ភ្នំពេញៈ ក្រសួងបរិស្ថាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក ដើម្បី​លើកកម្ពស់​បរិស្ថាន ខណៈ​ក្រសួង​ក៏​កំពុង​ត្រៀម​រៀបចំ​ការប្រគំ​តន្ត្រី​មួយ​ក្នុង​ការផ្សព្វផ្សាយ​អប់រំ​ពី​ការទុកដាក់​សំរាម និង​ការកាត់បន្ថយ​ប្រើប្រាស់​ប្លាស្ទិក​ដល់​សាធារណជន​នៅ​អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​។


ពិធី​ប្រគំ​តន្ត្រី​រយៈពេល​ ៣ ​ថ្ងៃ​ ក្រោម​ប្រធានបទ​ “​តូរ្យតន្ត្រី​ដើម្បី​កិច្ច​គាំពារ​បរិស្ថាន​សូម​និយាយថា​ទេ​ចំពោះ​ប្លាស្ទិក​» ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១០ ដល់​ថ្ងៃទី​ ១២ ខែ​វិច្ឆិកា នៅ​ទីតាំង​មុខ​ទីស្តីការ​ក្រសួង បរិស្ថាន​ផ្ទាល់​។ នេះ​បើតាម​ការអះអាង​របស់​លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែង​ក្នុង​សន្តិ​សីទ​កាសែត​ពី​ម្សិលមិញ​។

លោក​ នេត្រ ភក្ត្រា បាន​ថ្លែងថា ការប្រគំ​តន្ត្រី​នេះ​រៀបចំ​ឡើង​ដោយ​ក្រសួងបរិស្ថាន និង​មាន​កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​វិស័យ​ឯកជន​ជាច្រើន​។ លោក​រំពឹងថា​នឹង​មាន​អ្នកចូលរួម​ទស្សនា​នឹង​ទទួល​បាន​ចំណេះដឹង​ច្រើន​ពី​ការប្រគំ​តន្ត្រី​នេះ ជាពិសេស​ពី​សំណាក់​យុវជន​កម្ពុជា​។

លោក​បន្តថា ការប្រើប្រាស់​ថង់ប្លាស្ទិក និង​កាកសំណល់​ថង់ប្លាស្ទិក​នេះ​គឺជា​បញ្ហា​មួយ​ដែល​ប្រឈម​ចំពោះ​ប្រទេស​កម្ពុជា​ក៏ដូចជា​នៅលើ​ពិភពលោក​។ ហេតុដូច្នេះ​បាន​ជា​ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក​ខាងមុខ​នេះ​ដែល​ប្រជាពលរដ្ឋ​មកពី​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ជា​ឱកាស​មួយ​ក្នុងការ​បញ្ជ្រាប​ពី​បញ្ហា​បរិស្ថាន និង​បណ្តុះ​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ស្រឡាញ់​បរិស្ថាន ជាពិសេស​ការចូលរួម​កាត់បន្ថយ ការប្រើ​ថង់​ប្លាស្ទិក​។

លោក​បញ្ជាក់ថា​៖ «​ក្នុងអំឡុង​បុណ្យ​អុំទូក​នេះ​យើង​ក៏​ចង់​និយាយ​អំពី​ការប្រើប្រាស់​នូវ​តូរ្យតន្ត្រី ចម្រៀង ដើម្បី​ចូលរួម​ក្នុង​ការអប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​ផល​ដែល​កើត​ចេញ​ពី​ការប្រើប្រាស់​ថង់​ប្លាស្ទិក និង​បណ្តុះ​ស្មារតី​ឲ្យ​ប្រជាពលរដ្ឋ​ស្រឡាញ់​ក៏ដូចជា​ចូលរួម​ក្នុង​ការកាត់បន្ថយ​ថង់ប្លាស្ទិក​នៅ​កម្ពុជា​»​។


កញ្ញា Laura Mam តារាចម្រៀង និង​ជា​អ្នកតំណាង​ឲ្យ​ក្រុម​សិល្បករ​ដែល​ចូលរួម​ក្នុង​ការប្រគំ​តន្ត្រី​នេះ​លើក​ឡើង​ថា នេះ​ជា​យុទ្ធនាការ​ឌីជីថល ដើម្បី​ថែរក្សា​ការពារ​បរិស្ថាន ដោយ​ការគ្រប់គ្រង​សំរាម និង​កាកសំណល់​ប្លាស្ទិក​។ នេះ​ជា​ឱកាស​មួយ​សម្រាប់​យុវជន​ខ្មែរ ដើម្បី​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត និង​ទេពកោសល្យ​របស់​ពួកគេ និង​ជា​ឱកាស​ដែល​ពួកគេ​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ថែរក្សា​ការពារ​បរិស្ថាន​ផង​។

កញ្ញា​បន្តថា បញ្ហា​បរិស្ថាន​មិនអាច​ដោះស្រាយបាន​ដោយ​មនុស្ស​ម្នាក់ ឬ​ ២ ​នាក់​ទេ​គឺ​វា​តម្រូវ​ឱ្យ​មាន​ការចូលរួម​ជ្រោមជ្រែង​ពី​ប្រជាជន​កម្ពុជា​គ្រប់រូប​ដែល​ត្រូវ​ចូលរួម​ក្នុង​ការថែរក្សា​សម្រស់​រុក្ខជាតិ​។ ដូច្នេះ​គ្រប់គ្នា​គួរ​មាន​មោទនភាព​លើ​បរិស្ថាន​ស្អាត ហើយ​ផ្លាស់ប្តូរ​ទម្លាប់​មិនល្អ ពេល​ប្រើប្រាស់​ប្លាស្ទិក និង​ចោល​សំរាម​។

