ការផ្លាស់ប្តូរ​ និង​កែលម្អ​ស្ថានីយអយស្ម័យយាន​ជាមួយ​​នឹង​អគារ Train Square ដ៏ស្រស់ស្អាត

Content image - Phnom Penh Post
ស្ថានីយអយស្ម័យយាន​ភ្នំពេញ​កំពុង​ត្រូវបាន​ជួសជុល​កែលម្អ​យ៉ាង​ស្រស់ស្អាត​។ រូបថត JOE CURTIN

Content image - Phnom Penh Post

អគារ Train Square គ្រោង​នឹង​បើក​ទំព័រ​បន្ទាប់ នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ស្ថានីយអយស្ម័យយាន​ភ្នំពេញ ដោយ​ប្រែក្លាយ​អគារ​ស្ថានីយ​រថភ្លើង​មួយ​នេះ​ឱ្យទៅជា​អគារ​ដ៏ទំនើប ខណៈ​អគារ​នេះ​ឈាន​ចូលដល់​ខួប​ទី​ ៩០ ​ឆ្នាំ​របស់ខ្លួន​។

អគារ​ប្រវត្តិសាស្ត្រ​រចនា​លក្ខណៈ​ស្ថាបត្យកម្ម Art Deco ត្រូវបាន​សាងសង់​តាំង​ទសវត្សរ៍​ឆ្នាំ​ ១៩៣០ មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​តំបន់​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​ត្រូវ​បាន​ផ្លាស់ប្តូរ​ប្រកប​ដោយ​សិល្បៈ​រស់រវើក​ផ្តល់​ជូន​កន្លែង​លក់​ម្ហូបអាហារ និង​ភេសជ្ជៈ​ទំនើបៗ​ប្រមាណ​ ៣ ​ពាន់​ម៉ែត្រការ៉េ និង​ទីតាំង​ការិយាល័យ ដែល​បំពេញ​តម្រូវការ​នៅ​សតវត្សរ៍​ទី​ ២១​។

«​អគារ Train Square គ្រោង​នឹង​បើក​ជា​អគារ​លក់រាយ​ដ៏ធំ និង​ទំនើប​ដែល​នឹង​ស្វាគមន៍​អតិថិជន​មកពី​គ្រប់ទិសទី នឹង​ផ្តល់​កន្លែង​ថ្មី​សម្រាប់​មនុស្ស​មកជួបជុំ និង​អាច​ទទួលទាន​អាហារ​នៅក្នុង​ហាង​លក់​អាហារ ភេសជ្ជៈ ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​ដ៏ស្រស់ស្អាត និង​ទំនើបៗ​»​។

«​ទីតាំង​មាន​សក្តានុពល ហើយ​ឱកាស​ពិសេស​ដែល​ផ្តល់​ដោយ​គម្រោង​នេះ​បាន​ទាក់ទាញ​យីហោ​ធំៗ​មួយចំនួន​នៅក្នុង​ប្រទេស​។ តើ​កន្លែង​ណា​ដែល​អ្នក​អាចមាន​ឱកាស​ក្លាយជា​ផ្នែក​មួយ​នៃ​គម្រោង​ដ៏អស្ចារ្យ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​តំបន់​ដែល​កំពុង​បន្ដ​រីកចម្រើន និង​ជា​មជ្ឈមណ្ឌល​ប្រចាំ​តំបន់​បែបនេះ​?»

លោក Simon Griffiths នាយក​គ្រប់គ្រង​ក្រុមហ៊ុន The Mall Company ថ្លែងថា​៖ «​ទោះបី​ផ្នែក​មួយ​ចំនួន​ធំ​ត្រូវបាន​ជួល ដោយ​អ្នក​ប្រកប​អាជីវកម្ម ដែល​មានបំណង​ក្លាយជា​ផ្នែក​មួយ​នៃ​អគារ​បេតិកភណ្ឌ​ដ៏ស្រស់ស្អាត​នេះ​ក្តី ក៏​នៅមាន​កន្លែង​ទំនេរ​ជាច្រើន​ទៀត​»​។

ស្ថានីយ​អយស្ម័យយាន​ភ្នំពេញ​ត្រូវបាន​សាងសង់ឡើង​នៅក្នុង​ឆ្នាំ​ ១៩៣២ ក្រោម​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ មុនីវង្ស ហើយក៏​ជា​ស្ថានីយ​សម្រាប់​ខ្សែ​រថភ្លើង​ទៅ​ខេត្តបាត់ដំបង​ដើម្បី​ជួយ​ជំរុញ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ថៃ​។ សាងសង់ឡើង​ពី​បេតុង ស្ថានីយ​នេះ​នៅតែ​ជា​អគារ​ដ៏រឹងមាំ និង​ស្រស់ស្អាត ។

