ប្រកាស​ចាត់វិធានការ​ច្បាប់ ​ទៅលើ​ការផ្សាយ​​លក់​សារធាតុ​ ដែល​ថា​ ជា​ថ្នាំ​សម្លាប់​ វីរុស​កូរ៉ូណា

Content image - Phnom Penh Post
Chloramine B ​ផ្សាយ​លក់​តាម​អនឡាញ​ថា​អាច​សម្លាប់​វីរុស​កូរ៉ូណា​តែ​ត្រូវ​ក្រសួង​សុខាភិបាល​ហាម​។ រូប ក្រសួង​សុខាភិបាល

ភ្នំពេញៈ ក្រសួង​សុខាភិបាល​ប្រកាស​ហាមឃាត់ និង​អនុវត្ដ​វិធានការ​ច្បាប់​លើ​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Eva Cambodia ក្រោយពី​ហ្វេសប៊ុក​នេះ​ផ្សព្វផ្សាយ​លក់​សារធាតុ Chloramine B ថា​ជា​ថ្នាំ​សម្លាប់​មេរោគ​កូរ៉ូណា​ដោយ​ក្រសួង​អះអាង​ថា​សារធាតុ​នេះ​គ្មាន​លេខ​បញ្ជិកា និង​គ្មាន​ការទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ណាមួយ​ឡើយ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​ ២៤ មីនា ស្ដីពី​ «​ការហាមឃាត់​ការផ្សព្វផ្សាយ​លក់ Chloramine B គ្មាន​លេខ​បញ្ជិកា និង​គ្មាន​ការទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល​» បាន​ប្រាប់​សាធារណជន​ទាំងអស់​ថា តាម​ការពិនិត្យ​ឃើញ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មាន​គណនី​ឈ្មោះ Eva Cambodia កំពុង​ផ្សព្វផ្សាយ​លក់ Chloramine B គ្មាន​លេខ​បញ្ជិកា និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួង​សុខាភិបាល ហើយ​ថែមទាំង​បាន​ផ្សព្វផ្សាយ​ថា​ជា​ថ្នាំ​សម្លាប់​មេរោគ​ Coronavirus ទៀតផង​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា អនុលោម​តាមច្បាប់​ស្ដីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ឱសថ​តម្រូវ​គ្រប់​ផលិតផល​ឱសថ​ទាំងអស់​ត្រូវ​ចុះ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល និង​រាល់​ការនាំចូល​នូវ​ផលិតផល​ទាំងនេះ​ត្រូវ​មាន​ការអនុញ្ញាត​ឱ្យ​នាំចូល​ពី​ក្រសួងសុខាភិបាល ហើយ​ការផ្សព្វផ្សាយ​ឱសថ និង​ផលិតផល​ដែល​មាន​គុណភាព​ក្នុង​ការបង្ការ ឬ​ព្យាបាល​ជំងឺ​ត្រូវ​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ផងដែរ​ដើម្បីឱ្យ​ក្រសួង​សុខាភិបាល​មានលទ្ធភាព​ពិនិត្យ​ពី​ខ្លឹមសារ​ផ្សព្វផ្សាយ​ជាមុន​ឱ្យ​ស្រប​តាម​លក្ខណៈ​វិទ្យាសាស្ដ្រ​។

សេចក្ដី​ប្រកាស​បញ្ជាក់ថា​៖ «​ដូច្នេះ​ក្រសួងសុខាភិបាល​សូម​ជម្រាប​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជ្រាបថា Chloramine B ដែល​ផ្សព្វផ្សាយ​លក់​តាម​គណនី​ឈ្មោះ Eva Cambodia ពុំ​អាច​ធានា​បាន​នូវ​គុណភាព និង​សុវត្ថិភាព​ឡើយ ហើយ​ពុំទាន់​មាន​ការទទួលស្គាល់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ណាមួយ​ថា សារធាតុ​នេះ​ប្រើ​ជា​ថ្នាំ​សម្រាប់​សម្លាប់​មេរោគ Coronavirus នៅឡើយ​ទេ​»​។

