ភ្នំពេញៈ កម្លាំង​នគរបាល​ខណ្ឌ​សែនសុខ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បានសម្រេច​បញ្ជូន​ខ្លួន​ចៅក្រម​នៃ​សាលាដំបូង​ខេត្ត​កោះកុង​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​ចៅក្រម​រូបនេះ​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​កាលពី​រសៀល​ថ្ងៃ​ពុធ ហើយ​អះអាង​ថា ស្ត្រី​រូប​នោះ​ជា​ចោរឆក់​។


លោក ហួរ ម៉េងវ៉ាង អធិការ​ខណ្ឌ​សែនសុខ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា លោក គង់ ខេមរា មាន​តួនាទី​ជា​ចៅក្រម​សាលាដំបូង​ខេត្ត​កោះកុង​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​ ៨ ខែ​កក្កដា ឆ្នាំ​ ២០២០ ​បន្ទាប់ពី​គាត់​បាន​បើករថយន្ត​បុក​ទៅលើ​ម៉ូតូ​ ១ ​គ្រឿង​ បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នៅលើ​កំណាត់​ផ្លូវ​ភ្នំពេញ-ហាណូយ ស្ថិត​ក្នុង​ភូមិ​រោងចក្រ សង្កាត់​គោកឃ្លាង ខណ្ឌ​សែនសុខ​។

លោក​បាន​ថ្លែងថា​៖ «​ក្រោយ​បញ្ចប់​ការសាកសួរ​មន្ត្រី​នគរបាល​ជំនាញ​បាន​សម្រេច​កសាង​​សំណុំរឿង​ចោទប្រកាន់​ពី​បទល្មើស​មនុស្សឃាត​ដោយ​អចេតនា និង​បាន​បញ្ជូន​ខ្លួន​គាត់ [​គង់ ខេមរា​] ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ [​ម្សិលមិញ​] ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

បើ​តាម​លោក ម៉េងវ៉ាង ក្នុង​អំឡុងពេល​សាកសួរ​យក​ចម្លើយ លោក​ ខេមរា បាន​រៀបរាប់​ពី​ដំណើររឿង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ថា ផ្ដើម​ចេញ​ពី​ស្ត្រី​រងគ្រោះ​បាន​បើក​ម៉ូតូ​មក​ឆក់​យក​កាបូប​របស់គាត់​ដែល​មាន​លុយ​នៅក្នុង​នោះ​ជិត​ ១០ ០០០ ដុល្លារ​ ខណៈ​គាត់​កំពុង​ដើរចូល​ទៅក្នុង​ហាង​កាត់សក់​មួយ ស្ថិត​នៅក្នុង​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ​។

បន្ទាប់មក​គាត់​ក៏បាន​បើកឡាន​ប្រដេញ​តាម​ម៉ូតូ​ស្ត្រី​ជា​ចោរឆក់​នោះ​ដើម្បី​ឃាត់ខ្លួន និង​យក​កាបូប​លុយ​របស់គាត់​មកវិញ ប៉ុន្តែ​ជា​អកុសល​ពេល​បើក​មកដល់​ចំណុច​កើតហេតុ គាត់​ក៏​បាន​បើក​គេច​រថយន្ត​មួយ​គ្រឿង​ដែល​នៅ​ពីមុខ​រថយន្ត​របស់គាត់ ហើយ​ក៏​រេ​ចង្កូត​បុក​ទៅ​លើ​ម៉ូតូ​ស្ត្រី​ជា​ចោរឆក់​នោះ​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​តែ​ម្ដង​។


លោក​ ម៉េងវ៉ាង និយាយ​ទៀត​ថា ស្ត្រី​រងគ្រោះ​ដែល​សង្ស័យ​ជា​ចោរឆក់​នោះ ឈ្មោះ​ សាយ គឹមនី អាយុ​ ៣០ ​ឆ្នាំ​ មាន​លំនៅ​ភូមិ​សែនសុខ សង្កាត់ ឃ្មួញ​ហើយ​សព​របស់​នាង​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​នាំយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​វត្ថុតាង រថយន្ត Highlander ១ ​គ្រឿង​ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​ម៉ូតូ​ ១ ​គ្រឿង​ របស់​ស្ត្រី​រងគ្រោះ​ដែល​សង្ស័យ​ជា​ចោរឆក់​ត្រូវ​បាន​នាំយក​ទៅ​រក្សា​ទុក​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​។

ជុំវិញ​ករណី​ចោរឆក់​កាបូប​លុយ ហើយ​ម្ចាស់​បើក​រថយន្ត​ប្រដេញ​តាម​ចាប់​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ស្លាប់​មនុស្ស​នេះ​លោក គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ និង​ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែងថា ជា​គោលការណ៍​ទូទៅ​នៅក្នុង​បទល្មើស​ជាក់ស្ដែង ជន​គ្រប់រូប​មាន​សិទ្ធិ​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​បញ្ជូន​ឲ្យ​សមត្ថកិច្ច ដើម្បី​នាំយកទៅ​សាកសួរ និង​ចាត់​វិធានការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​។ ប៉ុន្តែ​មិនត្រូវ​បង្ក​ហិង្សា​ដែល​នាំឲ្យ​មាន​របួសស្នាម ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជនសង្ស័យ​ ឬ​ជន​ប្រព្រឹត្ត​បទល្មើស​នោះឡើយ​។

ទោះ​ជា​បែបណា​ក្ដី នៅពេល​ស្នើសុំ​ឲ្យ​ពន្យល់​អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​ភ្នំពេញ-ហាណូយ​ដែល​បង្ក​ឲ្យ​មាន​ជនរងគ្រោះ​ដែល​ត្រូវគេ​អះអាង​ថា ជា​ចោរឆក់​ម្នាក់​ស្លាប់​កាលពី​រសៀល​ថ្ងៃ​ពុធ​នោះ​លោក សន្តិភាព ថ្លែង​យ៉ាងខ្លី​ថា​៖ «​សម្រាប់​ករណី​ខាង​លើ​នេះ ខ្ញុំ​យល់​ថា គួរ​ទុក​ឲ្យ​សមត្ថកិច្ច​ជំនាញ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ស៊ើបអង្កេត​ ឬ​មាន​ចំណាត់ការ​តាម​នីតិវិធី​ចុះ​»​។

លោក​ គុជ គឹមឡុង អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សំណុំ​រឿងនេះ​កំពុង​ស្ថិត​ក្រោម​ចំណាត់ការ​ស៊ើបសួរ​របស់​តំណាង​អយ្យការ​នៅឡើយ​។

រឿង​ដូចគ្នា​នេះ​ដែរ​កាលពី​ថ្ងៃទី​ ១២ ខែ​ សីហា ឆ្នាំ​ ២០១៨ ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Yuan Tang បាន​បើកឡាន​ដេញ​ក្រុម​ចោរឆក់​ទូរស័ព្ទ​របស់​គាត់ ហើយ​បាន​បុក​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានីភ្នំពេញ​លោក ធាម ច័ន្ទពិសិដ្ឋ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន​តាម​ការចោទប្រកាន់​របស់​កញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចំនួន​ ៣ ​បទល្មើស​រួមមាន​​ «​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​ ២១៨ បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ​តាម​មាត្រា ២២៤ ​នៃ​ក្រមព្រហ្មទណ្ឌ និង បទ​បើកបរ​ដោយ​គ្មាន​បណ្ណ​អនុញ្ញាត​តាម​មាត្រា​ ៧៥ ​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​»៕