បន្ទាប់​ពី​បង្កើត​ម៉ាក​យីហោ​ដ៏​រឹងមាំ​ក្នុង​រយៈពេល​មិន​ដល់​មួយ​ទសវត្សរ៍​ក្រុមហ៊ុន ​ខ្មែរ​ ប៊ែវើរីជីស​ ខូអិលធីឌី ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​កម្ពុជា​ដ៏​ល្បីល្បាញ​ មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​នៅ​ឆ្នាំ​ក្រោយ​នឹង​មាន​កំណើន​កាន់​តែ​ខ្លាំង​ជាមួយ​នឹង​គោលដៅ​ដ៏​ច្បាស់លាស់ ទោះបី​ទីផ្សារ​ស្រាបៀរ​កំពុង​មាន​ការ​ប្រកួត​ប្រជែង​ក៏​ដោយ​។

ក្រុមហ៊ុន​មាន​គ្រឿង​ផ្សំ​ និង​វត្ថុ​ធាតុដើម​ល្អ​បំផុត​នៅ​ក្នុង​ទីផ្សារ​ស្រាបៀរ​ក្នុង​ស្រុក​។​ ភាព​ជា​អ្នក​ដឹកនាំ​ប្រកប​ដោយ​ចក្ខុវិស័យ​ ម៉ាក​យីហោ​ដ៏​ល្បីល្បាញ កម្លាំង​ពលកម្ម​ខ្មែរ​ដ៏​រឹងមាំ​មាន​បណ្តាញ​ចែកចាយ​ធំ​ទូលាយ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ ខ្មែរ​ ប៊ែវើរីជីស ​ក្លាយ​ជា​ក្រុមហ៊ុន​ដ៏​មាន​សក្តានុពល​ក្នុង​ការ​ប្រជែង​ជាមួយ​ក្រុមហ៊ុន ផលិត​ស្រាបៀរ​បរទេស​នៅ​កម្ពុជា​។​


លោក​ឧកញ៉ា ​លាង ពៅ (​ភីធើរ​) ​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​មាន​ប្រសាសន៍​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ ​«​បើ​និយាយ​អំពី​ចំណាត់​ថ្នាក់​យើង​ស្ថិត​ក្នុង​តំណែង​កំពូល​នៅ​ក្នុង​ប្រទេស​ ​កម្ពុជា​។ ពេល​ខ្លះ​យើង​លេខ ​១ ​ពេល​ខ្លះ​​យើង​លេខ ​២​។ ទីផ្សារ​កម្ពុជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ណាស់​វា​មិនមែន​ជា​ទីផ្សារ​ដែល​ងាយ​ស្រួល​នោះ​ទេ​។ យើង​ក្មេង​ខ្ចី​នៅ​ឡើយ​ក្នុង​ឧស្សាហកម្ម​នេះ គឺ​យើង​មាន​អាយុ​ប្រមាណ ​១០ ​ឆ្នាំ​ប៉ុណ្ណោះ​ បើ​​ធៀប​នឹង​ក្រុមហ៊ុន​អន្តរជាតិ ​២ ​ទៀត​»​។


ដោយ​មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្ទៃដី​ធំ​ទូលាយ​ចំនួន ​១៥ ​ហិកតា​ បច្ចុប្បន្ន​ផលិតកម្ម​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​មាន​ចំនួន ​៧៥០ លាន​លីត្រ​ ​ប្រៀបធៀប​នឹង ៦០ ​លាន​លីត្រ នៅ​ពេល​ចាប់​ផ្តើម​ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ ២០០៩​។ ស្រាបៀរ​កម្ពុជា​ច្រក​ក្នុង​ដប​ពណ៌​ក្រហម​ពណ៌ស និង​កំប៉ុង ​ត្រូវ​បាន​ចរាចរ​លក់​នៅ​ទូទាំង​ប្រទេស​។​ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​ក៏​មាន​ផលិតផល​ជា​ភេសជ្ជៈ​ជា​ច្រើន​ផង​ដែរ ដែល​មាន​ចំនួន ​២០០ លាន​​លីត្រ ​ក្នុង ​១ ​ឆ្នាំ​។


រោងចក្រ ខ្មែរ ប៊ែវើរីជីស ដ៏ទំនើបមានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានសមត្ថភាពផលិតស្រាបៀរបានចំនួន ៧៥០ លានលីត្រ ក្នុង ១ ឆ្នាំ។ រូបថត ​សហការី


