ភ្នំពេញៈ ក្រសួង​សា​ធា​រណការ​​និង​​ដឹក​ជញ្ជូន​ បាន​ជំរុញ​ដល់​គ្រប់​មន្ទីរ​ក្រោ​ម​ឱវាទ​របស់​ខ្លួន​ ចុះ​ធ្វើ​សកម្ម​ភាព​ត្រួត​ពិនិត្យ​និងជួស​ជុល​កែ​លម្អ ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ ដែល​រង​ការ​ខូច​ខាត​ដោយ​ជំនន់​ទឹក​ភ្លៀង​នា​ពេល​កន្លង​មក​ ជា​បន្ទាន់ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើ​រទៅ​មក​របស់​ប្រជា​ពល​រដ្ឋ។


លោក នូ ​វឌ្ឍនៈ ​អ្នក​នាំ​ពាក្យ​ក្រសួង​សា​ធា​រណ​ការ​និង​ដឹក​ជញ្ជូន​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ​ម្សិលមិញ​ថា ជំនន់​ទឹក​ភ្លៀង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ បាន​បង្កការ​ខូចខាត​ផ្លូវ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស សរុប​៩០គីឡូម៉ែត្រ ដែលធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ជាអវិជ្ជមាន​ដល់​ដំណើរការ​អភិវឌ្ឍវិស័យ​ដឹក​ជញ្ជូន​នៅកម្ពុជា ​និង​បង្កការ​ខាតបង់​ថវិកា​ជាតិ​ជាច្រើន​លាន​ដុល្លារ​ផង​ដែរ។

លោក​ វឌ្ឍនៈ​ បញ្ជាក់​ថា​៖«​ជំនន់​ទឹក​ភ្លៀង​នៅក្នុង​ឆ្នាំនេះ​ បានធ្វើ​ឲ្យ​ផ្លូវ​ចំនួន៣២ខ្សែ​ ​រង​ការ​ខូចខាត គិត​ជាទឹក​ប្រាក់​អស់​ជាង​៩លានដុល្លារ ​ក្នុង​នោះ​ផ្លូវ​ជាតិ​លេខ៤៨​ រងការ​ខូចខាត​ធ្ងន់​ធ្ងរ​ជាង​គេ ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ជួសជុល​កែលម្អ ជាបន្ទាន់​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរទៅ​មក​របស់​ប្រជាពលរដ្ឋ​ និង ធ្វើ​យ៉ាង​ណាឲ្យ​ហើយ​មុនពិធី​បុណ្យ​សមុទ្រ ​ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ខេត្ត​កោះកុង ក្នុងខែ​ធ្នូ​ខាងមុខ​នេះ»។

ផ្លូវជាតិ​លេខ​ ៤៨ ​ដែលតភ្ជាប់​ពីផ្លូវជាតិ​លេខ ៤ ​ត្រង់​ចំណុច​ព្រំប្រទល់​រវាងស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះសីហនុ​ និង ស្រុក​ស្រែអំ​បិល​ ខេត្ត​កោះ​កុង ​ឆ្ពោះទៅ​ដល់​ក្រុង​ខេមរៈភូមិន្ទ​ខេត្ត​កោះកុង មាន​ប្រវែ ង​១៣៨ ​គីឡូម៉ែត្រ ​ត្រូវ​បាន​សាងសង់​កាលពី​ជាង​១០​ឆ្នាំ​មុន។ ដោយសារ​កត្តា​អាកាសធាតុ​ ដែលបង្កឲ្យ​មាន​ជំនន់ទឹក​ភ្លៀង​ជន់លិច​ផ្លូវ​ដោយ​កន្លែង ​និង​កត្តា​រួមផ្សំ​ជាច្រើន​ទៀត ​បានធ្វើ​ឲ្យ​ផ្លូវ​នេះ ​រងការខូចខាត​ជាបន្តបន្ទាប់ ​ពិសេស នៅ​ក្នុង​ឆ្នាំ​នេះ​មាន​ការខូចខាត​យ៉ាង​ដំណំ​តែម្ដង។

ទោះ​ជាបែបណាក្ដី​ នៅ​ថ្ងៃនេះ​ អាជ្ញាធរ​ពាក់​ព័ន្ធ​​ក្នុងខេត្ត​កោះកុង​ បាន​បញ្ចេញ​សកម្មភាព​ឆ្លើយ​តបភ្លាមៗ ទៅ​លើ​យន្ត​ការ​នៃ​ការជួសជុលកែលម្អផ្លូវ​នេះឡើង​វិញ ដោយ​ក្រុមមន្ត្រី​មន្ទីរសាធារណការនិង​​ដឹក​ជញ្ជូន​ បាន​ចល័តគ្រឿង​ចក្រ​ទៅ​កាន់​តំបន់​ដែល​មាន​ការខូចខាត​ផ្លូវធ្ងន់​ធ្ងរ ដើម្បី​ឈូសឆាយ​សម្រួល​ចរាចរណ៍ជាបណ្ដោះអាសន្នឲ្យ​បានប្រសើរ​ឡើង​វិញ។


