ភ្នំពេញៈ សមាគមគ្រឹះស្ថានឧត្តមសិក្សាបានអះអាងថា មានគ្រឹះស្ថានសិក្សាឯកជនចំនួន ១១៣ កំពុងប្រឈមនឹងការក្ស័យធនដោយសារតែមិនមានលទ្ធភាពបង់ថ្លៃជួលអគារ និងប្រាក់ខែឱ្យបុគ្គលិក ខណៈសាលារៀនត្រូវបានផ្អាកបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ ១៩។
បើតាមសមាគមគ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានអប់រំទាំងនេះគឺកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសផ្អាកសេវាអប់រំនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ១៧ ខែមីនា មកដោយសារតែបញ្ហាបង្កឡើងពីជំងឺឆ្លងកូវីដ ១៩។
នៅក្នុងសេចក្ដីអំពាវនាវបានសរសេរថា៖ «ក្នុងរយៈពេលផ្អាកការបណ្ដុះបណ្ដាលនេះគ្រឹះស្ថានសិក្សាចំនួន ១១៣ ដែលជាសមាជិករបស់សមាគមបានជួបប្រទះនូវការលំបាក និងផលប៉ះពាល់យ៉ាងខ្លាំងដូចជាត្រូវបន្តបើកប្រាក់បៀវត្សរ៍ដល់បុគ្គលិកបន្តបង់ឈ្នួលអគារ បន្តបង់ការប្រាក់ និងប្រាក់ដើមដែលបានខ្ចីពីធនាគារព្រមទាំងការចំណាយជាច្រើនផ្សេងទៀត»។
សមាគមបានអំពាវនាវទៅដល់ម្ចាស់ដែលបានជួលទីតាំងឱ្យគ្រឹះស្ថានអប់រំឯកជនជួយសម្រួលបញ្ចុះតម្លៃឈ្នួល ឬពន្យារពេលបង់ថ្លៃឈ្នួល ហើយគ្រូបង្រៀនបុគ្គលិករបស់គ្រឹះស្ថានអប់រំឯកជនត្រូវជួយសម្រួលបញ្ចុះប្រាក់ខែរីឯធនាគារទាំងអស់ក៏គួរបន្ធូរបន្ថយអត្រាការប្រាក់ និងពន្យារការបង់ប្រាក់ជាដើម។
លោក គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា សាលារៀនលោកទាំង ២ គឺមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង កំពុងបាត់បង់ប្រាក់ចំណូលទាំងស្រុង ប៉ុន្តែសាលានៅតែបន្តបើកប្រាក់ខែឱ្យបុគ្គលិកដូចធម្មតា និងត្រូវបង់ប្រាក់សម្រាប់ជួលអគារ និងសងប្រាក់ទៅធនាគាររាល់ខែដែរ។
លោកបញ្ជាក់ថាក្នុង ១ ខែសាលាត្រូវចំណាយប្រាក់ជិត ១ លានដុល្លារ ដើម្បីបើកជូនបុគ្គលិកដែលមានចំនួនជាង ១ ពាន់ ៤ រយនាក់ហើយក្នុង ១ ឆ្នាំសាលាត្រូវចំណាយប្រហែល ១ លានដុល្លារកន្លះសម្រាប់ថ្លៃជួលអគារ និងជិត ២ លានដុល្លារទៀតសម្រាប់បង់ថ្លៃការប្រាក់ទៅធនាគារ ខណៈលុយទាំងនោះគឺត្រូវពឹងលើប្រាក់ចំណូលរបស់សាលាទាំងស្រុង ដែលទទួលបានពីការបង្រៀន ការលក់សៀវភៅ ការលក់សម្លៀកបំពាក់សិស្ស ថ្លៃរថយន្តដឹកជញ្ជូន និងថ្លៃអាហារជាដើម។
