ក្រុមហ៊ុន ផៅវ័រផ្លាស ម៉ាស៊ីនើរី ខេមបូឌា កំពុង​ផ្លាស់ប្តូរ​មុខមាត់ វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា និង​ជួយ​លើកកម្ពស់​សហគ្រាស​ធុន​តូច​ និង​មធ្យម (SMEs) ដើម្បីឱ្យ​ក្លាយជា​ម្ចាស់​គ្រឿងចក្រ​ធុន​ធ្ងន់ ខណៈ​វិស័យនេះ​កំពុង​រីកចម្រើន​។


នៅក្នុង​ឆមាស​ទី​ ១ ​នៃ​ឆ្នាំនេះ​មាន​គម្រោង​សាងសង់​សរុប​ចំនួន ​២ ៥២២​ គម្រោង​នៅ​ទូទាំងប្រទេស​កម្ពុជា ដោយ​ទុនវិនិយោគ​មានតម្លៃ​ប្រមាណ ៣,៨៤ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​របាយការណ៍ ខែ​កក្កដា របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។


សម្រាប់​ទុនវិនិយោគ​បាន​កើនឡើង​ប្រមាណ​ ៤៥០ ​លាន​ដុល្លារ ឬ​ឍ ១៣ ​ភាគរយ​នៅក្នុង​រយៈពេល​នោះ បើ​ធៀប​ទៅនឹង​ឆមាស​ទី​ ១ ​កាលពី​ឆ្នាំមុន ខណៈ​ដែល​ចំនួន​គម្រោង​សាងសង់​ដែល​ត្រូវបាន​អនុម័ត​គឺ​កើនឡើង​ ៤៧៥ ឬ ២៣ ​ភាគរយ​។


ហើយ​ខណៈដែល​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​បន្ត​រីកចម្រើន​នោះ ក្រុមហ៊ុន Powerplus តាមរយៈ​ផ្តល់​ការជួល និង​ហិរញ្ញប្បទាន​ដែលមាន​លក្ខណៈ​ទាក់ទាញ និង​ជួយ​ឱ្យ​អ្នកម៉ៅការ​មាន​ឧបករណ៍​ធុន​ធ្ងន់ ដើម្បី​សម្រួល​ដល់​ដំណើរការ​ប្រតិបត្តិការ​របស់​ពួកគេ​។


លោក Dennis Tan នាយករង​ក្រុមហ៊ុន ផៅវ័រផ្លាស ម៉ាស៊ីនើរី ខេមបូឌា ថ្លែងថា​៖ «​យើង​កំពុង​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​ក្លាយជា​ម្ចាស់​គ្រឿងចក្រ​តាមរយៈ​ការបង់​រំលោះ​ប្រចាំខែ​។ សម្រាប់​ចំនួន​ទឹកប្រាក់​ដូចគ្នា​ដែល​ពួកគេ​ត្រូវ​ចំណាយ​ដើម្បី​ជួល​គ្រឿងចក្រ​ប្រើប្រាស់​រួច​ដែលមាន​អាយុកាល​ ២០ ​ឆ្នាំ​។ យើង​អាចជួយ​ពួកគេ​ឱ្យ​ក្លាយជា​ម្ចាស់​គ្រឿងចក្រ​ម៉ាក Powerplus ថ្មី​សន្លាង តាមរយៈ​ការជួល​»​។


កាលពី​ខែតុលា កាសែត​ភ្នំពេញ-ប៉ុស្តិ៍​បាន​ផ្សាយ​ថា ក្រុមហ៊ុន ផៅវ័រផ្លាស ម៉ាស៊ីនើរី ខេមបូឌា បាន​សហការ​ជាមួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ (SMEs) ដើម្បី​ប្រើប្រាស់​នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​កំពុង​រីកចម្រើន​។

