
លោក សុខ ខារីន មន្ត្រីជំរឿនបង្ហាញតារាងជំរឿន សម្រាប់ឆ្នាំ ២០១៩។ ហេង ជីវ័ន
ភ្នំពេញៈ តួលេខបណ្តោះអាសន្ននៃការធ្វើជំរឿនពលរដ្ឋទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៩ ប្រជាជនសរុបមានចំនួន ១៥ ២៨៨ ៤៨៩ នាក់ ក្នុងនោះមានប្រុស ៧ ៤១៨ ៥៧៧ នាក់ និងស្រី ៧ ៨៦៩ ៩១២ នាក់ ។ បើប្រៀបធៀបនឹងតួលេខជំរឿនឆ្នាំ ២០០៨ ប្រជាជនកម្ពុជាបានកើនឡើងប្រមាណជាង ១ លាន ៨ សែននាក់ ឬស្មើ ១៤,១ ភាគរយប៉ុណ្ណោះ ក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ។
ឧបនាយករដ្ឋមន្ត្រី លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជំរឿនទូទៅប្រជាជននៅកម្ពុជា បានថ្លែងក្នុងឱកាសប្រកាសលទ្ធផលបណ្តោះអាសន្ន ពីម្សិលមិញថា ចំនួនប្រជាជនកម្រិតថ្នាក់ជាតិមាននិន្នាការ កើនឡើងយឺត ដោយសារតែអត្រាផ្តល់កំណើត និងអត្រាកំណើនប្រជាជន មានការថយចុះ។ លោកចាត់ទុកថា តួលេខនេះ គឺស្របតាមការព្យាករដែលបានរំពឹងទុក។
លោកមានប្រសាសន៍ថា៖«អត្រាកំណើនប្រជាជនប្រចាំឆ្នាំ បានថយចុពី ១,៥ ភាគរយ ក្នុងចន្លោះឆ្នាំ ១៩៩៨ និង ២០០៨ មក ១,២ ភាគរយ ក្នុងចន្លោះឆ្នាំ ២០០៨ និង ២០១៩។ អត្រាកំណើនប្រចាំឆ្នាំរបស់កម្ពុជាក្នុងទសវត្សរ៍ចុងក្រោយនេះ យើងពិនិត្យឃើញថា ខ្ពស់ជាងអត្រាកំណើនមធ្យមនៅអាស៊ីអាគ្នេយ៍ ដែលមានតែ ១,០ ភាគរយ»។
ក្រៅពីលើកឡើងយ៉ាងដូច្នេះ លោក ស ខេង បានជំរុញឲ្យបង្កើនកំណើននៃប្រជាជនបន្ថែមទៀត ស្របពេលដែលដង់ស៊ីតេប្រជាជននៅទូទាំងប្រទេស នៅមានភាពទូលាយនៅឡើយ ដោយស្មើនឹង ៨៦ នាក់ ក្នុងផ្ទៃដី ១ គីឡូម៉ែត្រការ៉េ នៅឆ្នាំ ២០១៩។
យោងតាមសៀវភៅជំរឿនឆ្នាំ ២០១៩ ដែលបានប្រកាសផ្សព្វផ្សាយ បង្ហាញថា អត្រាភេទតាមតួលេខបណ្តោះអាសន្ន នៃជំរឿនប្រជាជនឆ្នាំ ២០១៩ គឺស្ត្រីនៅតែមានចំនួនច្រើនជាង ព្រោះមានបុរស ៩៤ នាក់ ក្នុងចំណោមស្ត្រី ១០០ នាក់ ដោយមិនមានការប្រែប្រួលបើប្រៀបធៀបនឹងឆ្នាំ ២០០៨។ ចំណែករាជធានីខេត្ត ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុត គឺរាជធានីភ្នំពេញ មានដល់ទៅ ២ ១២៩ ៣៧១ នាក់ ដែលបន្តឈរលំដាប់ទី១ ស្របពេលខេត្តកណ្តាលឈរលំដាប់ថ្នាក់ទី២ ហើយខេត្តកែប នៅតែបន្តឈរលំដាប់ចុងក្រោយគេបង្អស់ដែលមានប្រជាជនតិចជាងគេបំផុត គឺចំនួនត្រឹមតែ ៤១ ៧៩៨ នាក់។
