ភ្នំពេញៈ ​ក្រ​សួង​មហា​ផ្ទៃ​បាន​ប្រ​កាស​ជ្រើស​រើស​បេក្ខ​ជន​ជា​សិស្ស​ និង​និសិ្សត​ចំ​នួន ២៣២​ នាក់ ​ឲ្យ​ចូល​បម្រើ​ការងារ​ ​នៅ​ក្នុង​ក្របខ័ណ្ឌ​មន្ដ្រី​រាជ​ការ​ស៊ីវិល​ ក្រសួង​មហា​ផ្ទៃ​​សម្រាប់​ឆ្នាំ​ ​២០១៩ ដើម្បី​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ និង​រដ្ឋ​បាល​ថ្នាក់​ជាតិ​ ជំនួយ​ឲ្យ​កន្លែង​ខ្វះ​ខាត​ដែល​មន្ត្រី​បាន​ចូល​និវត្តន៍​ ​បាត់​បង់​សមត្ថ​ភាព​ការ​ងារ​ ​បោះ​បង់​ចោល​ការងារ​និង​មរណភាព។​


​យោង​តាម​ប្រ​កាស​របស់​ក្រសួង​មហា​ផ្ទៃ​បា​ន​ឲ្យ​ដឹង​ថា​សម្រាប់​បេក្ខ​ជន​ក្រប​ខ័ណ្ឌ​មន្ត្រី​រដ្ឋ​បាល​ជាន់​ខ្ពស់​និង​ក្រប​ខ័ណ្ឌ​មន្ត្រី​ក្រម​ការ​ មាន​មណ្ឌល​ប្រឡង​នៅ​រាជ​ធានី​ភ្នំ​ពេញ​ ខេត្ត​កំ​ពង់​ចាម ​សៀម​រាប ​បាត់​ដំ​បង​ កំ​ពត​ និង​ក្រចេះ។​ រីឯក្របខ័ណ្ឌ​លេខា​ធិការ​រដ្ឋ​បាល​មាន​មណ្ឌល​ប្រ​ឡង​នៅ​ សាលា​រាជធានី​ភ្នំ​ពេញ​ ​សាលា​ខណ្ឌ​កំ​បូល​ ​សាលា​ខណ្ឌ​បឹង​កេង​កង​ សាលា​ខេត្ត​ព្រះ​សី​ហនុ​ ​សាលា​ក្រុង​កោះ​រ៉ុង​ សាលា​ខេត្ត​ពោធិ៍​សាត់ ​សាលា​ស្រុក​តា​លោសែន​ជ័យ​ ​សាលា​ខេត្ត​កំ​ពង់​ធំ​ ​សាលា​ស្រុក​តាំង​គោក​ ​សាលាខេត្ត​កណ្ដាល​ ​សាលា​ខេត្ត​សៀម​រាប​ សាលា​ខេត្ត​ព្រៃ​វែង​ សាលា​ខេត្ត​បាត់​ដំ​បង សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​សាលាខេត្ត​កំ​ពង់​ចាម​ សាលា​ខេត្ត​ឧត្តរមានជ័យ​ សាលា​ខេត្ត​កំ​ពង់​ស្ពឺ​ សាលា​ខេត្ត​ត្បូង​ឃ្មុំ​ សាលាខេត្ត​តាកែវ​ សាលា​ខេត្ត​ស្វាយ​រៀង​ សាលា​ខេត្ត​កំ​ពត ​និង​សាលា​ខេត្ត​ក្រចេះ។​ ​

កាល​បរិច្ឆេទ​ទទួល​ពាក្យ​ប្រ​ឡង​ចាប់​ពី​ថ្ងៃ​ទី​ ៣០​ ខែ​ សីហា ​និង​កាល​បរិច្ឆេទ​ប្រ​ឡង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី ២២​ ខែ​កញ្ញា​ខាង​មុខ​នេះ។ ​បេក្ខជន​ដែល​មាន​បំណង​ចូល​បម្រើការ​ងា​រនៅ​សាលា​រាជធានី​-​ខេត្ត​ សាលា​ក្រុង​ ស្រុក​ ខណ្ឌ​ និង​សាលា​ឃុំ​សង្កាត់​ ត្រូវ​ទៅ​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​នៅ​តាម​​សាលា​រាជ​ធានី​ភ្នំ​ពេញ​ ​និង​សាលា​ខេត្ត​សាមី​នៅ​រៀង​រាល់​ម៉ោង​ធ្វើការ។​

