កោះកុងៈ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS) ក្រុម​អ្នក​អភិរក្ស​មកពី​សហគមន៍​មូលដ្ឋាន និង​មន្ត្រីរដ្ឋបាល​ជលផល​បាន​រកឃើញ​សម្បុក​សត្វ​អណ្តើក ហ្លួង ឬ​ហៅ​អណ្តើក​សរសៃ​ចំនួន​ ៣ ​សម្បុក​សរុប​ស្មើនឹង​ ៥១ ​ពង ​នៅ​ព្រែក​ស្រែអំបិល ស្រុកស្រែ​អំបិល​ដែល​ក្រុម​អ្នកជំនាញ​កំពុង​តាមដាន​សុខភាព និង​សុវត្ថិភាព​។ មន្ត្រី និង​សង្គម​ស៊ីវិល​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការចូលរួម​ថែរក្សា​សត្វ​អណ្ដើក​ហ្លួង​ទាំងនេះ​។


លោក​ កែន សិរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ថ្លែង​ពី​ម្សិលមិញ​ថា កាលពី​សប្ដាហ៍​មុន​ប្រជានេសាទ​នៅ​តំបន់​នោះ​ឃើញ​ដានជើង​អណ្ដើក​ហ្លួង​នេះ​ចេញចូល​សម្បុក​របស់​វា ក្រោយ​មក​ក៏បាន​រាយការណ៍​ប្រាប់​មន្ត្រី​ជំនាញ​ខាង​ជលផល និង​អង្គការ WCS ដើម្បី​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​។ ខណៈ​នេះ​មន្ត្រី​ជំនាញ​កំពុង​ធ្វើការ​ថែទាំ​ពងអណ្ដើក​ទាំងនោះ​មួយរយៈ​សិន ដើម្បី​តាមដាន​ពី​សុខភាព និង​រក្សា​សុវត្ថិភាព ថា​តើ​ពង​ទាំងនេះ​មាន​លទ្ធភាព​ញាស់​ខ្លួនឯង ឬ​ត្រូវការ​ជំនួយ​តាម​បច្ចេកទេស​។ បន្ទាប់ពី​ញាស់​រួច គេ​នៅ​រង់ចាំ​ឲ្យ​វា​ចាប់​ចំណី​ខ្លួនឯង ទើប​យក​វា​ទៅ​លែង​តាម​ព្រែក​ស្រែអំបិល​វិញ​។

លោក​បន្ថែមថា ក្រោយពី​មាន​សារាចរ និង​សេចក្តី​ប្រកាស​កាលពី​ថ្ងៃទី​ ១០ កក្កដា ឆ្នាំ​ ២០១៧ របស់​ក្រសួង​រ៉ែ និង​ថាមពល​បញ្ឈប់​រាល់​សកម្មភាព​បូម​ខ្សាច់​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល និង​ប្រកាស​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ស្តីពី​ការដាក់​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ជា​តំបន់​គ្រប់គ្រង អភិរក្ស​អណ្តើក​ហ្លួង និង​ក្រពើ​ត្រី​នោះ គេ​សង្កេត​ឃើញ​ថា​ត្រឹម​ខែមករា ឆ្នាំ​ ២០២០ ​ចំនួន​សម្បុក​អណ្ដើក​មាន​ការកើនឡើង​បើ​ធៀប​នឹង​ ៤ ​ឆ្នាំ​កន្លងមក​ដែលមាន​តែ​ ១ ​សម្បុក​ក្នុង​ ១ ​ឆ្នាំ​ប៉ុណ្ណោះ​។

លោក​បញ្ជាក់ថា​៖ «​សព្វថ្ងៃនេះ​យើង​អត់​មាន​ឧបសគ្គ​បច្ចេកទេស​ទេ ប៉ុន្ដែ​យើង​ជួប​បញ្ហា​រឿង​អភិវឌ្ឍន៍​គឺ​មានន័យ​ថា​ការអភិវឌ្ឍ​ដោយ​ការបូម​ខ្សាច់​អ៊ីចឹង​ធ្វើឲ្យ​អណ្ដើក និង​សត្វ​កម្រ​មួយចំនួន​ទៀត​ប្រឈម​ការបាត់បង់​។ តែ​ឥឡូវនេះ អាជីវកម្ម​បូម​ខ្សាច់​ត្រូវបាន​ហាម​បូម​នៅ​តំបន់​នេះ អ៊ីចឹង​អណ្ដើក​មាន​លទ្ធភាព​បង្ក​កំណើត​។ ខ្ញុំ​ចង់​ឲ្យ​យើង​ទាំងអស់​គ្នា​គិតគូរ​ពី​បញ្ហា​អភិវឌ្ឍន៍ និង​អភិរក្ស​ឲ្យ​ដើរ​ទន្ទឹមគ្នា​។ ព្រោះ​វា​សំខាន់​ដូចគ្នា គឺ​ខ្ញុំ​មិន​ជំទាស់​ការអភិវឌ្ឍ​ទេ តែ​សូម​ឲ្យ​គិត​រឿង​អភិរក្ស​ផង​»​។

