ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

កាលពី​ដើម​ខែធ្នូ​ឆ្នាំ​ ២០១៩ ក្រុមហ៊ុន Forest Harmony បាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់​គម្រោង Luxury Holiday Villas «​លំនៅឋាន​ទី​ ២» ដែលមាន​តម្លៃ​ ១៨ ​លាន​ដុល្លារ​របស់ខ្លួន​នៅក្នុង​ខេត្តកំពត​។ ដំណាក់កាល​ដំបូង​នៃ​គម្រោង​របស់​ក្រុមហ៊ុន Forest Harmony រួមមាន វីឡា​ចំនួន​ ៧៨ ​ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ ១៣ ​ហិកតា​ ត្រូវ​បាន​បើក​លក់​កាលពី​ខែធ្នូ ឆ្នាំ​ ២០១៩ ហើយ​គិត​មកទល់​ពេល​នេះ វីឡា​ជាង​ ៦០ ​ភាគរយ ​ត្រូវបាន​លក់​អស់​រួច​​ទៅហើយ​។


កាលពី​ថ្ងៃ​សៅរ៍ ក្រុមហ៊ុន​នេះ​បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ទី​ ២ ​របស់​ខ្លួន​នៅ​ខេត្តកំពត ដែល​មាន​ឈ្មោះថា Gold Harmony នៅលើ​ផ្ទៃដី​ ២៧,៣ ​ហិកតា​ដោយ​នាំយក​ទីលាន​វាយ​កូន​ហ្គោល​លើកដំបូង​នៅក្នុង​ខេត្តកំពត ព្រមទាំង​អគារ​ខុនដូ​ចំនួន​ ៤ ​អគារ​។


លោក ច្រឹក សុខនីម ជា​ភាគទុនិក​ក្នុងស្រុក និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា (CVEA) បាន​ឲ្យ​ដឹងថា គំនិត​នៃ​ការអភិវឌ្ឍ​គេហដ្ឋាន និង​វីឡា​ទី​ ២ ​សម្រាប់​លម្ហែកាយ គឺជា​និន្នាការ​ថ្មី​ដែល​កំពុង​ទទួល​បាន​សម្ទុះ​នៅក្នុង​ប្រទេស​កម្ពុជា​។


លោក​ថា អ្នក​អភិវឌ្ឍន៍​ដែល​កំពុង​សម្លឹង​រកមើល​ការវិនិយោគ​លើផ្ទះ​លម្ហែកាយ តែង​ផ្តោតសំខាន់​លើ​ប្រភេទ​វីឡា​ដែលមាន​ទីតាំង​នៅតាម​តំបន់​មាត់សមុទ្រ ភ្នំ និង​ជួរ​ភ្នំ​។ លោក​បន្ថែម​ទៀត​ថា ក្រុងព្រះសីហនុ ខេត្តកោះកុង និង​ខេត្ត​កែប សុទ្ធសឹង​ជា​ទីតាំង​ទិសដៅ​ថ្មី​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ដែល​ស្វែងរក​ការទទួល​បាន​ចំណែក​ទីផ្សារ​គេហដ្ឋាន​លម្ហែកាយ​។


លោក​ថ្លែងថា​៖ «​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​កំពុង​មាន​ភាពប្រសើរ​ឡើង​ហើយ ពួកគេ​មាន​លទ្ធភាព​កាន់តែ​ច្រើន និង​ស្វែងរក​អចលនទ្រព្យ​សម្រាប់ ចូលនិវត្តន៍ លម្ហែកាយ និង​ការសម្រាក​របស់​ពួកគេ​»​។


លោក Seraj Sutton នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century 21 Cambodia ដែល​ត្រូវបាន​​តែងតាំង​ជា​ភ្នាក់ងារ​លក់​ផ្ដាច់មុខ​របស់​គម្រោង Forest Harmony បាន​ឲ្យ​ដឹងថា ការអភិវឌ្ឍ Golf Harmony នឹង​ធ្វើឲ្យ​ការរស់នៅ​កាន់តែ​ទំនើប​សម្រាប់​ម្ចាស់​វីឡា​ដែល​បាន​ទិញ​នៅ​ដំណាក់កាល​ទី​ ១ ក៏ដូចជា ជួយ​បន្ថែម​ភាពទាក់ទាញ​មួយកម្រិត​ទៀត​ដល់​ខេត្តកំពត ដែល​កំពុង​លេចធ្លោ​ជា​តំបន់​ទេសចរណ៍ ទីតាំង​សម្រាប់​ការវិនិយោគ​អចលនទ្រព្យ និង​ឱកាស​វិនិយោគ​កំពុង​រីកចម្រើន​យ៉ាងខ្លាំង​។

លោក Seraj Sutton លើកឡើង​ថា​៖ «​ខេត្តកំពត​គឺជា​ទិសដៅ​ដ៏មាន​សក្ដានុពល​សម្រាប់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ដែល​មាន​អាហារ​ក៏ដូចជា កន្លែង​កម្សាន្ត​ដ៏សម្បូរបែប​»​។ លោក​បាន​បន្ត​​ថា​៖ «​គម្រោង​នេះ​នឹង​នាំយក​គំនិត​នៃ​ការរចនា​វីឡា​លម្ហែកាយ​តាមបែប​លោកខាងលិច​មក​កាន់​ខេត្តកំពត ហើយ​មាន​​បំណង​ទាក់ទាញ​ភ្ញៀវទេសចរ​លំដាប់​ខ្ពស់ៗ​ឲ្យ​មក​លម្ហែកាយ​នៅ​ប្រទេស​កម្ពុជា សម្រាប់​ថ្ងៃ​ឈប់សម្រាក និង​ថ្ងៃ​ចុង​សប្ដាហ៍​របស់​ពួកគេ​»​។

តម្លៃ​សម្រាប់​ប្រភេទ​ផ្ទះ​វីឡា​ដែល​មាន​បន្ទប់​គេង​ ៤ នៅក្នុង​គម្រោង Golf Harmony មាន​ចន្លោះ​ពី​ ៣៦១ ០០០ ​ដុល្លារ ​ដល់ ៤០៩ ០០០ ​ដុល្លារ រួមទាំង​​អាង​ហែល​ទឹក​ឯកជន​មាន​ទំហំដី​ជា​មធ្យម ១ ២០០ ​ម៉ែត្រការ៉េ​។

សម្រាប់​ដំណាក់កាល​ទី​ ២ ការសាងសង់​ទីលាន​វាយ​កូន​ហ្គោល វីឡា និង​ខុនដូ​នឹង​ធ្វើ​ឡើង​លើ​ផ្ទៃដី​ ២៧,៣ ​ហិកតា ហើយ​ត្រូវ​រំពឹងថា គម្រោង​នេះ​នឹង​បញ្ចប់​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ទៀត​។ ​ទីលាន​​វាយ​កូនហ្គោល​មាន​ចំនួន​ ៩ ​ឡូត៍ និង​អគារ​ខុនដូ​ដែលមាន​ ៥ ​ជាន់​​មាន​ចំនួន​ ៤ ​អគារ​៕ LA