ជា​យូរ​មក​ហើយ​ស្រា​ត្នោត​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​សម្រាប់​អ្នក​ដែល​មិន​សូវ​មាន​ជីវភាព​ធូរធារ ហើយ​មិនមាន​មនុស្ស​ច្រើន​ប៉ុន្មាន​ទេ​ដែល​ស្គាល់​អំពី​ស្រា​ប្រភេទ​នេះ ប៉ុន្តែ​ស្រា​ផលិត​ពី​ទឹក​ត្នោត​មាន​ប្រវត្តិ​ដ៏​យូរលង់ និង​ចាក់ឫស​យ៉ាង​ជ្រៅ​ជា​យូរ​មក​ហើយ។


វា​ជា​ប្រភេទ​ស្រា​ដែល​ទទួល​បាន​ការ​ពេញ​និយម​នៅ​ក្នុង​ប្រទេស​ដែល​មាន​អាកាសធាតុ​ក្តៅ។ ស្រា​ត្នោត​ក៏​ត្រូវ​បាន​មនុស្ស​ប្រមាណ ១០ លាន​នាក់ ​នៅ​អាហ្វ្រិក​ខាងលិច​ទទួល​ទាន​ផង​ដែរ ហើយ​វា​ក៏​ពេញនិយម​នៅ​ទូទាំង​ទ្វីប​អាស៊ី អាមេរិក​ខាងត្បូង តំបន់​ការ៉ាបៀន និង​មជ្ឈិមបូព៌ា។


ក្រុមហ៊ុន Confirel Co Ltd គឺ​ជា​ក្រុមហ៊ុន​កម្ពុជា​ដែល​ផលិត ​និង​កែច្នៃ​ចេញ​ពី​វត្ថុធាតុ​ដើម​ក្នុង​ស្រុក និង​ផលិត​ផលិតផល​ជា​ច្រើន​ប្រភេទ ក្នុង​នោះ​ក៏​មាន​ផលិតផលិផល​ជា​ច្រើន​ពី​ទឹក​ត្នោត និង​ស្ករ​ត្នោត​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ក៏​មាន​គោល​បំណង​បង្ហាញ​ពី​ការ​យល់​ឃើញ​អំពី​វប្បធម៌​នៃ​ការ​ទទួល​ទាន​ស្រា​ត្នោត ដោយ​បាន​ផលិត​ស្រា​មេគង្គ​ស្ប៉ាកឃ្លីង​ពី​ទឹក​ត្នោត​របស់​ខ្មែរ​ដ៏​ឈ្ងុយឆ្ងាញ់។


«ត្រូវ​បាន​ផលិត​ឡើង​នៅ​ដើម​ឆ្នាំ ២០២០ ស្រា​មេគង្គ​ស្ប៉ាកឃ្លីង របស់​យើង​គឺ​ជា​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ត្រូវ​ផលិត​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និង​យ៉ាង​ពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា តាមរយៈ​រូបមន្ត Methode Champenoise ហើយ​វា​ជា​ប្រភេទ​ស្រា​ស្ប៉ាកឃ្លីង​ដំបូង​គេ​បង្អស់​ដែល​ផលិត​ចេញពី​ទឹក​ត្នោត​នៅ​កម្ពុជា​ផង​ដែរ»។


លោក Loic Martin ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់ Confirel ថ្លែង​ថា៖ «ទោះបី​ជា​យើង​មាន​បទពិសោធ​ផលិត​ស្រា​ចេញ​ពី​ទឹកត្នោត​អស់​រយៈពេល​ជាង ១៧ ឆ្នាំ​ហើយ​ក្តី ដូចជា​ស្រាម៉ាក Jaya និង Kirel ដែល​មាន​រសជាតិ​ពិសេស​ប្លែក ៣ ប្រភេទ ប៉ុន្តែ​ស្រា​មេគង្គ​ស្ប៉ាកឃ្លីង ​គឺ​តំណាង​ឱ្យ​ការ​ខិតខំ​ប្រឹងប្រែង​មួយ​ទៀត​របស់​ក្រុមហ៊ុន Confirel ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ ឡើង​នូវ​ដំណើរការ​ផលិត​ស្រា​ពី​ទឹក​ត្នោត​ឱ្យ​ទៅជា​សិល្បៈ​ផលិត​ស្រា​ប្រណីត​មួយ​បែប​ទៀត»។