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា លទ្ធផលជំរឿននេះ គឺផ្អែកទៅលើការពិនិត្យពិច័យយ៉ាងហ្មត់ចត់ លើតួលេខសង្ខេប ដែលបានរៀបចំដោយមន្ត្រីសម្ភាសន៍ ហើយកំពុងស្ថិតក្នុងតារាងកែច្នៃទិន្នន័យ។ លោកបន្តថា នៅពេលដំណើរការចប់សព្វគ្រប់ នោះទិន្នន័យថ្មីនឹងត្រូវបង្ហាញដោយលម្អិតតាមប្រធានបទសំខាន់ៗចំនួន ១៤ ប្រធានបទ ដែលទាក់ទងនឹងសូចនាករប្រជាសាស្ត្រ សង្គម និងផលប៉ះពាល់ចំពោះការអភិវឌ្ឍ។
លោកបញ្ជាក់ថា៖ «ជំរឿនទូទាំងប្រទេស មានវិសាលភាពគ្របដណ្តប់លើគ្រួសារប្រជាជនទូទាំងប្រទេសចំនួន ៣,៧ លានគ្រួសារ។ គ្រួសារទាំងអស់ត្រូវធ្វើការសម្ភាសក្នុងអំឡុងពេល ១១ ថ្ងៃ ក្រៅពីគ្រួសារដែលរស់នៅក្នុងលំនៅឋានអចិន្រៃ្តយ៍ធម្មតា។ គ្រួសារដែលរស់នៅលក្ខណៈស្ថាប័ន ដូចជាសណ្ឋាគារ ផ្ទះសំណាក់ វត្តអារាម មន្ទីរពេទ្យ ពន្ធនាគារ ជាដើម ក៏ត្រូវបានរាប់សម្ភាសជំរឿនផងដែរ»។
លោកបន្តថា៖ «តំបន់ពិសេសដែលបានសម្ភាសដទៃទៀត រួមមានប្រជាជនគ្មានផ្ទះសំបែង ប្រជាជនឆ្លងកាត់ និងប្រជាជនរស់នៅលើទូក នាយប់ធ្វើជំរឿនថ្ងៃទី ២ មីនា និងកងកម្លាំងប្រដាប់អាវុធរស់នៅជំរុំ បន្ទាយ ប៉ុស្តិ៍ប្រចាំការ ក៏ត្រូវបានរាប់់ជំរឿនដោយកម្លាំងពិសេស»។
នេះជាការធ្វើជំរឿនលើកទី៤ បន្ទាប់ពីកម្ពុជាបានធ្វើជំរឿនជាលើកដំបូងកាលពីឆ្នាំ ១៩៦២ និងលើកទី២ កាលពីឆ្នាំ ១៩៩៨ និងលើកទី៣ កាលពីឆ្នាំ ២០០៨ ខណៈដែលលទ្ធផលជំរឿនជាផ្លូវការ នឹងត្រូវប្រកាសនៅត្រីមាសទី២ ឆ្នាំ ២០២០ ខាងមុខ។
ទោះយ៉ាងណា ក៏មានប្រជាពលរដ្ឋមួយចំនួន ធ្លាប់បានអះអាងថា ផ្ទះរបស់ពួកគេមិនត្រូវបានមន្ត្រីជំរឿនចុះមកសម្ភាសក្នុងអំឡុងពេលធ្វើជំរឿននោះទេ ខណៈតួលេខទាំងនេះ ត្រូវបានអះអាងថា មិនបានរាប់បញ្ចូលពលករធ្វើការនៅក្រៅប្រទេសដែលមានជាង ១ លាន ២ សែននាក់ រួមទាំងមន្ត្រីទូតដែលកំពុងបំពេញមុខងារនៅក្រៅប្រទេសផងដែរ។
