ភ្នំពេញៈ កម្ពុជា​ទទួល​បាន​ពានរង្វាន់​បុរាណ​វិទ្យា​ប៉ាស្ទូម​ឆ្នាំ ២០១៨ (PAESTUM ARCHEOLOGIA) ​ពីវេទិកា​ពិព័រណ៍អន្តរជាតិ​លើក ​ទី​ ២១​ ស្ដីពី​ការផ្លាស់ប្ដូរ​បទពិសោធន៍​អំពី​បេតិកភណ្ឌ ​និង​ទេសចរណ៍​នៃ​តំបន់ ​មេឌីទែរ៉ាណេ ​និង​ តំបន់​អឺរ៉ុប ​ដែលរៀប​ចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ Mediterranean Exchange of Archaeological Tourism ​នៅ​រមណីយដ្ឋាន​បុរាណ​ពិភព​លោក ​(Paestum) ក្នុង​ប្រទេស​អ៊ីតាលី​។ នេះបើ​យោង​តាម​ការផ្សព្វផ្សាយ​របស់​មជ្ឈមណ្ឌល​ខាងលើ នាថ្ងៃទី១៨ ខែវិច្ឆិកា នេះ។


វេទិកា ​ដែលផ្ដល់​ការគាំទ្រ​និង​កិច្ចសហការ​ពីអង្គការ​ UNESCO, UNWTO ​និង ICCROM មួយនេះ​បានចាប់​ផ្ដើម​ពីថ្ងៃទី ​១៥ ដល់​ ១៨ ​ខែ​វិច្ឆិកា ​ឆ្នាំ២០១៨ ​មាន​អ្នក​ចូលរួម​ជាង​ ១០ ០០០ នាក់​ មកពី​ ៣០ ប្រទេស ​រួមទាំង​កម្ពុជា ​បាន​ផ្ដោត​សំខាន់​ទៅលើក​ការលើក​កម្ពស់​សារៈសំខាន់​នៃ​បេតិ​កភណ្ឌ​វប្បធម៌​ ដែលជា​កត្តាមួយ​នៃ​ការសន្ទនា​អន្តរវប្បធម៌​សមា​ហរណកម្ម​សង្គម​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។

បើ​តាម​របាយការណ៍​ព័ត៌មាន​ពី​មជ្ឈមណ្ឌល ​Mediterranean Exchange of Archaeological Tourism ​លោកស្រី ភឿង​ សកុណា ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​និង​ជាប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ​ដែលបាន​ដឹកនាំ​ប្រតិភូ ទៅ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ត្រូវបាន​លោក​ Ugo Picarelli ប្រធាន​មជ្ឈមណ្ឌល​ Mediterranean Exchange of Archaeological Tourism ដែល​ជាអ្នករៀប​ចំ​កម្មវិធី​នេះ​ឡើង ​ផ្ដល់​ពាន​រង្វាន់​បុរាណ​វិទ្យា​ប៉ាស្ទូម​ ឆ្នាំ២០១៨ ​បន្ទាប់​ពី​អ្នកស្រី​បានឡើង​ធ្វើ​ជាវា​គ្មិន​ដ៏សំខាន់​ក្នុង​ការជជែក​ពិភាក្សា​នៅថ្ងៃ​ទី​ ១៧ ​ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៨ ​ដោយធ្វើការ​ប្រៀប​ធៀប​ពី​លក្ខណៈប្រវត្តិ​សាស្ត្រ​និង​វិទ្យា​សាស្ត្រ ​នៃ​ប្រាសាទ​អង្គរវត្ត​ដ៏អច្ឆរិយៈ​នៃ​ប្រទេស​កម្ពុជា ​និង​កីឡដ្ឋាន​បុរាណ​ដ្ឋាន​ពិភព​លោក(Colosseum​)របស់​ប្រទេស​អ៊ីតាលី ​ដ៏គួរឲ្យ​ចាប់​អារម្មណ៍​រួចមក​។

លោក​ស៊ុម ម៉ាប់​ អគ្គនាយក​អាជ្ញាធរ​អប្សារា ​ថ្លែង​ នា​ថ្ងៃអាទិត្យ​នេះ​ថា ​ពានរង្វាន់​នេះ​គឺ​ជាការបង្ហាញ​អំពី​ឧត្តម​ភាព​របស់​កម្ពុជា ​ដែលកំពុង​ដើរ​លើ​មាគា៌​ដ៏ត្រឹមត្រូវ​ក្នុង​កិច្ច​ការពារ ​អភិរក្ស និង​ អភិវឌ្ឍន៍​បុរាណដ្ឋាន​បេតិកភណ្ឌ​ពិភពលោក។​

លោក​ថ្លែងថា​៖«ពានរង្វាន់​នេះ​គឺជា​មហា​កិតិ្តយស​ដ៏ថ្លៃថ្លា​បំផុត​របស់​យើង ​ព្រោះ​វា​ជាការទទួល​ស្គាល់​ជាអន្តរជាតិ​ អំពីភាព​អស្ចារ្យ​នៃ​រមណីយដ្ឋាន​អង្គរ​ ដែលជា​សារមន្ទីរ​មានជីវិត ​ពោរពេញ​ទៅដោយ​ប្រវត្តិសាស្ត្រ ​សិល្បៈ ​និង​បុរាណ​វិទ្យា​»។


គួរបញ្ជាក់ថា ​វេទិកានេះ​ ត្រូវ​បាន​គេ​រៀបចំ​ឡើង​ជារៀងរាល់​ឆ្នាំ ​ ហើយ​ឆ្នាំ​នេះ​គឺ​ជាខួប​លើកទី​៥០​នៃការរក​ឃើញ​ទីបុរាណ​ដ្ឋាន​ស័ក្ដិសិទ្ធ​ិរបស់​ជនជាតិ​ក្រិកដ៏ល្បីល្បាញ​មួយក្នុង​ពិភពលោក​ ដោយ​បុរាណវិទូ​ម្នាក់​មកពី​ក្លិប​Napoli គឺ​លោក​ Mario នាថ្ងៃ​ទី០៣ ​ខែមិថុនា ​ឆ្នាំ ១៩៦៨។ ​ក្រៅ​ពី​លោក​ស្រី​ ភឿង សកុណា ​នៅ​មាន​បេក្ខជន​បីនាក់​ផ្សេង​ទៀត ​ដែល​រួមមាន​ លោក​ស្រី Irina Bokova អតីត​ប្រធាន​អង្គការ​ UNESCO, លោក​ Avellino ​អគ្គនាយក​សារមន្ទីរ​ Salerno ​និង សហការី​របស់​គាត់ ​គឺ ​លោក​ Benevento ​ក៏ទទួល​បាន​ពានរង្វាន់​ដ៏អស្ចារ្យ​ពី​កម្មវិធី​នេះ​ផង​ដែរ៕