កំពូល​តម្កល់​ទោស​ ១ ​ជីវិត​ លើ​​ស្ត្រី​វៀតណាម​ករណី​ជួញ​ថ្នាំញៀន

Content image - Phnom Penh Post
ស្ត្រី​ជាប់ចោទ​ជាជនជាតិវៀតណាម ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីឆ្នាំ ២០១៦។ រូបថត Facebook

ភ្នំពេញៈ ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុងចំណោម​ ៣ ​នាក់​ (​បុរស​ចិន​ ២ ​នាក់​) ​ត្រូវបាន​តុលាការ​កំពូល​ប្រកាស​សាលដីកា​កាលពី​ម្សិលមិញ​ឱ្យ​ជាប់​ពន្ធនាគារ​ ១ ​ជីវិត បន្ទាប់ពី​ជំនុំជម្រះ​ពីថ្ងៃ​ទី​ ២ ​កញ្ញា​ ពាក់ព័ន្ធ​ករណី​ជួញ​គ្រឿងញៀន​ជាង​ ៣ ​គីឡូក្រាម ​ប្រព្រឹត្ត​នៅ​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​ ២០១៦​។

ថ្លែង​នៅពេល​ប្រកាស​សាលដីកា​ចំពោះមុខ​ស្ត្រី​ជាប់ចោទ​ដែល​ឈរ​ក្នុង​រង្វង់​ក្រចកសេះ​នៃ​បន្ទប់​សវនាការ​លោក ចៅក្រម ស៊ឹង បញ្ញាវុឌ្ឍ បានឱ្យ​ដឹងថា ស្ត្រី​ជាប់ចោទ​មាន ឈ្មោះ ង្វៀង ធីវ៉ាន់ អាយុ​ ៣២ ​ឆ្នាំ​ ជា​ជនជាតិ​វៀតណាម​ជាប់ចោទ​ពី​បទ​ជួញដូរ​គ្រឿងញៀន​។ កាលពី​បើកសវនាការ​នា​ថ្ងៃទី​ ២ កញ្ញា ស្ត្រី​រូបនេះ​បាន​ឆ្លើយថា ខ្លួន​ទទួលស្គាល់​តែ​គ្រឿងញៀន​មេតំហ្វេតាមីន​ទម្ងន់​ ៦២,៤ ​ក្រាម​ទេ​។

រីឯ​ជាង​ ៣ ​គីឡូក្រាម​ទៀត​ គឺជា​របស់​សង្សារ​ខ្លួន​។

លោក​បន្តថា ចំពោះ​មេធាវី​​ការពារ​សិទ្ធិ​ឱ្យ​ស្ត្រី​ជាប់ចោទ​លើក​ហេតុផល​កាលពី​ថ្ងៃ​ជំនុំជម្រះ​ថា ពេល​សមត្ថកិច្ច​ចាប់​កូនក្តី​គាត់​គឺ​សមត្ថកិច្ច​រកឃើញ​តែ​គ្រឿងញៀន​ ៦២,៤ ​ក្រាម​ទេ​។

ដូច្នេះ​មេធាវី​ស្នើឱ្យ​តុលាការ​កំពូល​ផ្តន្ទាទោស​តែ​ទៅតាម​ទម្ងន់​គ្រឿងញៀន​ ៦២,៤ ​ក្រាម​នោះ​។ ​ប៉ុន្តែ​ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់ឃើញ​ថា ការស្នើសុំ​របស់​មេធាវី​នេះ​ជា​សំណើ​ដដែលៗ​ដូច​ធ្វើ​នៅ​សាលាឧទ្ធរណ៍​ដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​បទល្មើស​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​គ្នា​ជា​ខ្សែបណ្តាញ​ក្នុង​លក្ខណៈ​ជា​បទល្មើស​ជួញដូរ​។ ដូច្នេះ​តុលាការ​កំពូល​សម្រេច​តាម​អំណាច​សាលដីកា​របស់​សាលាឧទ្ធរណ៍​ដដែល​»​។

