ភ្នំពេញ៖ តុលាកា​កំពូល​នា​ព្រឹក​នេះ បាន​ចេញ​សេចក្តី​សម្រេច​អនុញ្ញាត​ឱ្យ​មន្ដ្រី​តុលាការ​កំពូល និង​មហាអយ្យការ​អម​សាលា​កំពូល​ទាំង​អស់ បំពេញ​ការងារ​ពី​ចម្ងាយ ឬ​តាម​ប្រព័ន្ធ​អនឡាញ ក្នុង​រយៈពេល​បិទ​ខ្ទប់​ចាប់​ពី​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ២៧ ខែ​ មេសា ឆ្នាំ ២០២១ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩។


តាម​សេចក្ដី​សម្រេច​របស់​តុលាកា​កំពូល មន្ត្រី​តុលាការ​កំពូល និង​មហាអយ្យការ​អម​តុលាការ​កំពូល​ទាំង​អស់​រួម​មាន ចៅក្រម ព្រះរាជអាជ្ញា ក្រឡា​បញ្ជី និង​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋបាល​តុលាការ​កំពូល ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បំពេញ​ការងារ​ពី​ចម្ងាយ ឬ​តាមរយៈ​ប្រព័ន្ធ​អនឡាញ ក្នុង​រយៈ​ពេល​បិទខ្ទប់​នេះ ដោយ​មិន​ចាំបាច់​មក​បំពេញ​ការងារ​ក្នុង​ស្ថាប័ន​ទេ។ ប៉ុន្តែ​ត្រូវ​បាន​ចាត់​តាំង​មន្ត្រី​រដ្ឋបាល​ចំនួន ២ នាក់ ក្នុង ១ ថ្ងៃ​ប្រចាំ​ការ ចាប់​ពី​ថ្ងៃទី ១៩ ដល់ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១។

តុលាការ​កំពូល​បញ្ជាក់​ថា មន្ត្រី​ប្រចាំការ​តាម​វេន ត្រូវ​ទទួល​ឯកសារ ពាក្យ​បណ្ដឹង ឬ​ព័ត៌មាន​ផ្សេងៗ ហើយ​ថត​ចម្លង​ផ្ញើ​ជូន​ប្រធាន​តុលាការ​កំពូល តាមរយៈ​ប្រព័ន្ធ​អនឡាញ ដើម្បី​ចាត់​ការ។

ចំណែក​កម្មវិធី​សវនាការ រឿង​ព្រហ្មទណ្ឌ និង​រឿង​រដ្ឋប្បវេណី ចាប់​ពី​ថ្ងៃទី ១៩ ដល់ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១ ត្រូវ​លើក​ទៅ​ថ្ងៃ​ក្រោយ​វិញ។

ភ្នំពេញ ប៉ុស្តិ៍ មិន​ទាន់​អាច​ទំនាក់ទំនង​តុលាការ​កំពូល​បាន​ទេ​នា​ថ្ងៃ​នេះ។


នៅ​ក្នុង​អំឡុង​ពេលបិទ​ខ្ទប់​ដែល​បាន​កំណត់​ចន្លោះ​ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលា​ដំបូង​ខេត្ត​កណ្ដាល​នៅ​ថ្ងៃ​នេះ​ដែរ បាន​បញ្ជាក់​ថា រាល់​កម្មវិធី​សវនាការ នីតិវិធី​សាកសួរ និង​កិច្ចនីតិវិធី​ផ្សេង​ទៀត ត្រូវ​បាន​លើក​ពេល លើកលែង​តែ​សំណុំ​រឿង​មួយ​ចំនួន ដែល​ត្រូវ​ការ​ចាំបាច់​ធ្វើ​កិច្ច​នីតិវិធី តាម​ការ​ពិនិត្យ​ជាក់​ស្តែង​ដោយ ចៅក្រម។

ជាមួយ​គ្នា​នេះ សាលា​ដំបូងរាជ​ធានីភ្នំពេញ នៅ​ផ្តល់​ជូន​សេវា​ចាំបាច់​មួយ​ចំនួន​ទៀត ដោយ​ចាត់​តាំង​ឱ្យ​មាន​មន្ត្រី​ប្រចាំ​ការ​ទទួល​បន្ទុក​ការងារ៕