ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនបុរសសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១៧ មករា បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី ១៥ ខែមករា ពាក់ព័ន្ធករណីយកគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ២ កញ្ចប់ធំចូលក្នុងពន្ធនាគារព្រៃស។
លោក ជីម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានប្រាប់កាលពីម្សិលមិញថា បុរសសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួននោះមានឈ្មោះ ឃី សិរីវុឌ្ឍ អាយុ ២៥ ឆ្នាំរស់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី-ភ្នំពេញ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពន្ធនាគារព្រៃសតែពេលនេះកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
លោកប្រាប់ថា៖ «ឥឡូវនេះជនសង្ស័យកំពុងត្រូវសួរចម្លើយនៅអធិការដ្ឋានខណ្ឌដង្កោខ្ញុំហើយ យើងនឹងបញ្ជូនគេទៅតុលាការនៅថ្ងៃស្អែក (ថ្ងៃ ១៧ មករា) ដើម្បីចាត់ការតាមច្បាប់»។
លោក លឹម សៀងហេង នាយផ្នែកនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានឲ្យដឹងតាមរយៈមន្ត្រីអនុរក្សពន្ធនាគារព្រៃសថា មុនកើតហេតុម៉ោង ៥ និង ១៥ នាទីល្ងាចថ្ងៃទី ១៥ មករា បុរសសង្ស័យខាងលើបានមកសុំមន្ត្រីអនុរក្សចូលទៅក្នុងពន្ធនាគារ។ ពេលនោះមន្ត្រីអនុរក្សដែលយាមនៅមុខពន្ធនាគារបានឆែកឆេរលើសម្ភាររបស់ជនសង្ស័យដែលលាក់នៅក្នុងកំប៉ុងចំណីសត្វ ក៏ស្រាប់តែឃើញមានថង់ចំនួន ២ ដែលក្នុងនោះមានបង្កប់ម្សៅពណ៌សថ្លា។
លោកបន្តថា ដោយមានការសង្ស័យ មន្ត្រីអនុរក្សក៏ហៅបុរសរូបនោះឲ្យចូលក្នុងបន្ទប់ហើយបានពិនិត្យនៅក្នុងថង់នោះទើបដឹងថា ជាម្សៅគ្រឿងញៀន។ បន្ទាប់មកមន្ត្រីអនុរក្សក៏បានទាក់ទងទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចូលរួមធ្វើពិសោធន៍លើម្សៅសក្នុងថង់នោះ ហើយបានរកឃើញជាសារធាតុញៀនដែលសរុបទាំង ២ ថង់នោះមានទម្ងន់ ១៨២,២៣ ក្រាមជាប្រភេទមេតំហ្វេតាមីន។
លោក សៀងហេង បានបន្ថែមថា បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យឃើញមានសារធាតុញៀនពិតហើយនោះ មន្ត្រីអនុរក្សពន្ធនាគារក៏បានប្រគល់ជនសង្ស័យឲ្យមកសមត្ថកិច្ចនគរបាលរបស់លោក។ ពេលនេះលោកបានធ្វើសំណើទៅសាលាដំបូងរាជធានីភ្នំពេញ ហើយក៏មានការជួយសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ឆាយ ហុង ដោយអនុញ្ញាតឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យតែម្តង។
លោកបានបញ្ជាក់ថា ជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចរបស់លោកថា គាត់ត្រូវបានជនមិនស្គាល់មុខម្នាក់ទូរស័ព្ទពឹងឲ្យយកគ្រឿងញៀននោះទៅឲ្យមនុស្សម្នាក់នៅក្នុងពន្ធនាគារព្រៃស តែគាត់ថា មិនស្គាល់អ្នកនៅក្នុងពន្ធនាគារនោះឈ្មោះអ្វីទេ។
ក៏ប៉ុន្តែលោកបានបញ្ជាក់ថា៖ «ខ្ញុំមិនជឿថា មិនដែលមនុស្សណាមិនស្គាល់គ្នា និងមិនដែលស្គាល់លេខទូរស័ព្ទសោះហើយយកបញ្ញើទៅឲ្យគេនោះទេ»៕