
សមាជិកសមាជិកាក្នុងពិធីបិទសន្និបាតគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅកោះពេជ្រកាលពីថ្ងៃទី ២២ ធ្នូ។ រូបថត SPM
ភ្នំពេញៈ សន្និបាតគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាដែលបានប្រារព្ធធ្វើឡើងនៅសាលមហោស្រពកោះពេជ្រចំនួន ២ ថ្ងៃកន្លងមក បានចែករំលែកបទពិសោធ និងពង្រឹងគោលនយោបាយដល់ចលនាសហជីព ចលនាយុវជន និងចលនាស្ត្រីនៅទូទាំងប្រទេស និងមន្ត្រីដែលមានតួនាទីកំពុងបម្រើរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋឲ្យទទួលបាននូវសេវាសាធារណៈក្នុងនោះគឺមានទាំងសេវាតម្រូវការ និងសេវាចាំបាច់នានាព្រមទាំងទទួលយកនូវសំណូមពរនានាពីប្រជាពលរដ្ឋដើម្បីបង្កើននូវជំនឿ និងភាពកក់ក្តៅកាន់តែខ្លាំងដល់ប្រជាពលរដ្ឋ ដើម្បីដណ្ដើមសន្លឹកឆ្នោតឆ្នាំ ២០២២ និង ២០២៣។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានថ្លែងកាលពីថ្ងៃម្សិលមិញថា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជាកាលពីរសៀលថ្ងៃអាទិត្យថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជាដែលធ្វើឡើងនៅសាលមហោស្រពកោះពេជ្រចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៩ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងដាក់ទិសដៅការងារគណបក្សបន្ត ដើម្បីប្រកួតប្រជែងការបោះឆ្នោតដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣។
លោក សុខ ឥសាន បានថ្លែងថា៖ «លោក (ប្រធានគណបក្ស) បានថ្លែងរហូតដល់ ៤ ម៉ោង ដោយសារតែមានបញ្ហាជាច្រើនដែលត្រូវបូកសរុបក្នុងការងារចលនាមហាជន ដើម្បីដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ ២០២២ និង ២០២៣ ខាងមុខហ្នឹង។ ការងារច្រើនណាស់រួមមានការងារសហជីព ការងារយុវជន និងការងារស្ត្រីផង ដូច្នេះហើយការងារម្នាក់ៗមានច្រើនណាស់»។
លោក ឥសាន ថ្លែងថា៖ «មុខព្រួញសំខាន់គឺការកសាងអង្គការមហាជនទាំងឡាយដែលបានរៀបចំធ្វើជាស្ពានតភ្ជាប់រវាងគណបក្ស និងប្រជាជនមូលដ្ឋាននៅទូទាំងប្រទេសដើម្បីឲ្យយល់ដឹងកម្មវិធីនយោបាយរបស់គណបក្ស និងបង្កើតជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សបន្តទៅទៀត»។

លោក ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតបក្ស។ រូបថត SPM
លោក ឥសាន បានឲ្យដឹងដែរថា បទពិសោធកន្លងមកគណបក្សប្រជាជនក៏បានប្រឈមមុខជាមួយបញ្ហាមួយចំនួនផងដែរដែលបានបង្កឡើងដោយគណបក្សប្រឆាំងដែលបានរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងបានព្យាយាមធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលបង្កឧបសគ្គដល់គណបក្សប្រជាជនក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកក៏បានបញ្ជាក់ផងដែរថា៖ «ក្រុមឧទា្ទមក្រៅច្បាប់ដែលរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងដែលចង់ធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បានបង្កើតបញ្ហានឹងឧបសគ្គជាបន្តបន្ទាប់មិនឲ្យប្រទេសជាតិមានការរីកចម្រើន»។
លោកក៏បានអះអាងថា ដោយសារតែគណបក្សប្រជាជនបន្តដើរនូវលើមាគ៌ាដ៏ត្រឹមត្រូវ និងការសាមគ្គីផ្ទៃក្នុងរឹងមាំ ដែលធ្វើឲ្យគណបក្សប្រជាជនបន្តទទួលបានជោគជ័យ និងបំផ្លាញបានឧបាយកលពិសពុលរបស់ពួកក្រុមប្រឆាំងទាំងក្នុង និងក្រៅ។ ការណ៍នេះធ្វើឲ្យគណបក្សប្រជាជន និងប្រជាជនមានលទ្ធភាពធ្វើការបង្រួបបង្រួមមហាកម្លាំងជន និងសាមគ្គីជាតិដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខរបស់ប្រជាជន។