Content image - Phnom Penh Post
Train Square មាន​ទីតាំង​លក់​ភេសជ្ជៈ និង​ម្ហូបអាហារ​ទំហំ​ ៣ ​ពាន់​ម៉ែត្រការ៉េ​។

ចក្ខុវិស័យ​រួម​គឺ​ស្តារ​ស្ថានីយ​រថភ្លើង​ឱ្យ​ល្អ​ដូច​កាលពី​អតីតកាល​របស់​វា ដូច្នេះ​វា​នឹង​ក្លាយជា​ទីតាំង​មួយ​ដ៏ល្អ​នៅ​ចំ​កណ្តាល​សង្កាត់​ពាណិជ្ជកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ចំណោម​អគារ​ធំៗ ដូចជា​អគារ​វឌ្ឍនៈ អគារ Exchange Square សណ្ឋាគារ Raffles Le Royal ក៏ដូចជា​ស្នាក់ការ​កណ្តាល​របស់​ធនាគារ​ជាច្រើន​ទៀត​។

«​គុណភាព​ការសាងសង់ ការរចនា និង​ស្ថាបត្យកម្ម​ដើម​របស់​ស្ថានីយ​រថភ្លើង​នេះ​គឺមាន​ស្តង់ដា​ខ្ពស់​ណាស់ ប៉ុន្តែ​រយៈពេល​ ៩០ ​ឆ្នាំ​អគារ​នេះ​ត្រូវការ ការធ្វើ​ទំនើបកម្ម​ឱ្យ​កាន់តែ​ប្រសើរ​។ ដូច្នេះ​គ្រាន់តែ​ជួសជុល​អគារ​នេះ​ឡើងវិញ​គឺ​មិនទាន់​គ្រប់គ្រាន់​ទេ​។ ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ​បង្ហូរទឹក​គឺត្រូវធ្វើ​ទំនើបកម្ម ហើយ​ទុយោ​ក្រោម​ដី និង​កន្លែង​ផ្ទុក​សំរាម​គឺ​ត្រូវ​ដំឡើង និង​ការពង្រឹង​រចនាសម្ព័ន្ធ​បន្ថែម​ទាំង​ខាងក្នុង និង​ខាងក្រៅ​»​។

«​ទាំងអស់នេះ​បង្ហាញថា វា​ជា​ការងារ​ដ៏ធំ​។ ប៉ុន្តែ​យើង​ចង់​បន្ត និង​លើកកម្ពស់​ស្ថានីយ​នេះ​ឱ្យ​កាន់តែ​ប្រសើរ​។ ការជួសជុល​អគារ​មិនមែន​ជា​គោលដៅ​ទេ គោលដៅ​គឺ​លើកកម្ពស់​អគារ​ឱ្យមាន​លក្ខណពិសេស​នៅក្នុង​ទីក្រុង​ដែល​នេះ​គឺជា​មោទនភាព​។ ជា​លទ្ធផល ជណ្តើរយន្ត​កញ្ចក់​ត្រូវបាន​បន្ថែម ហើយ​កាំជណ្តើរ​ជើង​ដើរ​ត្រូវបាន​កែលម្អ​ជាមួយ​នឹង​ការបន្ថែម​នូវ​ទេសភាព និង​លក្ខណ​ពិសេស​ទៅលើ​សាល​ធំ​»​។

លោក Griffiths ថ្លែងថា​៖ «​ជាមួយ​នឹង​ការងារ​ស្តារឡើងវិញ​ទាំងអស់​គ្រោង​នឹង​បញ្ចប់​នៅ​ខែមេសា ឥឡូវនេះ​យើង​កំពុង​រង់ចាំ​អ្នក​ដែលមាន​បំណង​ជួល​ទាំង​ការិយាល័យ និង​ហាង​លក់រាយ ដើម្បីឱ្យ​យើង​អាច​បង្ហាញ​ពួកគាត់​នូវ​ការកែលម្អ​ទាំងអស់​ដែល​បានធ្វើ​ឡើង​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​កន្លង​មក​នេះ​»​។

ប្រធាន​វិស្វករ​នៃ​គម្រោង​ដើម​គឺ​លោក Henri Maux បាន​សរសេរ​សៀវភៅ​មួយ​មាន​ចំណងជើង​ថា La Belle Aube: Henri Maux, jeune ingénieur en Indochine, 1927-1937 បាន​ពិពណ៌នា​ខ្សែ​រថភ្លើង​នេះ​ថា​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ធ្វើ​ទំនើបកម្ម​ដ៏អស្ចារ្យ​របស់​ព្រះបាទ​ស៊ីសុវត្ថិ មុនីវង្ស ដើម្បី​អភិវឌ្ឍ​ទ្រព្យសម្បត្តិ​សក្តានុពល​របស់​ប្រទេស​។

