
ក្រុមហ៊ុនអិមជី ផ្គត់ផ្គង់ក្រដាសប្រមាណ ៥០ តោនជារៀងរាល់ខែនៅទូទាំងប្រទេស។ ហុង មិនា
ក្នុងផ្នត់គំនិតប្រជាពលរដ្ឋខ្មែរមួយចំនួន នៅតែមិនទាន់ផ្តល់ទំនុកចិត្តដល់ផលិតផលក្នុងស្រុកឡើយ ខណៈពួកគេឱ្យតម្លៃទៅលើផលិតផលនាំចូល មិនថាផលិតផលចំណីអាហារ ឬផលិតផលសម្ភារប្រើប្រាស់នោះទេ។
ពួកគេយល់ថា ផលិតផលនាំចូលមានគុណភាពជាងផលិតផលក្នុងស្រុក។ តែជាក់ស្តែងពី ១ ថ្ងៃទៅ ១ ថ្ងៃ អ្នកវិនិយោគក្នុងស្រុក ខិតខំប្រឹងប្រែងច្នៃសម្ភារប្រើប្រាស់ និងផលិតផលចំណីអាហារឱ្យស្របតាមស្តង់ដា និងមានគុណភាពខ្ពស់ ដើម្បីប្រកួតប្រជែងទីផ្សារនាំចូល។
ដើម្បីកែប្រែផ្នត់គំនិតនេះ ក្រុមហ៊ុន MG Pacific Company Limited ដែលជាស្នាដៃកូនខ្មែរបានផលិតសម្ភារប្រើប្រាស់ជាច្រើនមុខនូវផលិតផលក្រដាសអនាម័យដូចជា ក្រដាសជូតមាត់ស្ងួត ក្រដាសជូតមុខសើម ក្រដាសជូតដៃ កន្សែងត្រជាក់ ក្រដាសប្រើប្រាស់ក្នុងបន្ទប់ទឹកម៉ាក MG និងសម្ភារជាច្រើនមុខទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈតម្រូវការនេះមានការកើនឡើង ។
លោក សុជាតិ មានគោលបំណងក្នុងការកាត់បន្ថយការនាំចូលផលិតផលក្រដាស ស្របពេលដែលប្រជាជនខ្មែរចាប់ផ្តើមងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក។
ប្រធានក្រុមហ៊ុន អិមជី ផេស៊ីហ្វិក ឯ.ក លោក តាំង សុជាតិ អាយុ ៣៦ ឆ្នាំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដំបូងឡើយលោកគ្រាន់តែ បង្កើតក្រុមហ៊ុន ដើម្បីនាំចូលផលិតផលប្រើប្រាស់សម្ភារការិយាល័យ និងក្រដាសអនាម័យ ដើម្បីចែកចាយលក់បន្តទៅឱ្យក្រុមហ៊ុន និងធនាគារប៉ុណ្ណោះ។

លោក តាំង សុជាតិ ប្រធានក្រុមហ៊ុន អិមជី ផេស៊ីហ្វិក ឯ.ក
ប៉ុន្តែដោយឃើញពីឱកាសនៃតម្រូវការនេះមានការកើនឡើង ទើបលោកសម្រេចបង្កើតម៉ាកយីហោដោយខ្លួនឯងនៅឆ្នាំ ២០១៥ ដើម្បីផលិតក្រដាសព្រីន និងក្រដាស អនាម័យ ម៉ាក MG។ លោកថា “ខ្ញុំសង្កេតឃើញថា ផលិតផលនេះមានតម្រូវការខ្ពស់កើនឡើងពី ១ ថ្ងៃទៅ ១ ថ្ងៃ ព្រោះជារបស់ប្រើប្រាស់ប្រចាំថ្ងៃ មិនថាចូលបន្ទប់ទឹក ដាក់តាមខ្លួន ឬកន្លែងញាំអាហារ គឺត្រូវការក្រដាសអនាម័យជានិច្ច។ “បច្ចុប្បន្នប្រជាជនមានការយល់ដឹងពីអនាម័យ ប្រាក់ចំណូលមានការកើនឡើង និងការធ្វើ្វនគរូបនីយកម្ម ទើបតម្រូវការក្រដាសមានការកើនឡើង”។
លោកឱ្យដឹងថា ក្នុងអំឡុងពេលបើកអាជីវកម្មដំបូង ក្រុមហ៊ុនរបស់ខ្លួនផ្គត់ផ្គង់នៅលើទីផ្សារមិនដល់ ១ តោនផង ខណៈពេលបច្ចុប្បន្នតម្រូវការមានការកើនឡើងហើយអាចផ្គត់ផ្គង់បានរហូតទៅ ៥០ តោនក្នុង ១ ខែ។
លោកឱ្យដឹងថា “សម្រាប់ក្រុមហ៊ុន អិម ជី ពីមុនយើងលក់ចេញប្រហែលកន្លះតោនក្នុង ១ ខែ តែចាប់ពីចាប់ពីឆ្នាំ ២០១៩ និងឆ្នាំ ២០២០ យើងលក់ចេញចន្លោះពី ៤០ ទៅ ៥០ តោន"។
បន្ទាប់ពីបើកដំណើរការយៈពេល ៦ ឆ្នាំមកនេះ ក្រដាសម៉ាក MG ទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនក្នុងស្រុក សម្រាប់យកទៅប្រើប្រាស់ផ្ទាល់ខ្លួន និងសម្រាប់ប្រើប្រាស់ក្នុងការិយាល័យ។
