សភាពាណិជ្ជកម្ម​ហ្វីលីពីន​នៅ​កម្ពុជា​ (PhilCham Cambodia) ​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នៅ​សណ្ឋាគារ Raffles Hotel Le Royal កាល ពីថ្ងៃ​ទី​ ២១ ខែមករា ដើម្បី​ជំរុញ​បន្ថែមទៀត​ដល់​ទំនាក់ទំនង​ធុរកិច្ច​ និង​ពាណិជ្ជកម្ម​រវាង​ហ្វីលីពីន និង​កម្ពុជា​។


ដោយ​ត្រូវបាន​បង្កើតឡើង​ដំបូង​ក្នុង​ឆ្នាំ​ ២០១៦ ជា​បណ្តាញ​អាជីវកម្ម បេសកកម្ម​ចម្បង​របស់ PhilCham គឺ​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ហ្វីលីពីន​-​កម្ពុជា និង​បម្រើ​ដល់​សមាជិក​របស់ខ្លួន​ជា​ធនធាន​ដ៏សំខាន់​មួយ​សម្រាប់​ការចែករំលែក​ព័ត៌មាន និង​បណ្តាញ​អាជីវកម្ម​។


ពិធី​នេះ​ក៏​ទទួល​បាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​លោកស្រី Frances Louissa Cleofas អគ្គ​កុងស៊ុល និង​លេខាធិការ​ទី​ ៣ នៃ​ស្ថានទូត​ហ្វីលីពីន​នៅ​ទីក្រុង​ភ្នំពេញ​ផងដែរ​។


លោកស្រី Benilda Custodio-Fernando ប្រធាន PhilCham និង​ជា​នាយិកា​សវនកម្ម​ក្រុមហ៊ុន PwC (Cambodia) ថ្លែងថា​៖ «​គ្រប់គ្នា​ត្រូវ​បានឱ្យ​តម្លៃ និង​ស្វាគមន៍​ដោយ​សភាពាណិជ្ជកម្ម​ហ្វីលីពីន ហើយ​យើង​រីករាយ​ដើម្បី​ធ្វើការ និង​រីកចម្រើន​ជាមួយ​គ្នា​»​។


«​តាមរយៈ​ការក្លាយ​ជា​សមាជិក​របស់ PhilCham នៅ​កម្ពុជា​អ្នកនឹង​ទទួល​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា និង​យុទ្ធសាស្ត្រ​អាជីវកម្ម និង​ពី​ថ្នាក់ដឹកនាំ​សហគមន៍​អ្នកជំនួញ​ហ្វីលីពីន​ដើម្បី​លើកកម្ពស់​ក្រុមហ៊ុន ការតភ្ជាប់​បណ្តាញ ការចូល​ទៅកាន់​មេដឹកនាំ​ជំនួញ និង​នយោបាយ​សកម្មភាព​សង្គម និង​ការតស៊ូ​មតិ​»​។


ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​អាស៊ាន​ទាំង​ ២ ​នៅក្នុង​អំឡុង​ជំងឺ​កូវីដ​១៩ ក្នុង​ឆ្នាំ​ ២០២០ គឺមាន​តម្លៃ​ប្រហែល ៤៩,០៥ លាន​ដុល្លារ​ក្នុង​នោះ​ដែរ ការនាំ​ចូលមក​កម្ពុជា​មាន​តម្លៃ ២៥,០៩ ​លាន​ដុល្លារ ខណៈ​ការនាំចេញពី​កម្ពុជា​ទៅ​ហ្វីលីពីន​មានតម្លៃ ២៣,៩៦ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ស្ថិតិ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​របស់​ហ្វីលីពីន​។

លោកស្រី Benilda Custodio-Fernando

លោកស្រី Sundee M Vinas គឺជា​នាយិកា​ប្រតិបត្តិ និង​លោក Ronald C Almera ដែលជា​ដៃគូ​គ្រប់គ្រង​ក្រុមហ៊ុន GrantThornton (Cambodia) គឺជា​អនុប្រធាន​។

«​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ច្បាប់​បើកចំហ​ដល់​ការវិនិយោគ ច្បាប់​ពន្ធដារ​មាន​ភាពទាក់ទាញ និង​កម្លាំង​ពលកម្ម​មាន​ការប្រកួត​ប្រជែង​បាន​ទាក់ទាញ​អាជីវកម្ម និង​ការវិនិយោគ​ជាច្រើន​មក​ក្នុង​វិស័យ​ផ្សេងៗ​ហើយ​គិត​ត្រឹម​ខែតុលា​ឆ្នាំ​មុន មាន​ក្រុមហ៊ុន​ហ្វីលីពីន​ជាង​ ៩០ បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​។

«​ជាមួយ​នឹង​ការបង្កើត PhilCham Cambodia និង​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ស្ថានទូត​ហ្វីលីពីន​យើង​រំពឹងថា​នឹងមាន​ក្រុមហ៊ុន និង​ម៉ាក​យីហោ​ហ្វីលីពីន​កាន់តែ​ច្រើន​នឹង​ចូលមក​រកស៊ី​នៅ​កម្ពុជា​ក្នុង​រយៈពេល​ ៥ ទៅ​ ១០ ​ឆ្នាំ​ខាងមុខ​»​។

