
ទីតាំងផលិតប៊ីចេងក្លែងក្លាយត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាប និងរឹបអូសនៅរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ។ រូប នគរបាល
ភ្នំពេញៈ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចកាលពីម្សិលមិញ បានចុះបង្ក្រាបទីតាំងវេចខ្ចប់ប៊ីចេងក្លែងក្លាយ ១ កន្លែងស្ថិតនៅសង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវដែលមានប៊ីចេងក្លែងក្លាយប្រមាណ ១៧ តោន។
លោក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានថ្លែងនៅក្នុងពេលចុះបង្ក្រាបកាលពីម្សិលមិញថា សមត្ថកិច្ចបានរកឃើញ ប៊ីចេងក្លែងក្លាយ និងភ័ស្តុតាងរួមមាន ប៊ីចេងបាវសចំនួន ៣៥២ បាវប៊ីចេងបាវគគីរចំនួន ១២៥ បាវ ប៊ីចេងរាយម៉ាក Win win ចំនួន ១៤០ បាវ ប៊ីចេងច្រករួច (500g) ចំនួន ៣២ បាវ ប៊ីចេងច្រករួចម៉ាក Gold Cup ចំនួន ៤៧ កេស ប៊ីចេងរូបវែក (250g) ម៉ាស៊ីនដេរមាត់បាវ ២ គ្រឿង ម៉ាស៊ីនអ៊ុតមាត់ថង់ ១ គ្រឿង ម៉ាស៊ីនរុំខ្សែ និងកាត់ខ្សែចំនួន ២ គ្រឿង ជញ្ជីងថ្លឹង ២ គ្រឿងបាវរូបវែក ៩៣ បាវ និងប៊ីចេងរាយមិនទាន់វេចខ្ចប់មួយចំនួនទៀតសរុបទាំងអស់ទម្ងន់ប្រមាណ ១៧ តោន។
លោក វ៉ាន់ធឿន បានថ្លែងថា៖ «ក្រោយពីការត្រួតពិនិត្យ និងតាមការសម្រេចរបស់លោកព្រះរាជអាជ្ញារង សមត្ថកិច្ចបានសម្រេចដកហូត និងរក្សាទុកឃ្លុំបេបិទទីតាំងខាងលើ ហើយបាននាំខ្លួនម្ចាស់ទីតាំងលោកស្រី សុខ វួចលីន អាយុ ៤១ ឆ្នាំជនជាតិខ្មែរមកសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីបន្តនីតិវិធី»។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះលោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទី រាជធានីភ្នំពេញបានឲ្យដឹងដែរថា ថ្វីដ្បិតតែក្រុមការងារមិនទាន់យកប៊ីចេងនេះទៅពិសោធនៅក្នុងម៉ាស៊ីនឡាបូក៏ពិតមែន ប៉ុន្តែតាមការពិនិត្យជាបឋមឃើញថា ប៊ីចេងនេះគឺក្លែងក្លាយ ហើយក្លែងម៉ាកផងដែរ ដែលអាចធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពអ្នកបរិភោគ។
គួររំឭកថាកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៨ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានចុះអនុវត្ដតាមពាក្យបណ្ដឹងពីក្រុមហ៊ុនប៊ីចេងរូបវែករកកន្លែងមានលក់ផលិតផលប៊ីចេងរូបវែកក្លែងក្លាយដែលរំលោភកម្មសិទ្ធិបញ្ញជាច្រើនគីឡូ ដោយមាន ៣ ទីតាំងទី ១ នៅផ្ទះលេខ ១៤ BEo តាមបណ្ដោយផ្លូវលេខ ១៤១ ទី ២ ផ្ទះលេខ ១០BEo តាមបណ្ដោយ ផ្លូវលេខ ១៤១ និងទី ៣ ផ្ទះលេខ ២៣A ផ្លូវលេខ ១២៥ ក្នុងសង្កាត់បឹងព្រលិតខណ្ឌ៧មករា រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងទី ១ មានឈ្មោះ តាំង សៀងខេង ភេទស្រី អាយុ ៣០ ឆ្នាំស្នាក់នៅផ្ទះលេខ ១៤ BEo ខណ្ឌ ៧ មករា រាជធានីភ្នំពេញសមត្ថកិច្ចរកឃើញប៊ីចេងរូបវែកដែលរំលោភកម្មសិទ្ធិបញ្ញដោយមានប៊ីចេងក្លែងក្លាយចំនួន 800 កញ្ចប់តូចស្មើនឹង 275 គីឡូក្រាម និងសម្បកខ្ចប់មួយចំនួនទៀត។
ម្ចាស់ទីតាំងទី ២ មានឈ្មោះ អ៊ឹង សុង ភេទប្រុស អាយុ ៦៨ ឆ្នាំ ស្ថិតនៅក្នុងខណ្ឌ ៧ មករា រាជធានីភ្នំពេញសមត្ថកិច្ចរកឃើញវត្ថុធាតុដើមសម្រាប់ធ្វើប៊ីចេងរូបវែកដែលរំលោភកម្មសិទ្ធិបញ្ញាមានប៊ីចេងក្លែងក្លាយចំនួន ១ ៣៦៤ គីឡូក្រាម ប៊ីចេងមិនទាន់វេចខ្ចប់ចំនួន ១ ៨៩៨ គីឡូក្រាម។
ម្ចាស់ទីតាំងទី ៣ នៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា រកឃើញប៊ីចេងរូបវែកដែលរំលោភកម្មសិទ្ធិបញ្ញាមានប៊ីចេងក្លែងក្លាយចំនួន ១២ គីឡូក្រាម, ប៊ីចេងមិនទាន់វេចខ្ចប់ចំនួនជាង ២០០ បេ៕