ការបើកអាជីវកម្មផលិតក្រដាសរបស់លោក សុជាតិ គឺចំពេលដ៏ត្រឹមត្រូវ ខណៈដែលតម្រូវការផលិតផលក្រដាសនៅកម្ពុជាកំពុងកើនឡើងស្របពេលដែលសេដ្ឋកិច្ចកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរង្វង់ ៧ ភាគរយក្នុង ១ ឆ្នាំ។

កន្សែងត្រជាក់គុណភាពល្អមាន ៨០ សន្លឹក ម៉ាក អិមជី
លោកបន្ថែមថា អ្វីដែលជំរុញចិត្តក្នុងការផលិតក្រដាសនេះ ដើម្បីរួមចំណែកកាត់បន្ថយការនាំចូល និងផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងស្រុក ។ លោកបានគូសបញ្ជាក់ថា “ទាំងការផលិត និងការប្រើប្រាស់ផលិតផលក្នុងស្រុក នឹងរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជាគឺមានស្ថិរភាពសេដ្ឋកិច្ចខាងក្នុង ផ្តល់ការងារក្នុងស្រុកបង្កើនចំណូល កាត់បន្ថយការនាំចូល និងជួយបង្កើនប្រជាប្រិយភាពរបស់ប្រទេសដល់អ្នកវិនិយោគបរទេសឱ្យមកបណ្តាក់ទុននៅក្នុងស្រុកផងដែរ"។
ទោះបីជាផលិតផលម៉ាក MG ជាផលិតផលក្នុងស្រុក តែវត្ថុធាតុដើមស្ទើរតែ ៩០ ភាគរយត្រូវបាននាំចូលពីក្រៅប្រទេស។ លោក សុជាតិ ថ្លែងថា “ដោយសារនៅកម្ពុជាពុំទាន់មានរោងចក្របំប្លែងវត្ថុធាតុដើមទៅជាផលិតផលសម្រេច ទើបយើងនាំចូលវត្ថុធាតុដើមជាង ៩០ ភាគរយ ពីប្រទេសចិន និងឥណ្ឌូនេស៊ីដែលជាទីផ្សារធំរបស់យើង” តាមពិតទៅយើងមានវត្ថុធាតុដើមដែរ ដូចជាដើមកាស្យា តែយើងនាំចេញទៅក្រៅប្រទេស ហើយគេកែច្នៃវត្ថុធាតុដើមនោះទៅជាផលិតផលសម្រាប់ផលិតក្រដាសផ្សេងៗ ហើយយើងនាំចូលសារធាតុទាំងនោះមកវិញ”។
ទាក់ទងនឹងការផលិតវិញក្រុមហ៊ុន អិម ជី បានសហការជាមួយរោងចក្រក្នុងស្រុក និងក្រៅស្រុក ដើម្បីផលិតសម្ភារប្រើប្រាស់ទាំងនេះ ខណៈ ក្រុមហ៊ុនខ្វះប្រភពទុនក្នុងការបង្កើតរោងចក្រផ្ទាល់ខ្លួន។ “យើងមានដៃគូសហការផលិតក្រដាសក្នុងស្រុក ៦០ ភាគរយ និងក្រៅស្រុកមាន ៤០ ភាគរយ”។
ក្នុងនាមជាម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អំពាវនាវដល់អ្នកដែលមានប្រភពទុនច្រើន គួរតែចាប់អារម្មណ៍មកលើសហគ្រាសធុនតូច និងមធ្យម ដោយចែករំលែកទុនមួយចំនួនមកជួយជ្រោមជ្រែងសហគ្រាសដែលមានសមត្ថភាព។
ម្ចាស់ក្រុមហ៊ុនរូបនេះបានថ្លែងថា “បើយើងរកប្រភពទុនបាន ទី ១ គឺយើងចង់បង្កើតរោងចក្រកែច្នៃ និងលើកទឹកចិត្តដល់សហគមន៍ដោយផ្តល់ជាដើមទុន ឬបច្ចេកទេស ដើម្បីឱ្យប្រជាជនដាំដើមឈើនៅតាមភូមិ ដីទួល ឬដីទុកចោល ដើម្បីបង្កើនចំណូល ហើយយើងប្រមូលទិញពីគាត់ ដើម្បីកែច្នៃទៅជាវត្ថុធាតុដើមក្នុងស្រុកវិញ ពោលឈប់នាំចូលវត្ថុធាតុដើម”។
ក្រុមហ៊ុន អិមជី ផេស៊ីហ្វិក ឯ.ក ក៏បានទទួលពានរង្វាន់ Country Star of the Year ពីកម្មវិធី ASEAN Business Award 2020 ក្នុងចំណោម ៥៨ ក្រុមហ៊ុន ដែលត្រូវបានជ្រើសរើសដើម្បីទទួលពានរង្វាន់ឆ្នើម ប្រចាំអាស៊ាន។ ការប្រគល់ពានរង្វាន់នេះត្រូវបានធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ។ តែពានរង្វាន់នេះលោក សុជាតិ ពុំបានចូលរួមទទួលដោយផ្ទាល់ទេដោយសារកូវីដ១៩។
បច្ចុប្បន្នក្រុមហ៊ុន អិម ជី មានបុគ្គលិក ២២ នាក់ ខណៈផលិតផលម៉ាក MG បានដាក់លក់នៅផ្សារទំនើបមានជាង ៣០០ កន្លែង និងតូបផ្សារមានជាង ៥០០ កន្លែងនៅទូទាំងប្រទេស៕