​លោក​ ​ប្រាក់​ ​សំអឿន​ អ​គ្គនាយក​ និង​ជា​អនុ​ប្រធាន​គណៈ​កម្មការ​រៀប​ចំ​កា​រប្រឡង​បាន​ឲ្យ​ដឹង​ថា​ បេក្ខ​ជន​ទាំង​អស់​ធ្វើ​ការ​ប្រឡង​សម្រាប់​ជំនួសមន្ត្រី​ដែល​ត្រូវ​ចូល​និវត្ត​ន៍ សម្រាប់​​កន្លែង​រដ្ឋ​បាល​ថ្មី ​និង​ស្ថា​ប័នថ្មី​មួយ​ចំនួន​។​

​លោក​ ​ខៀវ​ ​សុភ័គ​ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាន​ថ្លែង​ថា​ ​តាម​គោល​ការណ៍​ក្រសួង​មហា​ផ្ទៃ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ​ស​ ខេង​ ​បាន​ដាក់​ចេញ​ឲ្យ​ប្រឡង​ជ្រើស​រើស​អ្នក​ដែល​មាន​ចំណេះ​ដឹង​ និងចេះ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប។


​លោក​បាន​បញ្ជាក់​​ថា៖​ «​ពីព្រោះ​យើង​ឥឡូវ​បាន​ និង​កំពុង​អនុ​វត្ត​គោល​នយោ​បាយ​រាជ​រដ្ឋា​ភិបាល​សម័យ​បច្ចេក​វិទ្យា។ឥឡូវ​យើង​ប្រើ​ online​ ទាំងអស់ហើយ»។​

​លោក​ ​ប៉ិច​ ពិសី​ នាយក​កម្ម​វិធី​នៃ​អង្គ​ការ​តម្លា​ភាព​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​គណៈ​កម្ម​ការ​ប្រឡង​តាម​គ្រប់​ស្ថាប័នរបស់​រដ្ឋ​ទាំង​អស់​ប្រព្រឹត្តទៅ​ដោយ​ឯក​រាជភាព​ ​តម្លា​ភាព​ ហើយ​ការ​ជ្រើស​បេក្ខ​ជន​ទាំង​អស់​ត្រូវ​ពឹង​ផ្អែក​លើ​សមត្ថ​ភាព ​បទពិសោធ ​និង​បច្ចេក​ទេស​របស់​បេក្ខ​ជន​ជា​មួយ​នឹង​គោ​លការណ៍​ច្បាស់​លាស់​ក្នុង​ការ​ប្រឡង​ ​ហើយ​គណៈ​កម្មការ​ត្រូវ​ទប់ស្កាត់​រាល់​អំពើ​ពុក​រលួយ ​ការ​សូក​ប៉ាន់​គ្រប់​រូបភាព​ ដូច​ជា​គ្រួសារ​ និង​បក្ខពួក​និយម។

លោក​បានបញ្ជាក់​​ថា៖​ «​យើង​ឃើញ​បទ​ពិសោធ​ដែល​កន្លង ​យើង​ឃើញ​មាន​បញ្ហា​មិន​ប្រ​ក្រ​ត្រី​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កា​រប្រឡង​ដូច​ជា​ មាន​បេក្ខ​ជន​ប្រ​ឡង​មាន​ការ​រអ៊ូរទាំ​ថា​ទាល់​តែ​មាន​ការ​ជូន​លុយ​មួយ​ចំនួន​ដល់​គណៈ​កម្មការ​ ឬ​ក៏​ដូច​ជា​អ្នក​ទទួល​បន្ទុក​ប្រឡង​ទើប​ខ្លួន​បាន​ជាប់»។​

លោក​ ​ប្រាក់​ ​សំអឿន​ បដិសេធ​ការ​លើក​ឡើង​ដែល​ថា​មាន​អំពើ​ពុក​លួ​យ​ឬ​ការ​សូក​ប៉ាន់​ ដោយ​លោក​បាន​អះអាង​ថា​ ដោយ​សារ​តែ​ក្រសួង​មាន​គណៈ​កម្ម​ការ​គ្រប់​គ្រងការ​ប្រឡង​ ​ទាំង​ការ​រៀប​ចំ​វិញ្ញាសា​ ​ទាំង​ការសម្រេច​ផ្សេងៗ​ សុទ្ធតែ​មាន​គណៈ​កម្មកា​រ​គ្រប់គ្រង ​ហើយ​គេ​មាន​គោល​ការណ៍​របស់​គេ​ច្បាស់​លាស់។​

លោក​ថា​៖​ «​យើង​មាន​យន្ត​ការ​ត្រឹមត្រូវ​ហើយ​ ដូ​ច​ជា​មិន​ធ្លាប់​មាន​បណ្តឹង​អ្វី​ពាក់​ព័ន្ធ​ការ​រៀប​ចំ​នា​ពេល​កន្លង​មក​ទេ»៕