វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ កំពុង​ចាប់យក​វិធីសាស្ត្រ​ធ្វើ​កសិកម្ម​បែប​ទំនើប​ដោយ​សាងសង់​រោងបន្លែ​សំណាញ់​ដើម្បី​ផលិត​បន្លែ​ដែលមាន​គុណភាព និង​អាច​ផ្គត់ផ្គង់​ក្នុង​តំបន់​បាន​ពេញ​ ១ ​ឆ្នាំ ទោះបី​មាន​អាកាសធាតុ​មិនល្អ​ក៏ដោយ​។

Tropicam Irrigation Solutions Co Ltd គឺជា​ក្រុមហ៊ុន​មួយ​ដែល​បាន​ណែនាំ​គំរូ​ច្នៃប្រឌិត​ថ្មី​ដើម្បី​កែលម្អ​ផលិតភាព​កសិកម្ម​តាមរយៈ​ការដាំដំណាំ​ក្រោម​គំរូ​រោង​សំណាញ់​។ រោងសំណាញ់​គឺ​ដើរតួ​ជា​អ្នកត្រួតពិនិត្យ​អាកាសធាតុ​ធម្មជាតិ ដែល​ជួយ​បង្កើន​ទិន្នផល ហើយ​កសិករ​អាច​ដាំដុះ​បាន​ពេញ​ ១ ​ឆ្នាំ​ដែល​រួមចំណែក​បង្កើន​ប្រាក់ចំណូល​ដល់​កសិករ​បាន​ ១ ​កម្រិត​ទៀត​។


ក្រុមហ៊ុន Tropicam បាន​សហការ​ជាមួយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ដោយ​ក្រុមហ៊ុន​បាន​ដំឡើង​រោង​សំណាញ់​បាន​ចំនួន ២០០ ​រួចហើយ​នៅតាម​បណ្តា​ខេត្ត​ចំនួន​ ២០ នៅក្នុង​ដំណាក់កាល​ទី​ ១ ហើយ​គម្រោង​នេះ​បាន​ដំណើរការ​ចាប់​តាំងពី​ខែ​មិថុនា​មក​ម្ល៉ះ​។


ក្រុមហ៊ុន Tropicam ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន NETAFIM ​ដែល​ជា​អ្នកឯកទេស​អ៊ីស្រាអែល​ផ្នែក​ប្រព័ន្ធ​ស្រោច​ទឹក ដែល​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​កសិកម្ម​នៅ​ទូទាំង​ពិភពលោក​។ តាមរយៈ​ភាព​ជា​ដៃគូ​នេះ ក្រុមហ៊ុន​ Netafim ផ្តល់នូវ​បច្ចេកវិទ្យា និង​ប្រឹក្សា​យោបល់​ដល់​ក្រុមហ៊ុន Tropicam ដើម្បី​ធ្វើឱ្យ​ដំណាំ​ទទួល​បាន​ទិន្នផល និង​ត្រឹមត្រូវ​តាម​បច្ចេកទេស​។


នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Tropicam Irrigation Solutions លោក ឡោ ងី បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា ក្នុង​ដំណាក់កាល​ទី​ ២ ក្រុមហ៊ុន​គ្រោង​សង់​ដំឡើង​រោង​សំណាញ់ ២០០ បន្ថែមទៀត​នៅក្នុង​ឆ្នាំ​ ២០២១​។


ក្រុមហ៊ុន Tropicam បាន​សហការ​ជាមួយ​ក្រសួង​កសិកម្ម​។


លោក​ថ្លែងថា​៖ «​ការសង់​រោងបន្លែ​ដល់​កសិករ​នៅតាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស គឺ​ដើម្បី​ផ្ទត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុង​តំបន់ ព្រោះ​ជាទូទៅ​ពលរដ្ឋ​ដាំ​បន្លែ​តាមបែប​ប្រពៃណី​ពុំមាន​សង់រោង ដូច្នេះ​ពេល​ភ្លៀង​ខ្លាំង ឬ​ក្តៅ​ខ្លាំងពេក ធ្វើឱ្យ​ខូច​ដំណាំ​របស់គាត់ ហើយ​ការប្រមូលផល​ក៏​មិន​ទៀងទាត់​ទៀត​។ បញ្ហា​ប៉ះពាល់​ដល់​គុណភាព​នេះហើយ ទើប​ធ្វើឱ្យ​អតិថិជន​មាន​ទំនោរ​ទិញ​បន្លែ​ដែល​នាំចូល​»​។

ប្រជាកសិករ​អាច​ដាំ​បន្លែ​ស្លឹក​ជាច្រើន​ប្រភេទ ដូចជា​ស្ពៃចង្កឹះ ស្ពៃតឿ​ និង​ខាត់ណា​ជាដើម​នៅ​ក្រោម​រោងសំណាញ់ ដែល​មាន​ទំហំ ១០ គុណ​នឹង ២៤ ម៉ែត្រ​។

ប្រជាកសិករ​ក្នុង​តំបន់​ទទួល​រងគ្រោះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ពោលគឺ​អាកាសធាតុ​ស្ងួត​ពេក ឬ​ភ្លៀង​មិន​គ្រប់គ្រាន់​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទិន្នផល និង​គុណភាព​បន្លែ​។ កត្តា​ទាំងនេះ​នាំឱ្យ​មាន​ការខ្វះខាត​បន្លែ និង​បង្កឱ្យមាន​ការប្រែប្រួល​តម្លៃ​នៅ​លើ​ទីផ្សារ​ទ្វេដង​។