ដោយ​មាន​បណ្តាញ​ដ៏​រឹងមាំ​ពី​កសិដ្ឋាន​ចំនួន ២០០ ដែល​មាន​ការ​បញ្ជាក់​ការ​ដាំដុះ​ដើម​ត្នោត​សរីរាង្គ និង​ការ​ប្រមូល​ផល​ទឹក​ត្នោត ចាប់​ពី​ខែធ្នូ ដល់​ខែមីនា លោក Martin ជឿជាក់​ថា Confirel មាន​សមត្ថភាព​ដើម្បី​បំពេញ​តាម​តម្រូវការ​នៅ​ក្នុង​ស្រុក និង​អន្តរជាតិ សម្រាប់​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ប្រភេទ​នេះ។

«ស្រា​មេគង្គ​ស្ប៉ាកឃ្លីង​ត្រូវ​ផ្អាប់ ​និង​ចំណាយ​ពេល​រយៈពេល ៣ ខែ​ដើម្បី​ផលិត​នៅ​ក្នុង​រោងចក្រ​ដែល​មាន​ទំហំ ៣ ៥០០ ម៉ែត្រការ៉េ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ។ ក្នុង​អំឡុង​ពេល​ប្រមូល​ផល​ទឹកត្នោត និង​ការ​ផលិត​ស្រា យើង​អាច​ផលិត​បាន​ចំនួន ៤ ០០០ ដប សម្រាប់​ចំណុះ ៧៥០ មិល្លីលីត្រ និង ៤ ០០០ ដប ​សម្រាប់ ចំណុះ ៣៧៥ មិល្លីលីត្រ»។

លោក​ថ្លែង​ថា៖ «ជាមួយ​នឹង​ការ​នាំ​ចេញ ស្រា​ម៉ាក Jaya និង Kirel ទៅ​កាន់​ទីផ្សារ​អន្តរជាតិ លោក​ក៏​រំពឹង​ថា ​ស្រា​មេគង្គ​ស្ប៉ាកឃ្លីង​នឹង​អាច​នាំចេញ​ក្នុង​ឆ្នាំ​នេះ ហើយ​រំពឹង​ថា ​ការ​នាំចេញ​នឹង​កើន​ឡើង​ផង​ដែរ​នៅ​ក្នុង​ឆ្នាំ​ខាង​មុខៗ ជាពិសេស​ក៏​មាន​ផែនការ​ពង្រីក​ប្រតិបត្តិការ ​ដើម្បី​បង្កើន​ផលិតកម្ម​របស់​យើង​ទ្វេដង​នៅ​ឆ្នាំក្រោយ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ដែល​កំពុង​កើន​ឡើង»។

លោក Loic Martin កំពុងបង្ហាញដបស្រាមេគង្គស្ប៉ាកឃ្លីងដ៏ស្រស់ស្អាត។

ដើម​ត្នោត ​គឺ​ជា​និមិត្តរូប​ដ៏​សំខាន់​នៃ​អត្តសញ្ញាណ​ជាតិ និង​ជា​មរតក​ជាតិ​របស់​ប្រទេស​កម្ពុជា ​ដែល​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន។ ដើម​ត្នោត​មាន​ច្រើន​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​កម្ពុជា គិត​ចាប់​តាំង​ពី​សម័យ​អាណាចក្រ​ខ្មែរ និង​សម័យអង្គរ​នៅ​សតវត្សរ៍​ទី៩ មក​ម្ល៉េះ។

