សាលាអន្តរជាតិ Invictus ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសសិង្ហបុរីដោយលោក John Fearon ដែលជាសហគ្រិនបច្ចេកវិទ្យាកំពុងនាំយកមកនូវគំរូនៃការអប់រំដែលមានគុណភាពខ្ពស់ក្នុងតម្លៃមួយដ៏សមរម្យគឺ ៨០០០ ដុល្លារក្នុង ១ ឆ្នាំ។
ទើបតែបើកនៅក្នុងឆ្នាំ ២០១៥ សាលាអន្តរជាតិនេះបាននិងកំពុងស្ថិតនៅក្នុងចំណោមសាលាកំពូលទាំង ១០ នៅប្រទេសសិង្ហបុរីហើយនៅថ្ងៃទី ១ ខែមេសា ខាងមុខនេះសាលាអន្តរជាតិ Invictus Phnom Penh ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញនឹងបើកដំណើរការជាមួយការផ្តល់ជូនពិសេស នៅពេលចុះឈ្មោះចូលរៀននឹងទទួលបានការសិក្សា ១ ឆមាសដោយឥតគិតថ្លៃដែលអាចសន្សំបាន ២០០០ ដុល្លារ។
ការផ្តល់ជូននេះគឺឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់សាលាក្នុងការផ្តល់ជូនការសិក្សាប្រកបដោយគុណភាពក្នុងតម្លៃត្រឹមតែ ៨០០០ ដុល្លារប៉ុណ្ណោះក្នុង ១ ឆ្នាំ។
លោក Fearon បានឲ្យភ្នំពេញប៉ុស្តិ៍ដឹងថាលោកបានបង្កើតសាលាអន្តរជាតិInvictus បន្ទាប់ពីបានមើលឃើញកង្វះសាលាអន្តរជាតិនៅក្នុងប្រទេសសិង្ហបុរីដែលផ្តល់ជូនការសិក្សាប្រកបដោយគុណភាពក្នុងតម្លៃសមរម្យ។
លោកថ្លែងថា៖ «ខ្ញុំបានបង្កើតសាលា Invictus ដើម្បីផ្តល់ជម្រើសមួយជំនួសឲ្យសាលាឯកជនដែលមានតម្លៃថ្លៃហើយនៅតែអាចផ្តល់ការអប់រំប្រកបដោយគុណភាពសម្រាប់កូនៗរបស់ខ្ញុំ ហើយខ្ញុំគិតថានេះក៏ជាអ្វីដែលឪពុកម្តាយដទៃទៀតចង់បានផងដែរ»។
បុរសដែលជាជនជាតិអាហ្វ្រិកខាងត្បូងរូបនេះបានបន្តថា អ្វីដែលធ្វើឲ្យសាលា Invictus ប្លែកពីគេគឺថាសាលារបស់យើងដែលមាននៅប្រទេសសិង្ហបុរី និងហុងកុងហើយទំនងជាឆាប់ៗមាននៅក្នុងប្រទេសអូស្ត្រាលីដែរនោះគឺជាសាលាអន្តរជាតិមួយដែលសិស្សអាចសិក្សានៅសាខារបស់ខ្លួននៅឯបរទេសបាន។
លោកថ្លែងថា៖ «យើងគឺជាសាលាអន្តរជាតិដែលមានបណ្តាញសាលារៀនយ៉ាងពិតប្រាកដ ខណៈដែលយើងគ្រប់គ្រងដោយម្ចាស់តែមួយ។ តាមពិតទៅសាលាអន្តរជាតិភាគច្រើនមិនមានទំនាក់ទំនងជាមួយសាលាផ្សេងនៅកន្លែងផ្សេងទៀតទេ។ ពួកគេដំណើរការតែឯងនៅទីនេះ។ ពួកគេមិនមានទំនាក់ទំនងជាមួយសាលាផ្សេងទៀតនៅកន្លែងដទៃទៀតទេ»។
ភាពច្នៃប្រឌិត និងការគិតស៊ីជម្រៅគ្រប់ជ្រុងជ្រោយដែលដំណើរការតាមរយៈគ្រឹះអប់រំរបស់សាលា Invictus គឺផ្តោតជាពិសេសលើការរៀបចំសិស្សឱ្យទទួលបានជោគជ័យទាំងក្នុងការសិក្សា និងក្នុងជីវិតពិត។
«នៅថ្នាក់ទី ៣ និងថ្នាក់ទី ៦ សិស្សរបស់យើងផ្នែកលើលទ្ធផលធ្វើតេស្តដែលយើងបានទទួលរហូតមកដល់ពេលនេះគឺប្រសើរជាងសាលាអន្តរជាតិដទៃទៀត»។
«ប៉ុន្តែខ្ញុំនិយាយអំពីលទ្ធផលនៃការធ្វើតេស្តទៅលើជីវិតពិត [ពីព្រោះ] ប្រសិនបើអ្នកក្រឡេកមើលអ្វីដែលយើងត្រូវការដើម្បីបង្រៀនកូនៗរបស់យើងគឺវាជារបៀបច្នៃប្រឌិតពីព្រោះជាមួយនឹងបច្ចេកវិទ្យាបញ្ញានិម្មិត (Artificial Intelligence) និងវិធីដែលបច្ចេកវិទ្យាកំពុងរីកចម្រើនក៏ដូចជាការច្នៃប្រឌិតគឺជាអ្វីដែលសំខាន់បំផុត»។
