អង្គការសប្បុរសធម៌ The Lighthouse Club Cambodia បានរៀបចំព្រឹត្តិការណ៍វាយកូនហ្គោលសប្បុរសធម៌ប្រចាំឆ្នាំលើកទី ៦ នៅក្លិបវាយកូនហ្គោល Royal Cambodia Phnom Penh Golf Club កាលពីថ្ងៃទី ១៣ ខែកុម្ភៈ កន្លងទៅ។
កីឡាករប្រមាណ ៦០ នាក់បានចូលរួមនៅក្នុងព្រឹត្តិការណ៍ដែលធំបំផុតរបស់ពួកគេនៅក្នុងឆ្នាំនេះ ហើយថវិកាដែលរៃអង្គាសបានគឺត្រូវយកទៅជួយដល់សិស្សក្រីក្រចំនួន ១០ នាក់តាមរយៈការអប់រំទាក់ទងនឹងវិស័យសំណង់ពេញ ១ ឆ្នាំក្នុងនោះគឺត្រូវចំណាយលើថ្លៃសិក្សា និងថ្លៃសម្រាប់ការរស់នៅ។
ចាប់ផ្តើមនៅចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៥៦ អង្គការ Lighthouse Club បានពង្រីកជាង ១០០ សាខានៅទូទាំងពិភពលោក ហើយសាខាក្នុងទីក្រុងភ្នំពេញត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ដោយបច្ចុប្បន្នមានសមាជិកជាង ១០០ នាក់។
លោក Kerr Thomson សហប្រធានអង្គការ Lighthouse បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើម គោលបំណងសំខាន់របស់អង្គការគឺជួយដល់យុវជនកម្ពុជាក្រីក្រ តាមរយៈការអប់រំជួយកម្មករសំណង់ដែលជួបគ្រោះថ្នាក់ និងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងចំណោមសមាជិករបស់ខ្លួន។
«នៅកម្ពុជា Lighthouse Club Cambodia បានឧបត្ថម្ភថវិកាដល់សិស្សជាង ៥០ នាក់ដោយអ្នកខ្លះបានបញ្ចប់ការសិក្សា ហើយមួយចំនួនកំពុងសិក្សានៅមហាវិទ្យាល័យលើមុខវិជ្ជាទាក់ទងនឹងវិស័យសំណង់។ យើងក៏បានផ្តល់ជំនួយហិរញ្ញវត្ថុដល់ក្រុមគ្រួសារកម្មករសំណង់មួយចំនួនដែលរងរបួសធ្ងន់ធ្ងរនៅការដ្ឋានសំណង់ផងដែរ»។
«មូលនិធិរបស់អង្គការ Lighthouse Club Cambodia បានមកពីព្រឹត្តិការណ៍មួយចំនួនដូចជាការវាយកូនហ្គោលប្រចាំឆ្នាំ និងព្រឹត្តិការណ៍តភ្ជាប់បណ្តាញជាដើម។ ព្រឹត្តិការណ៍ទាំងនេះក៏ផ្តល់នូវឱកាសដ៏ល្អសម្រាប់សមាជិកមកពីវិស័យសំណង់ និងឧស្សាហកម្មដែលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ដើម្បីភ្ជាប់ទំនាក់ទំនងអាជីវកម្មរបស់ពួកគេ»។
លោក Thomson បានថ្លែងថា៖ «អង្គការសូមថ្លែងអំណរគុណម្ចាស់ឧបត្ថម្ភជាច្រើន ដែលបានឧបត្ថម្ភដល់ព្រឹត្តិការណ៍ទាំងនេះក្នុងនោះរួមមានក្រុមហ៊ុន Evermore ដែលជាអ្នកឧបត្ថម្ភធំ, ក្រុមហ៊ុន Chip Mong/Khmer Beverages ក្រុមហ៊ុន Hongkong Land, Knight Frank, COVA, Soksiphana, Associates, Coldwell Banker, CBRE និងក្រុមហ៊ុនជាច្រើនទៀត»។
លោក Chhom Chhy មកពីខេត្តព្រះវិហារ ដែលសិក្សាផ្នែកវិស្វកម្មអគ្គិសនីនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) គឺជាយុវជនកម្ពុជាម្នាក់ដែលបច្ចុប្បន្នកំពុងមានអាជីពដ៏ល្អមួយនៅក្នុងវិស័យសំណង់។
«ខ្ញុំសូមអរគុណយ៉ាងខ្លាំងចំពោះការគាំទ្រដែលខ្ញុំបានទទួលពីអង្គការ Lighthouse Club ដែលបានជួយខ្ញុំក្នុងពេលសិក្សានៅសាកលវិទ្យាល័យ ជួយខ្ញុំបង់ថ្លៃសិក្សា និងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការចំណាយរស់នៅប្រចាំខែ។ ឥឡូវនេះខ្ញុំធ្វើការជាវិស្វករអគ្គិសនីនៅក្រុមហ៊ុន COVA Thinking»។
