សៀមរាប: បុរស ២ នាក់​ ដែ​ល​អះ​អាង​ថា​ជា​អង្គ​រក្ស​មន្ត្រី​ជាន់​ខ្ពស់​​រដ្ឋា​ភិ​បាល​ត្រូវ​បាន​ជាប់​ឃុំ​កាល​ពីដើម​សប្ដាហ៍​កន្លង​មក​​ដោយ​ត្រូវ​ចោទ​ពី​បទ​ឆ​បោ​ក​ និង​កាន់​កាប់ ឬ​ដឹក​ជញ្ជូន​​អាវុធ​ដោយ​គ្មាន​ការ​អន​ញ្ញាត​។​


​លោក​ យិន​ ស្រាង​ អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​សៀម​រាប​ កាល​ពី​ម្សិល​មិញ​បាន​ថ្លែង​ថា​ ​លោក​ចៅ​ក្រម​ស៊ើប​សួរ​បាន​សម្រេច​ឃុំ​ខ្លួន​បុរស​ជា​ជនជាប់​ចោទ​ឈ្មោះ ​អោ កែ​ហឿន​ អាយុ​ ៦០​ ឆ្នាំ​ និង​ឈ្មោះ ​ប៊ុន ចាន់​ធឿន​ អាយុ​​ ៦១ ឆ្នាំ​កាល​ពី​ថ្ងៃទី ៧​ ឧសភា​នេះ​ ក្រោម​បទ​ចោទ​ «ឆ​បោក និង​កាន់​កាប់​ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុ​ញ្ញាត​»​ ​តាម​មាត្រា មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ។​

​ជន​ត្រូវ​ចោទ​កែ​ហឿន​រស់​នៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀម​រាប មុខរបរ​ជំនួយ​ការ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិ​បាល​ម្នាក់​ និង​ចាន់​ធឿន​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ដំបង ស្រុក​មុខ​កំពូល​ ខេត្ត​កណ្ដាល។

តាម​បណ្ដាញ​សារព័ត៌​មាន​ក្នុង​ស្រុក​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​ថា ការ​ឃុំខ្លួ​ន​នេះ ​បន្ទាប់​ពី​កង​រាជ​អា​វុធ​ហ​ត្ថ​​ខេត្ត​សៀម​រាប​ នៅ​ថ្ងៃទី​ ៤​ ខែ​ ឧសភា បាន​ឃាត់​ខ្លួន​ជន​សង្ស័​យ​ទាំង​ ២ នាក់ យ​ក​មក​សាក​សួរ​ ក្រោយ​ពី​ពួក​គេ​ដើរ​ផ្សព្វ​ផ្សាយ​ថា បើ​មាន​អ្នក​មាន​បញ្ហា​ដីធ្លី​ ជា​មួយ​អាជ្ញា​ធរ​អប្សរា​ គេ​អាច​ជួយ​ដោះ​ស្រា​យ​ឲ្យ​បាន​ប្លង់​រឹង​មក​វិញ ឬ​អ្នក​ដែល​ចង់​ឲ្យ​កូន​ចៅ​ចូល​បម្រើ​ការងារ​ជា​ទាហា​ន​ ពេទ្យ​ និង​គ្រូប​ង្រៀន ​ក៏​គេ​អាច​ជួយ​បាន​ដែរ​ដោយ​សន្យា​តែ ៣​ ខែ​នឹង​បាន​ចូល​ក្របខ័ណ្ឌ​ភ្លាម។

ក្រោយ​ពេល​ឃាត់​ខ្លួន​សមត្ថកិច្ច​​ចុះ​រឹបអូស​យក​វត្ថុតាង​អាវុ​ធ​​ខ្លី​ K54 ១ ដើម​ គ្រាប់​ចំនួន​ ៥ ​គ្រាប់​ និង​ខោអាវ​អង្គរក្ស​ចំនួន​ ៣ កំ​ប្លេ​​ផង​ដែរ​។​ ​ស​ម​ត្ថកិច្ច​បាន​សាក​សួរ​ដោយ​ជន​សង្ស័​យ​​ទាំង ​២ បាន​សារភាព​ថា​ ពួក​គេ​ពិត​ជា​បាន​ប្រព្រឹត្ត​ដូចការ​ចោទ ប្រកាន់​មែន»៕​