៣ ​ទសវត្សរ៍​ក្រោយមក ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ដែលជា​ព្រះរាជនត្តា​របស់​ព្រះបាទ​ស៊ីសុវត្ថិ មុនីវង្ស​បាន​សាងសង់​ខ្សែ​រថភ្លើង​ទៅ​ភាគខាងត្បូង​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ និង​កំពង់ផែ​ថ្មី​ត្រូវបាន​សាងសង់​។

ជាមួយ​នឹង​បណ្តាញ​របស់​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​ដើម្បី​បើក​បណ្តាញ​ខ្សែ​រថភ្លើង​បន្ថែមទៀត នាពេល​អនាគត​ដោយ​ពង្រឹង​រដ្ឋធានី​ជា​ចំណុចកណ្តាល​នៃ​ប្រព័ន្ធ​ផ្លូវដែក​ក្នុង​តំបន់ ការពង្រីក​បណ្តាញ​ផ្លូវដែក​បន្ថែម​គឺ​ឆ្លុះបញ្ចាំង​ពី​ការបន្ត​រីកចម្រើន​របស់​កម្ពុជា​នៅក្នុង​ផ្នែក​ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ​។

ខណៈ​ចរាចរណ៍​កាន់តែ​កើនឡើង នៅពេល​ស្ថានីយ​បើក​បណ្តាញ​ផ្លូវ​ថ្មី វា​នឹង​ផ្តល់​ភាពវិជ្ជមាន​ដ៏ធំធេង​សម្រាប់​ដៃគូ ដែល​ចូលរួម​ក្នុង​គម្រោង​នេះ ហើយ​អ្នក​ជួល​ក៏​អាច​រំពឹងថា​នឹង​ទាក់ទាញ​បន្ថែមទៀត​ជាមួយនឹង​សកម្មភាព​វប្បធម៌​ផ្សេងៗ​នៅ​នឹង​កន្លែង​។

«​នឹងមាន​ការតាំង​បង្ហាញ និង​ការដាក់បញ្ចូល​គ្នា​នៃ​សិល្បៈ​ និង​គំនូរ​ផ្សេងៗ នៅ​ខាងក្នុង និង​ខាងក្រៅ​អគារ​។ ទន្ទឹមនឹងនេះ​ក៏​នឹងមាន​សកម្មភាព​វប្បធម៌​ផ្សេងៗ រួមទាំង​ដំណើរ​ស្វែងយល់​ពី​ប្រវត្តិ​ផ្លូវដែក​កម្ពុជា និង​គម្រោង​ជាច្រើន​ទៀត​»​។

«​ជាង​ ១០ ​ឆ្នាំ​មកហើយ​នៅក្នុង​ទីក្រុង​ភ្នំពេញ ខ្ញុំ​បាន​គ្រប់គ្រង និង​ពិគ្រោះ​យោបល់​លើ​អចលនទ្រព្យ​ពាណិជ្ជកម្ម​ជាង​ ១ ​លាន​ម៉ែត្រការ៉េ​នៅ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​ខ្ញុំ​ទើបតែ​ធ្វើការ​លើ​អគារ​មាន​ការឌីហ្សាញ​លក្ខណៈ Art Deco ដែល​បាន​កសាង​ក្នុង​ឆ្នាំ​ ១៩៣០ មួយ​នេះ​ប៉ុណ្ណោះ​»​។

«​ស្ថានីយ​រថភ្លើង​នេះ​មាន​លក្ខណពិសេស វា​គឺជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​របស់​រាជធានី​ភ្នំពេញ​។ មាន​ទីតាំងនៅ​ជិត​បណ្តុំ​អគារ​ការិយាល័យ​គុណភាព​ខ្ពស់ និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ វា​ក៏​ស្ថិតនៅ​ចំ​កណ្តាល​ទីក្រុង​អម​ជាមួយ​នឹង​ទេសភាព​សួនឧទ្យាន និង​ចេតិយ​បែប​ព្រះពុទ្ធសាសនា​ដ៏ស្រស់ស្អាត​ផងដែរ​»​។

លោក Griffiths បន្តថា​៖ «​រួមផ្សំ​ជាមួយនឹង​ស្ថាបត្យកម្ម Art Deco French ដ៏ស្រស់ស្អាត គម្រោង​ទាំងអស់​ត្រូវ​ជួសជុល​យ៉ាង​ប្រុងប្រយ័ត្ន ខណៈ​វា​គឺជា​អគារ​បេតិកភណ្ឌ​ដ៏ល្បីល្បាញ​មួយ​នៅ​កម្ពុជា នោះ​ហើយ​គឺជា​អ្វីដែល​ធ្វើឱ្យ​អគារ Train Square មាន​លក្ខណពិសេស​»​។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​លោកស្រី Puthik នៅ​ក្រុមហ៊ុន Mall Company៖ puthik@themallcompany.com / (+៨៥៥) ០៨១ ៨១១ ៥១៥៕

ព័ត៌មានថ្មីៗ