ភ្នំពេញៈ ប្រទេស​ ជប៉ុន​ តាមរយៈ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ​បាន​បន្ដ​ផ្ដល់​ជំនួយ​ឥតសំណង​ប្រមាណ​ ៣,១៨ លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​ ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអនុវត្ដ​កម្មវិធី​ផ្ដល់​ស្បៀង​អាហារ​នៅ​តាម​សាលារៀន​ក្នុង​សហគមន៍​មាន​កុមារ​ងាយរងគ្រោះ​ដែល​គម្រោង​នេះ​នឹង​ផ្តល់​អាហារ​ពេលព្រឹក​ដល់​កុមារ​ចំនួន​ ៥ ​ម៉ឺន​នាក់ ដើម្បី​លើកកម្ពស់​សន្ដិសុខ​ស្បៀង និង​ការអប់រំ​របស់​កុមារ​គិត​ចាប់ពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​ ២០២០​។


ពិធី​ចុះហត្ថលេខា​ផ្ដល់​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ធ្វើឡើង​កាលពី​ម្សិលមិញ​នេះ​មាន​ការចូលរួម​ជា​អធិបតី​ពី​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក Mikami Masahiro ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា និង​លោកស្រី Francesca Erdelmann តំណាង និង​ជា​នាយិកា​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​នៅ​ក្រសួង​អប់រំ​យុវជន និង​កីឡា​។

លោក ហង់ជួន ណារ៉ុន បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពិធី​ចុះហត្ថលេខា​ផ្ដល់​ជំនួយ​នេះ​ថា ជំនួយ​បន្ថែម​ជាង ៣ ​លាន​ដុល្លារ​ របស់​ប្រទេស​ ជប៉ុន ​នេះ​នឹង​ទទួល​បានជា​ត្រីខកំប៉ុង​ពី​ប្រទេស​ ជប៉ុន ដើម្បី​យក​ត្រីខ​នេះ​ទៅ​រៀបចំ​ជា​អាហារ​ពេលព្រឹក សម្រាប់​សិស្ស​នៅតាម​សាលា​គោលដៅ​មួយចំនួន​ក្នុង​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ផ្ដល់​ជា​អង្ករ​ចំនួន ២​ ​ពាន់​តោន​ក្នុង​ ១ ​ឆ្នាំ​ ដើម្បី​រៀបចំ​អាហារ​ពេលព្រឹក​សម្រាប់​ផ្គត់ផ្គង់​ដល់​សិស្ស​ក្រីក្រ​នៅតាម​សាលា​គោលដៅ​នេះ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ក្នុងឆ្នាំនេះ​ក្រសួង​អប់រំ​នឹង​អនុវត្ដ​ការងារ​នេះ​ដោយ​ខ្លួនឯង​ដោយ​ពាក់កណ្ដាល​គឺ​យើង​នឹង​អនុវត្ដ​នៅក្នុង​ខេត្ដ​គោលដៅ​ចំនួន​ ៦ ​ដែល​ក្នុងនោះ​កុមារ ៥​ ម៉ឺន​នាក់​នឹង​ទទួលបាន​អាហារ​ពេលព្រឹក​ពី​រាជរដ្ឋាភិបាល​»​។

លោក​រដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹងថា ខេត្ដ​គោលដៅ​ដែល​នឹង​ទទួល​បាន​ជំនួយ​នោះ​រួមមាន​ខេត្ដ​សៀមរាប បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ កំពង់ឆ្នាំង និង​ខេត្ដ​កំពង់ធំ​។ ជាមួយ​គ្នា​នេះ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ដែល​ទទួលបាន​ជំនួយ​ពី​ប្រទេស​ជប៉ុន​នេះ​នឹង​អនុវត្ដ​ការផ្ដល់​ស្បៀងអាហារ​ដល់​សាលា​គោលដៅ​ចំនួន​ ៥ ​ផង​ដែរ​ក្នុង​នោះ​មាន​ខេត្ដ​សៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្ដ​ឧត្ដរមានជ័យ​។


ពិធី​ចុះហត្ថលេខា​ផ្ដល់​ជំនួយ​ឥតសំណង​របស់​ប្រទេស​ជប៉ុន​ពី​ម្សិលមិញ​។ រូប វ៉ន ដារ៉ា

លោក​បញ្ជាក់ថា​៖ «​ជារួម​ប្រទេស​ជប៉ុន​ចាប់​តាំងពី​ឆ្នាំ ២០១១ រហូត​មក​បាន​ផ្ដល់​ថវិកា​ជិត ១៧ ​លាន​ដុល្លារ​អាមេរិក​ ក្នុងការ​អនុវត្ដ​កម្មវិធី​ម្ហូប​អាហារ​នៅតាម​សាលារៀន​។ ការផ្ដល់​ម្ហូបអាហារ​នេះ​អាច​ឲ្យ​កុមារ​នៅ​តំបន់​ទីទ័លក្រ តំបន់​ដាច់ស្រយាល​អាច​ទៅ​រៀន​បាន ព្រោះ​បើ​មិនមាន​ការផ្ដល់​អាហារ​បែបនេះ កុមារ​មួយចំនួន​មិន​ចង់​ទៅ​រៀន​ទេ​។ ដូច្នេះ​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​នេះ ក៏​ជា​ការទាក់ទាញ​ឲ្យ​កុមារ​ទៅ​រៀន​ដោយ​មាន​អាហារ​គ្រប់គ្រាន់​ការសិក្សា​បាន​លូតលាស់​ជាង​មុន​»​។

