ព្រះសីហនុៈ ស្នងការ​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​បាន​បញ្ជូន​ជនជាតិ​ចិន​ ១០ នាក់​ទៅ​តុលាការ បន្ទាប់ពី​ចាប់​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី ១៩ ខែ​មិថុនា ពាក់ព័ន្ធ​នឹង​ហិង្សា​ទៅលើ​ជនជាតិ​ចិន​ដូច​គ្នា ២ ​នាក់​នៅក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​។


បើ​តាម​សមត្ថកិច្ច​ខេត្ត​ជនជាតិ​ចិន ១០ នាក់​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​វាយដំ​ទាត់ធាក់​ជនជាតិ​ចិន ២ នាក់ រហូត​ដល់​សន្លប់​ហើយ​ចាប់​ដាក់​ក្នុង​រថយន្ត​ដើម្បី​បើក​ចេញ​ពី​កាស៊ីណូ​ញូវហ្គោលឌិវែល​ស្ថិត​នៅ​ក្រុមទី ១៦ សង្កាត់​លេខ ៤ កាលពី​ទី​ ១៩ ​ខែ​មិថុនា​វេលា​ម៉ោង​ ១២ ​និង​ ៣០ ​នាទី​យប់​។

បើ​តាម​លោក​ ជួន ណារិន្ទ ​ស្នងការ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​មួយ​ក្រុម​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ចេញពី​កាស៊ីណូ​ឌីហាវ​ឆ្ពោះ​ទៅ​កាស៊ីណូ «​ញូវហ្គោលឌិនវែល​»​។ ពេល​ទៅ​ដល់​ពួកគេ​បាន​វាយ​ទៅ​លើ​ជនជាតិ​ចិន​ ២ ​នាក់​បណ្តាល​ឲ្យ​សន្លប់​រួច​ក៏​យក​ជនរងគ្រោះ​បោះ​ចូល​រថយន្ត ដែល​ពួកគេ​ជិះ​មក​ហើយ​ក៏​បើក​ចេញ​។ ប៉ុន្តែ​ភ្លាមៗ​នោះ​ពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ហើយ​សមត្ថកិច្ច​ក៏​ដេញ​ចាប់​បាន​ភ្លាមៗ​។

លោក​ ឯក ស៊ុត សំអុន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹង​ថា​ជនរងគ្រោះ​ឈ្មោះ Huang Cheng និង He Jun ទាំង ២ នាក់​ធ្វើការ​នៅ​កាស៊ីណូ ញូវហ្គោលឌិនវែល​បាន​រងរបួស​ធ្ងន់ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

ចំណែក​ជនសង្ស័យ​ទាំង​ ១០ ​នាក់​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​នៅ​ឡើយ​។ ទោះ​យ៉ាង​ណា​សមត្ថកិច្ច​បាន​ចោទប្រកាន់​បឋម​ពី​បទ​ «​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​»​។ ចំពោះ​មូលហេតុ​ដែល​ឈាន​ដល់​ហិង្សា​នេះ​ក្រុម​ជនសង្ស័យ​មិន​សារភាព​ឡើយ​៕