ភ្នំពេញ: ក្រុមអ្នកច្បាប់​ជាន់ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​តុលាការ កាលពី​ថ្ងៃ​ពុធ​បាន​ជំរុញ​ឲ្យ​មេធាវី​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​បន្ត​ការសិក្សា​ពី​ច្បាប់​ថ្មីៗ​ដែល​រដ្ឋសភា​ទើប​អនុម័ត ដើម្បី​បង្កើន​ចំណេះដឹង​ផ្នែក​ច្បាប់​ថ្មីៗ ខណៈ​ដែល​គណៈមេធាវី បាន​លើក​ឡើង​ពី​មាន​ការបំពាន​ដល់​វិជ្ជាជីវៈ​មេធាវី​។


ការលើកឡើង​នេះ​បាន​ធ្វើឡើង​នៅក្នុង​កម្មវិធី​មហាសន្និបាត​លើក​ទី​ ២៤ របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ប្រមូល​បញ្ហា​ដែល​បាន​ជួបប្រទះ​កន្លងមក និង​ដាក់​ផែនការ​ទិសដៅ​សម្រាប់​ការអនុវត្ត​នៅពេល​អនាគត​។ កម្មវិធី​នេះ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​យុត្តិធម៌ តំណាង​តុលាការ​រាជធានី​-ខេត្ត និង​មេធាវី​ជាច្រើន​រយ​នាក់​។

លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា​នៃ​មហាអយ្យការ អម​សាលាឧទ្ធរណ៍ ថ្លែង​ថា​ក្នុងនាម​ជា​មេធាវី​ត្រូវ​តែ​រៀបចំខ្លួន​ឲ្យ​មាន​តម្លៃ​ដោយ​ប្រជាពលរដ្ឋ និង​មនុស្ស​ទូទៅ​តែងតែ​ផ្ដល់​តម្លៃ​ឲ្យ​ដែល​ពួកគាត់​ថា មេធាវី​ជា​មនុស្ស​មាន​ចំណេះដឹង​ខ្ពស់ ប៉ុន្ដែ​មេធាវី​មួយ​ចំនួន​មិន​បាន​ដឹងថា ខ្លួន​គាត់​មាន​តម្លៃ​ដែល​គេ​គោរព​នោះទេ​។

លោក​បន្ត​ថា ដូច្នេះ​មេធាវី​គ្រប់រូប​ត្រូវ​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​តាមរយៈ​ការដើរ ដេក អង្គុយ ញុំា និង​ការនិយាយស្ដី​ជាដើម ព្រោះ​គេ​ចាត់ទុក​មេធាវី​ជា​មនុស្ស​មាន​តម្លៃ​ ចេះដឹង​ពី​ច្បាប់ និង​យល់ដឹង​លើសពី​មនុស្ស​ធម្មតា​។ លោក​បន្ថែមថា អ្នករៀន​ច្បាប់​អាច​ក្លាយ​ជា​អ្នករកស៊ី ប្រកប​អាជីវកម្ម​ផ្សេងៗ​បាន ប៉ុន្ដែ​អ្នក​ដែល​មិនបាន​រៀន​ច្បាប់ មិន​អាច​មក​ធ្វើ​ការងារ​ជា​មេធាវី​បាន​ទេ ព្រោះ​អ្នករៀន​ច្បាប់​ទើប​អាច​និយាយ​ពី​ច្បាប់​បាន​ត្រឹមត្រូវ​។

លោក​លើក​ឧទាហរណ៍​ថា​៖ «​មន្ត្រី​យុត្តិធម៌​ម្នាក់​បាន​ធ្វើ​កំណត់ហេតុ​លើ​បទល្មើស​អ្វី​មួយ ហើយ​គាត់​បាន​សរសេរ​កំណត់​ហេតុ​តាម​បង្គាប់​ជនល្មើស ដើម្បី​បាន​ផលប្រយោជន៍​ដោយ​បង្វែរ​អ្នក​ធ្វើ​ខុស​ទៅ​ជា​ត្រូវ អ្នក​ត្រូវ​ទៅ​ជា​ខុស អ្នក​ត្រូវ​ជាប់គុក​ដោយ​អយុត្តិធម៌ រីឯ​អ្នក​ខុស​ដើរលេង​សប្បាយ​នៅ​ខាងក្រៅ​ច្បាប់ ប៉ុន្ដែ​ប្រសិន​បើ​មានការ​ស៊ើបអង្កេត​ណាមួយ​ឡើងវិញ មន្ត្រី​យុត្តិធម៌​ម្នាក់​នោះ និង​កំណត់ហេតុ​របស់​គាត់​នឹង​គ្មាន​តម្លៃ បែរ​ជា​ផ្ដល់​ទុក្ខទោស​ឲ្យ​ដល់​ខ្លួនឯង ហើយ​ក្លាយ​ជា​មនុស្ស​មាន​មុខសញ្ញា​មិនល្អ​។ ដូច្នេះ​ត្រូវ​ប្រកាន់ខ្ជាប់​វិជ្ជាជីវៈ និង​ក្រមសីលធម៌​របស់​យើង​»​។