លោក Fearon ពន្យល់ថា៖ «តើអ្នកបង្រៀនការច្នៃប្រឌិតយ៉ាងដូចម្តេច? ចម្លើយគឺថាមនុស្សរៀនដើម្បីចេះច្នៃប្រឌិតដោយស្ថិតនៅក្នុងបរិយាកាសច្នៃប្រឌិត និងការមើលមនុស្សដែលចេះច្នៃប្រឌិត ដូច្នេះយើងឲ្យគ្រូរបស់យើងចេះច្នៃប្រឌិត»។
សាលាអន្តរជាតិនេះផ្តោតសំខាន់ទៅលើការអប់រំគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍអត្តចរិតដោយផ្តោតជាពិសេសលើភាពជាអ្នកដឹកនាំ និងពហុភាសាដោយបង្រៀនជាភាសាអង់គ្លេស ភាសាខ្មែរ និងភាសាចិន និងវិធីសាស្ត្របង្រៀនគណិតវិទ្យាស្តង់ដាសិង្ហបុរីប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីធានាថា សិស្សដែលបញ្ចប់ការសិក្សាគឺមានជំនាញចាំបាច់ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាដែលជាជម្រើសរបស់ពួកគេ។
លោកពន្យល់ថា៖ «ពាក្យ Invictus ជាភាសាឡាទីនមានន័យថា «អង់អាច» ហើយខ្ញុំយល់ថា វាជាឈ្មោះដែលសមស្របសម្រាប់សាលានេះពីព្រោះខ្ញុំយល់ថាយើងមានស្មារតីដ៏មោះមុត និងរឹងមាំ គឺជាគន្លឹះនៃភាពជោគជ័យនៅក្នុងជីវិតពិត»។
ប្រជាប្រិយភាពរបស់សាលា Invictus នៅប្រទេសសិង្ហបុរីបានជំរុញឱ្យលោក Fearon បង្កើតសាលានេះនៅបរទេស។ លោកបន្ថែមថា៖ «យើងយល់ថា ផ្នែកផ្សេងទៀតនៃពិភពលោកនឹងទទួលបានអត្ថប្រយោជន៍ពីទស្សនវិជ្ជាអប់រំរបស់យើង ហើយយើងចង់កសាងបណ្តាញសាលារៀនមួយដែលអាចអនុញ្ញាតឱ្យឪពុកម្តាយដែលរស់នៅប្រទេសផ្សេងអាចមានសាលាមួយដ៏ល្អដែលរក្សាបាននូវគុណភាពអប់រំដូចគ្នា»។
បុរសដែលមានដើមកំណើតមកពីទីក្រុង Cape Town រូបនេះបានលើកឡើងថា ប្រទេសកម្ពុជាគឺជាជម្រើសដ៏ជាក់លាក់មួយសម្រាប់សាលាអន្តរជាតិ Invictus។
«ប្រទេសកម្ពុជាមានសេដ្ឋកិច្ចកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សចំនួនប្រជាជនកំពុងមានកំណើន និងមានក្របខ័ណ្ឌច្បាប់ល្អដែលបានធ្វើឱ្យមានភាពទាក់ទាញសម្រាប់ពួកយើងដើម្បីពង្រីកអាជីវកម្មរបស់យើងចូលមកក្នុងប្រទេសដ៏អស្ចារ្យមួយនេះ»។
លោកថ្លែងថា៖ «យើងសង្ឃឹមថា យើងអាចជួយផ្តល់ការអប់រំដល់ប្រជាជនកម្ពុជាឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីផ្តល់ឱ្យពួកគេនូវលទ្ធផលដ៏គាប់ប្រសើរស្តង់ដាអន្ដរជាតិហើយបង្ហាញថា វាអាចធ្វើទៅបានក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពក្នុងតម្លៃសមរម្យ។
លោកបន្ថែមថា៖ «ខ្ញុំធ្វើដំណើរគ្រប់ពេលវេលា ហើយខ្ញុំជួបបុគ្គលជោគជ័យជាច្រើនហើយនៅពេលអ្នកសួរប្រវត្តិពួកគេជាទូទៅពួកគេរៀននៅសាលាល្បីៗបន្ទាប់មកសិក្សានៅបរទេស។ ចំណុចនេះគឺផ្តល់ឱ្យពួកគេនូវផ្នត់គំនិតអន្តរជាតិហើយខ្ញុំចង់ផ្តល់ឱ្យសិស្សរបស់យើងនូវផ្នត់គំនិតនេះ។ សាលាអន្តរជាតិ Invictus មានលក្ខណពិសេសដែលដៃគូប្រកួតប្រជែងភាគច្រើនរបស់យើងមិនអាចផ្តល់ឲ្យបាន»៕
http://www.cambodia.invictus.school/
https://www.facebook.com/invictusintlschoolcambodia/