លោក ឬទ្ធី​ កណ្ណារ៉ា ​អ្នកនាំពាក្យ​មន្ទីរ​សាធារណការ ​និង ​ដឹក​ជញ្ជូន​ ខេត្ត​កោះកុង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃ​នេះ​ថា ជំនន់​ទឹក​ភ្លៀងនៅក្នុង​ឆ្នាំ​នេះ បានធ្វើ​ឲ្យ​ផ្លូវជាតិ​លេខ​៤៨ ​រងការខូចខាត​សរុប​អស់​ប្រវែង​ជាង​៣០គីឡូម៉ែត្រ​ ក្នុងនោះ​នៅ​តំបន់​ស្រុក​ស្រែអំបិល​ ត្រពាំង​រ៉ូង ​និង ​តាតៃ ​មានការខូចខាត​ធ្ងន់​ធ្ងរ​ជាង​គេ។ ក្រៅ​ពីផ្លូវ​ជាតិ​លេខ៤៨​ ផ្លូវ​ឧបសម្ព័ន្ធ​មួយ​ចំនួន​ទៀត​នៅក្នុង​ខេត្តនេះ​ក៏រងការ​ខូចខាត​ផង​ដែរ។ ​

លោក​បញ្ជាក់​ថា​៖«នៅពេល​នេះ ​ក្រុមការងារ​របស់​យើង​ ដែល​មាន​ការចូលរួម​ពី​អាជ្ញាធរពាក់​ព័ន្ធ​នានានៅ​ទូទាំង​ខេត្ត បាន​ចល័ត​គ្រឿង​ចក្រ​ទៅ​កាន់​គោល​ដៅ​សំខាន់ៗ​ទាំង​៣ ​ដើម្បី​ធ្វើ​ការ​ឈូសឆាយ​ និង ​ចាក់​ដី​កិន​បង្ហាប់​បំពេញ​ជង្ហុក ​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្ថានភាព​ផ្លូវ​មាន​លក្ខណៈ​ល្អប្រសើរ​ និង​បង្កភាព​ងាយស្រួល​ ដល់​ការធ្វើ​ដំណើរ​របស់​សាធារណជន​ទូទៅ»។

បើតាម​ការអះអាង​របស់​លោក​ កណ្ណារ៉ា​ ក្រុមការងារ​ថ្នាក់​ខេត្ត​បានចាត់​កម្លាំង​ជា៣ក្រុម​ និង​ ៣គោលដៅ​សំខាន់ៗ ​ ដើម្បី​ចុះធ្វើ​យុទ្ធនាការ​ជួសជុល​កែ​លម្អ​ស្ថានភាព​ផ្លូវជាតិ​លេខ៤៨ ​ធ្វើ​យ៉ាងណាឲ្យ​ការងារនេះ​បានសម្រេច​មុនពិធី​បុណ្យ​សមុទ្រ ដែល​នឹង​មក​ដល់​នៅ​ក្នុង​ខែធ្នូ​ខាងមុខនេះ​ ខណៈ​រដ្ឋាភិបាល​បានកំណត់​យក​តំបន់​ឆ្នេរ​នៃ​ខេត្ត​កោះកុង ​សម្រាប់​ការរៀប​ចំពីធី​បុណ្យ​សមុទ្រ​នៅក្នុង​ឆ្នាំនេះ​។

ដោយ​ឡែក​ អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ ​ក៏មិន​នៅ​ស្ងៀម​នោះ​ដែរ បន្ទាប់​ពី​ជំនន់​ទឹក​ភ្លៀង​បាន​បង្ក​ឲ្យ​មាន​ផលប៉ះ​ពាល់​ជាអវិជ្ជ​មាន ដល់​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​ជាតិ​លេខ៤ និង​ផ្លូវ​ឧបសម្ព័ន្ធ​មួយ​ចំនួនទៀត​នៅ​ក្នុង​ខេត្តរបស់​ខ្លួន នាពេល​កន្លង​ទៅ​ថ្មីៗ​នេះ។

