ក្រសួង​ប្រាប់​លោកស្រី​ ស្ម៊ីត​ ពី​ថ្ងៃ​បញ្ចប់​នៃ​ការ​ចុះ​បញ្ជី​ដី

Content image - Phnom Penh Post
ជំនួបរវាងមន្ត្រីក្រសួងរៀបចំដែនដី និងគណៈប្រតិភូរបស់លោកស្រី រ៉ូណា ស្មុីត ។ ក្រសួងរៀបចំដែនដី

ភ្នំពេញៈ លោក​ឧបនាយក​រដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម​និង​សំណង់​ប្រកាស​ប្រាប់ លោកស្រី រ៉ូណា ស្ម៊ីត អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាតិ (អសប) ប្រចាំ​កម្ពុជា​ថា​ក្រសួង​គ្រោង​នឹង​បញ្ចប់​ការ​ចុះ​បញ្ជី​ដីធ្លី​ត្រឹម​ឆ្នាំ ២០២១ ខណៈ​ពេល​នេះ​ទើប​សម្រេច​បាន ៧៤ ភាគរយ។

ការចេញ​សេចក្ដីប្រកាស​ព័​ត៌មាន​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃ​អង្គារ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ភាគី​ទាំង ២ បាន​ជួបគ្នា​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់​ពិភាក្សា​ពី​បញ្ហា​សិទ្ធិ​មនុស្ស ពិសេស​ទាក់ទង​នឹង​បញ្ហា​ដីធ្លី។

តាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រសួង​បាន​ចុះបញ្ជី​ដី ៥,២ លាន​ក្បាលដី ស្មើ​នឹង ៧៤ ភាគរយ ក្នុង​ចំណោម​ក្បាលដី​សរុប ៧ លាន​ក្បាលដី​ ក្នុង​នោះ​ក្រសួង​បាន​ចុះ​បញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន ២៤ សហគមន៍ និង​បាន​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី ៨ ០៦២ ករណី ហើយ​នៅ​សល់​ប្រមាណ​ជា ២០០០ ករណី​ទៀត ក្រសួង​កំពុង​បន្ត​ដោះស្រាយ។

តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល លោក​ ជា សុផារ៉ា ក៏បាន​បញ្ជាក់ប្រាប់​លោក​ស្រី​ ស្ម៊ីត ផងដែរ​ថា ក្រសួង​នឹង​ជំរុញ​ពន្លឿន​ការ​ចុះ​បញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​នៅ​សេស​សល់ ការ​ចូលរួម​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​កម្ពុជា ការ​គាំទ្រ​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ដើម្បី​រៀបចំការ​តាំង​លំនៅ​ថ្មី​របស់​ពលរដ្ឋ​ដែល​រស់​នៅ​លើ​ទឹក ការ​សហការ​កែ​លម្អ​ក្របខ័ណ្ឌ​នគរូប​នីយកម្ម​នៅ​កម្ពុជា និង​ការ​រៀបចំ​វេទិកា​ថ្នាក់​ជាតិ​ស្តីពី​នគរូប​នីយកម្ម​ឱ្យ​បាន​ជោគជ័យ។

ទាក់ទង​នឹង​បញ្ហា​នេះដែរ លោកស្រី រ៉ូ​ណា ស្ម៊ីត បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា លោកស្រីបាន​ស្វែង​យល់​អំពី​វឌ្ឍនភាព​នៃ​ការ​ដោះស្រាយ​កម្មសិទ្ធិ​ដីធ្លី​ និង​ជម្លោះ​ដីធ្លី​ចាប់​តាំង​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​មក​កម្ពុជា​ចុងក្រោយ។

ប៉ុន្តែ​ជំនួប​លើក​នេះ លោកស្រី​បាន​ពិភាក្សា​អំពី​បញ្ហា​ទំនាស់​ដីធ្លី​មួយ​ចំនួន​ដែល​កំពុង​បន្តកើត​មាន​ឡើង។

