
ពិធីកាត់ខ្សែបូសម្ពោធគម្រោងលក់អគារខុនដូ Urban Village ដំណាក់កាលទី ២ ។ ហុង មិនា
បន្ទាប់ពីដំណាក់កាលទី ១ ត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យ ដែលមានអគារលំនៅឋានសរុបចំនួន ៨២៨ យូនីតនោះទើបគម្រោងអភិវឌ្ឍន៍អគារខុនដូ Urban Village ដែលជាគម្រោងទទួលបានពានរង្វាន់យ៉ាងច្រើននោះ បានបើកការសម្ពោធដំណាក់កាលទី ២ របស់ខ្លួនកាលពីថ្ងៃទី ២ ខែតុលា កន្លងទៅថ្មីៗនេះ។
ដោយផ្តល់ជូននូវអគារលំនៅឋានដែលមានតម្លៃសមរម្យ មានគុណភាពខ្ពស់ និងអគារពាណិជ្ជកម្មដ៏ល្អហើយនោះ គម្រោងអភិវឌ្ឍន៍នេះគឺស្ថិតនៅទីតាំងភូមិសាស្ត្រដ៏ល្អឥតខ្ចោះដែលភ្ជាប់ទៅនឹងទេសភាពធម្មជាតិនៅកណ្តាលទីក្រុងដែលមានការអភិវឌ្ឍខ្លាំង។
គម្រោងទី ២ របស់អគារខុនដូ Urban Village នេះគឺស្ថិតនៅលើផ្ទៃដីគម្រោងចំនួន ៧៦០ ០០០ ម៉ែត្រការ៉េដែលបញ្ចូលលក្ខណៈពិសេស និងទំនើបជាច្រើនជាមួយនឹងរបៀបរស់នៅលក្ខណៈសហគមន៍ មានទីតាំងស្ថិតនៅចន្លោះមហាវិថីសម្តេច ហ៊ុន សែន និងផ្លូវជាតិលេខ ២ ជាតំបន់ដែលស្ថិតនៅក្នុងចំណោមតំបន់ដែលមានការអភិវឌ្ឍខ្លាំង និងឆាប់រហ័សបំផុតនៅក្នុងទីក្រុងភ្នំពេញ។
បច្ចុប្បន្នវាគឺជាគម្រោងអគារខុនដូដែលមានតម្លៃសមរម្យបំផុតពោលគឺមានតម្លៃចាប់ពី ១៧០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ។ ជាមួយនឹងកម្ចីបានរហូតដល់ ៧០ ភាគរយសម្រាប់រយៈពេល ២៥ ឆ្នាំ។
យូនីតទាំងអស់នៃដំណាក់កាលទី ១ ត្រូវបានលក់អស់តែក្នុងរយៈពេល ៩ ខែប៉ុណ្ណោះហើយចាប់ពីថ្ងៃនេះតទៅ យូនីតនៃដំណាក់កាលទី ២ បានចាប់ផ្តើមលក់ហើយ។ ក្នុងចំណោមជាង ៨០០ យូនីត គឺ ៤០០ យូនីតត្រូវបានលក់អស់រួចហើយ។ នេះបង្ហាញឲ្យឃើញអំពីទំនុកចិត្តរបស់អតិថិជនដែលពួកគាត់មើលឃើញអំពីសក្តានុពលរបស់ Urban Village។

លោក Ben Li កំពុងថ្លែងទៅកាន់ភ្ញៀវកិត្តិយសនៅក្នុងពិធីដ៏រីករាយនោះ។ សហការី
ដើម្បីបង្ហាញពីភាពជោគជ័យរបស់ខ្លួនកាលពីខែឧសភាកន្លងទៅ អគារខុនដូ Urban Village គឺជាគម្រោងអគារខុនដូតែ ១ គត់នៅកម្ពុជាដែលបានឈ្នះពានរង្វាន់ចំនួន ៥ ក្នុងពេលតែមួយ។
ពានរង្វាន់ទាំង ៥ នោះរួមមាន ពានរង្វាន់ The Best Condo Development (Cambodia) ពានរង្វាន់ The Best Condo Development (Phnom Penh) ពានរង្វាន់ Best Condo Landscape Architectural Design ពានរង្វាន់ Best Condo Architectural Design និងពានរង្វាន់ Best Condo Interior Design ដែលផ្តល់ជូនដោយក្រុមហ៊ុនអចលនទ្រព្យ Asia Property Guru ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