កញ្ញា​ថ្លែងថា​៖ «​តន្ត្រី និង​ការសម្តែង​សិល្បៈ​មាន​ឥទ្ធិពល​មួយ​បែប​ដែល​អាច​នាំសារ​ទៅដល់​ប្រជាជន​ជាច្រើន ពេល​ពួកគាត់​មក​ចូលរួម​កម្សាន្ត​ក្នុង​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ​។ សម្រាប់​ឆ្នាំ​នេះ​នាង​ខ្ញុំ​សង្ឃឹម​ថា​ក្នុង​ពេល​ដែល​ពលរដ្ឋ​យើង​សប្បាយ​រីករាយ​នឹង​ទូកប្រណាំង យើង​នឹង​រក​ឱកាស​នេះ​មក​ផ្លាស់ប្តូរ​ផ្នត់គំនិត និង​ទម្លាប់​មិនល្អ​ចេញ ហើយ​ពង្រឹង​ក្តី​ស្រឡាញ់​បរិស្ថាន​ស្អាត ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ឲ្យ​មាន​សោភណភាព ស្រស់ស្អាត ដែលជា​មោទនភាព​ខ្មែរ​យើង​គ្រប់គ្នា​»​។

លោក Magnus Saemunsson អនុប្រធាន​ទី​ ១ ​នៃ​អគ្គរដ្ឋទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ថ្លែងថា សំរាម​ដែល​បោះចោល​នៅ​ប្រទេស​ស៊ុយអែត​ប្រមាណ​ ២ ​ភាគរយ​ត្រូវបាន​យកទៅ​ធ្វើតេស្ត និង​កែច្នៃ​ឡើងវិញ ឬ​ប្រើ​សម្រាប់​ផលិតកម្ម​ថាមពល​។ ដូច្នេះ​វា​ជា​ជោគជ័យ​មួយ​នៃ​វប្បធម៌​ទុកដាក់​សំរាម និង​ការកែច្នៃ​សំរាម​សម្រាប់​ស៊ុយអែត​។

លោក​បន្តថា​៖ «​ការប្រើប្រាស់​ប្លាស្ទិក​មិនបាន​ត្រឹមត្រូវ វា​នឹង​ធ្វើឱ្យ​មាន​ផលប៉ះពាល់​ដល់​ខ្លួន​យើង​វិញ​។ ដើម្បី​កាត់បន្ថយ​បរិមាណ​ប្លាស្ទិក​ដែល​កំពុង​ចរាចរ​នេះ​គឺ​យើង​ត្រូវ​ចូលរួម​ទាំងអស់​គ្នា​។ ខ្ញុំ​យល់ថា ក្រសួងបរិស្ថាន​កម្ពុជា​កំពុង​បោះជំហាន​ដ៏ធំ​មួយ​សម្រាប់​បរិស្ថាន​ល្អប្រសើរ​ជាមួយ​នឹង​យុទ្ធនាការ​កាត់បន្ថយ​ប្លាស្ទិក​»​។

លោក Nick Beresford តំណាង​អង្គការ UNDP Cambodia ថ្លែងថា កាកសំណល់​ប្លាស្ទិក​នៅតែ​ជា​បញ្ហា​ប្រឈម​បំផុត​នៅ​កម្ពុជា​ដោយ​ថ្មីៗ​នេះ​មាន​ការស្រាវជ្រាវ​មួយ​រកឃើញ​ថា បរិមាណ​ប្លាស្ទិក​មាន​ចំនួន​ ៨,៣ ​ពាន់​លាន​តោន​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ពិភពលោក​។ សម្រាប់​ប្រទេស​កម្ពុជា​កាកសំណល់​ក្នុង​ក្រុង​ត្រូវ​បាន​ផលិត​ច្រើនជាង​ ៤ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំៗ​ជាពិសេស​នៅ​ភ្នំពេញ​ក្នុង​នោះ​មាន​ ២០ ​ភាគរយ​ជា​ថង់​ប្លាស្ទិក​។

លោក​បញ្ជាក់ថា​៖ «​ការកាត់បន្ថយ​បរិមាណ​សំណល់​ប្លាស្ទិក​គឺជា​បញ្ហា​ប្រឈម​ដោយសារ​តែ​ទម្លាប់​ចោល​ប្លាស្ទិក​ពិបាក​នឹង​កែប្រែ​ណាស់​។ ព្រោះ​វា​មាន​តម្លៃ​ថោក ប្រើ​មិន​បាន​យូរ និង​ងាយស្រួល​រក​សម្រាប់​មនុស្ស​ភាគច្រើន វា​ច្បាស់​ណាស់​ថា សូម្បី​តែ​កាហ្វេ​តែ​ ១ ​កែវ​ក៏​ត្រូវ​ប្រើ​ប្លាស្ទិក​ដែរ​»៕