លោកស្រី បញ្ជាក់ថា៖ «ជា​ចុងក្រោយ​ការងារ​របស់​ក្រសួង​អំពី​នគរូប​នីយកម្ម​និង​ទំនាក់​ទំនង​ការងារ​របស់​ក្រសួង​ទៅ​នឹង​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ក៏ត្រូវ​បាន​គូស​បញ្ជាក់​ឲ្យ​ដឹង​ផងដែរ»។

លោក ​សេង ឡូត​ អ្នកនាំពាក្យ ក្រសួង​រៀបចំ​ដែនដី នគ​រូបនីយកម្ម និង​សំណង់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រសួង​ខិតខំ​អនុវត្ត​ផែនការ​ដើម្បី​សម្រេច​គោល​ដៅ​បញ្ចប់​ការ​ចុះ​បញ្ជី​ដីធ្លី​នៅ​ឆ្នាំ ២០២១ ។ ក្រសួង​មិន​មាន​បញ្ហា​អ្វី​ទេ​ក្នុង​ការ​អនុវត្ត​តាម​ផែនការ​នេះ​គឺ​ក្រសួង​ធ្វើ​បាន​ជា​ហូរហែ​និង​ប្ដេជ្ញា​សម្រេច​ឱ្យបាន​ទៅ​តាម​ផែនការ​នោះ។

លោក សេង ឡូត បានបញ្ជាក់ថា៖ «នីតិវិធី ការអនុវត្ត​ការងារ​យើង​មាន​អស់​ហើយ អត់​មាន​អី​ថា​ថ្មី ហើយ​ស្រពេច​ស្រពិល​ទេ។យើង​នៅ​តែ​ពន្លឿន​កិច្ចការ​ហ្នឹង។ ក្រុម​ការងារ​ចុះ​ធ្វើ​ចុះ​វាស់​ចុះផ្សាយ​គ្រប់​បែប​យ៉ាង​អស់​ហើយ។ ការ​ប្រកាស​តំបន់​វិនិច្ឆ័យ​តាម​ភូមិ​នីមួយៗ​ ហ្នឹង​យើង​ពន្លឿន​កិច្ចការ​ហ្នឹង។យើង​មានផ្តល់​ជូន​នូវ​ម៉ាស៊ីន​វាស់វែង​ទំនើប​បន្ថែម​ដើម្បី​សម្រួល​ការងារ​ហ្នឹង។ យើង​ត្រៀម​លក្ខណៈ​ទាំង​មធ្យោបាយ​ទាំង​កម្លាំង​ការងារ​ដើម្បី​សម្រេច​ផែនការ​ហ្នឹង»។

កាលពីពេល​ជួប​ជាមួយ លោកស្រី រ៉ូ​ណា ស្ម៊ីត លោក ជា សុផារ៉ា ក៏បាន​ប្រាប់​លោកស្រី​ផងដែរ អំពី​សមិទ្ធផល​ដែល​រាជ​រដ្ឋាភិបាល​សម្រេច​បាន​ក្នុង​វិស័យ​ដីធ្លី​និង​លំនៅឋាន​និង​បាន​រាយការណ៍​អំពី​ការ​កែ​សម្រួល​នីតិវិធី​ចុះ​បញ្ជី​ដី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ឱ្យ​កាន់​តែ​ងាយ​ស្រួល​និង​រហ័ស​ជាង​មុន ការតាំង​លំនៅ​ថ្មី​របស់​ប្រជាជន​នៅ​ឃុំ​ឆ្នុក​ទ្រូ​ខេត្ត​កំពង់ឆ្នាំង​ដែល​រស់នៅ​លើទឹក​មករ​ស់​នៅ​លើដី និង​ការ​រៀបចំ​ឱ្យ​មាន​គោល​ការណ៍​ណែនាំ​រួមមួយ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី៕