ផៅវ័រផ្លាស​មាន​គ្រឿងចក្រ​ជាច្រើន​ប្រភេទ​សម្រាប់​អតិថិជន​។

នៅពេល​នោះ​លោក Tho Da ដែលជា​នាយក​ក្រុមហ៊ុន ផៅ វ័រផ្លាស ម៉ាស៊ីនើរី ខេមបូឌា មានប្រសាសន៍​​ថា​៖ «​យើង​មាន​មោទនភាព​ណាស់ ដែល​បាន​សហការ​ជាមួយ​ធនាគារ អេស៊ីលីដា ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​អាជីវកម្ម​កម្ពុជា ដើម្បី​ពង្រីក​ការចំណាយ​ដើមទុន និង​វិនិយោគ​បន្ថែមទៀត​ក្នុង​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​»​។

មាន​វត្តមាន​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ២០១៥ ​មក ក្រុមហ៊ុន​មាន​គ្រឿងចក្រ​ធុន​ធ្ងន់​ជាច្រើន​ប្រភេទ​ដូចជា ឡាន​ដឹក​ដី ឡានស្ទូច អេស្កាវ៉ាទ័រ ត្រាក់ទ័រ និង​ឡាន​ឈូសឆាយ និង​គ្រឿងចក្រ​លើកដាក់​ទំនិញ ជាដើម​។ បច្ចុប្បន្ន​គ្រឿងចក្រ​ម៉ាក Powerplus ក៏​កំពុង​ចូលរួម​សាងសង់​ផ្លូវជាតិ​លេខ​ ៥ ​ផងដែរ​។

«​យើង​ផ្តល់​គុណភាព​របស់​អាមេរិក​ក្នុងតម្លៃ​ខ្ពស់ជាង​ម៉ាក​ផ្សេងៗ​តែ​បន្តិច​ប៉ុណ្ណោះ​។ យើង​ផ្តល់ជូន​តម្លៃ​ផលិតផល​របស់​យើង​នៅក្នុង​កម្រិត​មួយ​ដ៏ទាប ដែល​ធ្វើឱ្យ​តម្លៃ​របស់​យើង​មានការ​ប្រកួតប្រជែង​ខ្លាំង​។ យើង​ប្រើប្រាស់​គ្រឿងបន្លាស់​លំដាប់​កំពូល​មកពី​អឺរ៉ុប សហរដ្ឋអាមេរិក និង​ជប៉ុន​ដើម្បី​ធានាថា ផលិតផល​របស់​យើង​មាន​គុណភាព​ខ្ពស់បំផុត​»​។

លោក Tan បញ្ជាក់ថា​៖ «​យើង​មិន​ត្រឹមតែ​លក់​សម្ភារ​សម្រាប់​សាងសង់​ដែលមាន​គុណភាព​ខ្ពស់​ប៉ុណ្ណោះ​ទេ យើង​ក៏​ជួយ​ដល់​អតិថិជន​របស់​យើង​នូវ​ជម្រើស​ហិរញ្ញប្បទាន​សម្រាប់​ទិញ​គ្រឿងចក្រ​ធុន​ធ្ងន់ និង​គាំទ្រ​ពួកគេ​យ៉ាង​ជាប់លាប់​សម្រាប់​សេវាកម្ម​នៅក្រោយ​ការលក់​ដែល​នឹង​ត្រូវបាន​គាំទ្រ​ដោយ​គ្រឿងបន្លាស់​គ្រប់គ្រាន់ និង​បណ្តាញ​ចែកចាយ​សកល​របស់​គ្រឿងចក្រ​ម៉ាក Powerplus»​។