លោក Mikami Masahiro ក៏​បាន​ថ្លែង​ពេល​ចុះហត្ថលេខា​ផ្ដល់​ជំនួយ​ពី​ម្សិលមិញ​ដែរ​ថា​តាមរយៈ​ជំនួយ​ស្បៀងអាហារ​ដល់​សាលារៀន​កម្ពុជា​នេះ រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្ដល់ជំនួយ​ឥតសំណង​ជា​ទឹកប្រាក់​សរុប ៣៥០ ​លាន​យ៉េន ស្មើ​ប្រមាណ ៣ ​លាន ២ ​សែន ដុល្លារ ដើម្បី​ទិញ​ត្រីខកំប៉ុង​ប្រមាណ ៤១៥ ​លាន​តោន​សម្រាប់​ផ្គត់ផ្គង់​អាហារ​ពេលព្រឹក​របស់​សិស្ស​ក្រីក្រ​នៅតាម​សាលា​សហគមន៍​។

លោក​ថ្លែងថា​៖ «​សេដ្ឋកិច្ច​កម្ពុជា​បាន​កើនឡើង​ខ្លាំង​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លងមក​នេះ​ហើយ​អត្រា​នៃ​ភាពក្រីក្រ​បាន​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​។ ក៏ប៉ុន្ដែ​នៅ​តំបន់​ជនបទ ប្រជាជន​ ១ ​ភាគ​ធំ​នៅ​តែ​រងគ្រោះ​ពី​កង្វះ​អាហារូបត្ថម្ភ​ពីព្រោះ​ពួកគេ​មិនមាន​អាហារ​គ្រប់គ្រាន់​»​។

លោក Mikami Masahiro បាន​លើកឡើង​ថា​ក្នុង​ស្ថានភាព​នេះ​តាមរយៈ​ការផ្ដល់​ត្រីខកំប៉ុង​សម្រាប់​កម្មវិធី​ផ្ដល់​អាហារ​នៅតាម​សាលារៀន​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ជំនួយ​នេះ​មិន​ត្រឹមតែ​រួមចំណែក​ក្នុង​ការលើកស្ទួយ​សុខភាព​កុមារ​ថែម​ទាំង​ធ្វើឲ្យ​កុមារ​ទទួល​បាន​ការអប់រំ​នៅ​សាលា​តាម​សហគមន៍​របស់​ពួកគេ​ផងដែរ​។

លោកស្រី Francesca Erdelmann បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នេះដែរ​ថា តាមរយៈ​ការផ្ដល់​ជំនួយ​នៃ​កម្មវិធី​ស្បៀងអាហារ​នៅតាម​សាលារៀន​នៅ​ទីជនបទ​នេះ​លោកស្រី​បាន​ជជែក​ពិភាក្សា​ជាច្រើន​ជាមួយ​ភាគី​ក្រសួង​អប់រំ និង​ភាគី​ផ្ដល់ជំនួយ​ប្រទេស​ ជប៉ុន​។

លោកស្រី​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​រំភើប​ណាស់ លើ​លទ្ធផល​នៃ​ការងារ​រួមគ្នា​ដ៏ខ្លាំងក្លា​លើ​កម្មវិធី​ស្បៀងអាហារ​តាម​សាលារៀន​នេះ​។ ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ​រដ្ឋាភិបាល​កម្ពុជា​នឹង​ចាប់ផ្តើម​គ្រប់គ្រង​ដោយផ្ទាល់​នូវ​កម្មវិធី​ស្បៀងអាហារ​នៅ​តាម​សាលា​ជាច្រើន ហើយ​សាលា​ទាំងនោះ​នឹងត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រុងប្រយ័ត្ន​»​។

លោកស្រី​បាន​បន្ដថា កម្មវិធី​ស្បៀងអាហារ​ពិភពលោក យើង​នឹង​គាំទ្រ​អ្នកជា​អន្តរកាល​តាមរយៈ​ជំនួយ​បច្ចេកទេស និង​ការគាំទ្រ​។ ពិតណាស់ យើង​នឹង​បន្ត​ផ្តល់​អាហារ​នៅតាម​សាលារៀន​រហូត​ដល់​រដ្ឋាភិបាល ត្រៀម​លក្ខណៈ​ទាំងស្រុង​ដើម្បី​ស្រូប​យក​កម្មវិធី​សាលារៀន​ទាំងអស់ ហើយ​រហូត​ដល់​ពង្រីក​កម្មវិធី​នេះ​បាន​ឲ្យ​ច្រើន​។

WFP បាន​ឲ្យ​ដឹងថា​តាមរយៈ​ជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​លើ​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​នៅតាម​សាលារៀន​នេះ សិស្សសាលា​បឋមសិក្សា ប្រមាណ ២១៧ ៩០០ នាក់​ ក្នុង​ខេត្ដ​គោលដៅ​ទាំង ៥ ​ខាង​លើ​នឹង​ទទួល​បាន​អាហារ​ពេលព្រឹក​រៀងរាល់ថ្ងៃ​។ កុមារ​ទាំងនោះ​នឹង​ទទួល​បាន​អាហារ​ដែល​ត្រូវបាន​ចម្អិន​ឡើង​រួមមាន បាយ​ត្រីខកំប៉ុង ប្រេងឆា អំបិល​អ៊ីយ៉ូត និង​បន្លែ ដែល​មាន​បរិមាណ​ស្មើ​ ៥៥០ ​គីឡូកាឡូរី​៕