គំនិត​នៃ​ការ​ប្រែក្លាយ​ទឹកត្នោត​ទៅជា​ផលិតផល​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​វប្បធម៌​របស់​ប្រជាជន គឺ​វា​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ទស្សនវិជ្ជា​របស់​ក្រុមហ៊ុន ហើយ​ស្រា​មេគង្គ​ស្ប៉ាកឃ្លីង គឺ​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់ ក្រុមហ៊ុន Confirel ក្នុង​ការ​បន្ត​នាំ​មក​វប្បធម៌ ​និង​អំណោយផល​ធម្មជាតិ​ដ៏​សម្បូរបែប​របស់​ប្រទេស​កម្ពុជា ​ទៅ​កាន់​ពិភពលោក។

នៅក្នុង​ប្រទេស​ដែល​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​កើន​ឡើង ទន្ទឹម​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប​ក៏​កើន​ឡើង​ដែ​រនោះ ស្រា​មេគង្គ​ស្ប៉ាកឃ្លីង​ផលិត​នៅ​ក្នុង​ស្រុក មិន​ត្រឹម​តែ​ផ្តល់​ជូន​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់ មាន​ក្លិន​ក្រអូប ស្រស់ថ្លា​នៅ​ក្នុង​ក្រអូម​មាត់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​សុខភាព​ទៀត​ផង ប្រសិន​បើ​ទទួល​ទាន​ក្នុង​កម្រិត​តិចតួច និង​ក្នុង​កម្រិត​សមល្មម។

ទោះ​យ៉ាង​ណា អត្ថប្រយោជន៍​មិនមែន​មាន​តែ​ប៉ុណ្ណឹង​ទេ លោក​ថ្លែងថា៖ «ផលិតផល​របស់​យើង​ទាំង​អស់​ត្រូវ​បាន​ផលិត​ឡើង​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព។

ទឹកត្នោត​សម្រាប់​ផលិត​ស្រា​មេគង្គ​ស្ប៉ាកឃ្លីង ​គឺ​ត្រូវ​បាន​យក​ចេញ​ពី​ដើម​ត្នោត​ដែល​ត្រូវ​ដាំដុះ​ដោយ​មាន​ការ​ទទួល​ស្គាល់​ជា​ប្រភេទ​ដំណាំ​សរីរាង្គ គ្មាន​ប្រើ​ថ្នាំ​គីមី និង​ថ្នាំ​សម្លាប់​សត្វល្អិត។

លោក Martin បន្ថែម​ថា៖ «យើង​ក៏​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កសិករ​ផង​ដែរ ដើម្បី​បង្កើន​គុណភាព​នៃ​ការ​ប្រមូល​ផល​ទឹកត្នោត ជាមួយគ្នា​នេះ​យើង​ក៏​កំពុង​ស្វែងរក​ដំណាំ​ដាំ​ដុះ​ក្នុង​ស្រុក​ផ្សេងទៀត​ដូចជា​ស្វាយ ​និង​ម្នាស់​ជាដើម​សម្រាប់​កែច្នៃ​ជា​ផលិតផល​ផ្សេងៗ និង​ស្រា​ផលិត​ពី​ផ្លែ​ឈើ​ជាដើម»។

ខណៈ Confirel កំពុង​នាំមុខ​គេ​ក្នុង​ការ​ផ្តល់​ជូន​នូវ​ស្រា​ប្រភេទ​ស្ប៉ាកឃ្លីង​ដ៏​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​នោះ កា​រយល់​ឃើញ​ពី​មុន​ដែល​ចាត់​ទុក​ថា​ស្រា​ផលិត​ពី​ទឹក​ត្នោត​សម្រាប់​តែ​អ្នក​ដែល​មាន​ជីវភាព​មិន​សូវ​ធូរធារ​នោះ អាច​នឹង​ត្រូវ​​បាន​ផ្លាស់ប្តូរ​កាន់​តែ​ច្រើន​នៅ​ពេល​អនាគត៕