លោក ​ងី ​បាន​លើកឡើង​ថា​ក្រៅពី​ការពារ​ដំណាំ​ប្រឆាំង​នឹង​កំដៅ ទឹកភ្លៀង និង​សត្វល្អិត រោង​សំណាញ់​បែប​ទំនើប​នេះ​ក៏​អនុញ្ញាត​ឱ្យ​កសិករ​ដាំ​ដំណាំ​ច្រើនដង​ពេញ​ ១ ​ឆ្នាំ​។

«​រោង​សំណាញ់​នេះ​អាចឱ្យ​គាត់​ដាំ​បាន​​ ៧ ​ដង​ក្នុង​ ១ ​ឆ្នាំ ហើយ​អាច​រកចំណូល​បាន​ ៣ ​លាន​រៀល​ក្នុង​រយៈពេល​ ៤០ ​ថ្ងៃ ទោះបី​ខែ​ភ្លៀង​ ឬ​ខែ​ក្តៅ​ខ្លាំង​ក៏​នៅតែ​ធ្វើបាន​ព្រោះ​មាន​រោង​សំណាញ់​ជួយ​ការពារ អ៊ីចឹង​កាលណា​កសិករ​ដាំ​ដំណាំ​បាន​ជោគជ័យ​មាន​ចំណូល ដូច្នេះ​អាច​ជួយ​លើកកម្ពស់​វិស័យ​កសិកម្ម​បាន​មួយកម្រិត​ទៀត យើង​ធ្វើ​គម្រោង​នេះ​ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក​កុំ​ឱ្យ​មាន​ការនាំចូល​ច្រើនពេក​»​។

រោង​សំណាញ់​ដាំ​បន្លែ​មាន​ទំហំ​ ១០ ​ម x ២៤ ​ម​។

បើ​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​អំពី​ផលប៉ះពាល់ និង​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​គិតពី​ថ្ងៃទី​ ១ ខែ​កញ្ញា ដល់​ថ្ងៃទី​ ២៧ ខែ​តុលា បាន​បង្ហាញ​ថា សន្ទូង​ចំនួន​ ៨៥ ៣៤៨ ​ហិកតា​បាន​រង​ការខូចខាត និង​ដំណាំ​ផ្សេៗ​ចំនួន​ ៤៧២៣២ ​ហិកតា​បាន​រង​ការខូចខាត​។

ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម លោក​បណ្ឌិត ងិន ឆាយ ធ្លាប់​បាន​ឱ្យដឹងថា ជា​រៀងរាល់​ថ្ងៃនេះ តម្រូវការ​បន្លែ​សរុប​មាន​រហូតដល់​ ៥៧៣​ តោន​ក្នុង​ ១ ​ថ្ងៃ​ដែល​ក្នុងនោះ ការផ្គត់ផ្គង់​បន្លែ​ពី​សំណាក់​អ្នក​ផលិត​ក្នុងស្រុក​មាន​ប្រមាណ ៤០០ ​តោន (៧០%) និង​ការនាំចូល​បន្លែ​ពី​បរទេស​មាន​បរិមាណ​សរុប​ ១៧០ ​តោន (៣០%) ក្នុង​ ១ ​ថ្ងៃ​។ បន្លែ​ភាគច្រើន​ត្រូវបាន​នាំចូល​ពី​ប្រទេស​វៀតណាម ដែល​មាន​សរុប​ ៨៥ ​តោន (១៥%) ថៃ​ ៤៥ ​តោន (៨%) និង​ប្រទេស​ចិន ៤០ ​តោន (៧%)​។ បើ​ប្រៀបធៀប​ទៅនឹង​របាយការណ៍​កាលពី​ឆ្នាំ​ ២០១៧ លទ្ធផល​នេះ​បង្ហាញ​ពី​ការកើនឡើង​នៃ​ផលិតកម្ម​បន្លែ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​កត្តា​ដែល​ជំរុញ​ឱ្យ​មាន​ការកើនឡើង​នៃ​ការផលិត​បន្លែ​ក្នុងស្រុក គឺ​ដោយសារ​តែ​មាន​ការវិនិយោគ​បន្ថែម​ទៅក្នុង​វិស័យ​បន្លែ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ដៃគូ​អភិវឌ្ឍន៍​នានា និង​វិស័យ​ឯកជន តាមរយៈ​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​ដោយ​ផ្តោតលើ​ការពង្រឹង​សមត្ថភាព​ផលិតកម្ម ការប្រើប្រាស់​បច្ចេកទេស និង​សម្ភារ​បរិក្ខារ​ទំនើប​រួម​នឹង​ការផ្សារភ្ជាប់​ទីផ្សារ​រវាង​អ្នក​ផលិត និង​អ្នកបញ្ជា​ទិញ​ជាដើម​»​។

លោក ងី ឱ្យដឹង​ថា ក្រៅពី​ដំឡើង​រោង​សំណាញ់ ក្រុមហ៊ុន Tropicam ក៏មាន​ឯកទេស​ក្នុង​ការគណនា​ប្រព័ន្ធ ធារាសាស្ត្រ ដើម្បី​ស្រោចស្រព​ដំណាំ​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​ដាំដុះ​បាន​ពេញ​ ១ ​ឆ្នាំ​ផង​ដែរ​៕

ប្រើប្រាស់​រោង​សំណាញ់​កសិករ​អាច​ដាំ​បន្លែ​បាន​ពេញ​ ១ ​ឆ្នាំ​។