«​ឧទាហរណ៍​នៅលើ​ទីផ្សារ​បច្ចុប្បន្ន សហគ្រាស​ធុន​តូច​ និង​មធ្យម​ជាច្រើន​កំពុង​ជួល​អេស្កាវ៉ាទ័រ 320 grade (​ម៉ាក​គួរឱ្យ​កត់សម្គាល់​) ក្នុង​តម្លៃ ៣ ៥០០ ទៅ​ ៤ ០០០ ​ដុល្លារ​ក្នុង​ ១ ​ខែ​។ នេះ​មិនមែន​ជា​គ្រឿងចក្រ​ថ្មី​ទេ ជាទូទៅ​វា​មាន​អាយុ​ចន្លោះ​ពី​ ១៥ ទៅ ២០ ឆ្នាំ​ហើយ​តែងតែ​ខូច​ដោយសារ​តែ​អាយុកាល​របស់​វា​»​។

លោក Tan បន្ថែមថា​៖ «​ទោះយ៉ាងណា ប្រសិន​បើ​អ្នកមាន​អេស្កាវ៉ាទ័រ Powerplus ដែល​មាន​ទ្រង់ទ្រាយ​ និង​សមត្ថភាព​ប្រហាក់ប្រហែល ក្នុងករណី​នេះ​យើង​សំដៅទៅ​គ្រឿងចក្រ​អេស្កាវ៉ាទ័រ Powerplus PP-220E-IX ថ្មី ដែល​អ្នក​គ្រាន់តែ​បង់​រំលស់​ប្រចាំខែ ៣ ៥០០ ​ដុល្លារ​សម្រាប់​រយៈពេល​ ២ ​ឆ្នាំ ដើម្បី​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​។ អ្វីដែល​អ្នកត្រូវការ​គឺ​ការដាក់​ប្រាក់​ ៣០ ​ភាគរយ​ហើយ​អាច​ធ្វើការ​បង់​តាមរយៈ​ធនាគារ​អេស៊ីលីដា​ដែល​ជា​ដៃគូ​ជួល​នៃ​ជម្រើស​សម្រាប់ Powerplus»​។

ធនាគារ អេស៊ីលីដា គឺជា​ធនាគារ​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​សាខា​ចំនួន ២៦២ នៅ​ទូទាំង​ប្រទេស​។

លោក Tan រំឭក​អំពី​ប្រវត្តិ​របស់ Powerplus ថា​ដោយ​មាន​ការទទូច​ពី​ស្ថាបនិក​ឱ្យ​ផ្តោត​សំខាន់​លើ​គុណភាព​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ចំណូល​ថ្មី​ប្រកួតប្រជែង​ជាមួយ​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​យូរ ដែល​នៅ​ទីបំផុត​បានក្លាយ​ជា​អ្នកដើរតួ​ដ៏​សំខាន់​។

«​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ២០០០ រួមជាមួយ​ក្រុម​វិស្វករ​មកពី​នាយកដ្ឋាន R&D (​ស្ថាបនិក​ជនជាតិ​សិង្ហបុរី​) លោក Datuk Derrick Ong បាន​សិក្សា​ផលិតផល​ឈាន​មុខ​គេ​ក្នុង​ឧស្សាហកម្ម​នេះ​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​បំផុត និង​កែលម្អ​ឱ្យ​កាន់តែ​ប្រសើរ ដូច្នេះ​នាំឱ្យ​មាន​ការបង្កើត Powerplus នៅ​ឆ្នាំ​ ២០០៤»​។

លោក Tan បន្តថា​៖ «​ការប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ដែល​ពោរពេញ​ទៅ​ដោយ​ម៉ាក​យីហោ​ល្បីៗ វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​។ ប៉ុន្តែ​រូបមន្ត​នេះ ក្រោយមក​គេ​មើលឃើញ Powerpower ទទួល​បាន​ចំណែក​ទីផ្សារ​ជាង​ ១០០ ​ប្រទេស​នៅ​ទ្វីប​ចំនួន​ ៦ ដោយបាន​ប្រែក្លាយ​ខ្លួន​ទៅជា​អ្នក​នាំមុខគេ​នៅលើ​ពិភពលោក​នៅក្នុង​ឧស្សាហកម្ម​សំណង់​»៕