លោក ភីធើរ ថ្លែង​ថា​៖ «​ជាដំបូង​ការ​ពង្រីក​របស់​យើង ​គឺ​ដោយសារ​តែ​សេដ្ឋកិច្ច​។ ក្នុង​រយៈពេល ១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​ការ​រីក​ចម្រើន​ជា​លំដាប់ ដោយសារ​តែ​ស្ថិរភាព​របស់​ប្រទេស ​ហើយ​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​មាន​ប្រាក់​ចំណូល​កាន់​តែ​ប្រសើរ​ជាង​មុន​។ ប្រជាជន​នៅ​តាម​ជនបទ​ ពី​មុន​ធ្លាប់​ទទួល​ទាន​ស្រាស ដែល​មាន​តម្លៃ​ថោក ​ប៉ុន្តែ​បាន​ប្តូរ​មក​ទទួល​ទាន​ស្រាបៀរ​ជំនួស​វិញ​។ ដូច្នេះ​តម្រូវការ​ស្រាបៀរ​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ នៅ​ក្នុង​ឧស្សាហកម្ម​ស្រាបៀរ​របស់​យើង​»​។​


ក្រៅ​ពី​ស្រាបៀរ​កម្ពុជា​ដែល​លក់​ដាច់​ជាង​គេ​ ក្រុមហ៊ុន​ក៏​ផលិត​ស្រាបៀរ​ជាច្រើន​ម៉ាក​ផ្សេង​ទៀត ដូចជា​ស្រាបៀរ ​Kudo និង​ស្រាបៀរ​ Barrley Black Extra Stout Beer​ចំណែក​ឯ​ផលិតផល​ដែល​មិន​មាន​ជាតិ​អាល់កុល រួមមាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​Wurkz ភេស​ជ្ជៈ Ize​ និង​ទឹក​បរិសុទ្ធ​កម្ពុជា​។​

ក្រុមហ៊ុន​នេះ ​គឺ​ជា​ពាណិជ្ជកម្ម​មួយ​របស់​ក្រុមហ៊ុន​ជីបម៉ុង ​ដែល​មាន​អាជីវកម្ម​ចំនួន ​១៣ ​ផ្សេង​ទៀត​ រាប់​ចាប់​ពី​ហិរញ្ញវត្ថុ​ បដិសណ្ឋារកិច្ច រហូត​ដល់​ក្រុមហ៊ុន​អភិវឌ្ឍ​អចនលទ្រព្យ​។

រោងចក្រ ខ្មែរ ប៊ែវើរីជីស ដ៏ទំនើបមានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានសមត្ថភាពផលិតស្រាបៀរបានចំនួន ៧៥០ លានលីត្រ ក្នុង ១ ឆ្នាំ។ រូបថត ​សហការី

ក្រុមហ៊ុន ខ្មែរ​ ប៊ែវើរីជីស ត្រូវ​បាន​ពង្រីក ​៣ ​ដង ​ក្នុង​រយៈពេល ​៧ ឆ្នាំ​ចុង​ក្រោយ​នេះ​។​

«​ចំណុច​ខ្លាំង​របស់​យើង​ គឺ​ថា​យើង​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ជីបម៉ុង ​ដែល​មាន​បទពិសោធ​ជិត ​៤០ ​ឆ្នាំ និង​មាន​បណ្តាញ​ចែកចាយ​ដ៏​ខ្លាំងក្លា​ពី​ព្រោះ​ក្រុមហ៊ុន​ជីបម៉ុង​ពី​ដំបូង​ចាប់​ផ្តើម​ជា​អាជីវកម្ម​ជំនួញ ​ក្រោយ​មក​ប្តូរ​ទៅ​ក្រុមហ៊ុន​ផលិតកម្ម​ជា​ច្រើន​»​។​

«​ជាមួយ​នឹង​ភាព​ខ្លាំង​នេះ​ យើង​មាន​កំណើន​ទៅ​មុខ​យ៉ាង​លឿន​នៅ​ក្នុង​ទីផ្សារ​អ្នក​ប្រើប្រាស់ ទីផ្សារ​ចែកចាយ​ ​​ដែល​ជា​កូនសោ​គន្លឹះ​ក្នុង​ការ​ចែកចាយ​ផលិតផល​ទៅ​ដល់​ដៃ​អតិថិជន​។ ភាព​ខ្លាំង​ទី ​២ របស់​ យើង​គឺ​ក្នុង​នាម​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​រាល់​ការ​សម្រេច​ចិត្ត​ទាំង​អស់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស ​កម្ពុជា ហើយ​យើង​មាន​ក្រុម​ប្រឹក្សាភិបាល​តិច​»​។

លោក ភីធើរ បន្ថែម​ថា​៖ «​យើង​មិនមែន​នៅ​ក្នុង​ទីផ្សារ​នេះ ដោយ​គ្រាន់​តែ​ផលិត​ផលិតផល​ឲ្យ​ចេះ​តែ​បានៗ​នោះ​ទេ​ ប៉ុន្តែ​យើង​ផលិត​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​។ យើង​មាន​ផែនការ​ច្បាស់លាស់ អ្វីៗ​ដែល​យើង​ធ្វើ​គឺ​តាម​ច្បាប់​ និង​ស្តង់ដារ​គុណភាព​អន្តរជាតិ​។ យើង​បាន​វិនិយោគ​ច្រើន​ទៅ​លើ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​»​។​

