បុគ្គលិក​ក្រុមហ៊ុន ភ្នំពេញ​សូរិយា ធ្វើ​កូដកម្ម


20140429_07a
បុគ្គលិកក្រុមហ៊ុនឡានក្រុងសូរិយា ធ្វើកូដកម្មម្សិលមិញ

ភ្នំពេញៈ បុគ្គលិក​ក្រុមហ៊ុន​រថយន្ត​ក្រុង ភ្នំពេញ​សូរិយា ប្រមាណ ២០​នាក់ ដែល​ធ្វើ​កូដកម្ម​នៅ​យានដ្ឋាន​ក្នុង ខណ្ឌ​ឫស្សីកែវ ម្សិលមិញ​ថា គេ​យល់​ព្រម​ចូល​ធ្វើ​ការ​វិញ​រហូត​ដល់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​សម្រេច​ក្តី​រួច​ខណៈ​មាន​បុគ្គលិក​ជាង ៥០​នាក់ ចេញ​មក​គាំទ្រ​ក្រុមហ៊ុន។

លោក សម្បត្តិ វន តំណាង​សហជីព​រថយន្ត​ក្រុង​ទើប​បង្កើត​ថ្មី​ប្រាប់​ថា៖ «បើ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​មិន​រក​យុត្តិធម៌​ឲ្យ​យើង យើង​នឹង​តវ៉ា​ជា​រៀង​រហូត»។

កាល​ថ្ងៃ​ព្រហស្បតិ៍​លោក​ថា បន្ទាប់​ពី​បុគ្គលិក​ជាច្រើន​ត្រូវ​បណ្តេញ​ចេញ​ពី​ការងារ​មុន​ចូល​ឆ្នាំ​ខ្មែរ សហជីព​បាន​ផ្ញើ​លិខិត​សុំ​ឲ្យ​ក្រសួង ការងារ អន្តរាគមន៍​ឲ្យ​ពួក​គេ​បាន​ចូល​ធ្វើ​ការ​វិញ។

នាយក​ទូទៅ​លោក ចាន់ សុផាន់ណា ម្សិលមិញ​ប្រាប់​ថា បុគ្គលិក​ជាង ៥០​នាក់ ដែល​គាំទ្រ​ក្រុមហ៊ុន​ម្សិលមិញ​សម្រេច​ចិត្ត​រួម​សាមគ្គី​ជាមួយ​ក្រុមហ៊ុន សូរិយា ដោយ​ខ្លាច​ក្រុម​អ្នក​ធ្វើ​កូដកម្ម​បំផ្លាញ​ក្រុមហ៊ុន​នេះ»។

លោក​ថា៖ «ក្រុមហ៊ុន​មិន​បាន​រៀបចំ​ឲ្យ​គេ​គាំទ្រ​ទេ ពួក​គេ​ស្ម័គ្រ​ចិត្ត​ធ្វើ​ដោយ​ខ្លួន​ឯង។ ក្រុមហ៊ុន​នៅ​រក្សា​ជំហរ​ដដែល ព្រោះ​អ្វី​ដែល​ពួក​គេ​ទាម​ទារ​គឺ​គ្មាន​នៅ​ក្នុង​ច្បាប់​ការងារ»។

លោក Dave Welsh នាយក​ប្រចាំ​ប្រទេស​នៃ​មជ្ឈមណ្ឌល អាមេរិក ដើម្បី​សាមគ្គីភាព​ការងារ (ACILS) ថ្លែង​ថា បុគ្គលិក​ប្រកាន់​ជំហរ​វិជ្ជមាន​ដោយ​ស្នើ​ឲ្យ​ក្រសួង ការងារ អន្តរាគមន៍។

លោក Welsh ថ្លែង​ថា៖ «ក្រុមហ៊ុន​មិន​ត្រូវ​បំពេញ​រាល់​ការ​ទាមទារ​ទេ ប៉ុន្តែ​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ទទួល​ផល​ប្រយោជន៍​ល្អ​បំផុត​ដល់​គ្រប់​ភាគី​ដើម្បី​បន្ត​ការ​ចូល​រួម និង​ការ​ចរចា»។

បុគ្គលិក​ជាង ៦០ នាក់​បាន​ធ្វើ​កូដកម្ម​ពី​ថ្ងៃ ទី​៣ មេសា ប៉ុន្មាន​ថ្ងៃ​មុន​ក្រុមហ៊ុន​បង្កើន​ប្រតិបត្តិការ​ក្នុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ដែល​ប្រជាជន​ច្រើន​ធ្វើ​ដំណើរ​ទៅ​ខេត្ត។ បន្ទាប់​ពី​ការ​ចរចា​ក្រុមហ៊ុន ភ្នំពេញ​សូរិយា យល់​ព្រម​បញ្ចប់​ការ​ពិន័យ​អ្នក​បើកបរ​ចំនួន ៧៥០ ដុល្លារ​លើ​ការ​ដឹក​មនុស្ស​និង​ទំនិញ​ដោយ​ពុំ​មាន​សំបុត្រ​ធ្វើ​ឲ្យ​បុគ្គលិក​ស្ទើរ​ទាំង​អស់​វិល​ចូល​ធ្វើ​ការ​វិញ៕ PS

រាយការណ៍​បន្ថែម​ដោយៈ Amelia Woodside

ព័ត៌មានថ្មីៗ