
បុគ្គលិកដឹកជញ្ជូន ខេមបូឌាន អិចប្រេស ត្រៀមលក្ខណៈជាស្រេចដើម្បីបម្រើអតិថិជន។ រូបថត សហការី
ការរាតត្បាតនៃជំងឺកូវីដ ១៩ បានផ្លាស់ប្តូរទម្លាប់ និងរបៀបរស់នៅរបស់អ្នកប្រើប្រាស់គួរឱ្យកត់សម្គាល់។ អ្នកប្រើប្រាស់បានដាក់កំហិតខ្លួនឯងឱ្យនៅផ្ទះ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ និងការរក្សាគម្លាតសង្គម បានក្លាយជាបទដ្ឋានថ្មីមួយ ខណៈមនុស្សជាច្រើនបានងាកទៅរកការទិញទំនិញតាមអ៊ិនធើណឺត ដែលបណ្តាលឱ្យការលក់រាយតាមប្រព័ន្ធអេឡិចត្រូនិកមានសម្ទុះខ្លាំង។
ខណៈពេលដែលជំងឺរាតត្បាតបានចាប់ផ្តើម វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការអាជីវកម្មបែបប្រពៃណី ដែលធ្វើឱ្យការលក់រាយរបស់ពួកគេមានការធ្លាក់ចុះយ៉ាងខ្លាំង តែវាបានបង្កើតឱកាសថ្មីសម្រាប់ក្រុមហ៊ុននានា ដើម្បីទាញយកប្រយោជន៍ពីវា។
នាយកប្រតិបត្តិនៃក្រុមហ៊ុន ខេមបូឌាន អិចប្រេស ឯ.ក លោក Vincent Zhang បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ “នៅពេលយើងចាប់ផ្តើមអាជីវកម្មសេវាកម្មដឹកជញ្ជូនរហ័សរបស់យើងរយៈពេល ១ ឆ្នាំកន្លះ យើងមានតែមជ្ឈមណ្ឌលសេវាកម្មអតិថិជនតែ ១ គត់ នៅរាជធានីភ្នំពេញ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ យើងមានបណ្តាញសាខាចំនួន ៣០ នៅទូទាំងប្រទេស”។
ក្រុមហ៊ុន ខេមបូឌាន អិចប្រេស បានចាប់ផ្តើមប្រតិបត្តិការកាលពីខែមេសា ឆ្នាំ ២០១៩ ដើម្បីផ្តល់សេវាដឹកជញ្ជូនរហ័សជាមួយអ្នកលក់រាយតាមប្រព័ន្ធអេឡិចត្រូនិកពីប្រទេសចិនទៅអតិថិជនរបស់ពួកគេនៅកម្ពុជា។ ដោយសារប្រទេសកម្ពុជា គឺជាផ្នែកសំខាន់មួយនៃគំនិតផ្តួចផ្តើម ផ្លូវ ១ ខ្សែក្រវាត់ ១ អាស៊ាន-ចិន ទើបប៉ុន្មានឆ្នាំថ្មីៗនេះ កម្ពុជាមានបទពិសោធការរីកចម្រើនយ៉ាងខ្លាំងនៃការវិនិយោគបរទេសយ៉ាងរឹងមាំ ទាំងវិស័យផលិតកម្ម សំណង់ បច្ចេកវិទ្យា និងវិស័យសេវាកម្ម ដែលគាំទ្រដល់អាជីវកម្ម។ ហេតុផលទាំងនេះហើយបាននាំឱ្យមានការកើនឡើងនូវតម្រូវការសម្រាប់សេវាកម្មដឹកជញ្ជូន ជាពិសេសសេវាកម្មដឹកជញ្ជូនដែលរហ័ស។
លោក ចាង បានមានប្រសាសន៍ថា៖ “រាល់អាជីវកម្មទាំងអស់ត្រូវតែមានការគាំទ្រពីសេវាកម្មដឹកជញ្ជូន ទោះបីជាអាជីវកម្មនោះដំណើរការបែបប្រពៃណី ឬបច្ចេកវិទ្យាក៏ដោយមានន័យថា វត្ថុធាតុដើម ផលិតផលសម្រេចត្រូវដឹកជញ្ជូនពីកន្លែង ១ ទៅកន្លែង ១ ពីហាង ១ ទៅហាង ១ ពីហាងទៅដល់អតិថិជន ឬពីអតិថិជនទៅអតិថិជន។ លើសពីនេះទៅទៀត យើងបានឃើញចន្លោះខ្វះខាតដែលត្រូវការដើម្បីបំពេញសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តដែលមានគុណភាព ជាពិសេសទំនោរទៅរកពាណិជ្ជកម្មអេឡិចត្រូនិកដែលទទួលបានការពេញនិយមពីសំណាក់់អ្នកប្រើប្រាស់ជំនាន់ថ្មី”។

នាយកប្រតិបត្តិនៃក្រុមហ៊ុន ខេមបូឌាន អិចប្រេស លោក Vincent Zhang ។ រូបថត សហការី
ទោះបីជាក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងរយៈពេលខ្លីក៏ដោយ បច្ចុប្បន្ន ខេមបូឌាន អិចប្រេស បានគ្រប់គ្រងចំណែកទីផ្សារលើសេវាកម្មដឹកជញ្ជូនរហ័សដែលជាមធ្យមដឹកជញ្ជូន ៤ ០០០ ទៅ ៥ ០០០ កញ្ចប់ ក្នុង ១ ថ្ងៃ ដែលសមិទ្ធផលពីមុនក្រុមហ៊ុនទទួលបានតែ ១០០ កញ្ចប់ ក្នុងខែដំបូងនៃប្រតិបត្តិការរបស់ខ្លួន ហើយបច្ចុប្បន្ននេះ ទីផ្សារនាំមុខគេផ្នែកដឹកជញ្ជូនជាមធ្យមចន្លោះពី ៨ ០០០ ទៅ ៩ ០០០ កញ្ចប់ ក្នុង ១ ថ្ងៃ។