ក្រុមហ៊ុន ខ្មែរ ​ប៊ែវើរីជីស ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ​ភីធើរ គឺ​ផ្តោត​លើ​សសរស្តម្ភ​ចំនួន ​៤ គឺ​ គ្រឿង​ម៉ាស៊ីន វត្ថុធាតុដើម វិធីសាស្ត្រ​ក្នុង​ការ​ផលិត និង​កម្លាំង​ពលកម្ម​។

រោងចក្រ ខ្មែរ ប៊ែវើរីជីស ដ៏ទំនើបមានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានសមត្ថភាពផលិតស្រាបៀរបានចំនួន ៧៥០ លានលីត្រ ក្នុង ១ ឆ្នាំ។ រូបថត ​សហការី

ក្រុមហ៊ុន​បាន​វិនិយោគ​យ៉ាង​ច្រើន​ទៅ​លើ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ ដូចជា​គ្រឿង​ម៉ាស៊ីន​ទំនើប​ចុង​ក្រោយ​ នាំចូល​មក​ពី​ប្រទេស ​អាល្លឺម៉ង់ និង​អឺរ៉ុប ជា​ម៉ាស៊ីន​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។​ ចំពោះ​គ្រឿង​ផ្សំ ដើម្បី​ផលិត​ស្រាបៀរ មាន​ដូចជា​ផ្កាហប ស្រូវ​សាឡី និង​មេ​ស្រាបៀរ ដែល​សុទ្ធ​តែ​នាំចូល​មក​ពី​អឺរ៉ុប​។

លោក​ ភីធើរ​ បន្ថែម​ថា​៖ «​ក្នុង​នាម​ជា​ក្រុមហ៊ុន​មួយ​យើង​ជឿជាក់​ថា​ដំណើរការ ​​និង​ប្រព័ន្ធ​ គឺ​មាន​សារៈសំខាន់​ណាស់​ដូចជា​បច្ចេកវិទ្យា​ជាដើម​។ យើង​ជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ក្រុម​គ្រួសារ​ ប៉ុន្តែ​យើង​មិន​ប្រតិបត្តិការ​ជា​លក្ខណៈ​គ្រួសារ​​នោះ​ទេ​។ យើង​ប្រតិបត្តិការ​ជា​លក្ខណៈ​ក្រុមហ៊ុន​អាជីព​ និង​ជា​ក្រុមហ៊ុន​ពហុសាសន៍​។ យើង​មាន​ស្តង់​ដា​ដ៏ល្អ»។

អ្វី​ដែល​កាន់​តែ​រំភើប​ទៀត​នោះ គឺ​ក្រុមហ៊ុន ​ខ្មែរ​ ប៊ែ​វើ​រី​ជី​ស មាន​កម្លាំង​ពលកម្ម​ដ៏​មោះមុត និង​បុគ្គលិក​ដ៏​ពូកែ​ប្រមាណ ១ ​១០០ ​នាក់ ​កំពុង​បម្រើ​ការងារ​ ក្នុង​នោះ​តិច​ជាង ​៥ ​ភាគរយ​ ជា​ជន​បរទេស​។​

លោក ភីធើរ បញ្ជាក់​ថា​៖ «​យើង​ត្រូវ​ការ​បុគ្គលិក​ដែល​មាន​ទេពកោសល្យ ​ដើម្បី​ជួយ​ពង្រឹង​ក្រុមហ៊ុន​ដូច្នេះ​យើង​មាន​បុគ្គលិក​ជា​ជនបរទេស​នៅ​ថ្នាក់​គ្រប់គ្រង​ជាន់​ខ្ពស់​។ ជនបរទេស​ជួយ​ពង្រឹង​បុគ្គលិក​ខ្មែរ ដែល​ពួក​គេ​ជា​អនាគត​អ្នក​គ្រប់គ្រង​»​។

លោក ភីធើរ​ មាន​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​ស្រាបៀរ​នៅ​កម្ពុជា ​ហើយ​លោក​រំពឹងថា​វា​នឹង​មាន​កំណើន​ល្អ​ទោះបី​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ពី​គូ​ប្រជែង​ក៏​ដោយ​។​

លោក​បាន​បន្ថែម​ថា​៖ «​និយាយ​ដោយ​ស្មោះ ការ​ប្រកួត​ប្រជែង​គឺ​ល្អ វា​ធ្វើ​ឱ្យ​យើង​កាន់​តែ​រឹងមាំ និង​អនុញ្ញាត​ឱ្យ​យើង​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​។ មើល​ទៅ​កំណើន​សម្រាប់​ឆ្នាំ ​២០២០ ​គឺ​ល្អ ដោយសារ​តែ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​។ ចក្ខុវិស័យ​របស់​ខ្ញុំ ​គឺ​រក្សា​កំណើន​ជាមួយ​នឹង​លទ្ធផល​ល្អ​ដូច្នេះ​យើង​អាច​ចូលរួម​ចំណែក​ដល់​សេដ្ឋកិច្ច​ និង​ប្រជាជន​»៕