លោកស្រី Vinas លើកឡើង​ថា​៖ «​ម៉ាក​យីហោ​ក៏ដូចជា​ក្រុមហ៊ុន​របស់​ហ្វីលីពីន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​ផ្តល់ជូន​នូវ​ផលិត​ផលគុណភាព​ខ្ពស់ និង​សេវាកម្ម​មាន​ការប្រកួតប្រជែង​ដែល​ឆ្លើយតប​ទៅនឹង​ចំនួន​ប្រជាជន​វ័យក្មេង​កម្ពុជា​ដ៏មាន​សក្ដានុពល​។ លើសពីនេះ វត្តមាន​ជនជាតិ​ហ្វីលីពីន​ជាង​ ៧ ​ពាន់​នាក់​នៅ​កម្ពុជា​ដែល​ភាគច្រើន​ជា​អ្នកជំនាញ ទទួល​បាន​ការចូលចិត្ត និង​ស្វែងរក​ពី​សំណាក់​ក្រុមហ៊ុន​ផ្សេងៗ​នៅក្នុង​ប្រទេស​»​។

លោកស្រី Vinas ដែលជា​ម្ចាស់​ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន FiDi Events and Entertainments ថ្លែងថា ការអភិវឌ្ឍ​ក្នុង​តំបន់ និង​កន្លែង​ផ្សេងទៀត​គឺ​ត្រូវ​បានកំណត់​ដើម្បី​ជំរុញ​ការវិនិយោគ និង​ឱកាស​អាជីវកម្ម​។

«​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ និង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP) គឺមាន​គោលបំណង​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធភាព​ទទួលបាន​ទីផ្សារ​សម្រាប់​ទំនិញ និង​ជំរុញ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​»​។

លោកស្រី​បញ្ជាក់ថា​៖ «​ដោយសារ​ការអភិវឌ្ឍ​ទាំងនេះ​យើង​រំពឹងថា​នឹងមាន​ការវិនិយោគ​កាន់តែ​ច្រើន​នៅក្នុង​តំបន់ និង​ការកើនឡើង​នៃ​លំហូរ​ទំនិញ​មិន​ត្រឹមតែ​ក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជាមួយ​សមាជិក RCEP រួមទាំង​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូវែលសេឡង់ ផងដែរ​»​។

PhilCham ចាប់ផ្តើម​នៅ ឆ្នាំ​ ២០១៦ ជា​បណ្តាញ​ក្រៅផ្លូវការ​របស់​ម្ចាស់​អាជីវកម្ម និង​ប្រតិបត្តិ​ហ្វីលីពីន​ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា ដែល​ជា​កន្លែង​សម្រាប់​ចែករំលែក​ព័ត៌មាន និង​ការធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក Jay Ian L Capungan ​ស្ថាបនិក Teachers'' Learning Action Guild នៅ​កម្ពុជា និង​ជា​អ្នកសម្របសម្រួល​ភាសា​អង់គ្លេស​នៅ​សាលា​អន្តរជាតិ Footprints International School គឺជា​លេខាធិការ​។ លោក Romyr A Liboon ជា​ស្ថាបនិក និង​ជា​នាយក​គ្រប់គ្រង Cambodia International Models និង​ជា​នាយក​នៃ​ Miss Universe-Cambodia គឺជា​ហេរញ្ញិក​។ ចំពោះ​ក្រុមប្រឹក្សាភិបាល​គឺ​លោកស្រី Maria Rowena Medina លោកស្រី Ninja Flor Ricafort-Hesita និង លោក Ben Betonio​។

លោកស្រី Medina គឺជា​ប្រធាន​ទីផ្សារ និង​ទំនាក់ទំនង​ផ្នែក​ឌីជីថល​នៅ Oakwood Premier រីឯ​លោកស្រី Ricafort-Hesita គឺជា​នាយិកា​នៃ​ក្រុមហ៊ុន Happybee Food Cambodia ដែល​នឹង​នាំយក​ចង្វាក់​អាហារ​រហ័ស​ទាន់​ចិត្ត​អន្តរជាតិ​ហ្វីលីពីន Jollibee មក​កម្ពុជា​។

ចំណែកឯ​លោក Betonio គឺជា​នាយក​ប្រតិបត្តិ និង​ជា​ជំនួយការ​ប្រធាន និង​អគ្គនាយក​ក្រុមហ៊ុន Royal Group of Companies​។

ការសម្ពោធ​នេះ​ជា​ចម្បង​គឺ​ផ្តោតលើ​ការណែនាំ​ក្រុមប្រឹក្សាភិបាល និង​កម្មវិធី​ទូរស័ព្ទ​ចល័ត​ដំបូង​គេ​ដែល​មាន​ឈ្មោះថា PhilCham ដែល​ត្រូវ​បង្កើតឡើង​ដោយ Bronx Technology ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ដៃគូ និង​សមាជិក​តាមរយៈ​ឧបករណ៍​ដំណើរការ​ដោយ​ប្រព័ន្ធ Android និង iOS​។ «​ជាមួយ​សភាពាណិជ្ជកម្ម​ហ្វីលីពីន​នៅ​កម្ពុជា ស្ថានទូត​មាន​ដៃគូ​មួយ​ក្នុង​ការចាប់យក​សក្តានុពល​ពេញលេញ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ហ្វីលីពីន និង​កម្ពុជា​»​។

អគ្គកុងស៊ុល​លោកស្រី Cleofas ​មានប្រសាសន៍​ថា​៖ «​ជាមួយ​សភា​ពាណិជ្ជកម្ម​ហ្វីលីពីន​នៅ​កម្ពុជា ស្ថានទូត​មាន​ដៃគូ​ក្នុង​ការទាញ​យក​សក្តានុពល​ពេញលេញ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ជំនួញ និង​វិនិយោគ​រវាង​ហ្វីលីពីន-កម្ពុជា​»៕