លោក​ ជីវ សុងហាក់ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​បាន​ថ្លែងថា ក្រៅពី​ការគោរព​ក្រមសីលធម៌ និង​ដើរ​តាម​វិជ្ជាជីវៈ​ជា​មេធាវី ក្រសួងយុត្តិធម៌​បាន​បង្កើត​ច្បាប់​តុលាការ​ពាណិជ្ជកម្ម​រួចរាល់​ហើយ ប៉ុន្ដែ​បែបបទ​នីតិវិធីតុលាការ​ពាណិជ្ជកម្ម​សម្រាប់​ដំណើរការ​តុលាការ​នេះ​មិន​ទាន់​ធ្វើ​រួចរាល់​នៅ​ឡើយ​។ ដូច្នេះ​មេធាវី​ត្រូវតែ​បន្ត​សិក្សា​ច្បាប់ និង​សេចក្ដី​ព្រាង​ច្បាប់​ថ្មីៗ​ទៀត​។

លោក​បន្តថា​នៅពេល​រៀបចំ​ច្បាប់ និង​នីតិវិធីតុលាការ​ពាណិជ្ជកម្ម​រួចរាល់ ក្រសួង​យុត្តិធម៌ នឹង​ផ្ដល់​នីតិសម្បទា​ដល់​ចៅក្រម និង​ព្រះរាជអាជ្ញា​ដើម្បី​ដំណើរការ​តុលាការ​នេះ ព្រោះ​វា​នឹង​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​សាលាដំបូង​រាជធានី ខេត្ត ក្រុង​ដែល​មាន​ប្រធាន​តុលាការ​មួយ​ដាច់ដោយ​ឡែក​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​ទាំងអស់​គ្នា​ទាំង​មេធាវី និង​ចៅក្រម​ត្រូវ​យល់ដឹង​អំពី​ពាណិជ្ជកម្ម​ដែរ ដូច​មាន​ការលើកឡើង​ថា ច្បាប់ពាណិជ្ជកម្ម​មាន​ច្រើន ប៉ុន្ដែ​ខ្ញុំ​មិនដឹងថា មេធាវី​ទាំងអស់​បាន​បង្កើន​សមត្ថភាព​របស់ខ្លួន​តាម​បរិបទ​នៃ​សង្គម​ដែរ​ឬ​នៅ​ទេ​? ព្រោះ​ខ្ញុំ​បានឃើញ​គណៈមេធាវី​មាន​សិក្ខាសាលា​ជា​បន្តបន្ទាប់ ប៉ុន្ដែ​ច្បាប់​ថ្មី សេចក្ដី​ព្រាងច្បាប់ ឬ​ច្បាប់​ដែល​រដ្ឋសភា​ទើប​អនុម័ត​ថ្មីៗ​ដែល​ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម គឺ​ពេល​ខ្លះ​យើង​អត់​ទាន់​បាន​ដឹង​បាន​រៀនសូត្រ​ទេ​»​។

លោក សួន វិសាល ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា កន្លង​មក​គណៈមេធាវី​បាន​ប្រមូល​បញ្ហា​មួយចំនួន ប៉ុន្ដែ​ត្រូវបាន​ដោះស្រាយ​រួចរាល់​អស់ហើយ​។ ដោយឡែក​បញ្ហា​កាលពី​ឆ្នាំ ២០១៧ គណៈមេធាវី​បាន​រកឃើញ​បញ្ហា​មួយ​ចំនួន​ទៀត​ហើយ​កំពុង​បន្ត​ដោះស្រាយ​ខ្លះ និង​ដោះស្រាយ​រួចរាល់​មួយចំនួន​។

លោក​បាន​បញ្ជាក់​ថា​៖ «​បញ្ហា​ទាំងនេះ គឺ​ការបំពាន​លើ​វិជ្ជាជីវៈ​របស់​មេធាវី​ដែល​ចំណុច​នេះ គណៈមេធាវី​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​យក​ចិត្ត​ទុកដាក់​ជាមួយ​ក្រុមប្រឹក្សា​គណៈមេធាវី​។ បញ្ហា​ខ្លះ វា​អាច​កើតចេញ​ពី​សមាជិក​របស់​យើង​ផ្ទាល់ ដោយសារ​មិន​គោរព​ក្រមសីលធម៌​របស់​ខ្លួន​ដែល​តែង​ធ្វើឲ្យ​ប៉ះពាល់​វិជ្ជាជីវៈ​របស់​មេធាវី​។ ចំណុច​នេះ​យើង​បាន​បង្កើត​ក្រុមប្រឹក្សា​ពិន័យ ដើម្បី​ស៊ើបអង្កេត និង​ដាក់ពិន័យ​ដល់​មេធាវី​ដែល​បាន​ធ្វើ​ខុស​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​មេធាវី​»​។

លោក វិសាល បន្ថែម​ថា​៖ «​ដោយមាន​រឿងក្ដី​មួយ​ចំនួន​ក្នុង​ការអនុវត្ត យើង​ឃើញ​ថា ដូចជា​គាត់​ជា​អ្នកការពារ​ក្ដី គាត់​ជា​អ្នកតំណាង គាត់​ធ្វើ​ជា​សាក្សី​ក្នុង​រឿងក្ដី តែ​បែរ​ជា​តុលាការ​ចោទប្រកាន់​គាត់​ទៅវិញ​។ អ៊ីចឹង​ចំណុច​នេះ​ក៏​ធ្វើឲ្យ​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​មេធាវី​ដែរ​។ គណៈមេធាវី​បាន​ធ្វើ​លិខិត​អន្តរាគមន៍​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​កុំ​ឲ្យ​មាន​ការបំពាន​ដល់​វិជ្ជាជីវៈ​មេធាវី​»៕