លោក​ អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល​ថ្លែងថា ក្រុមការងារ​លោក​សហការ​ជាមួយ​ WCS ចាប់តាំងពី​ឆ្នាំ​ ២០០០ ​ដល់​បច្ចុប្បន្ន​។ កន្លងមក​នេះ​ពងអណ្ដើក​ហ្លួង​ត្រូវ​បាន​រកឃើញ​ជា​បន្តបន្ទាប់ ប៉ុន្ដែ​មាន​ចំនួន​ត្រឹមតែ​ ១ ​សម្បុក​ ឬ​ ២ ​សម្បុក​ប៉ុណ្ណោះ​។ ឆ្នាំ​ ២០២០ ​នេះ​ក្រុមការងារ​បាន​រកឃើញ​ចំនួន​ ៣ ​សម្បុក​តែម្ដង​។


ការរកឃើញ​ពងអណ្ដើក​ហ្លួង​ទាំង​ ៣ ​សម្បុក​នេះ​អាច​បញ្ជាក់ថា ចំនួន​សត្វ​អណ្ដើក​នៅក្នុង​ព្រែក​ស្រែអំបិល​មាន​ការកើនឡើង ហើយ​មន្ត្រី​ជំនាញ​កំពុង​យកចិត្ត​ទុកដាក់​ចំពោះ​ការអភិរក្ស​ធនធាន​ធម្មជាតិ​ទាំងអស់​នេះ​។

លោក​ថា កន្លងមក​សកម្មភាព​បូម​ខ្សាច់​មាន​ច្រើន​កន្លែង​ដែលជា ហេតុ​ធ្វើឲ្យ​សត្វព្រៃ​កម្រ​នេះ​មាន​ការថយចុះ និង​ប្រឈម​បញ្ហា​ច្រើន​ក្នុង​តំបន់​ព្រែក​ស្រែអំបិល​នេះ​។

លោក​ ហ៊ុល បញ្ជាក់ថា​៖ «​កន្លងមក​យើង​មិនសូវ​រកឃើញ​ពងអណ្ដើក​ហ្លួង​ទេ ព្រោះ​កាលពី​ឆ្នាំមុនៗ​នោះ​មាន​អាជីវកម្ម​បូម​ខ្សាច់ច្រើន អ៊ីចឹង​វា​ប៉ះពាល់​ការបង្ក​កំណើត​របស់​អណ្ដើក​នេះ​។ កាលពី​ឆ្នាំមុនៗ​យើង​រកឃើញ​ ១ ឬ​ ២ ​សម្បុក​ទេ​ក្នុង ១ ​ឆ្នាំ តែ​ពេល​គេ​ហាម​មិន​ឲ្យ​បូម​ខ្សាច់​នៅ​តំបន់​ព្រែក​ស្រែអំបិល​នេះ ស្រាប់តែ​យើង​ប្រទះឃើញ​ ៣ ​សម្បុក​តែម្ដង អ៊ីចឹង​ខ្ញុំ​គិតថា វា​កើនឡើង​ជាង​កាលពី​ឆ្នាំមុន​»​។

គួររំឭក​ថា សត្វ​អណ្ដើក​ហ្លួង ត្រូវ​បាន​ដាក់បញ្ចូល​ជា​ប្រភេទ​សត្វល្មូន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ២១ ខែ​ មីនា ឆ្នាំ​ ២០០៥​។ សត្វ​នេះ​ធ្លាប់​ត្រូវ​បាន​គេ​គិតថា​បាន​ផុត​ពូជ​អស់​ទៅហើយ​ ប៉ុន្ដែ​នៅ​ឆ្នាំ​ ២០០០ រដ្ឋបាល​ជលផល​ខេត្ដ​កោះកុង និង WCS បាន​សិក្សា​ស្រាវជ្រាវ និង​រកឃើញ​សេសសល់​តិចតួច​បំផុត​រស់នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ខេត្ដ​កោះកុង​។

ក្រោយ​ការរកឃើញ វត្ដមាន​នៅ​ឆ្នាំ​ ២០០១ រដ្ឋបាល​ជលផល និង​អង្គការ WCS បាន​រៀបចំ​កម្មវិធី​ការពារ​សម្បុក ដោយ​ជ្រើសរើស​យក​អតីត​អ្នកប្រមូល​ពង​កូន​សត្វ​អណ្ដើក​ហ្លួង​ឲ្យ​ចូលមក​បម្រើ​ការងារ​ជា​បុគ្គលិក​គម្រោង ដើម្បី​ស្វែងរក និង​ការពារ​សម្បុក​ជំនួស​ឲ្យ​ការប្រមូល​យក​ពង​កូន​ទៅ​លក់​៕