បុរសវ័យ ២៦ ឆ្នាំថ្លែងថា៖ «បើគ្មានការគាំទ្រពីអង្គការ Lighthouse Club ទេ នោះខ្ញុំនឹងមិនអាចបន្តការសិក្សារបស់ខ្ញុំបានឡើយ ហើយពេលនេះខ្ញុំប្រហែលជាកំពុងធ្វើស្រែចម្ការនៅឯស្រុកកំណើតជាមួយគ្រួសារខ្ញុំផងក៏មិនដឹង។ ខ្ញុំសង្ឃឹមថា អង្គការ Lighthouse Club នឹងនៅតែបន្តគាំទ្រដល់សិស្សក្រីក្រ ដូចរូបខ្ញុំដែរ ដើម្បីឱ្យពួកគេមានឱកាសអាចបន្តការសិក្សានៅសាកលវិទ្យាល័យ»។
ព្រឹតិ្តការណ៍វាយកូនហ្គោលប្រចាំឆ្នាំរបស់អង្គការ Lighthouse Club Cambodia បានទាក់ទាញកីឡាករមកពីអង្គភាពធំៗ ជាច្រើនដូចជាមកពីវិស័យសំណង់ជាដើម ក្នុងនោះមានដូចជាលោក Michael Freemanមកពីក្រុមហ៊ុន Comin Khmere។
«Comin Khmere មានវត្តមាននៅក្នុងប្រទេសកម្ពុជាប្រមាណ ៣០ ឆ្នាំមកហើយ ហើយយើងបានឧបត្ថម្ភកម្មវិធីកីឡាវាយកូនហ្គោលរបស់អង្គការ Lighthouse Club ជារៀងរាល់ឆ្នាំគិតចាប់តាំងពីឆ្នាំ ២០១៤»។
«យើងបានឧបត្ថម្ភព្រឹត្តិការណ៍ជាច្រើនទៀតរបស់អង្គការ Lighthouse ហើយយើងរីករាយក្នុងការផ្សារភ្ជាប់ម៉ាកយីហោរបស់យើងជាមួយនឹងប្រភេទការងារដែលអង្គការ Lighthouse បានអនុវត្តនៅក្នុងវិស័យនេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្តង់ដាឧស្សាហកម្ម កែលម្អការអប់រំ និងផ្តល់ឱ្យយុវជនកម្ពុជាកាន់តែច្រើនចូលធ្វើការទៅក្នុងឧស្សាហកម្មសំណង់ដូចជាវិស្វករ ឬស្ថាបត្យករ»។
លោក Freeman បន្តថា៖ «យើងទទួលយកវិស្វករដែលឧបត្ថម្ភដោយអង្គការ Lighthouse ពីព្រោះវាជាផ្នែកមួយនៃទស្សនៈរបស់ក្រុមហ៊ុន Comin ដើម្បីទទួលពលរដ្ឋកម្ពុជាកាន់តែច្រើនឱ្យមកធ្វើការនៅក្នុងក្រុមហ៊ុនរបស់យើងខណៈប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍»។
លោក Brenden McNally អ្នកគ្រប់គ្រងព្រឹត្តិការណ៍របស់អង្គការ Lighthouse ថ្លែងថាអង្គការ Lighthouse គឺចង់ផ្លាស់ប្តូរជីវិតរបស់យុវជនកម្ពុជាដែលមានជីវភាពខ្វះខាត។
«សិស្សទាំងអស់ដែលទទួលបានការឧបត្ថម្ភ ពួកគេបានបញ្ចប់ការសិក្សាលើមុខវិជ្ជាទាក់ទងនឹងវិស័យសំណង់យ៉ាងជោគជ័យ ហើយពួកគេទាំងអស់នោះបានបន្តធ្វើការងារនៅក្នុងឧស្សាហកម្មសំណង់»។
បច្ចុប្បន្នយើងមានអតីតនិស្សិតមួយចំនួនកំពុងបម្រើការងារនៅក្រុមហ៊ុនសំណង់អន្ដរជាតិនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះមាន ២ នាក់ដែលបច្ចុប្បន្នកំពុងធ្វើការនៅក្រុមហ៊ុន COVA ជាក្រុមហ៊ុនស្ថិតនៅក្នុងឧស្សាហកម្មសំណង់ឈានមុខមួយ។
«ខណៈដែលយើងពេញចិត្តនឹងអ្វីដែលយើងសម្រេចបានក្នុងរយៈពេលដ៏ខ្លីបែបនេះ យើងពិតជាចង់ឱ្យប្រជាជនកាន់តែច្រើនទាញយកអត្ថប្រយោជន៍ពីផ្នែកអប់រំដែលយើងផ្តល់ជូន»។
លោក McNally មានប្រសាសន៍ថា៖ «ទាក់ទងជាមួយអង្គការ សប្បុរសធម៌ Lighthouse Club Cambodia គឺជាជំហានដំបូងដើម្បីឆ្ពោះទៅរកអាជីពដ៏ល្អមួយនៅក្នុងវិស័យសំណង់»៕