ក្រសួង​សុខាភិបាល​បាន​ប្រកាស​តម្រូវឱ្យ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Eva Cambodia ត្រូវ​បញ្ឈប់​ការផ្សព្វផ្សាយ​នាំចូល និង​ចែកចាយ​ផលិតផល Chloramine B គ្មាន​លេខ​បញ្ចិកា​ខាងលើ​ជាបន្ទាន់​។

ក្រសួង​បញ្ជាក់ថា​៖ «​ក្រសួងសុខាភិបាល​នឹង​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេងទៀត ដើម្បី​ចាត់វិធានការ​តឹងរ៉ឹង​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ឈ្មោះ Eva Cambodia ​ដែល​បាន​ផ្សព្វផ្សាយ​លក់ Chloramine B គ្មាន​លេខ បញ្ជិកា​និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​នេះ​»​។

គណនី​ហ្វេសប៊ុក​ឈ្មោះ​ Eva Cambodia ដែលមាន​អាសយដ្ឋាន​ផ្ទះ​លេខ​ ១២៨ ផ្លូវ ៤៣០ ស្ថិតក្នុង​សង្កាត់​ទួលទំពូង រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១៧ ខែមីនា បាន​ផ្សព្វផ្សាយ​លក់​សារធាតុ Chloramine B នៅតាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​បាន​សរសេរ ផ្សព្វផ្សាយ​ថា​៖ «Chloramine B ថ្នាំ​សម្លាប់​មេរោគ Coronavirus ១៥ ០០០ ​ដុល្លារ​ក្នុង​ ១ ​តោន​។

លោក​ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​កំពុង​តាម​ស៊ើបអង្កេត គណនី​ហ្វេសប៊ុក​ឈ្មោះ Eva Cambodia ដែល​ផ្សព្វផ្សាយ​លក់​សារធាតុ Chloramine B ថា​ជា​ថ្នាំ​អាច​សម្លាប់​មេរោគ​កូវីដ​ ១៩ ដែល​បង្ក​ឱ្យ​ពលរដ្ឋ​មានការ​ភាន់ច្រឡំ​។

លោក​ថ្លែងថា​៖ «​ចំពោះ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Eva Cambodia ដែល​ផ្សព្វផ្សាយ​លក់​សារធាតុ Chloramine B ថា​ជា​ថ្នាំ​អាច​សម្លាប់​មេរោគ​កូវីដ​ ១៩ ដែល​នាំ​បង្ក​ឱ្យ​ពលរដ្ឋ​មាន​ការភាន់ច្រឡំ​នេះ យើង​កំពុងតែ​តាម​ស៊ើបអង្កេត​យ៉ាង​យក​ចិត្ដ​ទុកដាក់​ចំពោះ​រឿងនេះ​។ យើង​ដាក់​កម្លាំង​តាម ៣-៤ កន្លែង​ហើយ​តាម​ឃ្លាំមើល​រឿងនេះ​។ ក្រៅពី​មុខសញ្ញា​មួយ​នេះ យើង​ក៏មាន​មុខសញ្ញា​ផ្សេងទៀត​ចំពោះ​អ្នកផ្សព្វផ្សាយ​លក់​ផលិតផល​អាល់កុល​ក្លែងក្លាយ​ផងដែរ​»​។

ទាក់ទង​នឹង​ជនខិលខូច​ឆ្លៀតឱកាស​លក់​ផលិតផល​ឱសថ​ក្នុង​និន្នាការ​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​កូវីដ​ ១៩ នាពេល​បច្ចុប្បន្ន​កាលពី​ថ្ងៃទី​ ២១ មីនា នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​តម្រូវ​ឲ្យ​បុរស​ឈ្មោះ លឹម ហ៊ុយ ជា​អ្នក​នាំចូល​អាល់កុល​ក្លែងក្លាយ​ល្មើសច្បាប់​ជាង​ ៤ ​ពាន់​លីត​ធ្វើ​កិច្ចសន្យា និង​ព្រមាន​បញ្ឈប់​ការ​នាំចូល​បន្តទៀត​៕