ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌា អ៊ែរវ៉េ ទទួល​បាន​ការ​កោតសរសើរ ចំពោះ​ការ​ផ្តល់​យន្តហោះ ៣ គ្រឿង​សម្រាប់​ដឹក​ជញ្ជូន​ម៉ាស់ និង បរិក្ខារពេទ្យ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា

Content image - Phnom Penh Post

ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌា អ៊ែរវ៉េ ទទួល​បាន​ការ​កោតសរសើរ ចំពោះ​ការ​ផ្តល់​យន្តហោះ ៣ គ្រឿង​សម្រាប់​ដឹក​ជញ្ជូន​ម៉ាស់ និង បរិក្ខារពេទ្យ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល តំណាង​ដ៏​ខ្ពស់ខ្ពស់​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា បាន​ដឹក​នាំ​គណៈប្រតិភូ​កម្ពុជា​ចំនួន ១៣ នាក់​ទៅ​កាន់​ប្រទេស មីយ៉ាន់ម៉ា ដើម្បី​នាំ​យក​ម៉ាស​និង​បរិក្ខាពេទ្យ​ទៅ​ប្រគល់​ជូន​ប្រទេស មីយ់ាន់ម៉ា។

យន្តហោះ​ពិសេស ៣ គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌា អ៊ែរវ៉េ បាន​ចេញ​ដំណើរ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​បាន​ចុះចត​នៅ​រដ្ឋធានី​ណៃពិដោ (Naypyidaw) នៃ​ប្រទេស មីយ៉ាន់ម៉ា ដោយ​បាន​ដឹក​ម៉ាស់​ចំនួន ២ លាន ២ សែន និង​បរិក្ខារ​វេជ្ជសាស្ត្រ​សរុប ១២ មុខ​ផ្សេង​ទៀត​ទៅ​ជូន​រដ្ឋាភិបាល មីយ៉ាន់ម៉ា។

លោកស្រី ជាំង អុីហ្វៃ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌា អ៊ែរវ៉េ បាន​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល កាល​ពី​ថ្ងៃទី ២៧ ខែ​វិច្ឆិកា។

លោកស្រី ជាំង ក៏​បាន​ទទួល​លិខិត​ថ្លែង​អំណរគុណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់​យន្តហោះ ៣ គ្រឿង​សម្រាប់​ដឹក​ជញ្ជូន​​​ម៉ាស់ ​និង​បរិក្ខារពេទ្យ​​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩ ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ានេះ​ផងដែរ។

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​សម្តែង​ការ​កោត​សរសើរ​ដោយ​ស្មោះ​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌា​អ៊ែរវ៉េ ដែល​បាន​ជួយ​ឧបត្ថម្ភ​ការ​ហោះហើរ​ជា​មនុស្ស​ធម៌​នេះ។

ឯកឧត្តម​​បាន​បន្ថែម​ថា ជាមួយ​នឹង​ឧស្សាហកម្ម​អាកាសចរណ៍​ស៊ីវិល​ដែល​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ១៩ រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​និង​ក្រុមហ៊ុន​អាកាសចរណ៍​ចាំបាច់​ត្រូវ​ធ្វើ​ការ​រួមគ្នា​ដើម្បី​ជម្នះ​ឧបសគ្គ​នេះ។

លោកស្រី ជាំង បាន​ថ្លែង​ថា គោល​បំណង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌា​អ៊ែរវ៉េ គឺ​ក្លាយ​ជា​អ្នក​នាំ​មុខ​គេ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​ក្នុង​ការ​ចូលរួម​បម្រើ​ដល់​ប្រជាជន និង រដ្ឋាភិបាល​កម្ពុជា។

លោកស្រី ជាំង មាន​ប្រសាសន៍ថា៖ «ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌា អ៊ែរវ៉េ សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ការ​គាំទ្រ និង ជំនួយ​ពី​រដ្ឋាភិបាល។ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​តែងតែ​សហការ​ជាមួយ​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល ដើម្បី​បង្កើត​អនាគត​ឲ្យ​កាន់​តែ​ភ្លឺ​ស្វាង​សម្រាប់​ឧស្សាហកម្ម​អាកាសចរណ៍​ស៊ីវិល​នៅ​កម្ពុជា»៕

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

ព័ត៌មានថ្មីៗ