តាកែវៈ កម្មករ-កម្មការិនីនៅរោងចក្រ វូណាមី ដែលមានទីតាំងស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទីកាលពីម្សិលមិញបានបន្តដួលសន្លប់ចំនួន ៥៣ នាក់បន្ថែមទៀត បន្ទាប់ពីដួលសន្លប់ចំនួន ៤៤ នាក់ កាលពីរសៀលថ្ងៃអង្គារ ដោយសារបរិយាកាសនៅក្នុងរោងចក្រមានសភាពក្ដៅ និងហប់ខ្យល់។ នេះបើតាមលោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារខេត្តតាកែវ។
លោក វីរីយ៉ា បន្តថា៖ «ក្រោយពីពិនិត្យស្ថានភាពជាក់ស្ដែងក្នុងរោងចក្រនេះ ក្រុមគណៈកម្មការយើងបានសម្រេចឲ្យខាងភាគីរោងចក្រ ធ្វើការកែសម្រួលលក្ខណៈបច្ចេកទេសមួយចំនួននៅក្នុងរោងចក្រដោយរៀបចំប្រព័ន្ធកង្ហារបឺតខ្យល់ចេញចូលបន្ថែម និងរៀបចំរើទូដាក់សម្ភារចេញពីទីតាំងការងាររបស់កម្មករ ដើម្បីឲ្យលម្ហបរិយាកាសនៅកន្លែងកម្មករបំពេញការងារមានលក្ខណៈទូលាយ និងកាត់បន្ថយភាពស្អុះស្អាប់»។ «ជាមួយគ្នានេះយើងបានតម្រូវឲ្យរោងចក្រ អនុញ្ញាតឲ្យកម្មករដែលបានដួលសន្លប់ក្នុងរយៈពេល ២ ថ្ងៃជាប់គ្នានេះ ដែលមានចំនួនសរុប ៩៧ នាក់បានឈប់សម្រាកបំប៉នសុខភាពរយៈពេល ៣ ថ្ងៃដោយមិនកាត់ប្រាក់ឈ្នួល»។
បើតាមលោក វីរីយ៉ា ករណីដួលសន្លប់នេះដំបូងផ្ដើមមកពីកម្មការិនី ២ នាក់ ដែលមានផ្ទៃពោះមានអាការថប់ដង្ហើម ទន់ដៃទន់ជើង ហើយត្រូវបានក្រុមការងារជួយគ្រាហ៍ទៅគ្លីនិកក្នុងរោងចក្រ ដើម្បីពិនិត្យព្យាបាល ប៉ុន្តែដោយសារស្ថានភាពនៃអាការស្ត្រីទាំង ២ មានសភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យប្រចាំរោងចក្របានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបាទី។
យ៉ាងណាក្តីលោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជាថ្លែងថា ជាទូទៅការដួលសន្លប់របស់កម្មករគឺដោយសារកត្តាសុខភាពពីព្រោះក្រុមកម្មករបរិភោគអាហារខ្វះជីវជាតិ និងគ្មានអនាម័យ និងបូករួមទាំងបរិយាកាសមិនល្អនៅក្នុងរោងចក្រ។ «សម្រាប់ខ្ញុំគឺស្នើសុំដល់ស្ថាប័នជំនាញ ដូចជាក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម និងក្រសួងការងារជាដើម ធ្វើការត្រួតពិនិត្យរោងចក្រទាំងអស់ឱ្យបានដិតដល់ ហើយប្រសិនបើរកឃើញមានរោងចក្រមិនបានគោរពទៅតាមបទដ្ឋានច្បាប់តម្រូវទេ គឺត្រូវតែមានវិធានការ»៕