លោកស្រី Catherin Chan និងលោក Ben Li នាយកប្រតិបត្តិក្រុមហ៊ុន Urban Hub បានថ្លែងថា៖ «យើងជាក្រុមហ៊ុនអន្តរជាតិផ្តោតសំខាន់ចំពោះអតិថិជនរបស់យើង និងចង់បង្កើតសហគមន៍ពិតប្រាកដ និងរស់រវើក។ នេះគឺជាចំណុចដ៏សំខាន់ហើយប្រធានបទរបស់យើងគឺរស់នៅ ធ្វើការ និងកម្សាន្ត»។
លោក Nelson Li ប្រធានភ្នាក់ងារអចលនទ្រព្យហុងកុងលោក Henry Cheung ប្រធានក្រុមហ៊ុន Overseas Property Alliance សម្រាប់តំបន់ Greater China Business និងលោក Johnny Chan ប្រធានក្រុមហ៊ុន Overseas Property Alliance បានបង្ហាញទស្សនៈស្រដៀងគ្នាថា ជាទូទៅគម្រោងនេះគឺមានលក្ខណៈពិសេសបំផុត ពីព្រោះក្រៅពីផ្តល់ជូននូវអគារលំនៅឋានដ៏ប្រណីត វាក៏ផ្តល់ជូននូវបរិយាកាសការងារប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដូចជា EMQ (ការវាស់ស្ទង់សេដ្ឋកិច្ច និងគុណភាព) និងជាកន្លែងសម្រាប់ចាប់ផ្តើមអាជីវកម្ម។
ចំពោះដំណាក់កាលទី ២ នេះគឺមានចំនួន ៤ អគារដែលអគារនីមួយៗមាន ៥១ ជាន់លើផ្ទៃដីសរុបចំនួន ៧៦០០០ ម៉ែត្រការ៉េ ខណៈអគារលំនៅឋានមានទំហំ ១២០០០ ម៉ែត្រការ៉េ និងមានកម្ពស់ ១៥០ ម៉ែត្រសរុបចំនួន ១៧០០ យូនីតនឹងមានទំហំចាប់ពី ៤៨ រហូតដល់ ១០៧ ម៉ែត្រការ៉េដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០២២។
៣ ជាន់ដំបូងគឺជាផ្សារទំនើប និងចំណតរថយន្ត។ ជាន់ទី ៤ គឺសួនច្បារ ហើយចាប់ពីជាន់ទី ៥ រហូតដល់ជាន់ទី ៥១ គឺអគារខុនដូ និងអគារប្រភេទ Loft។

ពិធីបំបែកស៊ុតមាសនៅក្នុងពិធីសម្ពោធដាក់លក់គម្រោងអគារខុនដូ Urban Village ដំណាក់កាលទី ២។ រូបថតសហការី
ទាក់ទងនឹងកត្តាសុវត្ថិភាព បរិវេណអគារខុនដូនេះត្រូវបានបំពាក់ដោយប្រព័ន្ធសន្តិសុខទំនើបបំផុតដែលមានការត្រួតពិនិត្យ ២៤ ម៉ោងលើ ២៤ ម៉ោង សម្រាប់ផ្តល់សន្តិសុខខ្ពស់បំផុតដល់ប្រជាពលរដ្ឋដែលរស់នៅ។
អគារខុនដូដ៏ប្រណីតនេះត្រូវបានរចនាឡើងសម្រាប់ការរស់នៅ និងកម្សាន្ត ហើយ ៤៥ ភាគរយនៃផ្ទៃដីសរុបនៃគម្រោងនេះត្រូវបានរក្សាទុកជាកន្លែងបៃតង។ ដែលធ្វើឱ្យវាក្លាយជាកន្លែងសម្រាក និងកម្សាន្តដ៏មានផាសុកភាព សម្រាប់សហគមន៍។
សម្រាប់ទីធ្លាសាធារណៈមានទំហំធំទូលាយមានសុវត្ថិភាព និងផាសុកភាពសម្រាប់អ្នករស់នៅជាពិសេសសម្រាប់សកម្មភាពកម្សាន្តផ្សេងៗ។