តាម​កំណត់ហេតុ​របស់​តុលាការ​កំពូល​បង្ហាញថា កាលពី​ម៉ោង​ជាង​ ៧ ​ព្រឹក ថ្ងៃទី​ ៣ សីហា ​ឆ្នាំ​ ២០១៦ នគរបាល​នៃ​មន្ទីរប្រឆាំង​គ្រឿងញៀន​បាន​ប្រើ​វិធី​ទាក់ទង​បញ្ជា​ទិញ​គ្រឿងញៀន​ពី​ស្ត្រី​ឈ្មោះ ង្វៀង ធីវ៉ាន់ ហើយ​បាន​ឃាត់ខ្លួន​ស្ត្រី​នោះ​រួច​បាន​បន្តទៅ​ឆែក​ក្នុងផ្ទះ​លេខ​ ៦៩ ​នៅ​ជាន់​ទី​ ៣ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ទៀត​។

តាម​កំណត់ហេតុ​ដដែល​ពេល​ឆែក​ផ្ទះ​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ វ៉ាន់ ជុងហ័រ ខណៈ​បុរស​ចិន​​ម្នាក់ទៀត​ឈ្មោះ​កឺកឺ បាន​គេច​ខ្លួន​។ ​ប៉ុន្តែ​បាន​រកឃើញ​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ទម្ងន់ ៣ ០៣៣,៨២ ​ក្រាម​, ​ប្រភេទ​អ៊ិចស្តាស៊ី​ (MDMA)​ ទម្ងន់​ ២៤៩,៩៨ ​ក្រាម និង​ប្រភេទ​ហេរ៉ូអ៊ីន​ចំនួន​ ២៤១,៦៤ ​ក្រាម សរុប​ថ្នាំញៀន​ទាំង​ ៣ ​ប្រភេទ​មាន​ទម្ងន់ ៣៥២៥,៤៤ ​ក្រាម​។

ក្រៅពី​នេះ​សមត្ថកិច្ច​បាន​រកឃើញ​ឧបករណ៍​សម្រាប់​ផលិត​គ្រឿងញៀន​ ១ ​គ្រឿង និង​ដប​សម្រាប់​ជក់​គ្រឿងញៀន​ផងដែរ ហើយ​បាន​កសាង​សំណុំរឿង និង​អ្នក​ដែល​ចាប់ខ្លួន​​បាន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្តទៀត​។

សំណុំ​រឿងនេះ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​ផ្តន្ទាទោស​ចំពោះមុខ​ស្ត្រី​វៀតណាម​ឈ្មោះ​ ង្វៀង ធីវ៉ាន់ និង​បុរស​ជនជាតិ​ចិន​​ឈ្មោះ​ វ៉ាន់ ជុងហ័រ និង​កំបាំងមុខ​ឈ្មោះ​ កឺកឺ កាលពី​ថ្ងៃ​ ២៧ ​ខែ​ ធ្នូ ឆ្នាំ​ ២០១៧ ដាក់​ពន្ធនាគារ​ម្នាក់ៗ​ ១ ​ជីវិត និង​ពិន័យ​ប្រាក់​ក្នុង​ម្នាក់ៗ​ ៥០ ​លាន​រៀល ​ចូល​ថវិការដ្ឋ និង​ចេញ​ដីកា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ឈ្មោះ កឺកឺ មក​ដាក់ពន្ធនាគារ​។

ក៏ប៉ុន្តែ​ដោយ​មិន​សុខ​ចិត្តនឹង​ទោស​នេះ​មាន​តែ​ស្ត្រី​ឈ្មោះ ង្វៀង ធីវ៉ាន់ ម្នាក់​គត់ បាន​ប្តឹង​ឧទ្ធរណ៍ តែ​ត្រូវ​ឧទ្ធរណ៍​សម្រេច​តម្កល់​ទោស​ជាប់​ពន្ធនាគារ​ ១ ​ជីវិត​ដដែល​កាល​ថ្ងៃទី​ ២០ កញ្ញា ឆ្នាំ​ ២០១៩៕

ព័ត៌មានថ្មីៗ