ក្រចេះ/ស្ទឹងត្រែងៈ ធនាគារពិភពលោក​តាមរយៈ​រដ្ឋបាល​ជលផល​បាន​ផ្ដល់​កាណូត​ចំនួន ១០០ គ្រឿង​ ដល់​សហគមន៍​នេសាទ​ចំនួន​ ៥០ ​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ដើម្បី​លើក​កម្ពស់​ដល់​កិច្ចគាំពារ និង​អភិរក្ស​ធនធាន​ជលផល​សំដៅ​ឈាន​ឆ្ពោះ​ទៅ​រក​ការលុបបំបាត់​រាល់​ទម្រង់​នៃ​បទល្មើស​នេសាទ​តាមរយៈ​ការចូលរួម​ពី​ប្រជាសហគមន៍​នេសាទ​តាម​មូលដ្ឋាន​។


កាណូត​ចំនួន​ ៥០ ​គ្រឿង​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​សហគមន៍​នេសាទ​ចំនួន​ ២៥ ក្នុង​ខេត្ត​ស្ទឹងត្រែង និង ៥០ ​គ្រឿង​ទៀត​ ត្រូវបាន​ផ្ដល់​ទៅ​ឲ្យ​សហគមន៍​នេសាទ​ចំនួន​ ២៥ ក្នុង​ខេត្តក្រចេះ​។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​លោក អេង ជាសាន ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​នៅក្នុង​ពិធី​ប្រគល់ និង​ទទួល​កាណូត​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​។

លោក ជាសាន បាន​ថ្លែងថា​៖ «​កាណូត​ទាំង​ ១០០ ​គ្រឿង​នេះ​គឺជា​អំណោយ​របស់​ធនាគារ​ពិភពលោក​សម្រាប់​គាំទ្រ​ដល់​ការអនុវត្ត​គម្រោង​ស្តីពី​ការគ្រប់គ្រង ធនធានទឹក​ចម្រុះ​ទន្លេ​មេគង្គ​ដំណាក់កាល​ទី​ ៣​។ សមាស​ភាគ​ទី​ ១ ​របស់​គម្រោង​គឺ​ផ្តោត​លើ​ការគ្រប់គ្រង​ធនធាន​ជលផល និង​វារីសត្វ​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​»​។

លោក​បន្ត​ថា ​វិស័យ​ជលផល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការជួយ​លើកកម្ពស់​កំណើន សេដ្ឋកិច្ចជាតិ សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ និង​ផ្តល់​មុខរបរ​ដល់​ប្រជាពលរដ្ឋ​។

ទាក់ទង​នឹង​គម្រោង​ខាងលើ​នេះ​លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ណែនាំ​ដល់​មន្ត្រី​អនុវត្ត​គម្រោង​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់ សហការ​ឲ្យ​បាន​ល្អ​ជាមួយ​ម្ចាស់​ជំនួយ ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​សហគមន៍​នេសាទ ដើម្បី​អនុវត្ត​គម្រោង​នេះ​ឲ្យ​រលូន​ប្រកប​ដោយ​តម្លាភាព​ប្រសិទ្ធភាព​ទទួល​ខុសត្រូវ​ខ្ពស់​ឲ្យ​សម្រេច​បាន​ជោគជ័យ​ទៅតាម​ការរំពឹងទុក​ និង​ជាពិសេស​នោះ គឺ​សម្រេច​គោលដៅ​ថ្នាក់ជាតិ​ស្តីពី​កិច្ចការពារបរិស្ថាន​ជលផល​ការអភិរក្ស​ជីវៈចម្រុះ​។


លោក​ សាខុន បាន​បញ្ជាក់ថា​៖ «​ជំនួយ​ជា​មធ្យោបាយ​ផ្លូវ​​ទឹក​ [​កាណូត​] ​នាពេល​នេះ​គឺជា​ការឆ្លើយតប​យ៉ាង​ទាន់​ពេលវេលា ចំពោះ​បញ្ហា​ប្រឈម​របស់​យើង​ដែល​បង្ក​ឡើង​ដោយ​គ្រោះទឹកជំនន់​»​។

លោក​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​នូវ​គំនិត​សុទិដ្ឋិនិយម​ចំពោះ​ធនាគារ​ពិភពលោក​ផងដែរ ដែល​ជា​និច្ចកាល​តែងតែ​បាន​​ជួយ​ឧបត្ថម្ភ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​គម្រោង​នានា និង​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើការ​កសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ចាប់​តាំងពី​គ្រាក្រ​លំបាក​រហូត​ដល់​កម្ពុជា​សម្រេច​បាន​នូវ​សុខសន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​នាពេល​បច្ចុប្បន្ន​។

កាលពី​ម្សិលមិញ​លោក សៀន គិន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ក្រចេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាណូត​ទាំងនេះ​គឺជា​មធ្យោបាយ​ចាំបាច់​បំផុត​សម្រាប់​ប្រជាសហគមន៍​នេសាទ ប្រើប្រាស់​ក្នុង​ការល្បាត​ឃ្លាំមើល ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នេសាទ​ទាំង​ក្នុង​ និង​ក្រៅ​តំបន់​ការពារ និង​គ្រប់គ្រង​ដោយ​សហគមន៍​។

លោក​ថ្លែងថា​៖ «​សហគមន៍​នេសាទ​គឺជា​ផ្នែក​មួយ​នៃ​ឆ្មាំ​ទន្លេ​ ឬ​មន្ត្រីជលផល ដែល​មាន​តួនាទី​ការពារ​ធនធាន​ជលផល និង​វារីសត្វ​ក្នុង​សហគមន៍​របស់​ពួកគេ ដូច្នេះ​កាណូត​ទាំងនោះ​នឹង​ជួយ​សម្រួល​ដល់​ការងារ​របស់​ពួកគេ​ក្នុង​កិច្ចការពារ និង​បង្ក្រាប​បទល្មើស​នេសាទ​កុំ​ឲ្យ​កើត​មាន​នៅក្នុង​សហគមន៍​របស់​ពួកគេ​នីមួយៗ​»​។

បើ​តាម​លោក​ គិន ខណៈ​ខេត្តក្រចេះ​កំពុង​រង​ការ​ជន់លិច​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​គ្រប់​ទីកន្លែង​យ៉ាង​ល្ហល្ហាច​នៅ​ឡើយ​នោះ បទល្មើស​នេសាទ​នៅ​មិន​ទាន់​កើតមាន​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​៕