ភ្នំពេញ៖ កម្ពុជា-វៀតណាម បានឯកភាពគ្នាបង្កើតក្រុមការងារចំពោះកិច្ចនិងអនុក្រុមការងារចំពោះកិច្ចទៅតាមវិស័យដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅច្រកទ្វារអន្តរជាតិព្រំដែនបាវិត-ម៉ុកបៃ ខណៈក្នុង ១ ថ្ងៃៗមានរថយន្តធុនធំដឹកកុងតឺន័រឆ្លងកាត់ទីនោះប្រមាណពី ៣០០ ទៅ ៤០០ គ្រឿង។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ វិច្ឆិកា ថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងភាគីវៀតណាម បានឯកភាពគ្នាបង្កើតក្រុមការងារចំពោះកិច្ចនេះឡើងដើម្បីដោះស្រាយនិងធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម។
លោកបន្តថា ការកស្ទះចរាចរណ៍នៅតាមព្រំដែននេះ មិនមែនមានតែនៅក្នុងទឹកដីខាងកម្ពុជានោះទេ តែនៅខាងវៀតណាមក៏មានការកកស្ទះខ្លាំងផងដែរ។ ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញនេះ ទើបបានយើងឯកភាពក្នុងការបង្កើតក្រុមការងារនេះឡើងដើម្បីធ្វើការរួមគ្នា។
ទោះជាយ៉ាងណា លោក វ៉ាស៊ីម សូរិយា ឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់ចេញសេចក្តីសម្រេចណាមួយនៅឡើយទេ ដោយសារខាងក្រសួងស្ថាប័នពាក់ព័ន្ធមិនទាន់បានបញ្ជូនឈ្មោះមន្ត្រីឱ្យមកក្រសួងសាធារណការដែរ។ ក៏ប៉ុន្តែលោករំពឹងអាចនឹងចេញឆាប់ៗខាងមុខនេះ។
លោកបានបញ្ជាក់ថា៖ «អាស្រ័យលើស្ថាប័នពាក់ព័ន្ធបញ្ជូនឈ្មោះមកឱ្យក្រសួងសាធារណការ ព្រោះការងារនេះជាការងារចម្រុះដែលមានការចូលរួមពីក្រសួង និងស្ថាប័នពាក់ព័ន្ធដូចជាខាងអន្តោប្រវេសន៍ សុខាភិបាល និងក្រសួងកសិកម្មជាដើម ហើយក៏ខាងវៀតណាមក៏មិនទាន់ដឹងថា មានសមាសភាពប៉ុន្មាននាក់ដែរ»។
លោកបានឱ្យដឹងដែរថា កន្លងមកក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលសំណើច្រើនពីភាគីពាក់ព័ន្ធ ជុំវិញការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនតាមព្រំដែននេះ ស្របពេលដែលរថយន្តដឹកទំនិញធំតាមកុងតឹន័រឆ្លងកាត់មានពី ៣០០ ទៅ ៤០០ គ្រឿង ក្នុងមួយថ្ងៃៗ។ បញ្ហានេះ មានការស្នើសុំឱ្យពង្វាងចរាចរណ៍ទៅកាន់ច្រកថ្មីគឺច្រកព្រៃវល្លិ៍ ខណៈខាងភាគីវៀតណាមក៏បានស្នើឱ្យមានចំណតរថយន្តនិងកន្លែងត្រួតពិនិត្យនៅខាងទឹកដីរបស់ខ្លួនព្រោះវៀតណាមមានដី ១ កន្លែងដែលអាចរៀបចំបាន។
លោក ស៊ិន ចន្ទធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបានឱ្យដឹងថា បញ្ហាកកស្ទះចរាចរណ៍រថយន្តដឹកទំនិញនៅតាមព្រំដែនដែនកម្ពុជា-វៀតណាមនេះ បានកើតឡើងចាប់តាំងពីមិនទាន់ផ្ទុះឡើងនូវជំងឺកូវីដ ១៩ ហើយបន្តរហូតមកដល់បច្ចុប្បន្ននេះនៅតែមិនទាន់ដោះស្រាយបាន។
លោកបន្តថា បើទោះបីភាគីទាំង ២ បានជួបពិភាក្សាជាបន្តបន្ទាប់ ប៉ុន្តែនៅតែមិនទាន់ដោះស្រាយបាននៅឡើយ ទាំងការដឹកជញ្ជូនទំនិញនៅតាមកំពង់ភ្នំពេញ និងទំនិញដឹកតាមច្រកព្រំដែន ព្រោះថា មុននឹងទំនិញមកដល់កម្ពុជា គឺទំនិញទាំងនោះត្រូវឆ្លងកាត់ប្រទេសវៀតណាម។
លោកបញ្ជាក់ថា៖ «បញ្ហានៅត្រង់ថាខាងគយវៀតណាម ក្នុងមួយរយៈចុងក្រោយនេះ បានត្រួតពិនិត្យគ្រប់កុងតឺន័រទាំងអស់ ហើយទំនិញទាំងអស់គ្រាន់តែដឹកជញ្ជូនឆ្លងកាត់ប៉ុណ្ណោះ ដែលបញ្ហានេះបានធ្វើឱ្យមានការកកស្ទះចរាចរណ៍ និងចំណាយពេលយូរ ហើយក្រុមហ៊ុនខ្លះទៀតត្រូវចំណាយលុយពីលើនេះ ទើបអាចចេញបាន ទើបសមាគមសរសេរលិខិតទៅក្រសួងដើម្បីជួយដោះស្រាយ»។
យ៉ាងណាក្ដី លោក ស៊ិន ចន្ទធី បានសម្តែងស្វាគមន៍ចំពោះភាគីកម្ពុជា-វៀតណាម ដែលបានបង្កើតក្រុមការងារនេះដើម្បីពន្លឿនការដោះស្រាយបញ្ហាកកស្ទះរថយន្តដឹកជញ្ជូនទំនិញនេះ ប៉ុន្តែក្រុមការងារនេះ ត្រូវធ្វើការងារឱ្យមានភាពសកម្ម និងឆ្លើយតបឱ្យបានលឿន ហើយបើមានបញ្ហាអ្វីដែលអាចឱ្យសមាគមជួយសមាគមនឹងជួយគ្រប់បែបយ៉ាង។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២៥ វិច្ឆិកា បានដឹកនាំកិច្ចប្រជុំទ្វេភាគីជាមួយភាគីវៀតណាមជុំវិញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនប្រទេសទាំង ២ នេះ សំដៅឱ្យធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនបានប្រសើរឡើង និងទំហំពាណិជ្ជកម្មកាន់តែកើនឡើង។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ភាគីទាំង ២ បានឯកភាពគ្នាបង្កើតក្រុមការងារចំពោះកិច្ច និងអនុក្រុមការងារចំពោះកិច្ចទៅតាមវិស័យ ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ជាដើម ដើម្បីសហការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយក្រុមការងារចំពោះកិច្ចរបស់ប្រទេសទាំង ២ ត្រូវជួបប្រជុំពិភាក្សាជាទៀងទាត់ និងធ្វើរបាយការណ៍ប្រចាំខែជូននាយករដ្ឋមន្ត្រីរបស់ខ្លួនរៀងៗខ្លួនផងដែរ»៕