លោកបានថ្លែងថា៖ «ខ្ញុំបានចរចាជាមួយម្ចាស់អគារហើយ ប៉ុន្តែម្ចាស់អគារស្រែកញ៉ាក គេថា អត់ព្រមហើយបដិសេធ។ ម្ចាស់សាលាផ្សេងៗគេក៏បានចរចាជាមួយម្ចាស់អគារអ៊ីចឹងដែរ ប៉ុន្តែគឺទទួលបានលទ្ធផលដូចៗគ្នា»។
លោកបន្តថា ប្រសិនបើម្ចាស់ផ្ទះ ឬម្ចាស់កន្លែងជួលមិនមានការយោគយល់នោះនឹងអាចធ្វើឱ្យគ្រឹះស្ថានអប់រំឯកជនភាគច្រើនត្រូវក្ស័យធន ខណៈជាទូទៅពួកគេសុទ្ធតែខ្ចីលុយពីធនាគារ ដើម្បីយកមកប្រើប្រាស់ក្នុងការបើកសាលាបង្រៀន។
លោកបន្ថែមថា ប្រសិនបើស្ថានភាពនៃជំងឺកូវីដ១៩មិនទាន់ធូរស្រាលត្រឹមចុងខែមេសានេះសាលារៀនរបស់លោកក៏នឹងអាចសុំបញ្ឈប់បុគ្គលិកទាំងអស់ ឬសុំបុគ្គលិកព្យួរការងារមួយរយៈ ដោយសារតែសាលាមិនមានប្រាក់សម្រាប់បើកប្រាក់ខែឱ្យពួកគេតទៅទៀត។
លោក ម៉េងលី លើកឡើងទៀតថា នៅក្នុងកិច្ចប្រជុំសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកាលពីថ្ងៃទី ៣ ខែមេសា កន្លងទៅនេះ គឺមានការស្នើសុំឱ្យមានការជួយជ្រោមជ្រែងពីក្រសួងអប់រំ ឬរដ្ឋាភិបាលមកខាងគ្រឹះស្ថានសិក្សាឯកជនទាំងនេះ ខណៈលោកថាគ្រឹះស្ថានសិក្សាឯកជនគឺបានរួមចំណែកប្រហែល ៥០ ភាគរយ នៅក្នុងការអប់រំនៅកម្ពុជា។
ប៉ុន្តែលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឆ្លើយតបថា គ្រឹះស្ថានអប់រំទាំងនោះគួរធ្វើតាមការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំចរចាឱ្យម្ចាស់ទីតាំងជួលមានការយោគយល់ដែលពួកគេកំពុងជួបការលំបាក។
លោកថា៖ «គ្រឹះស្ថានសិក្សាឯកជនអាចសុំទៅម្ចាស់ផ្ទះដោយផ្ទាល់។ សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសស្នើសុំឲ្យម្ចាស់ផ្ទះចុះថ្លៃហើយ។ គ្រឹះស្ថានសិក្សាឯកជនត្រូវចេះចរចាជាមួយម្ចាស់ផ្ទះ និងភាគីពាក់ព័ន្ធដោយខ្លួនឯង»។ លោកបានបន្តថា ក្រសួងអប់រំលើកទឹកចិត្តឱ្យគ្រឹះស្ថានសិក្សាឯកជន និងភាគីពាក់ព័ន្ធ ពិភាក្សាគ្នារកដំណោះស្រាយរួមព្រោះក្នុងអំឡុងពេលនេះគ្រប់ភាគីពាក់ព័ន្ធសុទ្ធតែស្ថិតក្នុងស្ថានភាពដែលតម្រូវឲ្យមានការយោគយល់គ្នាកម្រិតខ្ពស់។
លោក ហ៊ុន សែន បានប្រកាសនៅថ្ងៃទី ៧ ខែមេសា ដោយបានស្នើឱ្យម្ចាស់ទីតាំងសម្រាប់ជួលឱ្យគេបើកធ្វើអាជីវកម្មគ្រប់ប្រភេទគឺត្រូវមានការយោគយល់បញ្ចុះតម្លៃជួលស្ថិតក្នុងកាលៈទេសៈនៃជំងឺឆ្លងកូវីដ ១៩ ដោយសារតែអ្នករកស៊ីជាច្រើនត្រូវបានបាត់បង់ប្រាក់ចំណូលគ្រប់ៗគ្នា៕
វីដេអូ៖