លោកបានបញ្ជាក់ថា៖ «យើងត្រូវមានកម្លាំងសាមគ្គីភាព និងឯកភាពរឹងមាំ ហើយកាលណាយើងមានផ្ទៃក្នុងរឹងមាំហើយមហិច្ឆតាខាងក្រៅដែលប៉ុនប៉ងបំបែកបំបាក់ក៏ដូចជាបំផ្លាញសមិទ្ធផល សង្គមជាតិក៏មិនអាចប្រព្រឹត្តទៅបានដែរ ហើយយើងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយរបស់គណបក្សដោយឆ្លាតវៃទៅតាមសភាពការណ៍ជាក់ស្តែងរបស់ប្រទេសជាតិ»។
លោក ឥសាន ថ្លែងថា៖ «ចលនាមហាជននៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការបំពេញសំណូមពររបស់ប្រជាជន ហើយបានដោះស្រាយរាល់បញ្ហា និងកង្វល់ជូនប្រជាជនបានទាន់ពេលវេលាបើទោះបីមានឧបសគ្គ ឬមហិច្ឆតាបំបែកផ្ទៃក្នុងរបស់ចលនាមហាជននេះយ៉ាងណាក៏ដោយ។
កាលពីថ្ងៃទី ២៣ ធ្នូ ១ ថ្ងៃក្រោយសន្និបាតនៅលើហ្វេសប៊ុករបស់លោក ហ៊ុន សែន បានសរសេរដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សមាជិកសមាជិកាគណបក្ស ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានចូលរួមសម្រេចបាននូវជោគជ័យធំៗជាច្រើនសម្រាប់ជាតិមាតុភូមិ។
លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖ «ច្បាស់ណាស់ គឺគ្រប់កាលៈទេសៈទាំងអស់ គណបក្សប្រជាជនកម្ពុជាតែងតែនៅជិតប្រជាពលរដ្ឋ ហើយខិតខំពង្រឹងនូវសាមគ្គីភាព និងប្រមូលនូវគ្រប់ធនធានទាំងឡាយដើម្បីជំរុញការកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិឲ្យកាន់តែរីកចម្រើនទៅមុខ។ ទន្ទឹមនឹងនោះគឺយើងត្រូវបន្តចូលរួមថែរក្សាការពារសន្តិភាព និងស្ថិរភាពនយោបាយសង្គមឲ្យបានរឹងមាំដើម្បីកម្ពុជាកាន់តែមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ។ ដោយសារគណបក្សមានមាគ៌ាដឹកនាំត្រឹមត្រូវ និងផ្តល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋមកទល់ពេលនេះគឺមានតែ គណបក្សប្រជាជនកម្ពុជាតែ ១ គត់ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងនោះក៏មានការចូលរួមពីសមាជិកគណបក្សនយោបាយនានាផងដែរ ដែលធ្វើឱ្យគណបក្សប្រជាជនកាន់តែរឹងមាំ និងបន្តឈ្នះឆ្នោត និងកាន់តែរីកធំធាត់ទៅមុខជានិច្ច»។
អ្នកវិភាគនយោបាយលោក ឯមសុវណ្ណារ៉ា បានថ្លែងថាជាទូទៅប្រធានបក្សត្រូវធ្វើការណែនាំ និងរំឭកដល់មន្ត្រីគណបក្សរបស់គណបក្សរបស់ខ្លួនក្នុងការរៀបចំខ្លួនដើម្បីប្រកួតប្រជែងជាមួយនឹងគណបក្សផ្សេងហើយនេះជាយន្តការមួយរបស់គណបក្សប្រជាជន ដើម្បីទទួលជោគជ័យក្នុងការប្រកួតប្រជែងតែការកែទម្រង់នេះមន្ត្រីនៅមូលដ្ឋានមិនទាន់អាចអនុវត្តបានតាមការណែនាំរបស់លោកនៅឡើយទេ។
លោកថ្លែងថា៖ «មន្ត្រីថ្នាក់មូលដ្ឋានមិនទាន់ធ្វើបានទៅតាមអ្វីដែលមន្ត្រីថ្នាក់ជាតិបានដាក់ចេញនៅពេលកន្លងមក គាត់នៅតែមានឆកល្វែង និងមិនបានយកចិត្តទុកដាក់ទៅលើបញ្ហាហ្នឹងគ្រប់គ្រាន់ដោយសារតែប្រជាពលរដ្ឋដែលទទួលសេវារបស់អាជ្ញាធរមូលដ្ឋាននៅតែមិនអាចអនុវត្តគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល»។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាសុំមិនធ្វើអត្ថាធិប្បាយទៅលើបញ្ហាសន្និបាតនោះទេ។ ខណៈអ្នកវិភាគលោក មាស នី មិនអាចទាក់ទងសុំការអត្ថាធិប្បាយពាក់ព័ន្ធទៅនឹងទិសដៅរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតបានទេកាលពីម្សិលមិញ៕