លោក Takatoshi Kojima ប្រធានភ្នាក់ងារអចលនទ្រព្យជប៉ុនបានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅឯពិធីសម្ពោធគម្រោង Urban Village ដំណាក់កាលទី ២ កាលពីថ្ងៃទី ២ តុលាថា៖ « Urban Village ដំណាក់កាលទី ២ នេះគឺជាអចលនទ្រព្យដ៏អស្ចារ្យ ហើយលោកមានទំនុកចិត្តខ្ពស់ថាវានឹងអាចទាក់ទាញជនជាតិជប៉ុនបានច្រើន ដោយសារតែការរចនារបស់វាមានលក្ខណៈពិសេសខ្លាំងដូចជាការរចនាយូនីតប្រភេទ Loft ដែលអតិថិជនមានជម្រើសច្រើន ដូចជាបន្ទប់ប្រភេទស្ទូឌីយោ ប្រភេទបន្ទប់គេង ១, ២ និង ៣ ហើយច្បាស់ណាស់វានឹងអាចលក់ដាច់នៅទីផ្សារជប៉ុន»។
ផ្នែកដ៏អស្ចារ្យមួយទៀតនៃគម្រោងនេះគឺមជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh ដែលមានភាពរស់រវើក និងមានទីតាំងស្ថិតនៅជាប់នឹងគម្រោងខុនដូនេះផ្ទាល់តែម្តង។
លោក Li និងលោកស្រី Chan បន្តថា៖ «វាជាមជ្ឈមណ្ឌលច្នៃប្រឌិតធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ និងជាកន្លែងធ្វើការរួមធំជាងគេនៅកម្ពុជា។ ក្រៅពីនេះ វាក៏មានវិចិត្រសាលសិល្បៈធំជាងគេ និងកន្លែងកម្សាន្ត និងជាកន្លែងផលិតស្រាអាល្លឺម៉ង់ដោយដៃដំបូងគេផងដែរ»។
មជ្ឈមណ្ឌល Factory Phnom Penh នេះក៏មានការិយាល័យ សាលាមត្តេយ្យ កន្លែងប្រារព្ធពិធីផ្សេងៗកន្លែងជប់លៀង កន្លែងហាត់ប្រាណបែបប្រេស៊ីល ហាងកាហ្វេ ភោជនីយដ្ឋាន ហាងលក់ទំនិញ ស្ទូឌីយោថតរូប សួនកុមារសម្រាប់កុមារ កន្លែងកម្សាន្តបែបបច្ចេកវិទ្យា កន្លែងច្នៃប្រឌិត កន្លែងជិះស្គី ទីលានបាល់ទាត់ និងបណ្ណាល័យ ជាដើម។
អ្នក ២ បន្ថែមថា៖ «មានក្រុមហ៊ុន និងអង្គការអន្តរជាតិល្បីៗជាច្រើនបានមករៀបចំកម្មវិធីរបស់ពួកគេនៅទីនេះក្នុងនោះមានដូចជាអង្គការសហប្រជាជាតិ សភាពាណិជ្ជកម្មអឺរ៉ុប ក្រុមហ៊ុន Toyota ក្រុមហ៊ុន Smart ក្រុមហ៊ុន H&M និងធនាគារ May Bank ជាដើម។
កាលពីពេលថ្មីៗនេះតារាបាល់ទាត់កម្ពុជាលោក ប្រាក់ មុន្នីឧត្តម ត្រូវបានតែងតាំងជាទូតសុឆ្ឆនៈរបស់ Urban Village។
លោកស្រី Chan កោតសរសើរទេពកោសល្យរបស់លោក ប្រាក់ មុន្នី ឧត្តម ពីព្រោះមហិច្ឆតាឈានទៅរកក្តីស្រមៃរបស់លោកគឺដូចគ្នាទៅនឹងមហិច្ឆតានៃការចង់ពង្រឹងសក្តានុពលរបស់ Urban Village នៅកម្ពុជាដែរ។
លោកស្រីថ្លែងថា៖ «ខ្ញុំសម្លឹងឃើញថា យើងមានក្តីប្រាថ្នាដូចគ្នា ហើយមុនីឧត្តមជាកីឡាករបាល់ទាត់ម្នាក់ដែលមានមហិច្ឆតាដើម្បីទទួលបានជោគជ័យ គឺដូចគ្នាទៅនឹងគម្រោងអគារខុនដូ Urban Village ដែលយើងកំពុងធ្វើនៅទីនេះ ដើម្បីសម្រេចគោលដៅទាំងអស់គ្នា»។
ដូច្នេះអ្វីដែល Urban Village ខិតខំផ្តល់ដល់អតិថិជនគ្រប់រូបគឺបរិយាកាសពោពេញដោយផាសុកភាព សុវត្ថិភាព និងភាពរីករាយ៕