ព្រះវិហារៈ ១ ​យប់​សត្វ​ជ្រូក​ជាង​ ៧០០ ​ក្បាល​ បាន​លង់ទឹក​ងាប់ និង​រួច​ចេញពី​កសិដ្ឋាន​ដ៏ធំ​មួយ​នៅ​ភូមិ​ស្រែ​ព្រាង ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ បន្ទាប់ពី​ទឹកស្ទឹង​សែន​ជន់ឡើង​យ៉ាង​គំហុក និង​លិច​ភូមិ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចេញ​អន្តរាគមន៍​ជួយ​ដល់​ម្ចាស់​កសិដ្ឋាន​នេះ​ទាំងយប់​ផងដែរ ដើម្បី​យក​សត្វ​ជ្រូក​ដែល​នៅ​សេសសល់​ជិត​ ៣ ០០០ ​ក្បាល​ ទៀត​ទៅ​កាន់​ទីទួល​សុវត្ថិភាព​។


លោក​ នន់ វណ្ណី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ដ៏ធំ​ខាងលើ​នេះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពេល​នេះ​ក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ជួយ​អន្តរាគមន៍​យក​សត្វ​ជ្រូក​ចេញពី​កសិដ្ឋាន​ទៅ​កាន់​ទីទួល​សុវត្ថិភាព​បាន​ជាង​ ១ ០០០ ​ក្បាល និង​រំពឹងថា សត្វ​ជ្រូក​ជិត​ ១ ០០០ ​ក្បាល​ទៀត ​នឹង​ត្រូវ​នាំចេញ​អស់​នៅ​រសៀល​ថ្ងៃ​ [​ម្សិលមិញ​] ​នេះ​។

លោក​ វណ្ណី​បញ្ជាក់​ថា​៖ «​ជ្រូក​ទាំងអស់​មាន​ ៣ ៦០០ ​ក្បាល ប៉ុន្តែ​ក្រោយពី​ទឹក​ជន់​លិច​កសិដ្ឋាន​កាលពី​យប់មិញ [​យប់​ថ្ងៃ​ចន្ទ​] ជ្រូក​របស់​ខ្ញុំ​ជាង​ ៧០០ ​ក្បាល​ បាន​ងាប់ និង​រួច​ចេញ​បាត់​ពី​កសិដ្ឋាន​។ សត្វ​ជ្រូក​នីមួយៗ​មាន​ទម្ងន់​មិន​ក្រោម​ ៨០ ​គីឡូក្រាម​នោះទេ ដូច្នេះ​ការខាតបង់​របស់​ខ្ញុំ​នៅពេល​នេះ​គិត​ជា​ទឹកប្រាក់​មិន​ក្រោម​ពី​ ១០ ​ម៉ឺន​ដុល្លារ​ឡើយ​»​។

លោក​ ចាប កុយ ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ព្រះវិហារ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គិត​ត្រឹម​ព្រឹក​ម្សិលមិញ​នេះ កម្ពស់​ទឹក​ស្ទឹងសែន​ក្នុង​ខេត្ត​ព្រះវិហារ​បាន​ហក់​ឡើង​ដល់​ ១៤,២២ ​ម៉ែត្រ ខណៈ​កម្ពស់​ទឹក​ត្រូវ​ប្រុងប្រយ័ត្ន​ត្រឹមតែ​ ១១,៥០ ​ម៉ែត្រ​ប៉ុណ្ណោះ​។

លោក​ កុយ ​បញ្ជាក់​ថា​៖ «​នៅពេល​នេះ​លំហូរ​ទឹក​កំពុង​ហូរ​យ៉ាង​ត្របាញ់​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ធំ​ដែល​ធ្វើ​ឲ្យ​ផ្នែក​ខាងលើ​នៃ​ក្បាល​ស្ទឹង​នេះ​មាន​ការស្រក​ចុះ​ជា​បណ្ដើរៗ​។ ប៉ុន្តែ​បើ​ភ្លៀង​នៅ​បន្ត​ធ្លាក់ ផ្នែក​ជាច្រើន​នៃ​តំបន់​វាលទំនាប​នៃ​ខេត្ត​នេះ​នឹង​មាន​ការជន់​លិច​សា​ជាថ្មី​ទៀត​»​។


ចាប់តាំងពី​ថ្ងៃទី​ ៣ ខែ ​កញ្ញា ​រហូត​មក​ទល់​ពេលនេះ ​ជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ​មេគង្គ​បាន​ធ្វើឲ្យ​កំណាត់​ផ្លូវលំ​សរុប​ប្រវែង​ជាង​ ៥០០ ​គីឡូម៉ែត្រ​ រង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​កំណាត់​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត​សរុប​ប្រវែង​ជាង​ ៦០ ​គីឡូម៉ែត្រ​ទៀត ​បាន​រង​ការខូចខាត​យ៉ាងដំណំ​។ នេះ​បើតាម​ប្រសាសន៍​របស់​លោក​ កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ កាលពី​ម្សិលមិញ​។