លោក ​ណុប ហេង ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ ​បានថ្លែង​ម្សិលមិញ​ថា ​បន្ទាប់ពី​ផ្ទៃ​មេឃ​មាន​ភាព​ស្រឡះ​ឡើង​វិញ ​នាប៉ុន្មានថ្ងៃ​ចុង​ក្រោយ​នេះ ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ​តាមរយៈ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​១០០ថ្ងៃ ​ដើម្បី​ធ្វើ​ការ​ជួសជុល​កែលម្អ​ស្ថានភាព​ផ្លូវជាតិ​លេខ៤​ ត្រង់​ចំណុច​ដែល​មាន​ការ​ខូច​ខាត​ឡើង​វិញ ដែល​យុទ្ធនាការនេះ​បានចាប់​ផ្ដើម​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។

លោក ​ណុប ហេង ​បន្តថា ​យុទ្ធនាការនេះ​ គឺ​ធ្វើឡើង​ក្នុងគោល​បំណង ​កែសម្រួល​ការលំបាក​របស់​ប្រជាពលរដ្ឋ​ និង​អ្នកធ្វើដំណើរ​ទាំងអស់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ក្នុង​ទឹក​ដី​ដែលអាជ្ញាធរ​ខេត្ត​ព្រះសីហនុ​គ្រប់គ្រង ​ដែលចាប់ពី​រង្វង់​មូល​ក្បែរ​ទីរួម​ស្រុក​ព្រៃនប់ ​មកដល់​ទីរួម​ក្រុង​ព្រះសីហនុ​។

លោក​បានបញ្ជាក់​ថា​៖«​ក្នុងរយៈពេល​១០០ថ្ងៃនេះ ​យើង​ត្រូវខិតខំ​ជុសជុល ​និងលុប​ឲ្យអស់​នូវ​ជង្ហុក​ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤ ​និង​បណ្ដា​ផ្លូវ​មួយចំនួន​ទៀត​នៅក្នុង​ទីរួម​ខេត្ត​ព្រះសីហនុ​របស់​យើង​។ ទោះជា​បែបណាក្ដី ​យុទ្ធនា​ការ​នេះ​ បានជោគជ័យ​ គឺ​អាស្រ័យ​ដោយមានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ ពិសេស​ ពី​ប្រជាពលរដ្ឋ​ និង​ វិស័យ​ឯកជន»។

លោក​នូ វឌ្ឍនៈ ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និងដឹក​ជញ្ជូន ​អះអាង​ដែរថា ​នៅ​ឆ្នាំ​ក្រោយ​នេះ​រដ្ឋាភិបាល​គ្រោង​រៀបចំ​ជួសជុល​កែលម្អ​កំណាត់​ផ្លូវ​ជាតិ​លេខ៤​ត្រង់​ចំណុច​ស្ពាន​ស្ទឹង​សម្រោង​ក្នុងស្រុក​ស្ទឹង​ហាវ ​ដោយ​ធ្វើ​ការ​ស្ដារ​ពង្រីក​​​បើក​ផ្លូវ​ទឹកឲ្យ​ធំ ​និង​ចាក់​ដី​លើកផ្លូវ​ឲ្យខ្ពស់​ជាង​មុន​ ធ្វើ​យ៉ាង​ណា​បញ្ចៀស​ការ​ជន់លិច​ផ្លូវ​ត្រង់​ចំណុច​ខាងលើនេះ​ទៀត​។

លោក​វឌ្ឍនៈ​ ក៏បាន​បង្ហើបឲ្យ​ដឹង​ផង​ដែរ​ថាផ្លូវជាតិ​លេខ៤១​ ដែល​តភ្ជាប់​ពី​ចំណុចថ្នល់​ទទឹង ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពត​ក៏រង​ការខូចខាត​ផង​ដែរ ​តែក្រុម​ហ៊ុន​ចិន​មួយ​កំពុង​ធ្វើ​ការជួសជុល ​ជាបណ្ដើរៗ​ហើយ ​ខណៈ​ផ្លូវជាតិ​លេខ៣ ​ចាប់ពី​ទីរួម​ខេត្ត​កំពត​មក​ភ្នំពេញ ​បានរងការ​ខូចខាត​ប្រមាណ​ ២០​ គីឡូម៉ែត្រ​ គ្រោង​នឹង​ធ្វើ​ការជួសជុល​ស្ដារ​ឡើងវិញ​នៅដើមឆ្នាំ​ក្រោយ​នេះ​។ លោក​បានបន្តថា​ ដោយ​ឡែក​ផ្លូវជាតិ​លេខ៤៨ ​ក្រុមហ៊ុន​កូរ៉េមួយ​នឹង​ចាប់​ផ្ដើមដំណើ​ការជួសជុល​ស្ដារឡើង​វិញ​ផង​ដែរ​នៅពាក់​កណ្ដាល​ឬ​ចុង​ឆ្នាំ​ក្រោយ​នេះ៕