អ្នកស្រី រឿន សុគន្ធី អាយុ ៣៤ ឆ្នាំ ជាប្រជាពលដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា អំឡុងពេលដែលជំរឿនចាប់ផ្តើមធ្វើរហូតដល់ថ្ងៃបញ្ចប់នៃការធ្វើជំរឿន គឺមិនមានមន្រ្តីណាមួយមកសាកសួរនៅផ្ទះរបស់អ្នកស្រីនោះទេ សូម្បីតែបងស្រី និងអ្នកជិតខាងរបស់អ្នកស្រីក៏គ្មានដែរ។ អ្នកស្រី ក៏មិនដឹងថា តើដោយសារមូលហេតុអ្វី ដែលមន្រ្តីទាំងនោះ មិនបានបំពេញការងារ និងតួនាទីរបស់ពួកគេក្នុងកាតព្វកិច្ចដ៏សំខាន់មួយនេះទេ ខណៈដែលអ្នកស្រី មិនអាចវាយតម្លៃថា តួលេខនេះ មិនដឹងជាអាចមានភាពត្រឹមត្រូវកម្រិតណា នៅពេលមានរឿងបែបនេះ។
អ្នកស្រីបញ្ជាក់ថា៖ «វាជាការធ្វេសប្រហែស ខ្វះការយកចិត្តទុកដាក់ និងទទួលខុសត្រូវលើការងាររបស់សង្គម ដែលរដ្ឋាភិបាលស្ថាប័នពាក់ព័ន្ធគួរតែធ្វើការស៊ើបអង្កេតករណីនេះឡើងវិញ ដោយសារតែមិនមែនតែមួយ ឬ ២ គ្រួសារប៉ុណ្ណោះទេ ដែលមិនត្រូវបានសាកសួរពីមន្រ្តីជំរឿន ប៉ុន្តែមានច្រើនគ្រួសារទៀតដែលជួបបញ្ហានេះដូចគ្នា»។
លោក តឹក វណ្ណារ៉ា ប្រធានវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា មិនទាន់អាចបង្ហាញនូវការវាយតម្លៃពីភាពត្រឹមត្រូវ ចំពោះលទ្ធផលនៃការធ្វើជំរឿននេះយ៉ាងណានៅឡើយទេ។ ប៉ុន្តែលោកបានលើកឡើងថា លទ្ធផលនៃការធ្វើជំរឿននេះ គួរតែមានការដាក់បញ្ចូលប្រជាពលរដ្ឋ ដែលកំពុងធ្វើចំណាកស្រុកនៅក្រៅប្រទេស ស្របពេលលោកក៏ទទួលបានព័ត៌មានពីការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួន ដែលមិនមានមន្ត្រីជំរឿនចុះដល់ផ្ទះរបស់ពួកគាត់។
លោក វណ្ណារ៉ា បានបញ្ជាក់ថា៖ «យើងឃើញថា គាត់មានវិធីសាស្រ្តក្នុងការស្រាវជ្រាវប្រកបដោយត្រឹមត្រូវ ជាលក្ខណៈវិធីសាស្ត្រ និងមានការផ្តល់យោបល់ពីគ្រប់ភាគីពាក់ព័ន្ធ។ ប៉ុន្តែយើងមិនហ៊ានសន្និដ្ឋានថា លទ្ធផលនេះ មានលក្ខណៈយ៉ាងម៉េចទេ។ តែសូមឲ្យលទ្ធផលនេះ ដាក់បញ្ចូលប្រជាជនពិតប្រាកដ ដែលកំពុងបម្រើការនៅក្រៅប្រទេស ហើយគ្រួសារអង្គទូតទាំងឡាយដែលនៅក្រៅប្រទេសផង»៕