លោក​ វី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា យោង​តាម​ទិន្នន័យ​ដែល​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ទទួល​បាន​ពី​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ បាន​បង្ហាញ​ថា​ជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ​មេគង្គ​នា​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ​បាន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កំណាត់​ផ្លូវលំ​ជាច្រើន​ខ្សែ​។ សរុប​មាន​ប្រវែង​ជាង​ ៥០០ ​គីឡូម៉ែត្រ ខណៈ​ទិន្នន័យ​ទទួល​បាន​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បង្ហាញ​ថា កំណាត់​ផ្លូវជាតិ​ និង​ផ្លូវ​ខេត្ត​សរុប​ ៣៦ ​ខ្សែ​ក្នុង​ខេត្ត-ក្រុង​ចំនួន​ ១១ បាន​រង​ការខូចខាត​សរុប​ប្រវែង​ជាង​ ៦០ ​គីឡូម៉ែត្រ​។

លោក​ វី ថ្លែង​ថា​៖ «​ទោះ​យ៉ាងណា​ការវាយតម្លៃ​ផលប៉ះពាល់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទាំងនេះ​នៅ​មិន​ទាន់​មាន​ការឯកភាព​គ្នា​ទាំងស្រុង​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នោះទេ​។ ម្យ៉ាងទៀត​ខេត្ត​មួយ​ចំនួន​នៅ​មិនទាន់​ផ្ញើ​របាយការណ៍​បូកសរុប​អំពី​ផលប៉ះពាល់​មកកាន់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​យើង​នៅ​ឡើយ ខណៈ​ខេត្ត​មួយ​ចំនួន​ទៀត​ទើប​ចាប់ផ្ដើម​ការជន់លិច​»​។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​លោក​ ស៊ុន ចាន់ថុល កាលពី​ថ្ងៃ​ចន្ទ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​លេខ​ ៣ និង ផ្លូវ​លេខ​ ៣៣ ដែល​តភ្ជាប់​ពី​ខេត្ត​កំពត​ទៅ​ក្រុងកែប​។ លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ដោយ​ភាពចាំបាច់​ក្រសួង​នឹង​ជួសជុល​ឡើងវិញ​នូវ​ផ្លូវជាតិ​ដ៏សំខាន់​ទាំង​ ២ ​នេះ​ជា​មុន​។ ព្រោះ​ពិធីបុណ្យ​សមុទ្រ​នៅ​ចុងខែ​ធ្នូ​ឆ្នាំ​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ខេត្ត​កំពត ខណៈ​នៅ​ដើម​ខែ​មករា ឆ្នាំ​ ២០២០ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ពិធី​ប្រណាំង​កង់​ពិភពលោក​។

លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវ​ធ្វើការ​ជួសជុល​ស្ដារ​កំណាត់​ផ្លូវជាតិ​លេខ​ ៣ និង​ផ្លូវ​ខេត្ត​លេខ​ ៣៣ ជា​បណ្ដោះអាសន្ន​ជាមុន​សិន ធ្វើយ៉ាងណា​ឲ្យ​បាន​រួចរាល់​មុន​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ខេត្ត​កំពត​»​។

បើ​តាម​លោក​ កែវ វី ទឹកជំនន់​ក៏បាន​ជន់​លិច​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​ ១៣ ៨១១ ​ហិកតា និង​ដំណាំ​រួមផ្សំ​ ៨៧៩ ​ហិកតា​។ ជន់​លិច​លំនៅឋាន​ ៤៥ ៧៩៨​ គ្រួសារ​ ក្នុង​នោះ​ពលរដ្ឋ ៦ ៨៩៣ ​គ្រួសារ ​រួម​ទាំង​សត្វពាហនៈ​​ ២០ ៩១៧ ​ក្បាល​ ត្រូវ​បាន​ជម្លៀសចេញ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​។

លោក​ថ្លែងថា​៖ «​ទោះជា​បែប​ណា​ក្ដី​គ្រោះ​ទឹកជំនន់​ក្នុង​ឆ្នាំ​នេះ​មាន​ផលប៉ះពាល់​តិចតួច​បើ​ធៀប​នឹង​ឆ្នាំមុនៗ ព្រោះ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​របស់​យើង​បាន​រួម​សហការ​គ្នា​បានល្អ​ក្នុង​ការចុះ​ជួយ​អន្តរាគមន៍​ដល់​ជនរងគ្រោះ បាន​ទាន់​ពេលវេលា​»​។

លោក​ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​នេះ​ពលរដ្ឋ​ចំនួន​ ៧ ​នាក់​ស្លាប់​ដោយ​គ្រោះទឹកជំនន់​ក្នុង​នោះ​ក្មេង​ ៥ ​នាក់​ចាស់​ ២ ​នាក់​៕