លោក ចាង មានប្រសាសន៍ថា ភាពជោគជ័យរបស់ ខេមបូឌាន អិចប្រេស ដោយផ្អែកលើលក្ខខណ្ឌសំខាន់ៗចំនួន ៣ គឺភាពជឿជាក់ គុណភាពសេវាកម្ម និងតម្លៃសមរម្យ៖ “ភាពជឿជាក់ និងគុណភាពនៃសេវាកម្មរបស់យើងទទួលបានជោគជ័យ ពីព្រោះយើងមានប្រព័ន្ធគ្រប់គ្រងទំនិញ និងឃ្លាំងផ្ទុកទំនិញផ្ទាល់ខ្លួន ដែលអនុញ្ញាតឱ្យយើងងាយស្រួលក្នុងការគ្រប់គ្រងបានយ៉ាងល្អ។
លោកបន្តថា ពីព្រោះយើងធ្វើវាដោយមានការជឿជាក់ក្នុងការផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់បំផុតជូនដល់អតិថិជន។ លោក ចាង បានគូសបញ្ជាក់ថា ក្រុមហ៊ុនមានអ្នកជំនាញដែលមានបទពិសោធទូលំទូលាយទាំងនៅទីផ្សារអន្តរជាតិ និងទីផ្សារកម្ពុជា បានធ្វើឱ្យក្រុមហ៊ុនអាចផ្តល់ជូននូវសេវាកម្ម ដឹកជញ្ជូនរហ័សជាមួយនឹងតម្លៃប្រកួតប្រជែងបំផុត។
សេវាកម្មដឹកជញ្ជូនតម្លៃសមរម្យចាប់ពី ០,៨០ ដុល្លារ (ទំនិញរហូតដល់ ៣ គីឡូក្រាម) សម្រាប់ក្នុងក្រុង និងតម្លៃ ១,២៥ ដុល្លារ (រហូតដល់ ៣ គីឡូក្រាម) សម្រាប់នៅខេត្ត និង ១ ដុល្លារ (ក្នុង ១ គីឡូក្រាម) សម្រាប់ដឹកជញ្ជូនពីចិនមកកម្ពុជា យើងសង្ឃឹមថា តាមរយៈតម្លៃនេះ នឹងលើកទឹកចិត្តឱ្យមានការប្រើប្រាស់សេវាកម្មដឹកជញ្ជូនរបស់ ខេមបូឌាន អិចប្រេស កាន់តែទូលំទូលាយនៅទូទាំងប្រទេស ខណៈដែលអ្នកប្រើប្រាស់ផ្លាស់ប្តូរផ្នត់គំនិតមកប្រើប្រាស់សេវាកម្មដែលមានសុវត្ថិភាព ងាយស្រួល និងចំណេញពេលវេលាក្នុងការដឹកជញ្ជូនទំនិញ និងផលិតផល។
ក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូនដែលមាននៅកម្ពុជា ខេមបូឌាន អិចប្រេស បានដាក់ទស្សនវិស័យរបស់ខ្លួនឆ្ពោះទៅមុខជានិរន្តរ៍ ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
លោក ចាង ថា ការរួមចំណែកនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈចក្ខុវិស័យ និងសេចក្តីប្រាថ្នារបស់ក្រុមហ៊ុន ដើម្បីក្លាយជាអ្នកផ្តល់សេវាដឹកជញ្ជូនរហ័សឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន។ក្រៅពីការបង្កើតការងារសម្រាប់ប្រជាជនកម្ពុជា ដែលមានស្ទើរតែ ៩៥ ភាគរយ នៃបុគ្គលិក ៣០០ នាក់ ក្រុមហ៊ុនក៏បានរៀបចំព្រឹត្តិការណ៍ពិសេសៗ ដែលជាផ្នែកមួយនៃការចូលរួមចំណែកទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនចំពោះសហគមន៍ក្រីក្រផងដែរ។
កម្មវិធីសប្បុរសធម៌ថ្មីៗនេះគឺ “Happy Back to School” ដែលបានសហការជាមួយ Alibaba នៅខេត្តសៀមរាប បានផ្តល់កាបូបសិក្សា និងអំណោយសម្ភារការិយាល័យមួយចំនួន ចែកជូនដល់សិស្សសាលាបឋមសិក្សានៅទីនោះ។
សមិទ្ធផលឈានមុខគេដែលគួរឱ្យកត់សម្គាល់របស់ខ្លួនក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ ខេមបូឌាន អិចប្រេស កំពុងតែជំរុញទៅមុខជាមួយនឹងការលើកទឹកចិត្តជាថ្មី ខណៈដែលខ្លួនព្យាយាមបំបែកកំណត់ត្រាថ្មីក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនទាំងក្នុងស្រុក និងក្នុងតំបន់។
លោក ចាង បាននិយាយថា៖ "សម្រាប់សេវាកម្មដឹកជញ្ជូនរហ័សដូចយើង ដើម្បីចាប់យកចំណែកទីផ្សារសំខាន់ៗដែលមិនធ្លាប់មានពីមុនមក វាបានបង្ហាញថា យើងដើរលើផ្លូវត្រូវនៃការចង់បានរបស់មនុស្ស ការផ្តោតលើអាជីវកម្មត្រឹមត្រូវ ហើយការប្តេជ្ញាដ៏ត្រឹមត្រូវ គឺអ្វីៗអាចទៅរួច”៕