល​បាន​អតិថិជន​ប្រហែល​ ៣ ​ម៉ឺន​នាក់​ក្នុង​ ១ ​ថ្ងៃ ខណៈ​ថ្ងៃ​សៅរ៍- អាទិត្យ និង​បុណ្យ បាន​កើន​ដល់​ ៨ ​ម៉ឺន​នាក់​។


Aeon Mall 2 គឺជា​កន្លែង​ដែល​ផ្តល់​ជូន​សេវាកម្ម​គ្រប់​បែប​យ៉ាង​រាប់​ទាំង​កន្លែង​កម្សាន្ត កន្លែង​ផ្តល់​សេវាសាធារណៈ​របស់​រដ្ឋ និង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ផងដែរ​។


នៅក្នុង​តំបន់​អាស៊ាន​បច្ចុប្បន្ន​មាន​ផ្សារ​ទំនើប Aeon ចំនួន​ ៨ ដោយ Aeon Mall 2 ជា​ផ្សារ​ដែល​ធំ​ជាង​គេ​។ នេះ​បើ​តាម​លោក​នាយក​គ្រប់គ្រង Aeonmall Cambodia Co., Ltd ។

ក្នុង​តំបន់​អាស៊ាន Aeon Mall មាន​នៅ​កម្ពុជា ឥណ្ឌូនេស៊ី និង វៀតណាម ហើយ​ក្រុមហ៊ុន​រំពឹង​ថា​នឹង​ពង្រីក​ការវិនិយោគ​ទៅ​មីយ៉ាន់ម៉ា​។ គិត​ត្រឹម​ពេល​នេះ Aeon Mall មាន​សាខា​ ៣១ ​នៅ​ក្រៅ​ប្រទេស​ជប៉ុន​៕LA