វិស័យផលិតកម្មដែលតែងតែបញ្ចេញផ្សែងខ្មួលខ្មាញ់ពីរោងចក្រទៅលើអាកាស ហាក់បានស្ងប់ស្ងាត់ និងពុំមានសំឡេងរំខាននៃខ្សែចង្វាក់ផលិតកម្មទេនៅក្នុងឆ្នាំនេះ ដោយសារតែវិបត្តិជំងឺរាតត្បាតកូវីដ១៩។
អាជីវកម្មមួយចំនួនត្រូវបានរងផលប៉ះពាល់ និងរាំងស្ទះដល់ប្រតិបត្តិការចាប់តាំងពីមានជំងឺរាតត្បាតកូវីដ១៩ ដែលបានចាប់ផ្តើមកាលពីដើមឆ្នាំនេះ ហើយវាបានធ្វើឱ្យសហគ្រាសធុនតូច និងមធ្យមនៅទូទាំងពិភពលោក កាត់បន្ថយចង្វាក់អាជីវកម្ម និងប្រតិបត្តិការរបស់ខ្លួន ឬបោះបង់ចោលផលិតកម្ម។
មានបញ្ហាប្រឈមជាច្រើននៅក្នុងអំឡុងពេលជំងឺកូវីដ១៩ នេះ ពីព្រោះតម្រូវការទំនិញ ឬផលិតផលសម្រេចមានការផ្គត់ផ្គង់យឺតយ៉ាវ ខណៈព្រំដែនត្រូវបានបិទ ចំណែកឯកង្វះខាតវត្ថុធាតុដើម និងការរឹតត្បិតការធ្វើដំណើរឆ្លងកាត់ព្រំដែនបានធ្វើឱ្យវិស័យផលិតកម្មនៅក្នុងប្រទេសជាច្រើនមានការថមថយ។ សូម្បីប្រទេសកម្ពុជាក៏រងផលប៉ះពាល់ដែរ ទៅលើវិស័យមួយចំនួន ដូចជាវិស័យទេសចរណ៍ រោងចក្រ កន្លែងកម្សាន្ត និងវិស័យផលិតកម្មក៏បានជួបប្រទះនឹងស្ថានភាពប្រហាក់ប្រហែលគ្នាដែរ។
យោងតាមសេចក្តីថ្លែងការណ៍រួមរវាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលបានចេញផ្សាយកាលពីខែតុលា បានឱ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងរោងចក្រផលិតសម្ភារសម្រាប់ធ្វើដំណើរប្រហែល ៤០០ នៅក្នុងប្រទេសកម្ពុជាបានផ្អាកប្រតិបត្តិការរបស់ពួកគេដែលបណ្តាលឱ្យកម្មករជាង ១៥០ ០០០ នាក់គ្មានការងារធ្វើនៅទូទាំងប្រទេស ដោយសារជំងឺរាតត្បាតកូវីដ១៩។
យ៉ាងណាក៏ដោយនៅក្នុងឧស្សាហកម្មកែច្នៃចំណីអាហារនៃសហគ្រាសខ្នាតតូច និងមធ្យមមានភាពខុសប្លែកពីវិស័យដទៃទៀត។ មនុស្សជាច្រើនបានរត់គេចចេញពីកន្លែងដែលគ្មានសុវត្ថិភាព ខណៈក្នុងពេលបច្ចុប្បន្ន ពួកគេបានកាត់បន្ថយតម្រូវការសម្លៀកបំពាក់ងាកមករៀបចំទុកដាក់ស្បៀងអាហារក្នុងផ្ទះជំនួសវិញ។
សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកបានទាញយកអត្ថប្រយោជន៍ពីការកាត់បន្ថយការនាំចូលផលិតផលក្រៅប្រទេស ដោយសារតែការរាតត្បាតនៃជំងឺនេះ និងបានបង្កើនផលិតកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។ តម្រូវការផលិតផលចំណីអាហារ និងប្រើប្រាស់ជាច្រើនត្រូវបានបង្កើនផលិតកម្ម ដូចជា អាហារសម្រន់ ទឹកត្រី ទឹកស៊ីអ៊ីវ មីកញ្ចប់ ទឹកលាងដៃ ត្រីងៀត ទឹកបរិសុទ្ធ និងម៉ាស់ការពារជាដើម។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) ឧកញ៉ា តែ តាំងប៉ មានប្រសាសន៍ថា៖ «បើនិយាយពីបញ្ហាកូវីដ វាមានផលប៉ះពាល់ដល់វិស័យទេសចរណ៍ និងវាយនភណ្ឌ តែចំពោះការកែច្នៃផលិតផលចំណីអាហាររបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺមិនមានផលប៉ះពាល់ទេ ប៉ុន្តែផ្ទុយទៅវិញកាន់តែធ្វើឱ្យប្រសើរឡើងនូវផលិតផលក្នុងស្រុក និងលក់ដាច់ជាងមុន ដោយសារការនាំចូលពីប្រទេសជិតខាងត្រូវបានកាត់បន្ថយ»។ ដូច្នេះធ្វើឱ្យសហគ្រាសធុនតូច និងមធ្យម មានលទ្ធភាពផ្គត់ផ្គង់ទីផ្សារ និងផលិតបានច្រើនជាងមុន»។
លោកបន្តថា៖ «កាលពីមុនយើងគិតតែអំពីការនាំចូលផលិតផលអាហារប៉ុណ្ណោះ ប៉ុន្តែក្នុងអំឡុងពេលជំងឺកូវីដ-១៩ យើងផ្តោតលើការលក់ក្នុងស្រុកដូច្នេះផលិតផលម្ហូបអាហារដែលផលិតក្នុងស្រុកកំពុងលក់ដាច់ជាងមុន»។
នេះបើតាមលោកឧកញ៉ា តែ តាំងប៉ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងកម្មវិធី «ការប្រកួតជើងឯកលើកទី ១ សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលរៀបចំសហការដោយ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុន PLMP Venture Capital»។
លោកឱ្យដឹងដែរថា បច្ចុប្បន្នសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកទូទាំងប្រទេសមានជាង ៥៣ ម៉ឺន សហគ្រាស រួមមានផ្នែកសេវាកម្ម ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងផ្នែកកម្មន្តសាល (អ្នកផលិតកែច្នៃផលិតផលកសិកម្មទៅជាចំណីអាហារ) ដែលក្នុងនោះឧស្សាហកម្មផលិតចំណីអាហារមាន ៤០ ភាគរយដែលផ្តល់ការងារជិត ១,២ លាននាក់ និងរួមចំណែក ៥៨ ភាគរយ ដល់ផលិតផលក្នុងស្រុកនៅកម្ពុជា។ ការកើនឡើងនៃតម្រូវការផលិតផលក្នុងស្រុកមិនត្រឹមតែជួយដល់សហគ្រាសធុនតូច និងមធ្យមនានានៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយក្នុងការកាត់បន្ថយការចំណាយទៅលើការនាំចូលផលិតផលអាហារផងដែរ។
លោក ឧកញ៉ា តែ តាំងប៉ បានថ្លែងថា នៅពេលដែលការនាំចូលពីប្រទេសជិតខាងត្រូវបានកាត់បន្ថយ សហគ្រាសធុនតូច និងមធ្យម របស់យើងបានចាប់ផ្តើមផលិតបន្ថែមទៀតដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
«តាមពិត សហគ្រាសធុនតូច និងមធ្យមមិនសង្ឃឹមក្នុងការនាំចេញប៉ុន្មានទេ សំខាន់បំផុតការលក់ក្នុងស្រុក បើនិយាយឱ្យចំ ផលិតផលក្នុងស្រុកមានទំហំធំណាស់ វាអាចរួមចំណែកដល់សេដ្ឋកិច្ចជាតិ។ បើគិតនៅក្នុងមួយឆ្នាំៗ យើងនាំចូលផលិតផលចំណីអាហារប្រមាណ ៥ ទៅ ៦ ពាន់លានដុល្លារ ប៉ុន្តែបើសិនជាយើងផលិតលក់ក្នុងស្រុកបានន័យថាយើងកាត់បន្ថយការនាំហិរញ្ញវត្ថុចេញទៅក្រៅ»៕